អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហនុ​បញ្ជាឲ្យ​រុះ​រើ​សំណង់​គ្មាន​គុណភាព

ដោយ ម៉ៅ សុធានី
2019-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ក្រុង​ព្រះសីហនុ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សំណង់​​អគារ​កំពុង​សាងសង់​​ថ្មីៗ ជា​ច្រើន។
ទិដ្ឋភាព​ក្រុង​ព្រះសីហនុ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សំណង់​​អគារ​កំពុង​សាងសង់​​ថ្មីៗ ជា​ច្រើន។
រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ បាន​បញ្ជា​ឲ្យម្ចាស់​សំណង់​ជា​ជន​ជាតិ​បរទេស និង​ខ្មែរ ចំនួន ១៤កន្លែង​ស្ថិត​នៅ​ក្នុងគ្រប់​សង្កាត់​ក្រុង​ព្រះ​សីហនុ​​ធ្វើការ​រុះរើ​ចេញ ​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​សំ​ណង់​ទាំង​នេះ នឹង​អាច​បាក់​បើសិន​ជា​មិន​រុះ​រើ ពី​ព្រោះ​​គ្មាន​គុណភាព​ ហើយ​ម្ចាស់​សំណង់​មិន​បាន​សុំ​ច្បាប់​សាង​សង់​ឡើយ។

ចំណាត់ការ​នៃការ​រុះ​រើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​កន្លង​មកនេះ​​ ដោយ​មាន​ការ​ចូល​រួម​ពី​​ម្ចាស់​សំណង់​ទាំង​ ១៤​កន្លែង។ អាជ្ញាធរ​​ខេត្ត​បាន​ប្រាប់​ម្ចាស់​សំណង់​ទាំង​នោះ​ឲ្យ​រុះរើ​បន្ទាន់​បើ​មិន​ដូច្នោះ​ទេ​​ក្រុម​ការងារ​​និង​ចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់។

អភិបាល​ខេត្ត​ លោក ​គួច ចំ​រើន​ បាន​ប្រាប់​អា​ស៊ី​សេរី​ នៅ​ថ្ងៃ​អង្គារ៍​ទី៣ កញ្ញា​ថា សំណង់​ទាំង ១៤នេះ​មាន​កម្ពស់​ពី​ ៣ជាន់ ទៅ​ ៥​ជាន់ កំពុង​សាង​សង់​អគារ​ពាណិជ្ជ​កម្ម និង​កាស៊ីណូ គ្រប់​គ្រង​​​ជន​ជាតិ​ចិននិង​ជន​ជាតិ​ខ្មែរ៖ «ខ្ញុំ​មិន​បាន​ដាក់​ឱសានវាទ​ទេ គ្រាន់​តែ​ណែនាំ​ឲ្យពួកគាត់​គិត​គូរ ខិត​ខំ​ធ្វើ​ការ​រុះ​រើ​ឱ្យ​បាន​ឆាប់​ ដើម្បី​បញ្ជៀស​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ហានិភ័យ»

លោក​គួច​ចំរើន​បាន​ប្រាប់​ថា ក្រុម​ការ​ងារ​កំពុង​តែ​ត្រួត​ពិនិត្យ​សំណង់​ផ្សេងៗ ទៀត ហើយ​អាជ្ញាធរ​របស់​លោក និង​បញ្ជា​ឲ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​ចេញ បើសិន​​អាជ្ញាធរ​រក​ឃើញ​ថា សំណង់​ទាំង​នោះ​គ្មាន​គុណ​ភាព​។ លោក​សំណូមពរ​ឲ្យម្ចាស់​សំណង់​គោរព​ទៅ​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ដោយ​ធ្វើ​ការ​រុះរើ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​អនុវត្តន៍​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក គួច ចំរើន និយាយ​ថា អាជ្ញាធរ​ព្រម​ទាំង​មន្ត្រី​ជំនាញ​នឹង​ជួយ​សម្រួល​ការ​គូរ​ប្លង់ ពិនិត្យ​លក្ខណៈ​បច្ចេកទេស រួម​ទាំង​ចេញ​លិខិត​អនុញ្ញាត​សាងសង់​សំណង់​ទាំង​នោះ​ឡើង​វិញ ឲ្យ​បាន​ឆាប់​ជូន​ម្ចាស់​សំណង់​បន្ទាប់​ពី​បាន​រុះរើ​ហើយ។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ​កន្លង​ទៅ​​នេះ​អគារ​កំពុង​សាង​សង់​កំពស់ ៧ជាន់​នៅ​ក្នុង​សង្កាត់​លេខ ៤ ក្រុង​ព្រះ​សីហនុ​បាន​បាក់ស្រុត ហើយ​បាន​សម្លាប់​មនុស្ស ២៨នាក់ និង​មាន​អ្នក​របួស​ធ្ងន់​និង​ស្រាល​​ចំនួន ២៤នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល