អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​​​​​​ថា ​ជនជាតិ​ចិន​សម្រុក​ចេញពី​កម្ពុជា មិន​ពាក់ព័ន្ធ​ការ​បិទ​​ល្បែង​ភ្នាល់​តាម​អ៊ីនធឹណិត​ទេ

ដោយ ជាតិ ចំណាន
2019-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ថា ជនជាតិ​ចិន​រាប់ពាន់​នាក់​​ចាកចេញពីប្រទេសកម្ពុជា នៅ​ចុង​ខែសីហា ឆ្នាំ២០១៩។
រូបភាព​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ថា ជនជាតិ​ចិន​រាប់ពាន់​នាក់​​ចាកចេញពីប្រទេសកម្ពុជា នៅ​ចុង​ខែសីហា ឆ្នាំ២០១៩។
រូប៖ Screenshot ពីហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា ចំនួនជនជាតិ​ចិន​សម្រុក​ចេញ និង​សម្រុក​ចូល​ខេត្ត​នេះ តាម​ប្រលាន​យន្ត​ហោះ​កងកេង​ គឺ​ប្រហាក់​ប្រហែល​គ្នា មិន​ពាក់ព័ន្ធ​​នឹង​ការ​បិទ​ល្បែង​ភ្នាល់​តាម​អ៊ីនអឹណិត (Internet) ឬ​អនឡាញ (Online) ទេ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ី​សេរី​ថា ជនជាតិ​ចិន បាន​សម្រុក​ចាក​ចេញ​យ៉ាង​គំហុក ​កាល​ពី​ថ្ងៃ​ទី២៧ និង​ថ្ងៃ​ទី៣១ ខែ​សីហាកន្លងទៅ។ លោក​ថា ចំនួន​ជនជាតិ​ចិន​ចាកចេញ​ក្នុង​មួយ​ជើង​មាន​ប្រហែល ៣ពាន់ (៣.០០០) នាក់។ ក៏​ប៉ុន្តែ លោក​ថា ​នៅ​​ថ្ងៃ​​ដែល​ជនជាតិ​ចិន​ចាក​ចេញ​នោះ ក៏​មាន​ជន​ជាតិ​ចិន​ផ្សេង​ទៀត បាន​ចូល​មក​ខេត្ត​ព្រះសីហនុ​​ជាង​ ២​ពាន់ (.០០០) នាក់​វិញ​ដែរ។

លោក ឃាង ភារម្យ អះអាង​ថា ការ​សម្រុក​ចេញ​របស់​ជនជាតិ​ចិន គឺជា​រឿង​ធម្មតា​ ដោយ​លោក​អះអាង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ឲ្យ​បិទ​ហ្គេម​អនឡាញ​ទេ។ លោក​ពន្យល់​ថា ​ជនជាតិ​ចិន​ទាំង​នោះ អ្នក​ខ្លះ​​ដល់​ថ្ងៃ​​កំណត់​ផុត​ទិដ្ឋាការ​ការងារ ឯ​អ្នក​ខ្លះ​ជា​ភ្ញៀវ​ទេសចរណ៍ ត្រូវ​​ត្រឡប់​ទៅវិញ៖ «បើ​យើង​យក​កាស៊ីណូ​អនឡាន ទៅ​ភ្ជាប់​នឹង​ការ​ចេញ​ចូល​របស់​អន្តរជាតិ វា​មិន​ទាន់​ត្រឹម​ត្រូវ​ទេ វា​មិន​ទាន់​ឡូហ្ស៊ិក នៅ​ឡើយ​ទេ។ ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ អ្នក​យល់​ឃើញ​ជា​រឿង​របស់​គាត់ តែ​រដ្ឋបាល​ខេត្ត​ គឺ​យើង​គោរព​ទៅ​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល»

ការ​ចាក​ចេញ​របស់​ជនជាតិ​ចិន ធ្វើ​ឡើង​ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ​ប្រកាស​​ឈប់​ផ្ដល់​អាជ្ញា​ប័ណ្ណ​អាជីវ​កម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក និង​តាម​អ៊ីនធឹណិត​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ចាប់​ពី​ថ្ងៃ​ទី១៨ ខែ​សីហា​តទៅ។ លោក​ ហ៊ុន សែន យល់​ថា ពួក​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូប​ភាព​ល្បែង​ភ្នាល់​ប្រភេទ​នេះ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ ទាំង​នៅ​ក្នុង ​និង​នៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ សណ្ដាប់​ធ្នាប់​​ និង​របៀប​រៀប​រយ​សង្គម​។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី មិន​ធ្លាប់​ឃើញ ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ សម្រុក​ចាកចេញ​ខ្លាំង​បែប​នេះ​ទេ។ ប៉ុន្តែ​អ្នកស្រី​ថា ពលរដ្ឋ​រស់​នៅ​ក្បែរ​ប្រលាន​យន្ត​ហោះ​កេងកង​ខេត្ត​ព្រះសីហនុ ធ្លាប់​ប្រាប់​អ្នកស្រី​ថា ជា​ធម្មតា ដែល​ជនជាតិ​ចិន ​ជិះ​យន្តហោះ​ចេញ​ចូល​ច្រើន​ រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ។

អ្នកស្រី ជាប សុធារី យល់​ថា ការ​ចាកចេញ​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​នេះ ទំនង​ជា​មិន​​ពាក់ព័ន្ធ​នឹង​ការ​​ប្រកាស​បិទ​ភ្នាល់​ល្បែង​តាម​អនឡាញ​ទេ ព្រោះ​អាជ្ញាធរ​មិន​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​​ម៉ាស៊ីន​ ឬ​អន​ឡាន​ទេ គឺ​ទុក​ឲ្យ​ផុត​កំណត់​អាជ្ញាប័ណ្ណ និង​មិន​ចេញ​អាជ្ញា​ប័ណ្ណ​បន្ត​ឲ្យ​។ អ្នកស្រី​យល់​ថា ការ​ចាក​ចេញ​របស់​ជនជាតិ​ចិន​ទាំង​គំហុក អាច​ដោយ​សារ​​អាជ្ញាធរ​​ផ្អាក​ការដ្ឋាន​សំណង់​គ្មាន​គុណ​ភាព​ច្រើន​ជាង៖ «មាន​បណ្ដាញ​សង្គម​ភាគ​ច្រើន​ដែល​គេ​ឃើញ ហើយ Share បន្ត​គ្នា​ទៅ ហើយ​ទទួល​ពេល​រដ្ឋាភិបាល​គាត់​ប្រកាស​បិទ​អា​ហ្នឹង​ទៅ​ គេ​សង្ស័យ​ថា ពួក​គាត់​ចាក​ចេញ​ទៅ​ដោយសារ​តែ រដ្ឋាភិបាល​គាត់​ប្រកាស​ឲ្យ​បិទ​ល្បែង​អន​ឡាន​ហ្នឹង​ណា។ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ មិន​មែន​បាន​សេចក្ដី​ថា ទៅ​បិទ​គេ​ឆៅៗ ភ្លាមៗ ឯណា ព្រោះ​អ្វី​គេ​មាន​លិខិត​អនុញ្ញាត​ដែរ​ហ្នឹង។ អ៊ីចឹង​បើ​មិន​ទាន់​ផុត​កិច្ច​សន្យា​ម្ដេច​ទៅ​បិទ​​គេ​បាន​ ព្រោះ​អ្វី យើង​បាន​ផ្ដល់​​ការ​អនុញ្ញាត​ឲ្យ​គេ​ គ្រាន់​តែ​ថា ផ្អាក​មិន​ឲ្យ​មាន​កិច្ច​សន្យា​ថ្មី ក្នុង​ការ​លេង​ល្បែង​រក​ស៊ី​អា​ហ្គេម​ហ្នឹង ហើយ​កាស៊ីណូ​​ធំៗ នៅ​គគ្រឹក​គគ្រេង​រាល់​ថ្ងៃ​ហ្នឹង»

អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាក់​លើក​ឡើង​ កាល​ពី​ខែ​កុម្ភៈថា ​អ្នក​វិនិយោគ​ និង​ទេសចរ​ចិន​ស្នាក់​នៅ​​ខេត្ត​ព្រះ​សីហនុ មាន​ប្រមាណ​ជា ​៧ម៉ឺន​នាក់ ​និង​បាន​ផ្ដល់​ផល​វិជ្ជមាន​​ច្រើន​ ​ជួយ​ឲ្យ​ខេត្ត​​ព្រះសីហនុ បង្កើន​កំណើន​សេដ្ឋ​កិច្ច​​ឆាប់​រហ័ស តែ​ផ្ដល់​ផល​អវិជ្ជមាន​តិចតួច​ដល់​ខេត្ត​ព្រះសីហនុ។ ទោះ​យ៉ាង​ណា អំពើ​ហិង្សា ករណី​ឃាតកម្ម និង​បទល្មើស​ដទៃ​ទៀត​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ចិន បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ។ ក្រោយ​​ពី​ថ្លែង​ការពារ​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នេះ​បាន​​​កន្លះ​ឆ្នាំ លោក យន្ត​ មីន បាន​សុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដក​​លោក​ចេញ​ពី​តំណែង ដោយសារ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​សំណង់​គ្មាន​គុណភាព​របស់​ក្រុមហ៊ុន​ចិន​រលំ​បាក់ សង្កត់​កម្មករ​ខ្មែរ​ជាង ៥០នាក់​ស្លាប់ និង​រង​របួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល