ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ការ​ទប់ស្កាត់​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​ថា គ្មាន​ប្រសិទ្ធភាព

ដោយ ទីន ហ្សាការីយ៉ា
2020-03-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារធាតុ​ញៀន ដែល​នគរបាល​ប្រឆាំង​គ្រឿងញៀន ឆែក​ឃើញ និង​រឹប​អូស​នៅ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិត​នៅ​ផ្ទះ​លេខ​ ១៦៨ ផ្លូវ​លេខ ១១២ ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០១៩។
សារធាតុ​ញៀន ដែល​នគរបាល​ប្រឆាំង​គ្រឿងញៀន ឆែក​ឃើញ និង​រឹប​អូស​នៅ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិត​នៅ​ផ្ទះ​លេខ​ ១៦៨ ផ្លូវ​លេខ ១១២ ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ នគរបាល​ជាតិ

ប្រជាពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ​វិធាន​ការ​ទប់​ស្កាត់​គ្រឿងញៀន​របស់​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ប្រសិទ្ធភាព ​​ទើប​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​​​​កើត​មាន​ច្រើន​​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស ​នៅ​តំបន់​ព្រំដែន​កម្ពុជា​។ ប្រតិកម្ម​របស់​អ្នក​ភូមិ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ចេញ​របាយការណ៍​​​​បង្ក្រាប​​ជនល្មើស​​ឆ្នាំ​កន្លង​ទៅ​​ទទួល​បាន​លទ្ធផល​ល្អ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី១៦ មីនា​ថា បញ្ហា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​តំបន់​ព្រំដែន​ដែល​ពួកគេ​រស់​នៅ​ គឺ​មិន​មាន​ការ​ថមថយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង​។ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា​មូលហេតុ​​អ្នក​ជក់​ថ្នាំ​ញៀន​ច្រើន​ ដោយសារ​តែ​​វិធាន​ការ​ទប់​ស្កាត់​របស់​អាជ្ញាធរ​គ្មាន​ប្រសិទ្ធភាព៖ «សកម្មភាព​ដែល​គេ​លក់​ដូរ​ធំដុំ​ហ្នឹង​ខ្ញុំ​ខ្លាច​តែ​គេ​បង្ក្រាប​មិន​បាន ឮ​តែ​បង្ក្រាប​ៗ​ហ្នឹង​ក្រែង​តែ​ស្រុក​យើង​អាច​ថា​​ វា​មាន​ខ្សែ​រយៈ​មាន​អី​ បង្ក្រាប​បាន​តែ​តូច​ ចំពោះ​អ្នក​ជួញដូរ​ធំ​ហ្នឹង​​បង្ក្រាប​វា​មិន​បាន​គ្រឿងញៀន​វា​ចេះ​តែ​ហៀរហូរ​ធ្លាក់​ដល់​ភូមិ​​ឃុំ​ស្រុក​ខេត្ត​មួយ​ចំនួន​សឹង​តែ​ទូទាំង​ប្រទេស​ហើយ​។តំបន់​ណា​ក៏​ឮ​តែ​បង្ក្រាប​គ្រឿងញៀន​ក្មេង​សេព​គ្រឿងញៀន​ លក់​គ្រឿងញៀន​ មាន​អំពើ​ចោរ​ប្លន់​គ្រប់​បែប​យ៉ាង​អីចឹង​ បង្ក្រាប​របៀប​ម៉េច​បើ​វា​នៅ​តែ​ដដែល​អីចឹង»

លោក​បន្ត​ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ការ​រស់​របស់​ប្រជាពលរដ្ឋ ដោយសារ​​ពួកគេ​ញៀន​ថ្នាំ​ម្ដង​ៗ​​តែង​ឈ្លោះ​កាប់​គ្នា​ជា​ញឹកញាប់​​​ នៅ​ក្រុង​ប៉ោយប៉ែត។

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​​នៅ​ក្រុង​ប៉ោយប៉ែត​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត ឱ្យ​ដឹង​ថា កន្លង​ទៅ​អាជ្ញាធរ​ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ញឹកញាប់​ដែរ ក៏​ប៉ុន្តែ​​ពួកគេ​នៅ​តែ​ត្រឡប់​មក​​ជក់​ថ្នាំ​ញៀន​វិញ​ដដែល។លោក​បន្ថែម​ថា ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​អនុវត្ដ​ច្បាប់​របស់​សមត្ថកិច្ច​​ធូររលុង និង​​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ជា​មួយ​ជនល្មើស​ ទើប​​ពួកគេ​មិន​ខ្លាច​ច្បាប់​ ជា​ពិសេស​អ្នក​ជួញដូរ​ថ្នាំញៀន៖ «ខ្ញុំ​សំណូម​ពរ​ឱ្យ​ខ្លាំង​បំផុត​ហ្នឹង​គឺ​រក​មេខ្លោង​ ព្រោះ​ធម្មតា​បើ​យើង​នៅ​តែ​ទប់​ទឹក​​ដែល​វា​ស្រក​មក។ អ៊ីចឹង​យើង​ទប់​រហូត​ ទប់​យ៉ាង​ណា​ក៏​ទប់​មិន​ឈ្នះ​ដែរ​ ពីព្រោះ​យើង​មិន​បាន​ទប់​ប្រភព​ទឹក​ធំ​ដល់​ពេល​ចឹង​ទៅ​វា​នៅ​តែ​ស្រក់​នៅ​តែ​ហូរ​នៅ​តែ​ជ្រាប​ព្រោះ​ទឹក​ច្រើន​។អីចឹង​ខ្ញុំ​សំណូម​ពរ​មែនទែន​មិន​ដឹង​ថា​ តើ​គាត់​មាន​​វិធាន​ការ​បែប​ណា​ឬ​ក៏​របៀបណា​ទេ​ ប៉ុន្តែ​គ្នា​ប្រជាពលរដ្ឋ​គឺ​សំណូម​ពរ​​សុំ​ឱ្យ​គាត់​មេតា​រក​​ប្រភព​ឱ្យ​ឃើញ​ឬ​មួយ​បន្ថែម​ការ​បង្ក្រាប​ឱ្យ​បាន​ច្រើន​ថែម​ទៀត»

ប្រជាពលរដ្ឋ​ទាំង​នេះ បាន​ប្រតិកម្ម​នឹង​ របាយការណ៍​បូក​សរុប​ការងារ​​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថា មាន​តែ​តួលេខ​នៅ​លើ​ក្រដាស ប៉ុន្តែ​មិន​បាន​ឆ្លុះ​បញ្ចាំ​ការ​ពិត​ឡើយ ពីព្រោះ​ចំនួន​អ្នក​ប្រើប្រាស់​ថ្នាំញៀន​នៅ​តែ​កើត​មាន​ច្រើន​ដដែល។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ​ បន្ទាប់​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ កែ គឹមយ៉ាន ធ្វើ​​​សន្និបាត​បូក​សរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ២០១៩ និង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការ​អនុវត្តន៍​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទី៤ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មីនា។ របាយការណ៍​សង្ខេប​អំពី​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន​ទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២០ បាន​ឱ្យ​ដឹង​ថា ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើកទី៤ ​ចាប់​ពីថ្ងៃទី០១ ខែ​មករា ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ គឺ​អាជ្ញាធរ​​បង្ក្រាប​បាន​​ជិត​១ពាន់​ករណី (.៨០៦) ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង ២ម៉ឺន​នាក់ (២០.៤៩០) និង​រឹប​អូស​គ្រឿងញៀន បាន​ជាង ៧០០​គីឡូក្រាម​(៧៥០) គឺ​កើន​ឡើង​ប្រមាណ ៣០ភាគ​រយ ធៀប​ឆ្នាំ២០១៨។ ក្នុង​នោះ​បទល្មើស​ធំៗ ចាប់​ពី​១គីឡូ​ក្រាម​ឡើង​ទៅ មាន ៦១​ករណី ស្មើ​នឹង​​គ្រឿងញៀន​សរុប​ប្រមាណ ៧០០គីឡូក្រាម។

នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​បាន​ដាក់​ចេញ​វិធាន​សំខាន់​ៗ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដូច​ជា ជំរុញ​សកម្មភាព​ស្រាវជ្រាវ ស៊ើបអង្កេត​ និង​បង្ការ​ ទប់ស្កាត់​ បង្ក្រាប​ការ​នាំ​ចូល​និង​ជួញដូរ លើក​កម្ពស់ សកម្មភាព​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់ ជា​ពិសេស​បន្ត​ខិតខំ​ទប់​ស្កាត់​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស ដើម្បី​ស្រាវជ្រាវ​រក​បណ្ដាញ​ឧក្រិដ្ឋជន​ជួយ​ដូរ​គ្រឿងញៀន​ធំៗ ជា​ដើម។​​

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ​ ​យល់​ថា ​​​បញ្ហា​ដែល​អាជ្ញាធរ​​បង្ក្រាប​គ្រឿងញៀន​មិន​បាន​ជោគជ័យ​បណ្ដាល​មក​ពី​ ជនល្មើស​មាន​​បណ្ដាញ​ចែកចាយ​ច្រើន​ ​ហើយ​មាន​មូលដ្ឋាន​រឹងមាំ​ និង​មាន​ឥទ្ធិពល​ខ្លាំង​​លើស​​សមត្ថកិច្ច​​​អ្នក​​បង្ក្រាប​​​។លោក​បញ្ជាក់​ថា ​ដើម្បី​ធ្វើ​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​រួម​គ្នា​ចាប់​ជនល្មើស​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «ព្រោះ​អី​យើង​ដឹង​ហើយ​ថា​មាន​ការ​ប្រែក្លាយ​ពី​អ្នក​ប្រើប្រាស់​ហ្នឹង​ទៅ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន អីចឹង​​ពេល​ដែល​មាន​រូប​ភាព​ឬ​ក៏​​បណ្ដាញ​ស្អិតល្មួត​បែប​នេះ អីចឹង​បើ​កាល​ណា​គេ​ប្រើប្រាស់​ពី​បណ្ដាញ​របស់​គេ​ពី​មនុស្ស​ញៀន​ថ្នាំ​​ឱ្យ​ទៅ​ជា​អ្នក​ចែកចាយ​បណ្ដាញ​របស់​គេ​កាន់​តែ​រឹងមាំ ។គេ​បាន​បណ្ដាញ​របស់​គេ​លក់​បាន​លុយ​ផង​ហើយ​គេ​បាន​ប្រើប្រាស់​ទៀត​ហើយ​អីចឹង​គេ​ពង្រីក​បណ្ដាញ​គេ​ឱ្យ​រីក​រាលដាល​ដល់​​ទី​វត្ត​អារាម​នៅ​ឯ​ទី​ជនបទ»

ប្រធាន​អង្គការ ខាណា លោក ជួប សុខ​ចំរើន មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ចំនួន​អ្នក​ញៀន​ថ្នាំ​ដែល​​ចូល​អប់រំ​បំបាត់​នៅ​ក្នុង​អង្គការ​របស់​លោក​ និង​នៅ​តាម​ស្ថាប័នរដ្ឋ​មាន​ចំនួន​​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​លោក​មិន​មាន​តួ​លេខ​បង្ហាញ​ចំនួន​អប់រំ​ទាំង​​នោះ​ទេ។ លោក​បន្ថែម​ថា ​ដើម្បី​​កាត់​បន្ថយ​ការ​ជួញដូរ​គ្រឿងញៀន ដែល​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ដទៃ​នោះ គឺ​អាជ្ញាធរ​​ពាក់ព័ន្ធ​​គួរ​តែ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ប្រើប្រាស់​ថ្នាំ​ញៀន ​តាម​រយៈ​ជំរុញ​អាណាព្យាបាល​ឱ្យ​ណែនាំ​កូន​ត្រូវ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន។ លោក​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ជួញដូរ​ពិបាក​រក​ទីផ្សារ​លក់​ថ្នាំ​ញៀន​ ហើយ​ទីបំផុត​នាំ​គ្នា​ឈប់​ប្រកប​របរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល