អាជ្ញាធរ​រឹត​បន្តឹង​សន្តិសុខ​នៅ​ទីក្រុង​និង​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2015-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥
ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥
RFA

មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់​នោះ គឺ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​ទេ។

ទោះ​យ៉ាង​ណា កម្ពុជា​នៅ​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​អ្នក​ទេសចរណ៍ បន្ទាប់​ពី​ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជាប់​គ្នា បាន​ទទួលរង​ការ​ដាក់​បំផ្ទុះ​គ្រាប់​បែក​ពី​ជន​មិន​ស្គាល់​មុខ​នៅ​កណ្ដាល​ទីក្រុង​បាងកក មក។

អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា កំពុង​ប្រឹងប្រែង​រួម​គ្នា​លើ​វិធាន​ការធានា​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ និង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​កម្សាន្ត​ជា​ប្រចាំ​ថ្ងៃ។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មានប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែ​សីហា ថា អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា ព្រម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សន្តិសុខ​ជា​ច្រើន​ផ្នែក​ទៀត ទើប​តែ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ចាត់​វិធានការ​ធានា​សន្តិសុខ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​កម្សាន្ត​នៅ​ក្នុង​ទីក្រុង និង​រមណីយដ្ឋាន​ជា​ច្រើន​ទៀត ឱ្យ​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់។

វិធាន​ការធានា​សន្តិសុខ​នេះ បាន​ចាប់​ផ្ដើម​អនុវត្ត​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​កន្លែង​ទៀត រយៈពេល ៣-៤​ថ្ងៃ​មក​ហើយ៖ «ជាក់ស្ដែង​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​យើង​មាន​កម្លាំង​នគរបាល​បេតិកភណ្ឌ នគរបាល​ខាង​ទេសចរណ៍ គាត់​មាន​តួនាទី​ជា​នគរបាល​យុត្តិធម៌ ដោយ​ឡែក​ខាង​នាយកដ្ឋាន​សណ្ដាប់​ធ្លាប់​អាជ្ញាធរ​អប្សរា គ្រាន់​តែ​ជួយ​សម្រួល គ្មាន​របៀប​គ្មាន​របប​នៅ​ក្នុង​បរិវេណ​ខ្លះ​នៃ​រមណីយដ្ឋាន​អ៊ីចឹង»

ភ្ញៀវ​ទេសចរ​គោរព​វិញ្ញាណក្ខន្ធ​នៅ​កន្លែង​ស្ដូប​ដែល​អាជ្ញាធរ​ថៃ សង់​សម្រាប់​អ្នក​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya
ភ្ញៀវ​ទេសចរ​គោរព​វិញ្ញាណក្ខន្ធ​នៅ​កន្លែង​ស្ដូប​ដែល​អាជ្ញាធរ​ថៃ សង់​សម្រាប់​អ្នក​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya

 

វិធាន​ការធានា​សុវត្ថិភាព​និង​សន្តិសុខ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​នេះ បាន​ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា​ ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​បង្ក​អសន្តិសុខ​ពី​ក្រុម​ណា​មួយ បន្ទាប់​ពី​ប្រទេស​ថៃ មាន​ក្រុម​ជន​មិន​ស្គាល់​មុខ​បាន​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​នៅ​កណ្ដាល​ទីក្រុង​បាងកក មក។

ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍ ខេត្ត​សៀមរាប លោក សំ ស៊ីយ៉ាន មាន​ប្រសាសន៍​ថា កម្លាំង​នគរបាល​របស់​លោក​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​កិច្ចការពារ​សន្តិសុខ​ដល់​ភ្ញៀវ​ទេសចរណ៍​បរទេស​ជា​ប្រចាំ​ថ្ងៃ​ជា​យូរ​មក​ហើយ ទោះ​បី​ជា​មិន​មាន​ការ​គំរាមកំហែង​សន្តិសុខ​ក៏ដោយ។

លោក សំ ស៊ីយ៉ាន បញ្ជាក់​ថា បច្ចុប្បន្ន​កម្លាំង​នគរបាល​ទេសចរណ៍​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ធានា​សុវត្ថិភាព និង​សន្តិសុខ ដល់​ភ្ញៀវ​ទេសចរណ៍​នៅ​តាម​គោលដៅ​ជា​ច្រើន៖ «ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​អគ្គស្នងការ​នគរបាល​ជាតិ គឺ​បាន​ចែក​ម៉ូតូ​ជា​មធ្យោបាយ ឱ្យ​យើង​ប្រើប្រាស់​បាន​គ្រប់គ្រាន់»

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ ឱ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​មាន​ការ​ដាក់​គ្រាប់​បែក​ឱ្យ​ផ្ទុះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មក គឺ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ឆ្លង​កាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា បាន​រអាក់រអួល ២-​៣​ថ្ងៃ​ដែរ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​ទេសចរ​មាន​សភាព​ធម្មតា​វិញ​ហើយ។

ទោះ​យ៉ាង​ណា ភ្ញៀវ​ទេសចរ​បរទេស​នៅ​តែ​ភ័យ​ខ្លាច បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ទីក្រុង​បាងកក ដោយ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មិនមែនមិនស្គាល់មុខទេ គេមានរូបភេវរករ ផ្សព្វផ្សាយពេញសាកលលោក តាមប្រព័ន្ធ Internet ក៏ដូចជាសុំកិច្ចអន្តរាគមន៍ពី Internet-Pol ផងដែរ។

Aug 25, 2015 07:53 AM

គេហទំព័រ​ទាំងមូល