សមត្ថកិច្ច​អះអាង​ថា​បាន​កំណត់​មុខ​សញ្ញា​ជនល្មើស​ឆក់​ប្លន់​ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប

ដោយ ប្រាជ្ញ ចេវ
2015-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​កង​រាជ​អាវុធហត្ថ អះអាង​នៅ​ពេល​នេះ​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ឆក់​ប្លន់ ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​បង្ក្រាប​ហើយ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អាច​បង្ហាញ​ជា​សាធារណៈ នៃ​អត្តសញ្ញាណ​នៃ​ជនល្មើស​នោះ​នៅ​ឡើយ​ទេ។ ការ​អះអាង​បែប​នេះ បន្ទាប់​ពី​មាន​ជំនួប​កំពូល​មួយ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នា​ក្រសួង​យុត្តិធម៌។

ការ​បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ករណី​ឆក់​ប្លន់​ដែល​កំពុង​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ​នា​បច្ចុប្បន្ន​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​មាន​ស្ថាប័ន​ប៉ូលិស កង​រាជ​អាវុធហត្ថ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចូលរួម។

ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​នានា​ទាក់ទង​នឹង​សុវត្ថិភាព​សង្គម ទាំង​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​នគរបាល ថា​ខ្លួន​កំពុង​មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់ និង​បង្ការ។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ឲ្យ​ដឹង​ថា មុខ​សញ្ញា​ដែល​កំណត់​មាន​ពីរ គឺ​ទី​មួយ សមត្ថកិច្ច​ចាប់​បាន​ជនល្មើស ហើយ​រឿង​មួយ​ករណី​ទៀត លោក​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ស្ទើរ​គ្រប់​ខេត្ត-រាជធានី ដោយ​មាន​វិធានការ​ចំហ ល្បាត ពួន​ស្ទាក់ ស្រាវជ្រាវ ឆែកឆេរ និង​ស្រាវជ្រាវ​តាម​ជំនាញ​របស់​សមត្ថកិច្ច៖ «មក​ពេល​នេះ​ការ​ស្រាវជ្រាវ​បង្ក្រាប​យើង​កំពុង​តាម​ចាប់។ ការងារ​នេះ​សម្ងាត់ ជំនាញ​មិន​ទាន់​ប្រាប់​ឲ្យ​ស៊ី​ជម្រៅ​នៅ​ពេល​នេះ​បាន​ទេ ពេល​ចាប់​បាន​យើង​ប្រាប់»

ក្នុង​ពេល​ក្រុម​ជនល្មើស​មាន​អាវុធ​គ្រប់​ដៃ​ពេល​ធ្វើ​សកម្មភាព​ឆក់​ប្លន់ មាន​ការ​ចោទ​សួរ​ថា ក្រុម​ជនល្មើស​បាន​អាវុធ​មក​ពី​ណា? ឆ្លើយ​តប​ករណី​នេះ ក្រុម​សមត្ថកិច្ច​ប្រាប់​ថា តាម​ចម្លើយ​ពី​ជនល្មើស​សារភាព អាវុធ​ដែល​គេ​ធ្វើ​សកម្មភាព​បាន​ពី​ការ​ទិញ​តៗ​គ្នា ហើយ​សមត្ថកិច្ច​អះអាង​ថា គ្មាន​ករណី​ទិញ​អាវុធ​ពី​ឃ្លាំង​នោះ​ទេ ប៉ុន្តែ​មាន​ករណី​ជនល្មើស​ទិញ​អាវុធ​ខុស​ច្បាប់។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​បន្ទុក​ព័ត៌មាន សន្តិសុខ និង​ស្រាវជ្រាវ បង្ក្រាប​បទល្មើស លោក​ឧត្តមសេនីយ៍ទោ ហុង វិណុល ឲ្យ​ដឹង​ក្នុង​ពេល​នោះ​ដែរ​ថា កង​រាជ​អាវុធហត្ថ​ក្រៅ​ពី​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ គឺ​ឈាន​ដល់​ការ​ត្រួត​ពិនិត្យ​មធ្យោបាយ​ធ្វើ​ដំណើរ និង​កន្លែង​បញ្ចាំ។ លោក​បន្ត​ទៀត​ថា ក្នុង​ករណី​បទល្មើស​កើត​ឡើង​ផ្ទួនៗ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នោះ​ទប់ស្កាត់​យឺតយ៉ាវ ក្រុម​ជំនាញ​របស់​លោក​ចុះ​ទៅ​ខេត្ត​នោះ​ផ្ទាល់​តែ​ម្តង ដោយ​ធ្វើ​ទាំង​ផែនការ​បង្ការ និង​ផែនការ​បង្ក្រាប៖ «កន្លង​មក​យើង​បាន​ចុះ​ទៅ​ខេត្ត​កំពត ថ្មីៗ​នេះ​យើង​ចុះ​ត្រួត​ពិនិត្យ​នៅ​កណ្ដាល ហើយ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ យើង​ចុះ​ទៅ​ខេត្ត​កំពង់ស្ពឺ មួយ​ទៀត។ សព្វថ្ងៃ​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម ទាំង​ការងារ​បង្ការ និង​បង្ក្រាប»

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លើក​ឡើង​ថា សកម្មភាព​បទល្មើស​កំពុង​រីក​រាល​ដាល​ក្នុង​សង្គម​សព្វថ្ងៃ​នេះ គឺ​ជា​ការ​បរាជ័យ​លើ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ជា​គោល​នយោបាយ​មួយ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ ពួក​គេ​ថា ករណី​ឆក់​ប្លន់ គឺ​កើត​ឡើង​ដោយសារ​កត្តា​ធំៗ​បី គឺ​ការ​រីក​រាល​ដាល​នៃ​ល្បែង​ស៊ី​សង ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ដោះ​លែង​ទណ្ឌិត។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ទៅ​ស្នងការ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កណ្ដាល ឲ្យ​ដើរ​ចេញ​ពី​មុខ​តំណែង បើ​សិន​ពួក​គេ​មិន​អាច​ចាប់​ខ្លួន​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ប្លន់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា លោក​បាន​ធ្វើ​ផែនការ​ពីរ​ជា​រៀង​រាល់​ខែ គឺ​វិធានការ​បង្ក្រាប និង​វិធានការ​បង្ការ។ លោក​ស្នងការ​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ តែង​តែ​ឆ្លើយ​តប​ភ្លាមៗ​ក្នុង​ករណី​មាន​បទល្មើស៖ «យើង​អនុវត្ត​វិធានការ​បង្ការ​បាន​ច្រើន​ជាង ព្រោះ​បង្ការ​មាន​ប្រសិទ្ធភាព មិន​មាន​ការ​បាត់​សម្ភារៈ ឬ​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​ទេ»

បទល្មើស​ក្នុង​ឆ្នាំ​២០១៥ នេះ ត្រូវ​បាន​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ បង្ហាញ​ថា ប្លន់​ចំនួន ២៥០​ករណី ឆក់ ៩​ករណី លួច ១.០៣៨​ករណី បទល្មើស​គ្រឿង​ញៀន ៤៣៥​ករណី ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​ថយ​ចុះ ១៤​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
Share

អ្នក​អាន​អនាមិក

You are three stars general and have a lot of medal in your pocket,but Hun Sen has 5 stars and no medal at all in his pocket.Right or wrong take a look Hun Sen wear uniform.

Dec 29, 2015 09:47 PM

អ្នក​អាន​អនាមិក

កុំដេកម៉ាសីុនត្រជាក់រដ្ឋអះអាងច្រើនពេកវីុ ចាប់អោយបាន

Dec 23, 2015 09:54 AM

ដើមត្នោត

ទាល់តែសម្ដេចស្រែកម្ដងទៀត ទើបចេញចាប់ ។

Dec 23, 2015 01:41 AM

អ្នក​អាន​អនាមិក

ហេតុដែលមាន ចោរប្លន់ មានកាំភ្លើង មកពី =
= រដ្ឋាភិបាល ពុករលួយ ធូរលុង ច្បាប់ គ្រប់គ្រងអាវុធ !
= មនុស្សស្នាក់នៅ ចេញចូល គ្មានត្រួតពិនិត្យ ជាពិសេស ផ្ទះសំណាក់ អូតែល !

Dec 23, 2015 12:32 AM

អ្នក​អាន​អនាមិក

>. រដ្ឋាភិបាល ត្រូវចេញច្បាប់ ចោរប្លន់ គ្មាន ករណីលើកលែងទោស !

Dec 23, 2015 12:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល