សិស្ស​ជាង ៣០០​នាក់ ផ្ដិត​មេដៃ​ប្ដឹង​នាយក​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ​ពី​បទ​ឆបោក

ដោយ​ ទីន ហ្សាការីយ៉ា
2020-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ភាសា​អង់គ្លេស អន្តរជាតិ​ឃីងស្លាយធ៍ (The King slight International school)។
សាលា​ភាសា​អង់គ្លេស អន្តរជាតិ​ឃីងស្លាយធ៍ (The King slight International school)។
Photo Provided

សិស្ស​ជាង ៣០០​នាក់ រៀន​នៅ​សាលា​ភាសា​អង់គ្លេស អន្តរជាតិ​ឃីងស្លាយធ៍ (The King slight International school) ក្នុង​រាជធានី​ភ្នំពេញ ប្រតិកម្ម ចំពោះ​គណៈ​គ្រប់គ្រង​សាលា​មួយ​នេះ​ថា មិន​ផ្ដល់​សំណង​សមរម្យ ក្រោយពី​សាលា​ប្រកាស​បិទទ្វារ កាល​ពី​ពេល​ថ្មីៗ​នេះ​។ ពួកគេ​អះអាង​ថា គណៈ​គ្រប់គ្រង​សាលា​មួយ​នេះ មិន​បាន​បង្ហាញ​មុខ​បកស្រាយ ឱ្យ​ច្បាស់លាស់​នោះ​ទេ។

សិស្ស​ជាង ៣០០​នាក់ រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ សីហា​ថា ពួកគេ​កំពុង​នាំគ្នា​ផ្ដិតមេដៃ ប្ដឹង​នាយក​សាលា​ឯកជន​មួយ​នេះ​ឈ្មោះ ហ៊ូ ចំរើន ទៅ​មន្ទីរអប់រំ រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​សាលា​បាន​ប្រកាស​បិទទ្វារ ដោយ​មិន​ផ្ដល់​សំណង​ត្រឹមត្រូវ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​។ ក្រុម​សិស្សានុសិស្ស​ទាមទារ​ឱ្យ​នាយក​សាលា ចេញមុខ​បកស្រាយ​ឱ្យ​ច្បាស់ និង​ទទួលខុសត្រូវ ក្នុង​ការ​ផ្ដល់​ប្រាក់​ដែល​ពួកគេ​បាន​បង់ថ្លៃ​សាលា​ជូន​ពួកគេ​វិញ។

តំណាង​សិស្ស កញ្ញា ជី លីដា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ សីហា ថា ពួកគេ​កំពុង​កើត​ទុក​មិន​សុខចិត្ត ព្រោះ​គណៈ​គ្រប់គ្រង​សាលា បាន​គេច​វេះ​មិន​បង្ហាញខ្លួន ដោះស្រាយ​បញ្ហា​នេះ​។ កញ្ញា​អះអាង​ថា បាន​បង់​ប្រាក់​ចំនួន ៣២៤​ដុល្លារ ទៅ​សាលា​ដើម្បី​សិក្សា ៤​ត្រីមាស តែ​កញ្ញា​សិក្សា​បានតែ​រយៈពេល ១ ខែ​ប៉ុណ្ណោះ សាលា​បាន​បិទទ្វារ ហើយ​សាលា​បាន​ប្រគល់​ប្រាក់​ជូន​កញ្ញា​វិញ ត្រឹមតែ​១០​ដុល្លារ​ប៉ុណ្ណោះ​។ កញ្ញា​បន្ត​ថា សិស្ស​ភាគច្រើន​បង្ហាញ​ការ​ខឹង​សម្បារ និង​ត្រៀម​ប្តឹង ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ៖ «ខាង​សាលា​អត់​ចេញមុខ​បកស្រាយ​ឱ្យ​ច្បាស់លាស់ ជា​ផ្លូវការ​ទេ គាត់​ខ​ល​មក​ម្តង​ម្នាក់ ហើយ​ព័ត៌មាន​អត់​ច្បាស់ សម្រាប់​ខ្ញុំ​ផ្ទាល់​គាត់​តេ (ខល) មក ថា ឱ្យ​ខ្ញុំ​ហ្នឹង​យក ១០​ដុល្លារ​។ និយាយ​ទៅ ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ព្រម​ទទួល​យក ១០​ដុល្លារ​។ តែ​ខ្ញុំ​អត់​ទទួល​ទេ ខ្ញុំ​អត់​សុខចិត្ត ខ្ញុំ​ចង់​ឱ្យ​នាយក​សាលា ចេញមុខ​បកស្រាយ​ជា​ផ្លូវការ»

សិស្ស​ម្នាក់ទៀត រស់នៅ​ខេត្ត​កំពង់ស្ពឺ គឺ​លោក ហួន តុងហៀង ប្រាប់​អាស៊ីសេរី​ថា សិស្ស​ជាង ៣០០​នាក់ ភាគច្រើន បង់លុយ​ចំនួន ៣២៤​ដុល្លារ សិក្សា ៤​ត្រីមាស ក៏ប៉ុន្តែ​ពួកគេ​ភាគច្រើន មិន​បាន​សិក្សា​តាម​កាលកំណត់​នោះ​ទេ ដោយ​សិស្ស​ខ្លះ​មិន​បាន​រៀន ខ្លះ​ទៀត​រៀន​បាន​មួយ​ខែ រហូត​ដល់ ៣​ខែ សាលា​បិទទ្វារ​ប្រកាស​ក្ស័យធន កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា នេះ​។ លោក​សង្ស័យ​ថា សាលា​ឯកជន​មួយ​នេះ មាន​ចេតនា​ឆបោក​ពួកគេ ក្រោម​លេស​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​បុគ្គលិក​សាលា​នេះ មិន​បាន​អនុវត្ត​ដូច​ការសន្យា​នៅ​ចំពោះ​មុខ​សិស្ស​នោះ​ទេ៖ «ទង្វើ​របស់​សាលា​គឺ បោកប្រាស់​សិស្ស​ហើយ​បង ព្រោះ​អី និយាយ​ទៅ​ពេល​ដំបូង សាលា​បាន​និយាយ​ថា នៅ​ពេល​យើង​ចុះឈ្មោះ​ចូលរៀន យើង​អត់​មាន​លុយ ខ្វះ​លុយ​អ៊ីចឹង គាត់​និយាយ​ថា យើង​អាច​រក​បងប្អូន ឱ្យ​ខ្ចី​លុយ ធ្វើ​ម៉េច​ឱ្យ​បាន​លុយ​ឱ្យ​គាត់​។ នៅ​ពេល​គាត់​បិទ​សាលា គាត់​និយាយ​ថា ចុះ​ប្អូន​ឯង​មិន​យល់​ពីសា​លា? សាលា​ក្ស័យធន។ សិស្ស​ទាំងអស់​កើតទុក្ខ​មិន​សុខចិត្ត សាលា​ផ្ដល់​សំណង​មិន​សមរម្យ គឺ​លក្ខណ​បោក​បញ្ឆោត​សិស្ស​ហ្មង»

សាលាបង្រៀន​ភាសា​អង់គ្លេស អន្តរជាតិ ឃីង ស្លាយធ៍ មាន​ទីតាំង​ឋិត​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ សិស្សានុសិស្ស​អះអាង​ថា នាយក​គ្រប់គ្រង​សាលា​នេះ ឈ្មោះ ហ៊ូ ចំរើន ធ្វើ​ការ​នៅ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ សាលា​នេះ ប្រកាស​បិទទ្វារ កាល​ថ្ងៃ​ទី៣ សីហា និង​បាន​ផ្ដល់​ដំណឹង​ឱ្យ​សិស្សានុសិស្ស មក​ការិយាល័យ ភ្ជាប់​វិក្កយបត្រ​បង់​ប្រាក់ ដើម្បី​ឱ្យ​សាលា​ផ្ដល់​សំណង​ជាក់ស្ដែង​។ ក្រុម​សិស្សានុសិស្ស​អះអាង​ថា លុយ​ដែល​សាលា​ប្រមូល​បាន ពី​ពួកគេ សរុប ប្រមាណ ១០​ម៉ឺន​ដុល្លារ។

អាស៊ីសេរី​មិន​អាច​ទាក់ទង នាយក​សាលា លោក ហ៊ូ ចំរើន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៨ សីហា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ឯ​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា មាន​ប្រសាសន៍​ថា ក្រសួង​មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ លោក​ថា ករណី​នេះ អាណាព្យាបាល​សិស្ស អាច​ពិភាក្សា​ដោយ ទ្វេភាគី ជាមួយ​តំណាង​គ្រឹះ​ស្ថាប័ន​សិក្សា​ឯកជន ហើយ​មន្ទីរអប់រំ មាន​ភារកិច្ច​ចូលរួម​សម្របសម្រួល ដោះស្រាយ​បញ្ហា​នេះ៖ «ទាក់ទង​ហ្នឹង ការងារ​ខាងលើ​នេះ គួរ​មានការ​សម្របសម្រួល​ទ្វេភាគី រវាង​គ្រឹះស្ថានសិក្សា​ឯកជន និង​មាតាបិតា ប្រកបដោយ​សន្តិវិធី​ជាពិសេស​ក្នុង​បរិបទ​កូវីដ​១៩ ចំពោះ​មុខ​នេះ»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ ពន្យល់​ថា គ្រឹះស្ថានសិក្សា​ឯកជន គឺជា​ស្ថាប័ន​ឯកជន មុននឹង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន រដ្ឋ​តម្រូវ​ឱ្យ​តម្កល់​ប្រាក់​ទុក សម្រាប់​ត្រៀម​បង្ការ​ហានិភ័យ​នានា។ ហេតុនេះ​លោក​ថា ការ​ប្រកាស​បិទទ្វារ​របស់​សាលា​មួយ​នេះ គួរតែ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ឱ្យ​ចប់​សព្វគ្រប់ ហើយ​ក្រសួង​អប់រំ មាន​តួនាទី​ចូលរួម​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល