ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ ចាប់ផ្ដើមនៅព្រឹកថ្ងៃច័ន្ទ ទី២៤ រហូតថ្ងៃអង្គារ ទី២៥។ នៅមុនពេលប្រឡងមកដល់មួយថ្ងៃ ឬពីរថ្ងៃ សិស្សានុសិស្សដែលត្រូវប្រឡងជាច្រើន បានទៅបន់ស្រន់ ឬទៅស្រោចទឹកនៅតាមទីវត្តអារាមនានា ដើម្បីបង្កើនជំនឿចិត្តលើខ្លួនឯង និងបួងសួងដល់គុណបុណ្យបារមីម្ចាស់ទឹកម្ចាស់ដីកម្ពុជា ជួយឲ្យប្រឡងជាប់។
ទាក់ទងជំនឿនេះ ព្រះតេជព្រះគុណ ឆាត សុឆេត គង់នៅវត្តបទុមវតី មានថេរដីកាថា ការបន់ស្រន់មិនមែនជាទំនៀមបែបពុទ្ធសាសនាទេ ប៉ុន្តែជាជំនឿតាមបែបលទ្ធិព្រហ្មញ្ញសាសនា ហើយការស្រោចទឹក និងបន់ស្រន់ មិនអាចប្រឡងជាប់ទេ បើសិនសិស្សមិនខំរៀន ឬមិនចេះនោះ។
នេះ គឺជាការបន់ស្រន់បួងសួងរបស់បេក្ខនារីម្នាក់ដែលត្រៀមខ្លួនប្រឡងបញ្ចប់ថ្នាក់ទី១២ ដល់គុណបុណ្យបារមីម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅព្រះអង្គដងកើ និងថែរក្សាដែនដីកម្ពុជា ដើម្បីជួយឲ្យកញ្ញាបានជាប់សញ្ញាបត្រមធ្យមសិក្សា ឬបាក់ឌុប ដូចការរំពឹងទុក។ មិនមែនមានតែបេក្ខនារីតែម្នាក់នោះទេ ដែលមកបន់ស្រន់នៅព្រះអង្គដងកើ នៅថ្ងៃអាទិត្យ មុនពេលប្រឡងមួយថ្ងៃនេះ ប៉ុន្តែមានសិស្សានុសិស្សបញ្ចប់ថ្នាក់ទី១២ ជាច្រើននាក់មកបន់ស្រន់ដូចគ្នានេះដែរ។
មានទាន មានធូប ផ្កាឈូកក្នុងដៃ និងផ្កាម្លិះផងនោះ យុវជន សឿង បញ្ញា និយាយថា លោកបានត្រៀមមេរៀនតាំងតែដើមឆ្នាំមកម្ល៉េះ។ ការប្រឡងពឹងសមត្ថភាព និងភាពឈ្លាសវៃរបស់បុគ្គលម្នាក់ៗ។ បើសិនបេក្ខជនមិនមានសមត្ថភាពគ្រប់គ្រាន់ ក៏មិនអាចប្រឡងជាប់ដែរ។ លោកបន្តថា តែការបន់ស្រន់បួងសួងវត្ថុស័ក្ដិសិទ្ធិឲ្យជួយពង្រឹងស្មារតី គឺជាអ្វីដែលកូនខ្មែរស្ទើរគ្រប់រូបមិនដែលចោលឡើយ។ ម្ល៉ោះហើយការមកបន់ស្រន់បុណ្យបារមីនៅព្រះអង្គដងកើ នេះ ដោយលោកមានសង្ឃឹមថា ម្ចាស់ទឹកម្ចាស់ដីអាចជួយឲ្យលោកប្រឡងជាប់ថ្នាក់បាក់ឌុបបាន ៣០%៖ «ខ្ញុំគិតថាការបន់ស្រន់វាមិនអាចជួយបានទាំងអស់ទេ ប៉ុន្តែវាអាចច្រើនដែរក្រៅពីកម្លាំងផ្ទាល់ខ្លួនរបស់យើង»។
ស្នាមញញឹមស្រស់អមនឹងបបូរមាត់ក្រហម មាត់បន់ស្រន់ចឹបអូចៗដៃទាំងពីរប្រណម្យឡើងជាមួយធូបប្រាំសរសៃនៅមុខព្រះអង្គដងកើ នេះជាកាយវិការរបស់បេក្ខនារី វុធ តី ដែលជាសិស្សនៃវិទ្យាល័យស៊ីសុវត្ថិ។ កញ្ញាមានសង្ឃឹមតិចតួចសម្រាប់ការប្រឡងឆ្នាំនេះ ព្រោះក្រសួងអប់រំ រឹតបន្តឹងខ្លាំង ហើយម្យ៉ាងកញ្ញាមានអារម្មណ៍ភ័យខ្លាចធ្លាក់ណាស់។ មានតែការស្រោចទឹក និងការបន់ស្រន់ដល់គុណបុណ្យព្រះរតនត្រ័យទេ ទើបអាចជាឱសថព្យាបាលជំងឺភិតភ័យនេះបាន៖ «ដូចថាអត់មានតានតឹងក្នុងផ្លូវចិត្ត ដោយសារយើងបានមកធ្វើបុណ្យចឹង។ ខ្ញុំសង្ឃឹម ៥០% ព្រោះថាឆ្នាំនេះតឹងណាស់»។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួនណារ៉ុន ផ្ញើសារដល់បេក្ខជនប្រឡងទាំងអស់ឲ្យគោរពនូវបទបញ្ញត្តិ និងកម្រិតវិន័យចំនួនប្រាំចំណុចនៃការប្រឡងឆ្នាំនេះ មានជាអាទិ៍ ការយកសំណៅឯកសារ ការចម្លងអ្នកដទៃ ឬការប្រើប្រាស់គ្រឿងអេឡិចត្រូនិកក្នុងបន្ទប់ប្រឡង នឹងត្រូវបានពិន្ទុសូន្យ។ ទន្ទឹមហ្នឹងដែរ បើក្រសួងអប់រំ ពិនិត្យឃើញសន្លឹកកិច្ចការរបស់បេក្ខជនមានខ្លឹមសារដូចគ្នាទាំងស្រុង ទៅនឹងសំណៅឯកសារផ្សេងៗដែលបានសរសេរទុកមុននោះ បេក្ខជនក៏នឹងបានពិន្ទុសូន្យដូចគ្នា។ ធ្ងន់ធ្ងរជាងនេះ បើសិនជាបេក្ខជនណាឲ្យសន្លឹកកិច្ចការរបស់ខ្លួនទៅឲ្យអ្នកដទៃចម្លង បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ ឬធ្វើជាមេខ្លោងប្រមូលលុយឲ្យអនុរក្ស បេក្ខជននោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនអនុញ្ញាតឲ្យប្រឡងថ្នាក់ទុតិយភូមិរយៈពេលមួយឆ្នាំ។
ម្យ៉ាងវិញទៀត បើសិនជាបេក្ខជនណាយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ឬឲ្យគេប្រឡងជំនួស ឬមួយធ្វើឲ្យខូចខាតឧបករណ៍ក្នុងបន្ទប់ប្រឡង បេក្ខជនទាំងនោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងមិនត្រូវបានអនុញ្ញាតឲ្យប្រឡងរយៈពេល ២ឆ្នាំ។
ការកម្រិតវិន័យច្បាស់លាស់បែបនេះ អាណាព្យាបាលដែលនាំកូនមកស្រោចទឹក និងបន់ស្រន់នៅព្រះអង្គដងកើ លោក ខេង រស្មី និយាយថា លោកគាំទ្រចំពោះចំណាត់ការរបស់ក្រសួងអប់រំ។ លោកសូមឲ្យសិស្សានុសិស្សទាំងអស់ប្រឹងប្រែងរៀនសូត្រ និងត្រូវមានស្មារតីជឿជាក់លើខ្លួនឯង។ ការប្រឹងប្រែងរៀនជាមធ្យោបាយល្អដើម្បីពង្រឹងសមត្ថភាព និងទទួលឱកាសការងារល្អនាពេលអនាគត៖ «ខ្ញុំចង់បានអ៊ីចឹងយូរណាស់មកហើយ ព្រោះថាកាលណារឹតបន្តឹង វាធ្វើឲ្យមានគុណភាពល្អប្រសើរ។ នៅពេលជាប់ដោយសមត្ថភាព គឺជាការឆ្លុះបញ្ចាំងពីគុណភាពអប់រំនៅកម្ពុជា»។
លោកបន្តថា ជាទម្លាប់ ប្រជាជនកម្ពុជា មុនពេលធ្វើអ្វីមួយ ឬចង់បានអ្វី គេតែងនាំគ្នាទៅបន់ស្រន់វត្ថុស័ក្តិសិទ្ធិដើម្បីជួយការពារ ផ្តល់កម្លាំងចិត្ត និងជួយឲ្យបានសម្រេចតាមក្តីប្រាថ្នានោះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៥ នេះ មានបេក្ខជនសរុបជិត ៩ម៉ឺននាក់ (៨៨.៤៨៨នាក់) ក្នុងនោះស្រីមានជាង ៤ម៉ឺននាក់ (៤២.០៣៦នាក់) ហើយមណ្ឌលប្រឡងសរុបនៅទូទាំងប្រទេសមានចំនួន ១៥០មណ្ឌល។ ការប្រឡងឆ្នាំនេះ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជិត ៦ពាន់នាក់។ ចំនួននេះកើនឡើងជាងឆ្នាំមុនរហូតដល់ជាងពាក់កណ្ដាល។ ក្រសួងអប់រំ ចាត់ទុកការកើនឡើងនេះជាសញ្ញាវិជ្ជមាន ជួយលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។
ជុំវិញការបន់ស្រន់ម្ចាស់ទឹកម្ចាស់ដីនេះ គុណម្ចាស់ ឆាត សុឆេត មានថេរដីកាថា វត្ថុស័ក្ដិសិទ្ធិ និងអារក្ខអ្នកតា មិនអាចជួយសិស្សានុសិស្សប្រឡងជាប់បានទេ បើសិនបេក្ខជនបេក្ខនារីមិនចេះចាំមេរៀនទេនោះ។ យ៉ាងណាក៏ដោយចុះ គុណម្ចាស់មានថេរដីកាថា ការបន់ស្រន់នេះក៏អាចជាផ្នែកមួយដែលជួយជាកម្លាំងចិត្តសម្រាប់សិស្សគ្រប់រូបដែរ ដូចពាក្យខ្មែរតែងពោលឡើងថា អាគមផ្សំអាយូស បន់រើសៗចុះ តែកុំភ្លេចប្រឹងរៀន ហ៊ានតែខ្ជិល គឺធ្លាក់៖ «យើងក្រឡេកមើលអ្នកតាទាំងឡាយ បើសិនអ្នកតាហ្នឹងពូកែមែន អ្នកតាខ្លះអត់មានបាក់ឌុបទេ អ្នកតាខ្លះធ្លាប់មានបាក់ឌុប។ តែបើសិនអ្នកណាមានបាក់ឌុបមកពីណាពីណីអី តាមគាត់ទៅ។ ប៉ុន្តែបើយើងគិតមើលទៅគ្មានអ្នកតាណាអាចជួយយើងបានគ្រប់ទីកន្លែងបានទេ ព្រោះមណ្ឌលមានគ្រប់ ២៥ខេត្តក្រុង ហើយអ្នកតាមានតែម្នាក់ហ្នឹង។ ព្រះពុទ្ធមានពុទ្ធដីកា យើងត្រូវពឹងលើខ្លួនឯង គឺអត្តាហិ អត្តនោ នាថោ»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ ចាប់ពីវេលាម៉ោងប្រាំពីរព្រឹករហូតដល់ថ្ងៃអង្គារ ទី២៥ ខែសីហា។ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ នឹងប្រកាសជូននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែកបណ្ដាខេត្តផ្សេងទៀត នឹងត្រូវប្រកាសជូននៅព្រឹកថ្ងៃទី១៦ ខែកញ្ញា៕