ខ្យល់​កន្ត្រាក់​​លាយ​ភ្លៀង​​​បក់​បោក​ខូចខាត​សាលារៀន​និង​ផ្ទះ​ជាង​៣០០​ខ្នង​នៅ​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន
2015-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ចុះ​ពិនិត្យ​ផ្ទះ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ផ្សារ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។
សមត្ថកិច្ច​ចុះ​ពិនិត្យ​ផ្ទះ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ផ្សារ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ប្រមាណ ៨០០​នាក់ ចុះ​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​នេះ។

ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ​នៅ​ខេត្ត​បន្ទាយមានជ័យ​ បាន​បោកបក់​របើក​​ដំបូង​សាលារៀន ផ្សារ និង​​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជិត ៤០០​ខ្នង ព្រម​ទាំង​មនុស្ស ៤​នាក់ របួស​ធ្ងន់​ស្រាល ​​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា។

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្យល់​កន្ត្រាក់​នោះ​ បាន​អះអាង​ស្រដៀង​គ្នា​​ថា ហេតុការណ៍​នេះ​ជា​ខ្យល់​បក់​បោក​ដ៏​ធំ​មួយ​មិន​ធ្លាប់​ជួប​ប្រទះ​​ពី​មុន​មក​នោះ​ទេ។

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ លោក​ អ៊ុំ រាត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ថា ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ​បាន​បក់​បោក​​បណ្ដាល​ឲ្យ​​រលំ​​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០០​ខ្នង​ផ្ទះ របើក​​ដំបូង​សាលា​រៀន​ចំនួន ២​កន្លែង និង​រលំ​ដំបូង​ផ្សារ​មួយ​កន្លែង​​ រួម​មាន​នៅ​ស្រុក​អូរជ្រៅ ស្រុក​ព្រះនេត្រព្រះ ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក។

លោក​បន្ត​ថា ​ស្រុក​ថ្មពួក រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ជាង​គេ គឺ​​របើក​ដំបូង​សាលា​រៀង​ចំនួន ២​កន្លែង ផ្សារ​មួយ និង​ជាង ៣០០​ខ្នង​ផ្ទះ ព្រមទាំង​មនុស្ស​​របួស​ធ្ងន់ ២​នាក់ ស្រាល ២​នាក់៖ «យើង​បាន​បញ្ជូន​កម្លាំង​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ចុះ​ទៅ​ជួយ​​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក​នោះ ព្រមទាំង​​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ខូចខាត​បន្ថែម»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​ថ្មពួក លោក ផ្លែក វារី មាន​ប្រសាសន៍​ថា កម្លាំង​ខ្យល់​កន្ត្រាក់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា នោះ មាន​សភាព​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំង​អស់​ ដែល​បណ្ដាល​ឲ្យ​​របស់​ផ្ទះ​ប្រជាពលរដ្ឋ​​រលំ​ដួល​ខូច​ខាត​ទាំង​ស្រុង​ជាង ៥០​ខ្នង​ផ្ទះ។

ខ្លោងទ្វារ​វិទ្យាល័យ​ថ្មពួក បាក់​ដោយសារ​ខ្យល់​កន្ត្រាក់ នា​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Hum Chamroeun
ខ្លោងទ្វារ​វិទ្យាល័យ​ថ្មពួក បាក់​ដោយសារ​ខ្យល់​កន្ត្រាក់ នា​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Hum Chamroeun

លោក​បន្ត​ថា បន្ទាប់​ពី​ស្ងប់​ខ្យល់​ភ្លាម កម្លាំង​​សមត្ថកិច្ច​ប៉ូលិស និង​ទាហាន​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ខ្លះ និង​កម្លាំង​របស់​ស្រុក​ខ្លះ រួម​ប្រមាណ ៨០០​នាក់​ បាន​ចុះ​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូច​ខាត​នោះ៖ «ផ្ទះ​ដែល​ខូច​ខាត​ធ្ងន់ធ្ងរ​មាន​ផ្ទះ​ខ្លះ​រលំ​ដួល​ទាំង​អស់ និង​ខ្លះ​ទៀត​របើក​ដំបូង​ទាំង​ស្រុង​ប្រើ​ការ​មិន​បាន»

រី​ឯ​ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​​នៅ​ស្រុក​ថ្មពួក​ គឺ​​​លោក នេត ហៀត​ ថ្លែង​ថា​ ខ្យល់​កន្ត្រាក់​នេះ​មុន​នឹង​បក់​បោក​ខ្លាំង គឺ​មេឃ​ប្រែ​ទៅ​ជា​ពណ៌ខ្មៅ​​ងងឹត និង​មាន​ពពក​ដុំៗ​លាយ​ឡំ​​ទៅ​ដោយ​​ផ្គរលាន់ ​និង​មាន​ភ្លៀង​ធ្លាក់​តិចៗ​ផង​​​ប្រមាណ ២០​នាទី។ លោក​ថា ពុំ​ដែល​ជួប​ប្រទះ​ខ្យល់​បក់​ខ្លាំង​ដូច​នៅ​ស្រុក​ថ្មពួក​នេះ​ទេ៖ «កម្លាំង​ខ្យល់​បក់​មក​ដល់​ស្រុក​ថ្មពួក​នេះ មាន​សភាព​ខ្លាំង​ណាស់ ហើយ​គ្របដណ្ដប់​ចំនួន ២​ឃុំ។ ខ្យល់​កន្ត្រាក់​នេះ​​ សូម្បី​តែ​របង​ផ្ទះ​របស់​ខ្ញុំ ក៏​ខ្យល់​បក់​ប៉ើង​ខូច​ដែរ»

ទោះ​ជា​យ៉ាង​ណា ​គ្រោះ​ធម្មជាតិ​នេះ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ទៀត​ថា​ ខ្យល់​កន្ត្រាក់​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ បណ្ដាល​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៦០០​ខ្នង និង​របួស​ធ្ងន់​ស្រាល់​មនុស្ស​ចំនួន ៥​នាក់៕​​​​​​​​​​​​​​​​​​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

>., នេះជា លទ្ធផល ប្រជាពលរដ្ឋ ហៃអើ អាជ័យធ្លាក់ទឹក បោះឆ្នោតអោយ ពួកបំផ្លាញជាតិ កាន់អំណាច ! ( អាណា លក់ទ្រព្យសម្បត្តិជាតិ លក់ព្រៃឈើ កាប់ឈើ ដឹកទាំងឡានៗ ក៏ដឹកទៅ ! )

May 01, 2015 06:43 AM

អ្នក​អាន​អនាមិក

ព្រៃឈើ រលាយ ផ្ទះរបស់ប្រជាពលរដ្ឋ ក៏ចាប់ផ្តើម ហិនហោចដែរ !

May 01, 2015 06:01 AM

គេហទំព័រ​ទាំងមូល