ក្រសួង​អប់រំ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩

ដោយ ទីន ហ្សាការីយ៉ា
2019-08-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្សានុសិស្ស​ពិនិត្យ​មើល​លទ្ធផល​ប្រឡង​បាក់ឌុប នៅ​វិទ្យាល័យ​ទួលស្វាយព្រៃ ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧។
សិស្សានុសិស្ស​ពិនិត្យ​មើល​លទ្ធផល​ប្រឡង​បាក់ឌុប នៅ​វិទ្យាល័យ​ទួលស្វាយព្រៃ ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឆ្នាំ​២០១៩ តាម​មណ្ឌល​ប្រឡង​អស់ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា​។ គេហទំព័រ​​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សាយ​ថា បញ្ជី​បិទ​ផ្សាយ​នោះ មាន​បញ្ជាក់​ឈ្មោះ លេខ​តុ លេខ​បន្ទប់ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទបញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់​ប្រឡង។

គេហទំព័រ​ដដែល​បន្ត​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ គឺ​បិទ​នៅ​ក្ដារខៀន​ព័ត៌មាន​រួម​នៃ​មណ្ឌល​ប្រឡង​មួយ​ច្បាប់ និង​នៅ​តាម​បន្ទប់​ប្រឡង​នីមួយៗ ព្រមទាំង​មានការ​ប្រកាស​តាម​ឧគ្ឃោសនាស័ព្ទ​នៅ​តាម​មណ្ឌល​សំណេរ​គ្រប់​រាជធានី ខេត្ត​ផង​ដែរ។

ក្រសួង​អប់រំ មិន​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ ព្រោះ​ក្រសួង​តម្រូវ​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ទៅ​មើល​ឈ្មោះ​លេខ​តុ លេខ​បន្ទប់ នៅ​មណ្ឌល​ប្រឡង ដោយ​ផ្ទាល់ ដើម្បី​អាច​ស្គាល់​ទីតាំង​មណ្ឌល​ប្រឡង បន្ទប់​ប្រឡង ត្រៀមខ្លួន​ប្រឡង និង​ជៀសវាង​បញ្ហា​ជាយថាហេតុ។

ការ​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ថ្ងៃ​ពេញ គឺ​ថ្ងៃ​ទី​១៩ និង​២០ សីហា។ បេក្ខជន​ចូលរួម​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​ជាង ១​សែន (១១៧.០២៤) នាក់ ចែក​ចេញជា​២​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ មាន ៧៥​មណ្ឌល និង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​១២៧ មណ្ឌល។ ក្នុងចំណោម​មណ្ឌល​ប្រឡង​ចំនួន ២០២​មណ្ឌល ក្រសួង​អប់រំ បាន​ផ្លាស់ប្ដូរ​មណ្ឌល​ប្រឡង​មួយ ពី​សង្កាត់​ក្រាំង​អំពិល នៃ​ក្រុង​កំពត ឱ្យ​ទៅ​ប្រឡង​នៅ​មណ្ឌល​សាលារៀន គួង យ៉ុក នៅ​ក្រុង​កំពត​វិញ ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​។ នៅ​មួយថ្ងៃ មុន​ការ​ប្រឡង​បាក់​ឌុប​នេះ ក្រសួង​សុខាភិបាល ក៏បាន​ចុះទៅ​បាញ់ថ្នាំ​មូល​នៅ​តាម​មណ្ឌល​ប្រឡង​ខ្លះ​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម នៅ​ក្នុង​ពេល​ប្រឡង​បាក់​ឌុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល