អាជ្ញាធរ​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា​រូប​ដំរី​ជាន់​ខ្លា​តំណាង​ឲ្យ​ខេត្ត​មិន​បាត់​ទេ

ដោយ សូត សុខប្រាថ្នា
2015-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ដំរី​ជាន់​ខ្លា​តំណាង​ឲ្យ​ខេត្ត​កំពង់ធំ និង​រូប​ស្តូប​អនុស្សាវរីយ៍​កងទ័ព​វៀតណាម នៅ​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា។ រូបថត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥
រូប​ដំរី​ជាន់​ខ្លា​តំណាង​ឲ្យ​ខេត្ត​កំពង់ធំ និង​រូប​ស្តូប​អនុស្សាវរីយ៍​កងទ័ព​វៀតណាម នៅ​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា។ រូបថត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Saut Sokprathna

អាជ្ញាធរ​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា រូប​ដំរី​ជាន់​ខ្លា​ដែល​តំណាង​ឲ្យ​ខេត្ត​នេះ គឺ​មិន​បាន​បាត់បង់​ដូច​ការ​លើក​ឡើង​កន្លង​មក​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ខេត្ត​មាន​តែ​កែលំអ​រូប​សំណាក​មួយ​នេះ​ឲ្យ​ស្អាត​ទៅ​វិញ​ទេ ហើយ​ការ​លើក​ឡើង​ថា បាត់​រូប​ដំរី​ជាន់​ខ្លា​នោះ គឺ​ជា​ការ​បំភ្លៃ​ព័ត៌មាន​ទៅ​វិញ​ទេ។

បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​បញ្ហា​រូប​សំណាក​ដំរី​ជាន់​ខ្លា និង​រូប​ស្តូប​អនុស្សាវរីយ៍ ឬ​ជា​រូប​តំណាង​ឲ្យ​ការ​នឹក​គុណ​វៀតណាម រហូត​ដល់​ពួក​គេ​បាន​បង្កើត​ជា​វីដេអូ​បង្ហាញ​ពី​រូប​សំណាក​នោះ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​អស់​ចិត្ត។ ដោយ​ភាព​មិន​អស់​ចិត្ត ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ស្នើ​ឲ្យ​អាជ្ញាធរ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ទៀត​ផង។

ពលរដ្ឋ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ លោក ឃុត វាសនា ស្នើ​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​អាជ្ញាធរ​បំភ្លឺ​ពី​បញ្ហា​នេះ ថែម​ទាំង​ស្នើ​ឲ្យ​អាជ្ញាធរ​ដក​ស្តូប​អនុស្សាវរីយ៍​ជាមួយ​ប្រទេស​វៀតណាម ចេញ​ផុត​ពី​ដី​ខ្មែរ។

អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា រូប​សំណាក​ដំរី​ជាន់​ខ្លា​ដែល​ជា​និមិត្តរូប​ឲ្យ​ខេត្ត​កំពង់ធំ នោះ មិន​បាន​បាត់​ទៅ​ណា​ដូច​ការ​លើក​ឡើង​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ខេត្ត​បាន​ចំណាយ​ថវិកា​មួយ​ចំនួន ដើម្បី​រៀបចំ​រូប​ដំរី​ជាន់​ខ្លា​ឲ្យ​ខ្ពស់ និង​ស្អាត​ជាង​មុន​ទៀត​ផង។ ចំណែក​រូប​ស្តូប ឬ​ជា​បង្គោល​រំឭក​អនុស្សាវរីយ៍​កងទ័ព​វៀតណាម គឺ​គេ​កសាង​តាំង​ពី​ទសវត្ស​៨០ ពោល គឺ​តាំង​ពី​ពួក​កងទ័ព​វៀតណាម មាន​វត្តមាន​លើ​ដី​ខ្មែរ​មក​ម្ល៉េះ ហើយ​អាជ្ញាធរ​ក៏​មិន​ដែល​បាន​កែប្រែ​ស្តូប​នោះ​អ្វី​ដែរ៖ «បាទ! ខ្ញុំ​មាន​ការ​សោកស្ដាយ​សម្រាប់​អ្នក​ដែល​ចេតនា​បង្ក​រឿង​ហ្នឹង ព្រោះ​មិន​មាន​អី​ឲ្យ​គាត់​យល់​ច្រឡំ​សោះ។ ដែល​ជា​ចេតនា​ដោយសារ​អី? ដោយសារ​តែ​ទី​មួយ ដំរី​ជាន់​ខ្លា​នៅ​កន្លែង​ដដែល ហើយ​ឆ្នាំ​២០១៤ ខ្ញុំ​បាន​ចំណាយ​លុយ ៥​ពាន់​ដុល្លារ ដើម្បី​កែលំអ​លើ​ខឿន​ខ្ពស់ ៧​តឹក​ឲ្យ​គាត់​កាន់​តែ​ខ្ពស់ និង​មាន​ឥទ្ធិពល​នៅ​កន្លែង​ហ្នឹង»

ប្រតិកម្ម​ពី​អាជ្ញាធរ​ខេត្ត​ពេល​នេះ ក្រោយ​ពេល​មាន​ការ​លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បាត់​រូប​សំណាក​ដំរី​ជាន់​ខ្លា ដោយ​ជំនួស​មក​ជា​រូប​សំណាក​តំណាង​ឲ្យ​ប្រទេស​វៀតណាម ទៅ​វិញ។ ស្តូប​រំឭក​អនុស្សាវរីយ៍​កងទ័ព​វៀតណាម មាន​ស្ថានភាព​ដូចជា​បង្គោល​ព្រំដែន ដែល​មាន​បួន​ជ្រុង ហើយ​ជ្រុង​នីមួយៗ​មាន​រូប​ផ្កាយ​នៅ​ផ្នែក​ខាង​លើ​តំណាង​ឲ្យ​ប្រទេស​វៀតណាម ស្ថិត​នៅ​ខាង​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា។ លើស​ពី​នេះ​ទៀត មាន​ពលរដ្ឋ​ខ្លះ​ថា​ខេត្ត​កំពង់ធំ ជា​ខេត្ត​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ពុំ​គួរ​យក​ស្តូប​នេះ​មក​ដាក់​នៅ​ក្នុង​កណ្ដាល​បែប​នេះ​ឡើយ។

​រូប​ស្តូប​អនុស្សាវរីយ៍​កងទ័ព​វៀតណាម នៅ​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា។ រូបថត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា RFA/Saut Sokprathna
​រូប​ស្តូប​អនុស្សាវរីយ៍​កងទ័ព​វៀតណាម នៅ​ក្រោយ​រូប​សំណាក​ដំរី​ជាន់​ខ្លា។ រូបថត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Saut Sokprathna

ទាក់ទង​បញ្ហា​នេះ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ខេមរៈ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ចាប់​អារម្មណ៍​របស់​យុវជន និង​ពលរដ្ឋ​ទូទៅ គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រទេស​ជាតិ បញ្ហា​នយោបាយ និង​របៀប​ដឹក​នាំ​នៅ​ក្នុង​ប្រទេស​ជាដើម។ ជាង​នេះ​ទៀត រឿងរ៉ាវ​ទាំងឡាយ​ណា​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម គឺ​រឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ចង់​ដឹង​ថែម​ទៀត៖ «អ៊ីចឹង​ដោយសារ​ថ្មីៗ​នេះ ប្រទេស​វៀតណាម មាន​ការ​រំលោភ​បំពាន​ព្រំដែន​ប្រទេស​កម្ពុជា ពិសេស​អធិបតេយ្យភាព​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​យុវជន និង​ពលរដ្ឋ​កម្ពុជា មាន​ការ​ចាប់​អារម្មណ៍។ ចំណុច​ទី​ពីរ អាច​ដោយសារ​លំហូរ​ចូល​នៃ​ពួក​វៀតណាម»

លោក​បន្ត​ថា ព័ត៌មាន​ពិត​អាច​ជួយ​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ប្រសិន​បើ​ព័ត៌មាន​នោះ​មិន​ពិត​វិញ គឺ​ជា​រឿង​បំពុល​មតិ​សាធារណជន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​បែក​បាក់​សាមគ្គី​គ្នា។ ចំណែក​ការ​កសាង​ស្តូប​រំឭក​អនុស្សាវរីយ​វៀតណាម ដើម្បី​ឲ្យ​ខ្មែរ​នៅ​តែ​បន្ត​ដឹង​គុណ​នោះ លោក រស់ រ៉ាវុធ បញ្ជាក់​ថា វា​រឿង​ហួស​សម័យ​ហើយ​មក​ដល់​ពេល​នេះ ព្រោះ​បច្ចុប្បន្ន​នេះ​មិន​មែន​ប្រទេស​កម្ពុជា ត្រូវ​ដឹង​គុណ​វៀតណាម នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វៀតណាម ទេ​ដែល​ត្រូវ​ដឹង​គុណ​កម្ពុជា ព្រោះ​មាន​ចំណុច​ច្រើន​ណាស់​ដែល​កម្ពុជា មាន​គុណ​លើ​វៀតណាម។ ជាក់ស្ដែង ប្រជាជន​វៀតណាម រាប់​ម៉ឺន​នាក់ កំពុង​រស់នៅ​លើ​ដី​ខ្មែរ ហើយ​ថែម​ទាំង​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ស្ទើរ​តែ​អស់​ទៀត​ផង។ ម្យ៉ាង​ទៀត កម្ពុជា គឺ​ប្រទេស​ទីផ្សារ​ធំ​មួយ​សម្រាប់​ប្រទេស​វៀតណាម។ ជាមួយ​គ្នា​នេះ ទាំង​ប្រជាពលរដ្ឋ និង​ប្រមុខ​ដឹក​នាំ ត្រូវ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មាន​ឯករាជ​ភាព និង​អធិបតេយ្យភាព​របស់​ខ្លួន មិន​ចាំបាច់​ត្រូវ​ដឹង​គុណ​ប្រទេស​ណា​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

រូបក្រោម ក្បាលអីត្រងិលលើអញ្ចឹង

Jun 21, 2015 07:13 AM

អ្នក​អាន​អនាមិក

សួរថាឲ្យតែអ្នកណាមានគុណសុទ្ធតែធ្វើរូបតំណាក់ទាំងអស់មែន?បង្គោលតំណាងឲ្យអី?តាមពាក្យជាចាមរាមថាប្រទេសកម្ពុជាត្រូវបានចែកជាពីរគឺត្រង់បង្គោលនឹង 1វៀតណាម 1តៀតគឺថៃចំពោះអត្តន័យបង្គោលនឹង។ហេតុអីប្រទេសខ្មែរនេះសព្វថ្ងៃនេះសំបូរយួនយ៉ាងនេះ?

Jun 21, 2015 04:14 AM

គេហទំព័រ​ទាំងមូល