មន្រ្តីជាន់ខ្ពស់ គណបក្សប្រឆាំងលោក អ៊ូ ច័ន្ទប្ញទ្ធិ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ថា ការលំអៀងរបស់ប្រទេសចិននេះ ដោយសារតែប្រទេសចិនត្រូវការគណបក្សប្រជាជនកម្ពុជា ដើម្បីភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ី ហើយរបបក្រុងភ្នំពេញក៏ ត្រូវការប្រទេសចិនដើម្បីធ្វើជាខ្នងបង្អែកការពារអំណាចរបស់លោក ហ៊ុន សែន ហេតុដូច្នេះហើយទើបរដ្ឋាភិបាលទាំងពីរត្រូវពឹងពាក់គ្នាទៅវិញទៅមក។
លោកថា ដូច្នេះគ្មានអ្វីចម្លែកទេ ដែលប្រទេសចិនទៅបង្រៀនមន្ត្រីគណបក្សប្រជាជនកម្ពុជាអំពីបច្ចេកវិជ្ជា ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីលួចថតសំឡេង និងលួចស្ដាប់ការសន្ទនាតាមទូរស័ព្ទគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសប្រកាន់នូវរបបកុម្មុយនិស្ត៖«ពីព្រោះកុម្មុយនិស្ត សំខាន់ណាស់ការតាមដានព័ត៌មានហ្នឹង។ការតាមដានព័ត៌មានឯកជនក្តីគឺសំខាន់ណាស់។ទោះបីជានៅស្រុកខ្មែរមានគណបក្ស ២០ ឬ ៣០ តែវាហាក់បីដូចជាគណបក្សតែមួយចឹង។គណបក្សប្រជាជនតែមួយហ្នឹង គឺធម្មតាប្រទេសផ្ដាច់ការ ប្រទេសកុំមុយនិស គឺបក្សក្នុងរដ្ឋៗក្នុងបក្ស។ដូច្នេះចិន មិនដឹងរើសយកគណបក្សណាក្រៅពីគណបក្សប្រជាជនដែលគាត់ត្រូវបង្ហាត់បង្រៀនហ្នឹង»។
ប្រតិកម្មរបស់មន្រ្តីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពេល ប្រទេសចិនបានបើកវគ្គបណ្ដុះបណ្តាលផ្នែកការប្រើប្រាស់បច្ចេកវិជ្ជាប្រព័ន្ធ អ៊ីនធឺណិត ដល់មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា។វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូខន់ហ្វើរ៉េន (Video Conference) ។
កម្មវិធីបើកវគ្គបណ្ដុះបណ្តាលនោះមានការចូលរួមពីលោក វ៉ាង យ៉ាជូន ( Wang Yajun) អនុរដ្ឋមន្រ្តីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ។លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកស្រី មាន សំអាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
លោក វ៉ាង យ៉ាជូន (Wang Yajun) មានប្រសាសន៍ នៅក្នុងគេហទំព័ររបស់ស្ថានទូតចិនថាថា ប្រទេសចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ និងដៃគូយុទ្ធសាស្ត្រអនុវត្តសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ លោកនិយាយថាក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ភាគីទាំងពីរបានជួយយកអាសាគ្នាទៅវិញទៅមក រួមសុខរួមទុក្ខលើក្បូនតែមួយ និង រួមគ្នារក្សាការពារយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ។
អ្នកស្រី មាន សំអាន សមាជិកគណៈធម្មាធិការកណ្ដាលគណបក្សកាន់អំណាច មានប្រសាសន៍ នៅក្នុងគេហទំព័ររបស់ស្ថានទូតចិនថា គណបក្សប្រជាជនកម្ពុជារីករាយបន្តដំណើរជាមួយគណបក្សកុម្មុយនិស្តចិន ដើម្បីជំរុញការអភិវឌ្ឍស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់វិស័យរវាងកម្ពុជានិងចិនក្នុង“យុគសម័យក្រោយជំងឺវីរុសកូវីដ-១៩”នេះ។
ទាក់ទិននឹងបញ្ហាបើកវគ្គបណ្ដុះបណ្ដាលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍រាល់បណ្ដាលប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផង បើមានបំណងចង់មកបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោកថា ចំពោះការរិះគន់ថា ប្រទេសទេសចិន លម្អៀងទៅរកគណបក្សប្រជាជនគឺជាការគិតមិនត្រឹមត្រូវ នឹងមានគំនិតអគតិមកលើរដ្ឋាភិបាល៖«អាហ្នឹងជារឿងពួកក្រុម ឧទ្ទាមក្រៅច្បាប់ហ្នឹងនិយាយអ្វីមិនដែលត្រូវទេ។ យើងនិយាយស គាត់ថា ខ្មៅ នេះជារឿងធម្មតាទេ។ត្រង់អាមេរិកបណ្ដុះបណ្ដាលនិស្សិតខ្មែររាប់រយនាក់ ហេតុអ្វីមិនថាផង ហេតុអ្វីមកថាចិន។ មានបារាំង អង់គ្លេស ប៉ុន្មានថ្ងៃនេះប្រទេស ហុងគ្រីមកហ្នឹងក៏សន្យាថាផ្ដល់អាហារូបករណ៍ ឱ្យសិស្ស និស្សិតខ្មែរ។យើងគិតមើលមិន មែនតែប្រទេសតែមួយឯណា ហេតុអ្វីក៏ផ្ដោតតែចិន»។
ទោះបីជាយ៉ាងណាក៏ដោយកាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានយកលេសរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ខ្លួនប្រធានគណបក្សនេះ លោក កឹម សុខា ពីបទរួមគំនិតក្បត់ ជាមួយបរទេស ដើម្បីប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ក្រោយពីលោកបានទៅចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើង ដោយសហរដ្ឋអាមេរិកអំពីសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។