កម្ពុជា​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​បង្ក​ដោយ​ជនបរទេស

ដោយ អូន ភាព
2020-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិនដែលសមត្ថកិច្ច​ចុះ​ឃាត់ខ្លួន ដល់​កន្លែង​នៅ​ខេត្ត​សៀមរាប ដែលបើក​ការ​ភ្នាល់​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត និង​បើក​ការ​ភ្នាល់​ទីផ្សារ​ភាគហ៊ុន នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ មីនា ២០១៩។
ជនជាតិ​ចិនដែលសមត្ថកិច្ច​ចុះ​ឃាត់ខ្លួន ដល់​កន្លែង​នៅ​ខេត្ត​សៀមរាប ដែលបើក​ការ​ភ្នាល់​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត និង​បើក​ការ​ភ្នាល់​ទីផ្សារ​ភាគហ៊ុន នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ មីនា ២០១៩។
រូប​ពី​គេហទំព័រអគ្គស្នងការនគរបាលជាតិ

រដ្ឋាភិបាល អំពាវនាវ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ ដល់​ប្រជាពលរដ្ឋ​ដោយសារតែ ជនបរទេស​បាន​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាពិសេស ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។ សង្គម​ស៊ីវិល​ក៏​សម្ដែង ក្តី​បារម្ភ​អំពី​អសន្តិសុខ​នេះ​ដែរ ហើយ​បាន​បញ្ជាក់​ថា បទល្មើស​នេះ​បន្ត​កើត​ឡើង ដោយសារ​ការអនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរ​នៅ​ធូររលុង​ដោយសារតែ​អំពើពុករលួយ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឱ្យ​នគរបាល​មូលដ្ឋាន​បង្កើន​ការ​បង្ក្រាប​ជនបរទេស​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​បទល្មើស​កើតឡើង​ច្រើន​ជាងគេ នៅ​ទូទាំង​ប្រទេស៖ «យើង​ពិនិត្យ​ឃើញ​ថា មាន​កត្តា​អសកម្ម​មួយ​ចំនួន​បង្កឡើង​ដោយ​ជនបរទេស​លើ​ជនបរទេស ក្នុង​នោះ​មាន​ករណី​បាញ់សម្លាប់ ករណី​ឃាតកម្ម ចាប់ជំរិត​ទារ​ប្រាក់ វាយតប់ ឆក់​ប្លន់ បង្កឡើង​នូវ​ការបាត់បង់​សណ្ដាប់ធ្នាប់ និង​ក្តី​បារម្ភ​ក្នុង​សង្គម ការ​ប្រព្រឹត្ត​បទល្មើស VOIP Online ការ​ចរាចរ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន»

លោក ស ខេង ដាក់​បទ​បញ្ជា​នេះ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា នៅ​ក្រសួង​មហាផ្ទៃ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក គៀត ច័ន្ទថារិទ្ធ បាន​គូស​បញ្ជាក់​ក្នុង​របាយការណ៍​ក្នុង​ពិធី​នោះ​ថា កាល​ពី​ឆ្នាំ​២០១៩ មាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​គំហុក​ចូល​មក​កម្ពុជា ធ្វើការ​នៅ​តាម​កាស៊ីណូ និង​បើក​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ ហើយ​បាន​បង្ក​ឱ្យ​មានការ​ស្មុគស្មាញ​មួយ​ចំនួន​ដល់​ការគ្រប់គ្រង។

លោ​កថា​ខេត្ត​ព្រះសីហនុ​ជា​តំបន់​បង្ក​ការភ័យខ្លាច​ជាងគេ ព្រោះ​មាន​ជនបរទេស​រស់នៅ​ច្រើនជាង ប៉ុន្តែ​អាជ្ញាធរ​បាន​បង្ក្រាប​ទាន់​ពេល​វេលា​។ ទោះបី​លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា​ជនជាតិ​អ្វី ប៉ុន្តែ​លោក​ចង់​សំដៅ​ទៅលើ​ជនជាតិ​ចិន​ដែល​បច្ចុប្បន្ន​នេះ​មាន​ចំនួន ១១​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះសីហនុ និង​ជាង​១០​ម៉ឺន​នាក់​នៅ​ទីក្រុង​ភ្នំពេញ៖ «ដោយសារ​កំណើន​នៃ​ជនបរទេស​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​គ្រប់គ្រង​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ ហើយ​ដែល​កន្លង​មក​នេះ​មាន​ជន​ទុច្ចរិត​មួយ​ចំនួន​ជា​ជនបរទេស​បាន​បង្ក​ភាព​អសន្តិសុខ អស្ថិរភាព​សង្គម ជះឥទ្ធិពល​មិនល្អ​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល»

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជនជាតិ​ចិន​បង្ក​បទ​ល្មើស​មួយ​ចំនួន​ដូចជា​អំពើ​ឃាតកម្ម ការ​ចាប់​ជំរិត បាន​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ។

លោក​ថា អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ត្រូវ​លប់​បំបាត់​អំពើពុករលួយ​ទាំងឡាយ​ដែល​កើត​មាន​ឡើង​កន្លង​មក ហើយ​អាជ្ញាធរ​មិន​គួរ​មានការ​យោគយល់​ចំពោះ​ជន​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ឡើយ គឺ​ត្រូវតែ​អនុវត្តន៍​ច្បាប់ ទោះបីជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ក៏ដោយ៖ «យើង​ចង់​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ចំពោះ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​ដែល​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​ដែល​បង្ក​ដោយ​ជន​ជាតិ​ចិន​កន្លង​មក»

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យ​ដឹង​ថា ជនបរទេស​ចំនួន ១.៥៣៣ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៩ ហើយ​ពួកគេ​ត្រូវ​បាន​បណ្ដេក​ចេញពី​ប្រទេស​កម្ពុជា ក្នុង​នោះ​ជនជាតិ​ចិន​មាន​ចំនួន ១.០១៣​នាក់។

បទល្មើស​ដែល​ជនបរទេស​ទាំងអស់​នេះ​បាន​ប្រព្រឹត្ត​រួមមាន ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP) និង​បទល្មើស​ល្បែង​អន​ឡាញ (Online) ចំនួន​៨៩០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ វៀតណាម ឥណ្ឌា និង​ម៉ាឡេស៊ី។

របាយការណ៍​បញ្ជាក់​ដែរ​ថា ចាប់ពី​ឆ្នាំ​២០១៤ មកដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០១៩ កម្ពុជា​បាន​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ចំនួន ១៦.៧២០​នាក់ រួម​មាន​ជន​បរទេស ៩៦​សញ្ជាតិ៕


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល