សិស្សានុសិស្ស​នាំ​គ្នា​បន់​ស្រន់​និង​ស្រោច​ទឹក​សុំ​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ

ដោយ សិរីមុនី
2015-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្សានុសិស្ស​នាំ​គ្នា​បន់​ស្រន់​សុំ​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ នា​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥។
សិស្សានុសិស្ស​នាំ​គ្នា​បន់​ស្រន់​សុំ​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ នា​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Sireymuny

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា ២០១៤-២០១៥ ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ រហូត​ថ្ងៃ​អង្គារ ទី​២៥។ នៅ​មុន​ពេល​ប្រឡង​មក​ដល់​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង​ជាច្រើន បាន​ទៅ​បន់​ស្រន់ ឬ​ទៅ​ស្រោច​ទឹក​នៅ​តាម​ទី​វត្ត​អារាម​នានា ដើម្បី​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង និង​បួងសួង​ដល់​គុណ​បុណ្យ​បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី​កម្ពុជា ជួយ​ឲ្យ​ប្រឡង​ជាប់។

ទាក់ទង​ជំនឿ​នេះ ព្រះតេជព្រះគុណ ឆាត សុឆេត គង់​នៅ​វត្ត​បទុមវតី មាន​ថេរ​ដីកា​ថា ការ​បន់​ស្រន់​មិន​មែន​ជា​ទំនៀម​បែប​ពុទ្ធសាសនា​ទេ ប៉ុន្តែ​ជា​ជំនឿ​តាម​បែប​លទ្ធិ​ព្រហ្មញ្ញ​សាសនា ហើយ​ការ​ស្រោច​ទឹក និង​បន់​ស្រន់ មិន​អាច​ប្រឡង​ជាប់​ទេ បើ​សិន​សិស្ស​មិន​ខំ​រៀន ឬ​មិន​ចេះ​នោះ។

នេះ គឺ​ជា​ការ​បន់​ស្រន់​បួង​សួង​របស់​បេក្ខនារី​ម្នាក់​ដែល​ត្រៀម​ខ្លួន​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ ដល់​គុណ​បុណ្យ​បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែ​រក្សា​នៅ​ព្រះអង្គ​ដងកើ និង​ថែ​រក្សា​ដែនដី​កម្ពុជា ដើម្បី​ជួយ​ឲ្យ​កញ្ញា​បាន​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា ឬ​បាក់​ឌុប ដូច​ការ​រំពឹង​ទុក។ មិន​មែន​មាន​តែ​បេក្ខនារី​តែ​ម្នាក់​នោះ​ទេ ដែល​មក​បន់​ស្រន់​នៅ​ព្រះអង្គ​ដងកើ នៅ​ថ្ងៃ​អាទិត្យ មុន​ពេល​ប្រឡង​មួយ​ថ្ងៃ​នេះ ប៉ុន្តែ​មាន​សិស្សានុសិស្ស​បញ្ចប់​ថ្នាក់​ទី​១២ ជាច្រើន​នាក់​មក​បន់​ស្រន់​ដូច​គ្នា​នេះ​ដែរ។

មាន​ទាន មាន​ធូប ផ្កា​ឈូក​ក្នុង​ដៃ និង​ផ្កា​ម្លិះ​ផង​នោះ យុវជន សឿង បញ្ញា និយាយ​ថា លោក​បាន​ត្រៀម​មេ​រៀន​តាំង​តែ​ដើម​ឆ្នាំ​មក​ម្ល៉េះ។ ការ​ប្រឡង​ពឹង​សមត្ថភាព និង​ភាព​ឈ្លាស​វៃ​របស់​បុគ្គល​ម្នាក់ៗ។ បើ​សិន​បេក្ខជន​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ក៏​មិន​អាច​ប្រឡង​ជាប់​ដែរ។ លោក​បន្ត​ថា តែ​ការ​បន់​ស្រន់​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ឲ្យ​ជួយ​ពង្រឹង​ស្មារតី គឺ​ជា​អ្វី​ដែល​កូន​ខ្មែរ​ស្ទើរ​គ្រប់​រូប​មិន​ដែល​ចោល​ឡើយ។ ម្ល៉ោះ​ហើយ​ការ​មក​បន់​ស្រន់​បុណ្យ​បារមី​នៅ​ព្រះអង្គ​ដងកើ នេះ ដោយ​លោក​មាន​សង្ឃឹម​ថា ម្ចាស់​ទឹក​ម្ចាស់​ដី​អាច​ជួយ​ឲ្យ​លោក​ប្រឡង​ជាប់​ថ្នាក់​បាក់​ឌុប​បាន ៣០%៖ «ខ្ញុំ​គិត​ថា​ការ​បន់​ស្រន់​វា​មិន​អាច​ជួយ​បាន​ទាំងអស់​ទេ ប៉ុន្តែ​វា​អាច​ច្រើន​ដែរ​ក្រៅ​ពី​កម្លាំង​ផ្ទាល់​ខ្លួន​របស់​យើង»

ស្នាម​ញញឹម​ស្រស់​អម​នឹង​បបូរ​មាត់​ក្រហម មាត់​បន់ស្រន់​ចឹប​អូចៗ​ដៃ​ទាំង​ពីរ​ប្រណម្យ​ឡើង​ជាមួយ​ធូប​ប្រាំ​សរសៃ​នៅ​មុខ​ព្រះអង្គ​ដងកើ នេះ​ជា​កាយវិការ​របស់​បេក្ខនារី វុធ តី ដែល​ជា​សិស្ស​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ។ កញ្ញា​មាន​សង្ឃឹម​តិចតួច​សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ ព្រោះ​ក្រសួង​អប់រំ រឹត​បន្តឹង​ខ្លាំង ហើយ​ម្យ៉ាង​កញ្ញា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ធ្លាក់​ណាស់។ មាន​តែ​ការ​ស្រោច​ទឹក និង​ការ​បន់ស្រន់​ដល់​គុណ​បុណ្យ​ព្រះរតនត្រ័យ​ទេ ទើប​អាច​ជា​ឱសថ​ព្យាបាល​ជំងឺ​ភិតភ័យ​នេះ​បាន៖ «ដូច​ថា​អត់​មាន​តានតឹង​ក្នុង​ផ្លូវ​ចិត្ត ដោយសារ​យើង​បាន​មក​ធ្វើ​បុណ្យ​ចឹង។ ខ្ញុំ​សង្ឃឹម ៥០% ព្រោះ​ថា​ឆ្នាំ​នេះ​តឹង​ណាស់»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​បណ្ឌិត ហង់ ជួនណារ៉ុន ផ្ញើ​សារ​ដល់​បេក្ខជន​ប្រឡង​ទាំងអស់​ឲ្យ​គោរព​នូវ​បទបញ្ញត្តិ និង​កម្រិត​វិន័យ​ចំនួន​ប្រាំ​ចំណុច​នៃ​ការ​ប្រឡង​ឆ្នាំ​នេះ មាន​ជាអាទិ៍ ការ​យក​សំណៅ​ឯកសារ ការ​ចម្លង​អ្នក​ដទៃ ឬ​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ក្នុង​បន្ទប់​ប្រឡង នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ។ ទន្ទឹម​ហ្នឹង​ដែរ បើ​ក្រសួង​អប់រំ ពិនិត្យ​ឃើញ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​មាន​ខ្លឹមសារ​ដូច​គ្នា​ទាំង​ស្រុង ទៅ​នឹង​សំណៅ​ឯកសារ​ផ្សេងៗ​ដែល​បាន​សរសេរ​ទុក​មុន​នោះ បេក្ខជន​ក៏​នឹង​បាន​ពិន្ទុ​សូន្យ​ដូច​គ្នា។ ធ្ងន់ធ្ងរ​ជាង​នេះ បើ​សិន​ជា​បេក្ខជន​ណា​ឲ្យ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ​ចម្លង បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់ ឬ​ធ្វើ​ជា​មេ​ខ្លោង​ប្រមូល​លុយ​ឲ្យ​អនុរក្ស បេក្ខជន​នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​ថ្នាក់​ទុតិយ​ភូមិ​រយៈពេល​មួយ​ឆ្នាំ។

ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​បេក្ខជន​ណា​យក​អាវុធ​ជាតិ​ផ្ទុះ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​ឲ្យ​គេ​ប្រឡង​ជំនួស ឬ​មួយ​ធ្វើ​ឲ្យ​ខូចខាត​ឧបករណ៍​ក្នុង​បន្ទប់​ប្រឡង បេក្ខជន​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រឡង​រយៈពេល ២​ឆ្នាំ។

ការ​កម្រិត​វិន័យ​ច្បាស់លាស់​បែប​នេះ អាណាព្យាបាល​ដែល​នាំ​កូន​មក​ស្រោច​ទឹក និង​បន់ស្រន់​នៅ​ព្រះអង្គ​ដងកើ លោក ខេង រស្មី និយាយ​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​អប់រំ។ លោក​សូម​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ប្រឹងប្រែង​រៀន​សូត្រ និង​ត្រូវ​មាន​ស្មារតី​ជឿជាក់​លើ​ខ្លួន​ឯង។ ការ​ប្រឹងប្រែង​រៀន​ជា​មធ្យោបាយ​ល្អ​ដើម្បី​ពង្រឹង​សមត្ថភាព និង​ទទួល​ឱកាស​ការងារ​ល្អ​នា​ពេល​អនាគត៖ «ខ្ញុំ​ចង់​បាន​អ៊ីចឹង​យូរ​ណាស់​មក​ហើយ ព្រោះ​ថា​កាល​ណា​រឹត​បន្តឹង វា​ធ្វើ​ឲ្យ​មាន​គុណភាព​ល្អ​ប្រសើរ។ នៅ​ពេល​ជាប់​ដោយ​សមត្ថភាព គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​អប់រំ​នៅ​កម្ពុជា»

លោក​បន្ត​ថា ជា​ទម្លាប់ ប្រជាជន​កម្ពុជា មុន​ពេល​ធ្វើ​អ្វី​មួយ ឬ​ចង់​បាន​អ្វី គេ​តែង​នាំ​គ្នា​ទៅ​បន់ស្រន់​វត្ថុ​ស័ក្តិសិទ្ធិ​ដើម្បី​ជួយ​ការពារ ផ្តល់​កម្លាំង​ចិត្ត និង​ជួយ​ឲ្យ​បាន​សម្រេច​តាម​ក្តី​ប្រាថ្នា​នោះ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ​២០១៥ នេះ មាន​បេក្ខជន​សរុប​ជិត ៩​ម៉ឺន​នាក់ (៨៨.៤៨៨​នាក់) ក្នុង​នោះ​ស្រី​មាន​ជាង ៤​ម៉ឺន​នាក់ (៤២.០៣៦​នាក់) ហើយ​មណ្ឌល​ប្រឡង​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៥០​មណ្ឌល។ ការ​ប្រឡង​ឆ្នាំ​នេះ អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​ចូលរួម​សង្កេត​ការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប ជិត ៦​ពាន់​នាក់។ ចំនួន​នេះ​កើន​ឡើង​ជាង​ឆ្នាំ​មុន​រហូត​ដល់​ជាង​ពាក់​កណ្ដាល។ ក្រសួង​អប់រំ ចាត់​ទុក​ការ​កើន​ឡើង​នេះ​ជា​សញ្ញា​វិជ្ជមាន ជួយ​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។

ជុំវិញ​ការ​បន់ស្រន់​ម្ចាស់​ទឹក​ម្ចាស់​ដី​នេះ គុណ​ម្ចាស់ ឆាត សុឆេត មាន​ថេរ​ដីកា​ថា វត្ថុ​ស័ក្ដិសិទ្ធិ និង​អារក្ខ​អ្នក​តា មិន​អាច​ជួយ​សិស្សានុសិស្ស​ប្រឡង​ជាប់​បាន​ទេ បើ​សិន​បេក្ខជន​បេក្ខនារី​មិន​ចេះ​ចាំ​មេរៀន​ទេ​នោះ។ យ៉ាង​ណា​ក៏ដោយ​ចុះ គុណ​ម្ចាស់​មាន​ថេរ​ដីកា​ថា ការ​បន់ស្រន់​នេះ​ក៏​អាច​ជា​ផ្នែក​មួយ​ដែល​ជួយ​ជា​កម្លាំង​ចិត្ត​សម្រាប់​សិស្ស​គ្រប់​រូប​ដែរ ដូច​ពាក្យ​ខ្មែរ​តែង​ពោល​ឡើង​ថា អាគម​ផ្សំ​អាយូស បន់​រើសៗ​ចុះ តែ​កុំ​ភ្លេច​ប្រឹង​រៀន ហ៊ាន​តែ​ខ្ជិល គឺ​ធ្លាក់៖ «យើង​ក្រឡេក​មើល​អ្នក​តា​ទាំងឡាយ បើ​សិន​អ្នក​តា​ហ្នឹង​ពូកែ​មែន អ្នក​តា​ខ្លះ​អត់​មាន​បាក់​ឌុប​ទេ អ្នក​តា​ខ្លះ​ធ្លាប់​មាន​បាក់​ឌុប។ តែ​បើ​សិន​អ្នក​ណា​មាន​បាក់​ឌុប​មក​ពី​ណា​ពី​ណី​អី តាម​គាត់​ទៅ។ ប៉ុន្តែ​បើ​យើង​គិត​មើល​ទៅ​គ្មាន​អ្នក​តា​ណា​អាច​ជួយ​យើង​បាន​គ្រប់​ទីកន្លែង​បាន​ទេ ព្រោះ​មណ្ឌល​មាន​គ្រប់ ២៥​ខេត្ត​ក្រុង ហើយ​អ្នក​តា​មាន​តែ​ម្នាក់​ហ្នឹង។ ព្រះពុទ្ធ​មាន​ពុទ្ធ​ដីកា យើង​ត្រូវ​ពឹង​លើ​ខ្លួន​ឯង គឺ​អត្តាហិ អត្តនោ នាថោ»

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ចាប់​ពី​វេលា​ម៉ោង​ប្រាំពីរ​ព្រឹក​រហូត​ដល់​ថ្ងៃ​អង្គារ ទី​២៥ ខែ​សីហា។ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ​នេះ នឹង​ប្រកាស​ជូន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចំពោះ​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយឡែក​បណ្ដា​ខេត្ត​ផ្សេង​ទៀត នឹង​ត្រូវ​ប្រកាស​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល