ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី បន្ត​ទទូច​សុំ​រដ្ឋាភិបាល​ឱ្យ​ឆាប់​បញ្ជូន​ពួក​គេ​មក​កម្ពុជា

ដោយ មួង ណារ៉េត
2020-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ម៉ាត់ តោសរី ពលការិនីកម្ពុជា​នៅ​ប្រទេស​កម្ពុជា។
លោកស្រី ម៉ាត់ តោសរី ពលការិនីកម្ពុជា​នៅ​ប្រទេស​កម្ពុជា។
RFA

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​តែ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល ជួយ​ពន្លឿន​បញ្ជូន​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ ព្រោះ​ពួក​គេ​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ផ្នែក​ជីវភាព ដោយ​សារ គ្មាន​ការងារ​ធ្វើ​រយៈ​ពេល​ពីរ​ខែ​ទៅ​ហើយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល គួរ​តែ​ដុត​ដៃ​ដុត​ជើង​ជួយ​បញ្ជូន​ពលករ​ខ្មែរ​ទាំង​នោះ​មក​កម្ពុជា​ឲ្យ​បាន​ឆាប់។

ប្រជាពលរដ្ឋ​ខ្មែរ ១៥០នាក់ ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​អំពាវនាវ​សារ​ជា​ថ្មី​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​យក​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​កំពុង​រង​ទុក្ខ​លំបាក។ ពួក​គេ​ត្អូញត្អែរ​ថា កំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ដូច​ជា អ្នក​ខ្លះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ថវិកា​ទិញ​អាហារ​ហូប​ចុក រហូត​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​សុំ​ទាន ខ្លះ​ទៀត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ជា​ដើម។

ស្ត្រី​មាន​ផ្ទៃ​ពោះ ៨ខែ​ម្នាក់ គឺ​លោក​ស្រី ម៉ាត់ តោសរី រៀបរាប់​ថា លោកស្រី មក​រស់​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ជាង​ពីរ​ខែ​ហើយ។ លោក​ស្រី​ថា មក​តាម​ប្តី​ដែល​ធ្វើ​ការ​សំណង់ ប៉ុន្តែ​ក្រោយ បាន​មក​រស់​នៅ​ជា​មួយ​ប្តី​បាន​ត្រឹម ៦ថ្ងៃ ប្ដី​របស់​លោកស្រី​ក៏​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់ បន្ទាប់​ពី​ធ្លាក់​ពី​លើ​សំណង់​អាគារ​ក្នុង​ពេល​កំពុង​ផ្សារ​ដែក។ ក្រោយ​ពេល​ប្ដី​ស្លាប់​លោក ស្រី បាន​ទិញ​សំបុត្រ​យន្តហោះ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ហាមឃាត់។ បន្ទាប់​មក​លោកស្រី បាន​ខំ​តស៊ូ​រស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទាំង​លំបាក​បំផុត​ដោយសារ​លោកស្រី​មាន​ផ្ទៃពោះ​មិន​អាច​ធ្វើ​ការ​រក​ចំណូល​បាន​ទេ។ លោកស្រី និយាយ​ទាំង​ក្ដុកក្ដួល​ថា សព្វថ្ងៃ​នេះ លោកស្រី បាន​ផ្ញើ​ខ្លួន​រស់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ពលការិនី​ខ្មែរ​ម្នាក់​បណ្ដោះអាសន្ន ហើយ​ទទួល​បាន​អាហារ​ហូប​ចុក​ខ្លះ​ពី​កម្មករ ជន​ជាតិ​ភូមា ដោយសារ​ពួក​គេ​អាណិត​អាសូរ​ដល់​លោកស្រី៖ «ខ្ញុំ​ពិបាក​មែន​នៅ​នេះ​អត់​មាន​ពី​ណា​ទីពឹង​ទេ បង​អើយ។ពោះ​ខ្ញុំ​ជិត​គ្រប់​ខែ​ហើយ តែ​អត់​មាន​ពី​ណា​ឲ្យ​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ។សូម​ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​បាន​ទៅ​ស្រុក​ខ្មែរ​វិញ ព្រោះ ខ្ញុំ​ខ្លាច​សម្រាល​កូន​ទៅ​ទីនេះ​អត់​មាន​ពី​ណា​ជួយ​ទេ ពិបាក​ណាស់ ហើយ​អត់​មាន​លុយ​មួយ​កាក់​សោះ។ ណា​មួយ​ប្ដី​ខ្ញុំ​ទើប​តែ​ស្លាប់​ទៀត»

លោកស្រី​អះអាង​ថា បាន​ស្នើសុំ​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី ជួយ​ផ្ដល់​ជំនួយ និង​ជួយ​ពន្លឿន​ការ​សម្រប​សម្រួល​ឲ្យ​លោកស្រី​បាន​ទៅ​ស្រុក​ខ្មែរ​វិញ​ដែរ ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​ស្ថានទូត​ឆ្លើយ​តប បែប​ណា​នោះ​ទេ។

ស្ត្រី​ពោះ​ធំ​វ័យ ៣៣ឆ្នាំ​រូប​នេះ បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​ពន្យារ​ពេល​ក្នុង​ការ​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ គឺ​លោកស្រី កាន់​តែ​ជួប​ការ​លំបាក​ខ្លាំង​ថែម​ទៀត ឬ​អាច​ឈាន​ដល់​ដាច់​ពោះ​ស្លាប់ ទាំង​លោក​ស្រី និ​កូន​តូចៗ កំពុង​រស់​នៅ​រង់ចាំ​លោកស្រី​នៅ​ស្រុក​កំណត់​ក្នុង​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម៖ «កូន​ខ្ញុំ​នៅ​ស្រុក​ខ្មែរ ៤នាក់​ទៀត​នៅ​តូចៗ គ្មាន​អ្នក​ណា​ជួយ​ខ្ញុំ អ៊ីចឹង​ហើយ​បាន​ថា ឲ្យ​ខ្ញុំ​ទៅ​វិញ​ទៅ គ្រាន់​បាន​ធ្វើ​នំ​លក់​ចិញ្ចឹម​កូន។ នៅ​ទីនេះ​មាន​ពី​ណា​ជួយ មើល​ទៅ​នៅ​តែ​ក្នុង​ផ្ទះ​មួយ​ខែ​ជាង​ហើយ​អត់​មាន​អី​ធ្វើ​ទេ។ កូន​ខ្ញុំ​នៅ​ស្រុក ចេះ​តែ​យំ​ឲ្យ​ខ្ញុំ​ផ្ញើ​លុយ​ទៅ ហើយ​ខ្ញុំ​មាន​លុយ​ពី​ណា​មក។ ធ្វើ​ការ​សង់​តែ​ធនាគារ ពេល​សង់​រួច​ប្តី​ក៏​ស្លាប់​បាត់​ទៀត។ ម្ដាយ​ខ្ញុំ​គាត់​ឈឺ​ទៀត ទឹកនោមផ្អែម។ខ្ញុំ​ពិបាក​ណាស់​ពិបាក​មែនទែន យំ​រហូត​ហើយ។ បើ​ខ្ញុំ​គិត​ខ្លី ខ្ញុំ​ស្លាប់​តែ​ម្ដង​ហើយ​នេះ តែ​ខ្ញុំ​គិត​ដល់​កូន​ខ្លាច​អត់​មាន​អ្នក​ចិញ្ចឹម»

ចំណែក​ពលករ​ម្នាក់​ទៀត គឺ​លោក ពួ ក្រី រៀបរាប់​ថា រយៈ​ពេល​ជាង​កន្លះ​ខែ ហើយ​ក្រោយ​ពី​រដ្ឋាភិបាល​ផ្លាស់​ប្ដូរ​ចិត្ត ហើយ​ប្រកាស​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​អាច​ត្រឡប់​ទៅ​កម្ពុជា​វិញ​បាន ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ខាង​ស្ថានទូត​កម្ពុជា​ថា ពួក​លោក ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ថ្ងៃ​ណា និង ត្រូវ​ជិះ​យន្តហោះ​ទៅ​កម្ពុជា​ថ្ងៃ​ណា​នោះ​ទេ។ លោក​បន្ត​ថា ពួក​លោក​មិន​អាច​អត់​ទ្រាំ​រស់​នៅ​ប្រ​ទេស​ម៉ាឡេស៊ី​យូរ​ត​ទៅ​ទៀត​បាន​ទេ ព្រោះ​គ្មាន​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់​សម្រាប់​ចិញ្ចឹម​ជីវិត​ឡើយ។ លោក ត្អូញត្អែរ​ថា ពេល​ខ្លះ​លោក ហូបបាយ​ជាមួយ​ទឹក​ត្រី ហើយ​អ្នក ខ្លះ​ទៀត គ្មាន​អាហារ​ហូប​ចុក​រហូត​ធ្លាក់​ខ្លួន​សុំ​ទាន​គេ​ទៀត​ផង ហើយ​អ្នក​ខ្លះ​គ្មាន​ទាំង​កន្លែង​ស្នាក់​នៅ​ទៀត​ផង៖ «រឿង​ប៉ះ​ពាល់​ជីវិត គឺ​ប៉ះពាល់​ហើយ ទោះ​បី​យំ​ក៏​មិន​ចេញ​ដែរ។ ដូច​ដឹង​ស្រាប់​ហើយ កាល​ពី​លើក​មុន ម្នាក់​ចំណាយ​លុយ​ទិញ​សំបុត​យន្តហោះ​អស់​ជិត ៣រយ​ដុល្លារ​រួច​ហើយ នៅ​សល់​លុយ​តែ ៥០ដុល្លារ​អី​ទេ។ ដូច្នេះ​សួរ​ថា នៅ​ប្រទេស​គេ​ចាយ​គ្រាន់​អត់ មិន​មែន​ដូច​នៅ​ប្រទេស​យើង​ណា»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ កម្មករ​សំណង់ លោក ទូលស៊ សាអ៊ីត មានប្រសាសន៍ថា លោក​ពិត​ជា​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ ព្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រឈម​នឹង​ដាច់​បាយ ដោយសារ​រដ្ឋាភិបាល ម៉ាឡេស៊ី បាន​បិទ​កន្លែង​ការងារ​ស្ទើរ​ទាំង​អស់​រយៈ​ពេល​ជាង​ពីរ​ខែ​ហើយ ដើម្បី​ទប់​ស្កាត់ ជំងឺ​កូវីដ១៩។ លោក ឲ្យ​ដឹង​ថា មាន​កម្មករ​ខ្លះ បាន​ឲ្យ​អ្នក​នៅ​ស្រុក​ខ្មែរ ជួយ​ផ្ញើ​លុយ​ឲ្យ​ពួក​គេ សម្រាប់​ចំណាយ​លើ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​មាន​ប៉ះ​ពាល់​ខ្លាំង​ដែរ ព្រោះ​អី​អត់​បាន​ធ្វើ​ការ​ពីរ​ហើយ។ ខ្ញុំ​បាន​ប្អូន​ឲ្យ​បាន​ហូប និង​បាន​ឲ្យ​លុយ​ចាយ​ខ្លះ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​លេខ​ទូរស័ព្ទ​សម្រាប់​កិច្ចការ​ពលករ និង​កិច្ច ការ​កុងស៊ុល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏​មិន​មាន​អ្នក​ទទួល​ដែរ នៅ​ថ្ងៃ​ទី១២ ខែឧសភា។

ទោះ​ជា​យ៉ាង​ណា លោក កុយ គួង បាន​ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី១២ ឧសភា​ថា ស្ថានទូត​កម្ពុជា កំពុង ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយ​ពិនិត្យ​សុខភាព​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ហើយ​លោក​រំពឹង​ថា ពលរដ្ឋ​ទាំង​នោះ​នឹង​អាច​បាន​វិល​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

រីឯ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ គឺ​ក្រសួង​ការ​បរទេស និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី៖ «រឿង​អី​ក៏​អត់​ដឹង​ដែរ ពីព្រោះ​ខ្ញុំ​អត់​មែន​អ្នក​ទទួល​ខុស​ត្រូវ​ការ​បរទេស​ផង ព្រោះ​ក្រសួង​ការ​បរទេស មាន​ទូត​របស់​គេ​នៅ​ទីនោះ។ យល់​ល្អ​ទាក់ទង​ទូត​នៅ​ទីនោះ  តើ​គេ​បាន​ជួយ​អី​ខ្លះ ប៉ុន្តែ​តាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​គេ​បាន​ទាក់ទង​សម្រួល​អស់​ហើយ​ទេ ប៉ុន្តែ​ដល់​ឮ​អ្នក​ស្រុក​និយាយ​អ៊ីចឹង ខ្ញុំ​ភ្ញាក់​ដែរ»

ចំណែក​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិម​នុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ទទួល​ស្គាល់​ថា ការ​ត្រួត​ពិនិត្យ​សុខភាព​របស់ ពលរដ្ឋ​ទាំង​នោះ​មុន​បញ្ជូន​មក​កម្ពុជា គឺ​ជា​រឿង​មួយ​សំខាន់​ដែរ ប៉ុន្តែ​រដ្ឋាភិបាល គួរ​តែ​ជួយ​សម្រប​សម្រួល​ពិនិត្យ​សុខភាព​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​បំផុត។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល គួរ​ត្រូវ​ផ្ដល់​កិច្ច​គាំពារ​នូវ​សេចក្ដី​ត្រូវ​ការ​ជា​មូលដ្ឋាន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ដូច​ជា ថវិកា អាហារ​ហូបចុក និង​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ជា​ដើម។ លោក​ពិនិត្យ​ឃើញ​ថា ការ​ពន្យារ​ពេល​ត​ទៅ​ទៀត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ពួក​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​អាច​ប្រឈម​មុខ ចំពោះ​ផ្លូវ​ច្បាប់​របស់​ប្រទេស​ម៉ាឡេស៊ី​ទៀត​ផង ដោយសារ វីសារ (Visa)ការងារ និង​ការ​ស្នាក់នៅ​របស់​ពួក​គាត់​នឹង​ផុត​សុពលភាព៖ «ខ្ញុំ​គិត​ថា មិន​មាន​នីតិវិធី​ស្មុគស្មាញ​អី​ទេ ចំពោះ​បញ្ហា​នេះ  ប្រសិន​បើ​មាន​កិច្ច​សហប្រតិបត្តិការ​រដ្ឋ និង​រដ្ឋ ជា​ពិសេស ស្ថានទូត ឬ​ក្រសួង​ការ​បរទេស និង ក្រសួងការបរទេស។ យើង​មើល​កន្លង​មក រដ្ឋាភិបាល ក៏​មាន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ដែរ ដូច​ជា ជាមួយ​ម៉ាឡេស៊ី ជា​មួយ​ហ្វីលីពីន​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​ពលរដ្ឋ​គេ បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ  ដូច្នេះ​ខ្ញុំ​គិត​ថា អត់​មាន​ជា​ការ​ស្មុគស្មាញ​អី​ទេ សំខាន់​លើ​ឆន្ទៈ​ក្នុង​ការ​ជួយ​សម្រប​សម្រួល​ឲ្យ​បាន​ទាន់​ពេល​វេលា»

តួលេខ​ផ្លូវ​ការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង ៣ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ សង់ត្រាល់ (CENTRAL)មាន​មិន​ក្រោម ១០ម៉ឺន​នាក់​នោះ​ទេ ដោយ​រាប់​ទាំង​ពលករ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់។ ពួក​គេ​ភាគ​ច្រើន​ធ្វើ​ការងារ​តាម​រោងចក្រ ធ្វើការ​សំណង់ ធ្វើ​ការងារ​តាម​ផ្ទះ និង​ខ្លះ​ទៀត ធ្វើការ​នៅ​លើ​ទូក​នេសាទ។

មាត្រា៣៣ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ ចំណែក​មាត្រា៣៥ ចែងថា សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល