អាជ្ញាធរ​អះអាង​ថា​ពលរដ្ឋ​ស្រុក​ស្ទឹងហាវ​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ

ដោយ ដែន អយុធ្យា
2015-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក ឆាយ សុគន្ធដា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​សាល​ប្រជុំ​សាលា​ស្រុក​ស្ទឹងហាវ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
អភិបាល​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក ឆាយ សុគន្ធដា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​សាល​ប្រជុំ​សាលា​ស្រុក​ស្ទឹងហាវ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Den Ayuthyea

អភិបាល​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​ដោះស្រាយ​បញ្ចប់​ជម្លោះ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​រវាង​ក្រុមហ៊ុន​វិនិយោគ​ទឹក​ស្អាត​ចំនួន​ពីរ ដែល​មាន​វិវាទ​បន្តិចបន្តួច​ក្នុង​ការ​រក​របរ​ទទួល​ទាន​លើ​សេវា​បម្រើ​ទឹក​ស្អាត នា​មូលដ្ឋាន​នេះ​ហើយ។

ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ បង្ហាញ​ការ​សាទរ និង​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ទឹក​ស្អាត​ថ្មី បញ្ចុះ​តម្លៃ​សេវា​ត​ភ្ជាប់​បណ្ដាញ និង​តម្លៃ​ទឹក​ឲ្យ​ទាប​ជាង​ក្រុមហ៊ុន​ចាស់។

អភិបាល​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក ឆាយ សុគន្ធដា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​ធ្នូ ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ នឹង​លែង​ខ្វល់ខ្វាយ​ពី​ការ​ខ្វះ​ទឹក​ស្អាត​មាន​អនាម័យ​ប្រើប្រាស់​ទៀត​ហើយ​នា​ថ្ងៃ​អនាគត។ លោក​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដើម​សប្ដាហ៍​នេះ លោក​បាន​ដឹក​នាំ​បើក​កិច្ច​ប្រជុំ​មួយ​ស្តី​អំពី​ការ​វិនិយោគ​ពង្រីក​បណ្ដាញ​អាជីវកម្ម ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន​អានកូ (Anco) និង​សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត គុជ ម៉ាលី។

លោក ឆាយ សុគន្ធដា បញ្ជាក់​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​បាន​ឈាន​ដល់​មាន​ដំណោះស្រាយ​តាម​សំណើ​របស់​ម្ចាស់​សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត គុជ ម៉ាលី ស្នើ​ឲ្យ​ក្រុមហ៊ុន​អានកូ ជួយ​ដោះស្រាយ​ថវិកា​មួយ​ចំនួន ឲ្យ​សមស្រប​តម្លៃ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​អាច​ទទួល​យក​បាន​ទាំង​សង​ខាង ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អានកូ បន្ត​សិទ្ធិ​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​សិប្បកម្ម​ទឹក​ស្អាត គុជ ម៉ាលី ដែល​ឈប់​វិនិយោគ។ លោក​ថា ក្រោយ​ជំនួប​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ជា​លទ្ធផល ភាគី​ក្រុមហ៊ុន​អានកូ និង​សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត គុជ ម៉ាលី បាន​សម្រប​សម្រួល និង​ឯកភាព​គ្នា​តាម​សំណើ​របស់​ភាគី​រៀងៗ​ខ្លួន៖ «ប្រជាពលរដ្ឋ​មូលដ្ឋាន​បង្ហាញ​ការ​ស្វាគមន៍​ដល់​អាជ្ញាធរ នៅ​ពេល​ក្រុមហ៊ុន​វិនិយោគ​ទឹក​ស្អាត​ទាំង​ពីរ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា ហើយ​ឈាន​ដល់​ក្រុមហ៊ុន​អានកូ បាន​ចុះ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ចូល​មក​កាន់​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ បាន​ទូលំទូលាយ​នៅ​ពេល​នេះ។ ខ្ញុំ និង​ថ្នាក់​ដឹក​នាំ​ស្រុក​ស្ទឹងហាវ ដទៃ​ទៀត កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អានកូ ពន្លឿន​ការ​ត​ភ្ជាប់​បណ្ដាញ​ឲ្យ​បាន​ឆាប់​តាម​ដែល​ក្រុមហ៊ុន​អាច​ធ្វើ​ទៅ​បាន។ កន្លង​មក នៅ​រដូវ​ខែ​ប្រាំង នា​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ចំពោះ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មិន​បាន​គ្រប់គ្រាន់​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​អានកូ ដែល​វិនិយោគ​ទឹក​ស្អាត​ថ្មី​ចូល​មក​តំបន់​នេះ នឹង​បើក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ២៤​ម៉ោង​លើ ២៤​ម៉ោង ហើយ​សិប្បកម្ម​ទឹក​ស្អាត​ចាស់ បើក​ទឹក​តែ​នៅ​ពេល​ថ្ងៃ​ទេ ដល់​ពេល​យប់​គេ​បិទ​ទឹក​មិន​ឲ្យ​ដំណើរ​ការ​ឡើយ»

បុរស​វ័យ​ចាស់​ដែល​អះអាង​ថា​ជា​តំណាង​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក ចាន់ វុត្ថា បង្ហាញ​ភាព​រីករាយ កាល​បើ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ដោះស្រាយ​កង្វល់​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​បាន​ជោគជ័យ​ជូន​ពលរដ្ឋ។ លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ត្រូវ​ជួយ​ពន្លឿន​ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ ចូល​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ព្រោះ​ពលរដ្ឋ​មូលដ្ឋាន​នេះ បាន​ទន្ទឹង​រង់ចាំ​ទទួល​ទឹក​ស្អាត​ប្រើប្រាស់​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្នើ​បន្ធូរបន្ថយ​តម្លៃ​ត​ភ្ជាប់​សេវា និង​បញ្ចុះ​តម្លៃ​ទឹក​ឲ្យ​ទាប​ជាង​ក្រុមហ៊ុន​ចាស់៖ «គួរ​តែ​អាជ្ញាធរ​ពិចារណា​ចំពោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ថ្មី ដែល​ត​ភ្ជាប់​បណ្ដាញ​ចូល​មក​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​អន្តរាគមន៍​កំណត់​តម្លៃ​ថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​បាន​សមរម្យ ឬ​ទាប​ជាង​ក្រុមហ៊ុន​ចាស់។ ក្រុមហ៊ុន​ចាស់ ទឹក​មាន​តម្លៃ​ក្នុង ១​ម៉ែត្រ​គូប​រហូត​ដល់ ៣​ពាន់​រៀល​ឯណោះ»

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ លោក ប្រាក់ ប្រាកដ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ស្ទឹងហាវ នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់ ព្រោះ​ក្រុមហ៊ុន​អានកូ កំពុង​ត​ភ្ជាប់​បណ្ដាញ​ចូល​ទៅ​ក្នុង​តំបន់​នេះ។ លោក​បន្ត​ថា ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ ចូល​ទៅ​កាន់​ទីប្រជុំជន​ស្រុក​ស្ទឹងហាវ បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ព្រោះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ទន្ទឹង​រង់ចាំ​ជា​យូរ​ឆ្នាំ​មក​ហើយ។

តំណាង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ លោក ស៊ុន ងី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​អានកូ រីករាយ​ចុះ​ត​ភ្ជាប់​បណ្ដាញ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នា​ខេត្ត​ព្រះសីហនុ ពេល​មាន​សំណូមពរ​ពី​អាជ្ញាធរ ឬ​មន្ត្រី​ស្ថាប័ន​ជំនាញ​ខេត្ត​នេះ។ លោក​បន្ត​ថា កន្លង​មក​នេះ ក្រុមហ៊ុន​អានកូ បាន​ចុះ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​របស់​ខ្លួន​ចូល​ទៅ​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ មាន​បច្ចេកទេស​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ស្រុក​នេះ​ស្នើ​ឲ្យ​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះអាសន្ន ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ជួប​ពិភាក្សា​ដោះស្រាយ​សំណូមពរ​របស់​ម្ចាស់​សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត គុជ ម៉ាលី ដែល​មិន​ទាន់​ផុត​អាជ្ញាប័ណ្ណ​វិនិយោគ​លើ​វិស័យ​នេះ។

ទោះ​យ៉ាង​ណា​ក៏ដោយ​ចុះ លោក ឆាយ សុគន្ធដា អភិបាល​ស្រុក​ស្ទឹងហាវ បាន​បញ្ជាក់​នៅ​ក្នុង​កំណត់​ហេតុ​ប្រជុំ ចុះ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​អានកូ បន្ត​ការ​ពង្រីក​បណ្ដាញ​អាជីវកម្ម ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ។ ជាង​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អានកូ ត្រូវ​រៀបចំ​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ​នានា និង​ត្រូវ​ជំរុញ​ពង្រីក​ត​ភ្ជាប់​បណ្ដាញ​របស់​ខ្លួន​ចូល​មក​ទីប្រជុំជន​ស្រុក​ស្ទឹងហាវ ត្រូវ​មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ពន្លឿន​ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​បាន​ឆាប់ តាម​ដែល​ក្រុមហ៊ុន​អានកូ អាច​មាន​លទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ជាង ៣៥ ឆ្នាំ ហើយ ទើបថា បានទឹកស្អាត ឆាប់ៗ ( ហួសចិត្ត រដ្ឋាភិបាល ហ៊ុន សែន គឹតតែខ្លួនអែង )

Feb 28, 2016 07:57 AM

គេហទំព័រ​ទាំងមូល