អភិបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​៣​ថ្ងៃ​ដើម្បី​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល

ដោយ ដែន អយុធ្យា
2015-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រង្វង់​មូល​តោ​ពីរ​នៃ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
រង្វង់​មូល​តោ​ពីរ​នៃ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA

រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ សហការ​គ្នា​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​តាំង​ពិព័រណ៍​ទំនិញ​រាប់​រយ​ប្រភេទ​រយៈពេល ៣​ថ្ងៃ នៅ​ឆ្នេរ​អូរឈើទាល ដើម្បី​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ជូន​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦។

បច្ចុប្បន្ន​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​នៅ​តាម​គោលដៅ​គ្រប់​ច្រកល្ហក ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ហើយ​បាន​តាំង​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​តាម​មាត់​សមុទ្រ ជាដើម ឲ្យ​មាន​សោភណភាព​នា​ពេល​រាត្រី។

ខ្យល់​ត្រជាក់​លាយឡំ​សំឡេង​រលក​សមុទ្រ ដែល​បោក​បក់​ជាប់​មិន​ដាច់​ចាប់​តាំង​ពី​ព្រលប់​រហូត​ដល់​រាត្រី ហើយ​គួបផ្សំ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​តុបតែង​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌​ពាស​ពេញ​ក្រុង ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​គូ​ស្នេហ៍​ចាស់​ក្មេង សប្បាយ​រីក​រាយ​នៅ​ពេល​ពួក​គេ​បាន​មក​អង្គុយ​លំហែ​កាយ​ស្រូប​យក​ខ្យល់​ជំនោរ​សមុទ្រ​នា​ពេល​រាត្រី នៅ​មុន​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦។

ដើម្បី​ផ្តល់​ភាព​រីក​រាយ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ កាន់​តែ​រីក​រាយ​ថែម​ទៀត​នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រដ្ឋបាល​ខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ កំពុង​មមាញឹក​ចុះ​សម្អាត​អនាម័យ​បរិស្ថាន និង​ដាក់​តាំង​ភ្លើង​បំភ្លឺ​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​តាម​មាត់​សមុទ្រ​ជាដើម រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រគំ​តន្ត្រី​សម័យ និង​សិល្បៈ​កំប្លែង មាន​តារា​ចម្រៀង​ល្បីៗ នឹង​មក​បង្ហាញ​ខ្លួន​អង្រួន​អារម្មណ៍​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា ឬ​លំហែ​កាយ​ឆ្លង​ឆ្នាំ​សកល ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

ថ្លែង​ក្នុង​ទឹក​មុខ​ញញឹមញញែម លោក យន្ត មីន បញ្ជាក់​ថា ការ​ប្រគំ​តន្ត្រី​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦ ដែល​នឹង​ចូល​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ទាំង​ស្ថាប័ន​កងទ័ព កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល ជាដើម បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​គ្រប់​ច្រកល្ហក ដើម្បី​រង់ចាំ​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ។ លោក​បន្ត​ថា ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ ក៏​មាន​រៀបចំ​កម្មវិធី​បាញ់​កាំជ្រួច​ចេញ​ពី​លំហ​សមុទ្រ​មិន​តិច​ជាង ៥០០​ដើម​ទេ ជូន​ភ្ញៀវ​ទស្សនា​នៅ​ពេល​រាត្រី។ ផ្ដើម​ពី​ភាព​សម្បូរ​បែប​នេះ លោក​អភិបាល​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលរួម​អបអរ​សាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​កុះករ។

លោក យន្ត មីន៖ «យើង​បាន​ត្រៀម​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ហើយ​ក៏​បាន​ណែនាំ​ទាំង​ការ​លក់​ដូរ សេវា​ស្នាក់នៅ និង​បញ្ហា​រក្សា​សុវត្ថិភាព​សន្តិសុខ​ជាដើម ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​សប្បាយ​នា​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦ មាន​ភាព​កក់ក្តៅ និង​រីករាយ ជាដើម គឺ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត។ សូម​អញ្ជើញ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ឱកាស​សម្រាក​ចុង​ឆ្នាំ សូម​អញ្ជើញ​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​កុះករ។ លោក​ធានា​ថា ភ្ញៀវ​ទេសចរ​ទាំងអស់​នឹង​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បាន​ចុះ​ពិនិត្យ​ការ​រៀបចំ​តុបតែង​ភ្លើង​បំភ្លឺ និង​ចាត់​ចែង​សម្អាត​អនាម័យ​ដល់​ទីកន្លែង​ប្រារព្ធ​ពិធី​នា​ឆ្នេរ​អូរឈើទាល នៅ​កណ្ដាល​ថ្ងៃ​ត្រង់​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​ធ្នូ លោក​ឲ្យ​ដឹង​ថា ពិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​ចុះ​រៀបចំ​អនាម័យ សោភណភាព សន្តិសុខ និង​ការ​លក់​ដូរ​ចំណី​អាហារ​ឲ្យ​មាន​របៀប​រៀបរយ ហើយ​រក្សា​តម្លៃ​មុខ​ម្ហូប​ឲ្យ​បាន​សមរម្យ។

ស្រប​ពេល​អាកាសធាតុ​មាន​ផ្ទៃ​មេឃ​ស្រឡះ និង​មាន​ខ្យល់​ជំនោរ​ត្រជាក់​បក់​មក​ត្រសៀកៗ​ជាប់​មិន​ដាច់ ចាប់​ពី​ព្រឹក​ព្រលឹម​ទល់​ព្រលប់ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ជំនឿ​ថា នឹង​ផ្តល់​ភាព​សប្បាយ​រីករាយ​ដ៏​អស្ចារ្យ​មួយ​ជូន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ក្នុង​ពិធី​ប្រគំ​តន្ត្រី​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦ ជា​មិន​ខាន។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​អាច​មាន​ជម្រើស​សប្បាយ​រីករាយ​ច្រើន​បែប​ច្រើន​យ៉ាង នៅ​ពេល​ចូល​មក​ដល់​ទឹក​ដី​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​ជាប់​ជា​សមាជិក​ក្លឹប​ស្អាត​បំផុត​នៅ​លើ​សកលលោក ហើយ​ត្រូវ​រដ្ឋាភិបាល​ប្រសិទ្ធិនាម​ថា​ជា​តារា​រះ​នា​ទិស​និរតី៖ «ពិធី​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ គឺ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ទៅ​លើ​ការងារ​រក្សា​សុវត្ថិភាព​សន្តិសុខ ព្រោះ​យល់​ថា បើ​មាន​សន្តិសុខ​ទើប​យើង​អាច​មាន​អ្វីៗ​ទាំងអស់។ ដូច្នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សន្តិសុខ​នេះ​ជា​ចម្បង ដោយ​បាន​ពង្រាយ​កម្លាំង​ជំនាញ​ទាំង ៣​ស្ថាប័ន មាន​កងទ័ព កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​នៅ​តាម​គ្រប់​គោលដៅ ដើម្បី​ត្រៀម​ផ្តល់​សុវត្ថិភាព​ជូន​ភ្ញៀវ និង​អ្នក​វិនិយោគទុន ទាំង​ពេល​បច្ចុប្បន្ន និង​បន្ត​ពង្រឹង​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត»

ទិដ្ឋភាព​ផ្លូវ​ពេល​យប់​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Den Ayuthyea
ទិដ្ឋភាព​ផ្លូវ​ពេល​យប់​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Den Ayuthyea

បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មាន​ចំនួន​ច្រើន​នាក់​បាន​បង្ហាញ​វត្តមាន​នៅ​តាម​ឆ្នេរ​សមុទ្រ និង​បាន​ចុះ​ងូត​ទឹក​កម្សាន្ត​នៅ​តាម​ឆ្នេរ​មួយ​ចំនួន មាន​ដូចជា ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល ឆ្នេរ​ព្រែកត្រែង ឆ្នេរ​លំហែកាយ និង​ឆ្នេរ​ឯករាជ្យ ជាដើម ដែល​ជា​ឆ្នេរ​មាន​អនាម័យ។

ទាក់ទិន​ពិធី​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល​នេះ​ដែរ លោក​ឧកញ៉ា ឡាវ កាំង ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ចាត់​ចែង​ការងារ​សម្អាត​បរិស្ថាន និង​តុបតែង​ភ្លើង​ចម្រុះ​ព័ណ៌ ដើម្បី​លំអ​ការ​ប្រគំ​តន្ត្រី​ស្វាគមន៍​ឆ្លង​ឆ្នាំ​សកល​នា​ឆ្នេរ​អូរឈើទាល ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​ធ្នូ។ លោក​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​នា​មូលដ្ឋាន​នេះ នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ជាមួយ​ជម្រើស​ដ៏​សម្បូរ​បែប។ លោក​ថា មាន​ស្តង់​លក់​ទំនិញ​ទាំង​ក្នុង​ស្រុក និង​នាំ​មក​ពី​ប្រទេស​ថៃ រាប់​រយ​ប្រភេទ​មុខ​ទំនិញ បាន​ដាក់​លក់ ឬ​ដាក់​តាំង​ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។ លោក​បន្ត​ថា ក្រៅ​ពី​សិល្បករ​លិល្បការិនី និង​តារា​កំប្លែង​ល្បីៗ ប្រគំ​ជូន​ភ្ញៀវ​ទស្សនា ហើយ​អ្នក​ទេសចរ​ក៏​នឹង​ទទួល​បាន​ចំណី​ចក្ខុ​ផ្សេង​ទៀត ផ្ដើម​ពី​ការ​បាញ់​កាំជ្រួច​ចេញ​ពី​លំហ​សមុទ្រ​នៅ​ពេល​ពិធី​ប្រគំ​តន្ត្រី​សម័យ កក្រើក​លំហ​សមុទ្រ ដោយ​ដាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​រហូត​ចប់​កម្មវិធី។

លោក​ឧកញ៉ា ឡាវ កាំង ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង​ដំឡើង​ឆាក​ប្រគំ​តន្ត្រី​នៅ​ឆ្នេរ​អូរឈើទាល ទល់​មុខ​វិមាន​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​រៀបចំ​ពិធី​ប្រគំ​តន្ត្រី​នេះ​ឡើង គឺ​មាន​គោល​បំណង​ផ្តល់​ភាព​រីករាយ​ជូន​ភ្ញៀវ​ទេសចរ និង​ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​វិនិយោគទុន​ឲ្យ​ចូល​មក​ទស្សនា ឬ​ធ្វើ​ជំនួញ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ចំណែក​ក្រុម​អាជីវករ​ដែល​មាន​តូប ឬ​ទីកន្លែង​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច ដើម្បី​រង់ចាំ​បម្រើ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល។ អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល ថ្លែង​ទាំង​ទឹក​មុខ​រីករាយ​ថា បាន​ត្រៀម​មុខ​ម្ហូប​សមុទ្រ​ស្រស់ៗ​ជា​ស្រេច​រង់ចាំ​បម្រើ​សេចក្តី​ត្រូវ​ការ​ជូន​ភ្ញៀវ​ទេសចរ ហើយ​បាន​អះអាង​ថា នឹង​លក់​ជូន​ភ្ញៀវ​ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត។

ទាក់ទង​ការ​លក់​ដូរ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ណែនាំ​ដោយ​បាន​ដាក់​លក្ខខណ្ឌ ៥​ចំណុច តម្រូវ​ឲ្យ​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់​នា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទាក់ទង​ការ​បម្រើ​សេវា​លក់​ដូរ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ នៅ​មុន​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​២០១៥ ចូល​មក។ សេចក្តី​ណែនាំ​នេះ អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​ក្រុម​អាជីវករ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ និង​ការ​កំណត់​តម្លៃ​ម្ហូប​អាហារ​ក្នុង​តម្លៃ​សមរម្យ និង​មុខ​ម្ហូប​ត្រូវ​តែ​មាន​គុណភាព។ ជាង​នេះ​ទៀត ក៏​ដើម្បី​រួម​ចំណែក​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ ជាពិសេស​ការ​ចូលរួម​ចលនា​ប្រឡង​ប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ។ ជាង​នេះ​ទៀត ក៏​ជា​ការ​បំផុស​ការ​ចូលរួម​ទស្សនៈ ភាព​ស្អាត និង​បៃតង ឲ្យ​ស័ក្តិសម​ប្រសិទ្ធិនាម​ជា តារា​រះ​នា​ទិស​និរតី នៃ​ប្រទេស​កម្ពុជា សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា និង​វិនិយោគ​ឲ្យ​បាន​កាន់​តែ​ច្រើន។

ត្រង់​ចំណុច​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​ទទូច​ដល់​ក្រុម​អាជីវករ ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​ទាំង​ក្នុង និង​ខាង​ក្រៅ​បរិវេណ​លក់​ដូរ​រៀងៗ​ខ្លួន​ឲ្យ​មាន​អនាម័យ និង​សោភណភាព ព្រម​ទាំង​ដាក់​ភ្លើង​តាំង​បំភ្លឺ​ចម្រុះ​ព័ណ៌​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​អបអរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​ឲ្យ​បាន​រីករាយ​ទាំងអស់​គ្នា។ ជាង​នេះ ម្ចាស់​អាជីវកម្ម​សេវា​ស្នាក់នៅ និង​បម្រើ​សេវា​ចំណី​អាហារ ត្រូវ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ និង​ផ្តល់​ឱកាស​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិធី​ប្រគំ​តន្ត្រី​រយៈពេល ៣​ថ្ងៃ ដើម្បី​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦ នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​មុខ រដ្ឋបាល​ខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ គ្រោង​ចំណាយ​ថវិកា​ជាង ១២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល