អាជ្ញាធរ​ខេត្ត​កំពង់ចាម​ដាក់​កម្លាំង​ជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់

ដោយ​ សូត សុខប្រាថ្នា
2015-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ ដែល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​យប់​ថ្ងៃ​ទី ២១ ចូល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។
ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ ដែល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​យប់​ថ្ងៃ​ទី ២១ ចូល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។
Provided Photo

អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមាណ​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២៣ មេសា កំពុង​បន្ត​នាំ​គ្នា​ជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ភ្លៀង​ធ្លាក់​មួយ​មេ​ដំបូង លាយ​ឡំ​​ដុំព្រិល និង​ខ្យល់​កន្ត្រាក់​កាល​យប់​ថ្ងៃ​ទី​២១ មេសា ឈាន​ចូល​ថ្ងៃ​ទី​២២ មេសា នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

ពលរដ្ឋ​​ចំនួន​បី​ឃុំ គឺ​ឃុំ​ត្រប់ ឃុំ​សណ្ដែក និង​ឃុំ​តាំងក្រសាំង សរុប ៥៨៧​គ្រួសារ ដែល​រង​ផល​ប៉ះពាល់។ ផល​ប៉ះពាល់​ទាំង​នោះ​រួមមាន​ផ្ទះ​ចំនួន ១៥០​ខ្នង​ខូចខាត​ទាំងស្រុង និង ៤៣៧​ខ្នង ប៉ះពាល់​ស្រាល​ដោយ​របើក​ដំបូល​ផ្ទះ។

អធិការ​នគរបាល​ស្រុក​បាធាយ លោក សំ ណាល់ មាន​ប្រសាសន៍​ថា ត្បិត​តែ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ក៏ដោយ ប៉ុន្តែ​មនុស្ស​ចំនួន ៨​នាក់ រង​របួសធ្ងន់​និង​ស្រាល ចំណែក​សត្វ​គោ​មួយ​ក្បាល​ងាប់។ លោក​បញ្ជាក់​ថា កន្លងមក​ធ្លាប់​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​លើក​នេះ​ទេ។

ចំណែក​អភិបាល​ស្រុក​បាធាយ លោក ឡោ ចាន់លី មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​បាន​បញ្ជូន​របាយការណ៍​ស្ដីពី​ការ​ខូចខាត​មក​អាជ្ញាធរ​ខេត្ត​ ​កាកបាទ​ក្រហម​ និង​ទៅ​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ភ្លាមៗ បន្ទាប់​ពី​ដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត​រួច ហើយ​អាជ្ញាធរ​នឹង​ចុះផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ខ្លះ​ជូន​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​២៤ មេសា។

លោក ឡោ ចាន់លី៖ «ព្រោះ​អា​នេះ​យើង​ត្រូវ​ស្ដាប់​ការ​ព្យាករ​ឧតុនិយម​របស់​ក្រសួង​ធនធាន​ទឹក ហើយ​ពេល​មាន​បញ្ហា​កើត​ឡើង ត្រូវ​ប្រុង​ប្រយ័ត្ន។ ឱ្យ​ប្រជាពលរដ្ឋ បើ​យល់​ថា ផ្ទះ​របស់​ខ្លួន​ឯង​មិន​ធានា​ទេ ឱ្យ​ចុះ​ចេញ​ពី​ផ្ទះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ឱ្យ​គាត់​រក​ទី​ជម្រក​គត់មត់ អាច​ការពារ​សុវត្ថិភាព​ខ្លះ​បាន»

ថ្មីៗ​នេះ គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់ កើត​ឡើង​នៅ​ប្រទេស​កម្ពុជា នៅ​ខេត្ត​មួយ​ចំនួន ដូចជា​ឧត្តរមានជ័យ បន្ទាយមានជ័យ ​ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី បាត់ដំបង និង​ខេត្ត​កំពង់ចាម ជាដើម ក្នុង​នោះ​បណ្តាល​ឱ្យ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​រង​ផល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បងប្អូនជាទីស្រលាញ់ ខ្ញុំសូមចូលររួមរុំលែកតុក្ខនេះផង នូវអ្វីដែលបង​ប្អូនជួបប្រទះនេះ ហើយក៏សូមចួលរួមខឹងជាមួយពួកអាខ្យល់កន្រ្តាក់​ហ្នឹងដែរ ដែលវាប្រហ៊ើនហ៊ានចេញមុខមកធ្វើបានប្រជាជនរបស់​សម្តេច​តេជោទៀត នេះវាធ្វើឲ្យសម្តេចខឹងហើយ ចាំមើលតែសម្តេច​អោយលោកឧញាទ្រីភាពកាប់ព្រៃអោយអស់ អាខ្យល់កន្រ្តាក់អស់ហ្នឹង​ទៅលាក់ខ្លួនទីណាទៀត កុំភ័យអីមិនយូទេ ប្រទេសខ្មែរលែងមាន​ការស្អុះស្អាប់អីទៀតហើយ សម្តេចនិងចាត់ការព្រៃទាំងអស់ហ្នឹង អោយតែយើងខំបោះឆ្នោតជូនលោនទៀតទៅ ទៅរកឯណាបានលោក​អើយអ្នកដឹកនាំកំពូលឆ្លាតយ៉ាងនេះ។

Apr 24, 2015 07:09 PM

គេហទំព័រ​ទាំងមូល