សិស្ស​ក្រីក្រ​នៃ​អនុវិទ្យាល័យ​តាវែង​ចោទ​នាយក​សាលា​ថា​កាត់​យក​ប្រាក់​អាហារូបករណ៍

ដោយ រដ្ឋា វិសាល
2015-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

ទាញ​យក​កម្មវីធី

សិស្សានុសិស្ស​ជនជាតិ​ដើម​ភាគ​តិច មាន​ជីវភាព​ក្រីក្រ​នៅ​ស្រុក​តាវែង ខេត្ត​រតនគិរី ចោទ​ប្រកាន់​នាយក​អនុវិទ្យាល័យ​តាវែង ថា​បាន​កាត់​យក​ប្រាក់​អាហារូបករណ៍​របស់​សិស្ស​អន្តេវាសិកដ្ឋាន​គ្រប់ៗ​គ្នា ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​ផ្តល់​អាហារូបករណ៍​សម្រាប់​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​នៅ​តំបន់​ជនបទ។

ចំណែក​អាណាព្យាបាល​សិស្ស​ទាំង​នោះ ចាត់​ទុក​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​សិស្ស​នេះ ថា​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

សិស្ស​អនុវិទ្យាល័យ​តាវែង អំពាវនាវ​សុំ​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី ស៊ើប​អង្កេត​ករណី​នាយក​អនុវិទ្យាល័យ កាត់​យក​ប្រាក់​អាហារូបករណ៍​សិស្ស​អន្តេវាសិកដ្ឋាន ដែល​ក្រសួង​អប់រំ ឧបត្ថម្ភ​សម្រាប់​សិស្ស​ក្រីក្រ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​អនុវិទ្យាល័យ​តាវែង លោក ចាន់ ណារឿន បាន​កាត់​យក​ប្រាក់​អាហារូបករណ៍​នេះ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​ចំនួន​ទឹក​ប្រាក់ ១​លាន ២​សែន​រៀល ពី​សិស្ស​ទទួល​អាហារូបករណ៍​ម្នាក់ សម្រាប់​ការ​បើក​ប្រាក់​អាហារូបករណ៍​ចំនួន​ពីរ​លើក​ក្នុង​ឆ្នាំ​២០១៥ នេះ។

ទាក់ទិន​ការ​កាត់​ប្រាក់​អាហារូបករណ៍​នេះ សិស្ស​ឈ្មោះ ពុះ វិញ បញ្ជាក់​ថា នាយក​អនុវិទ្យាល័យ​កាត់​ប្រាក់​អាហារូបករណ៍​សិស្ស​ចំនួន ៨​ម៉ឺន​រៀល​នៃ​ចំនួន​ទឹក​ប្រាក់ ៤០​ម៉ឺន​រៀល នៅ​វគ្គ​បើក​ប្រាក់​អាហារូបករណ៍​លើក​ទី​មួយ កាល​ពី​ខែ​មីនា និង​កាត់ ២០​ម៉ឺន​រៀល​នៃ​ចំនួន​ទឹក​ប្រាក់ ៨០​ម៉ឺន​រៀល​ទៀត នៅ​វគ្គ​បើក​ប្រាក់​អាហារូបករណ៍​លើក​ទី​ពីរ​កាល​ពី​ខែ​កក្កដា។ យុវ​សិស្ស ពុះ វិញ បន្ត​ថា នាយក​អនុវិទ្យាល័យ​បាន​ប្រាប់​ថា ប្រាក់​ដែល​កាត់​យក​ទៅ​នេះ មួយ​ផ្នែក​សម្រាប់​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ទៅ​បើក​ប្រាក់​ពី​មន្ទីរ​អប់រំ និង​ប្រាក់​មួយ​ផ្នែក​ទៀត​សម្រាប់​បង្វិល​ជូន​មន្ទីរ​អប់រំ វិញ៖ «»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយក​អនុវិទ្យាល័យ​តាវែង លោក ចាន់ ណារឿន បដិសេធ​ថា ជា​ការ​មិន​ពិត។ លោក​ថា មន្ត្រី​មន្ទីរ​អប់រំ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​បើក​ប្រាក់​អាហារូបករណ៍​នេះ មិន​មែន​រូប​លោក​ឡើយ៖ «»។

យ៉ាង​ណា​មិញ សិស្ស​មួយ​រូប​ទៀត​ឈ្មោះ ដក ហាន់ ទទួល​ស្គាល់​ថា មន្ត្រី​មន្ទីរ​អប់រំ បាន​បើក​ប្រាក់​នេះ​ឲ្យ​សិស្ស​អាហារូបករណ៍​ដោយ​ផ្ទាល់ និង​គ្រប់​ចំនួន គឺ​ជា​ការ​ពិត ប៉ុន្តែ​បន្ទាប់​ពី​មន្ត្រី​មន្ទីរ​អប់រំ ចាក​ចេញ​ផុត នាយក​អនុវិទ្យាល័យ​បាន​ហៅ​សិស្ស​អាហារូបករណ៍​ទាំងអស់ ហើយ​កាត់​យក​ប្រាក់​នោះ៖ «»។

ចំណែក​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​តាវែង លោក ហួត វី ឲ្យ​ដឹង​ដែរ​ថា អាណាព្យាបាល​សិស្ស​បាន​ផ្តល់​ព័ត៌មាន​នេះ និង​សុំ​កិច្ច​អន្តរាគមន៍​មក​ការិយាល័យ​អប់រំ​ស្រុក​រួច​ហើយ។ លោក​ថា លោក​កំពុង​រៀបចំ​របាយការណ៍​ជូន​មន្ទីរ​អប់រំ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ៖ «»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី អ្នកស្រី ចាន់ ខាំឃឿ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ទីរ​អប់រំ គ្មាន​គោលការណ៍​ឲ្យ​នាយក​សាលា​កាត់​ប្រាក់​អាហារូបករណ៍​របស់​សិស្ស​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា មន្ត្រី​មន្ទីរ​អប់រំ មាន​ឯកសារ និង​ស្នាម​មេដៃ​សិស្ស​ដែល​បាន​បើក​ប្រាក់​នោះ​គ្រប់​ចំនួន៖ «»។

រាជ​រដ្ឋាភិបាល បាន​ផ្តល់​គោល​នយោបាយ​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ មាន​ទីលំនៅ​ឆ្ងាយ​ពី​សាលា​រៀន នៅ​ខេត្ត​រតនគិរី សិស្ស​ចាប់​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩។ ដោយឡែក​នៅ​ឆ្នាំ​២០១៥ នេះ សិស្ស​ជា​ជនជាតិ​ដើម​ភាគ​តិច ស្នាក់នៅ​អន្តេវាសិកដ្ឋាន​នៅ​អនុវិទ្យាល័យ​ស្រុក​តាវែង ២៤​នាក់ បាន​ទទួល​ប្រាក់​អាហារូបករណ៍​ផ្នែក​អន្តេវាសិកដ្ឋាន ១​លាន ២​សែន​រៀល​ក្នុង​មួយ​ឆ្នាំ​សម្រាប់​សិស្ស​ម្នាក់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល