សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ស្នើ​ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ចោរកម្ម​និង​គ្រឿង​ញៀន

ដោយ ដែន អយុធ្យា
2015-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​តែង​តាំង​ថ្មី លោក ជួន ណារិន (ឆ្វេង​ទី​២) និង​ស្នងការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ លោក ស៊ាង កុសល (ឆ្វេង​ទី​៣) ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា ២០១៥។
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​តែង​តាំង​ថ្មី លោក ជួន ណារិន (ឆ្វេង​ទី​២) និង​ស្នងការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ លោក ស៊ាង កុសល (ឆ្វេង​ទី​៣) ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា ២០១៥។
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​ស្នើ​ដល់​លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី ត្រូវ​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ ដើម្បី​បង្ក្រាប​បទល្មើស​ចោរកម្ម ពិសេស​គ្រឿង​ញៀន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​នេះ​កន្លង​មក​ឲ្យ​បាន​ស្ថាពរ។

បញ្ហា​នេះ លោក ជួន ណារិន ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា នឹង​សហការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យ​ថយ​ចុះ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ។

បញ្ហា​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ នៅ​តែ​ជា​កង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ឡើយ ទោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់​បាន​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​បែប​ណា​ក្តី។

លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មេសា ថា បទល្មើស​ចោរកម្ម ក្រុម​ក្មេង​ទំនើង ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿង​ញៀន នៅ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​យប់​ថ្ងៃ​តាម​សង្កាត់​នានា ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា កន្លង​មក បទល្មើស​ទាំង​នេះ​ឃើញ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត​នេះ​ចាប់​បាន​ជនល្មើស ឬ​ជន​សង្ស័យ​មួយ​ចំនួន បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ប៉ុន្តែ​បទល្មើស​ចោរកម្ម ពិសេស​បទល្មើស​គ្រឿង​ញៀន នៅ​តែ​បន្ត​កើត​មាន និង​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជាង​នេះ ជន​ល្មើស​ហាក់​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ទេ៖ «បទល្មើស​គ្រឿង​ញៀន​ដែល​ធ្វើ​សកម្មភាព​សកម្ម​បំផុត​នោះ គឺ​នៅ​ភូមិ​១ សង្កាត់​៤ គឺ​គ្រឿង​ញៀន​មាន​សកម្មភាព​ច្រើន​ជាង​កន្លែង​ណាៗ​ទាំងអស់។ នៅ​ទីនោះ ក្រុម​អ្នក​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ព្រម​ទាំង​ក្មេង​ទំនើង បាន​កើត​មាន​ភូមិ។ ហើយ​ជន​ល្មើស ឬ​ក្មេង​ទំនើង​ហាក់​មិន​ភ័យ​បារម្ភ ឬ​ខ្លាច​កម្លាំង​សមត្ថកិច្ច​ទេ»

ផ្ដើម​ពី​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ និង​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ក្តី​រំពឹង​ទៅ​លើ​ស្នាដៃ និង​បទពិសោធន៍​បង្ក្រាប​បទល្មើស​របស់ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​ចូល​កាន់​តំណែង​ថ្មី នឹង​អាច​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​គ្រឿង​ញៀន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​តាម​ទីប្រជុំជន រហូត​ដល់​ទី​ជនបទ​ឲ្យ​ថយ​ចុះ ឬ​ឈាន​ដល់​បង្ក្រាប​ឲ្យ​បាន​ជា​ស្ថាពរ៖ «វង់​ល្បែង​ដែល​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នា​ខេត្ត​ព្រះសីហនុ មាន​កន្ទុយ​លេខ បៀ និង​ល្បែង​ភ្នាល់​បាល់​ជាដើម ហើយ​សមត្ថកិច្ច​មិន​បង្ក្រាប​ទេ។ ហើយ​មុខ​របរ​ទាំង​នេះ គឺ​ជា​ប្រភព​នាំ​ឲ្យ​មាន​ចោរកម្ម​ផ្សេងៗ​កើត​ច្រើន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ។ បើ​សិន​ជា​សមត្ថកិច្ច​បង្ក្រាប​ល្បែង​ស៊ី​សង​ទាំង​នេះ​តាម​លក្ខណៈ​ភ្លៀង​រលឹម គឺ​ខ្ញុំ​គិត​ថា អ្នក​លេង​ល្បែង​ភ្នាល់​ទាំង​នោះ​នឹង​ភ័យ​ខ្លាច»

លោក ប៊ួន ណារិទ្ធ សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ​ឃើញ​កម្លាំង​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ចាប់​បាន​ជន​ល្មើស​ចោរ​លួច ឬ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជា​បន្តបន្ទាប់ ប៉ុន្តែ​មេ​ខ្លោង​នៅ​ពី​ក្រោយ​បទល្មើស​ទាំង​នេះ សមត្ថកិច្ច​ចាប់​មិន​ទាន់​បាន​នោះ​ទេ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ បាន​ស្នើ​ដល់​កម្លាំង​នគរបាល និង​កម្លាំង​កង​រាជ​អាវុធហត្ថ ព្រម​ទាំង​កម្លាំង​នគរបាល​តាម​ប៉ុស្តិ៍​រដ្ឋបាល​នានា ត្រូវ​សហការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​នីមួយៗ​ឲ្យ​បាន​ជា​ស្ថាពរ។

ឆ្លើយ​តប​កង្វល់​ពលរដ្ឋ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​ចូល​កាន់​តំណែង​ថ្មី បាន​អះអាង​ថា លោក​កំពុង​ដាក់​ពង្រាយ​កម្លាំង​ចាប់​ពី​ទីប្រជុំជន រហូត​ដល់​ជនបទ ដើម្បី​ឈាន​ដល់​បង្ក្រាប​បទល្មើស​ផ្សេងៗ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​របស់​លោក​បាន​បែង​ចែក​កម្លាំង​ទៅ​តាម​ជំនាញ ទាំង​នៅ​ទីប្រជុំជន រហូត​ដល់​ទី​ជនបទ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត ទាំង​ពេល​បច្ចុប្បន្ន និង​នា​ថ្ងៃ​អនាគត៖ «យើង​បាន​រៀបចំ​កម្លាំង​ជំនាញ​ដោយ​សម្ងាត់ និង​ចាប់​ផ្តើម​ស៊ើប និង​វាយ​លុក​ជា​បណ្ដើរៗ​ហើយ សព្វថ្ងៃ​នេះ។ ក្នុង​នោះ​ខ្ញុំ​បាន​រៀបចំ​កម្លាំង​ក្រោម​ឱវាទ​នៅ​តាម​គោលដៅ តាម​បណ្ដា​ស្រុក​ក្រុង​នានា ដើម្បី​ចុះ​ត្រួត​ពិនិត្យ និង​ចុះ​បញ្ជា​ផ្ទាល់។ ជាង​នេះ បាន​បែង​ចែក​វេន​ប្រចាំ​ការ​អន្តរាគមន៍​ពេល​មាន​សភាពការណ៍​ណា​មួយ​កើត​ឡើង គឺ​យើង​មាន​កម្លាំង​អន្តរាគមន៍​ឲ្យ​ទាន់​សភាពការណ៍»

បញ្ហា​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ជំនឿ​ថា បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​នៅ​សេសសល់​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ នឹង​បាន​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់ៗ​នេះ។ លោក​បាន​រំឭក​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​កម្លាំង​នគរបាល ត្រូវ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «សមត្ថកិច្ច​ទាំងអស់ គឺ​ឋិត​នៅ​ក្រោម​ដំបូល​តែ​មួយ គឺ​ត្រូវ​រួម​គ្នា​អនុវត្ត​បទបញ្ជា​០០៦ និង​ច្បាប់​ទូទៅ​ត្រូវ​យក​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ជាពិសេស​ដើម្បី​រដ្ឋាភិបាល​ដែល​ប្រជាជន​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត»

បន្ថែម​លើ​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​លើក​ទឹក​ចិត្ត លោក ជួន ណារិន ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​ដឹក​នាំ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ។ លោក​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​បេសកកម្ម ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជួប​នូវ​ឧបសគ្គ​អ្វី​មួយ​មិន​អាច​ដោះស្រាយ​បាន ត្រូវ​ជូន​ដំណឹង​មក​ថ្នាក់​ដឹក​នាំ​ខេត្ត ដើម្បី​រាយការណ៍​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ​ជួយ​មាន​វិធានការ​បន្ត។

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​មើល​ស្នាដៃ និង​បទពិសោធន៍​របស់ លោក ជួន ណារិន ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ ក្នុង​សកម្មភាព​បង្ក្រាប​បន​ពេស្យាចារ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់ ទីតាំង​ចាក់​កន្ទុយ​លេខ ទីតាំង​ចាក់​ភ្នាល់​បាល់​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ ឬ​អ៊ីនធឺណិត និង​បទល្មើស​គ្រឿង​ញៀន​ជាដើម ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​មាន​បទល្មើស​ផ្សេងៗ​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល