បេក្ខជន​ប្រឡង​បាក់ឌុប នាំ​គ្នា​តវ៉ា​លទ្ធផល​បាក់ឌុប នៅ​មុខ​ក្រសួង​អប់រំ

ដោយ ថន ថារ៉ូ
2019-09-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ខ្លះរាប់រយ​នាក់ កាលពី​ថ្ងៃ​​ទី១១ ខែ​កញ្ញា​ ឆ្នាំ២០១៩ តវ៉ា​លទ្ធផលប្រឡងសញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ក្រសួង​អប់រំ។
សិស្ស​​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ខ្លះរាប់រយ​នាក់ កាលពី​ថ្ងៃ​​ទី១១ ខែ​កញ្ញា​ ឆ្នាំ២០១៩ តវ៉ា​លទ្ធផលប្រឡងសញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ក្រសួង​អប់រំ។
រូប៖ ហ្វេសប៊ុក

ក្រុម​សិស្ស​ជា​ច្រើន​នាក់ ដែល​ទើប​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា ទាមទារ​ឲ្យ​រដ្ឋ​មន្ត្រី​ សើរើ​ពិនិត្យ​​​​មុខ​វិជ្ជា​មួយ​ចំនួន​ម្ដង​ទៀត។

សិស្ស​ទើប​ប្រឡង​បាក់ឌុប តវ៉ា​ស្នើសុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន អនុញ្ញាត​ឲ្យ​សើរើ និង​ពិនិត្យ​មុខ​វិជ្ជា​ខ្លះ ដូច​ករណី​ពី​ឆ្នាំ​មុន​ដែរ។ ក្រុម​សិស្ស​ប្រាប់​អ្នក​សារ​ព័ត៌មាន​ពេល​កំពុង​តវ៉ា​មុខ​ក្រសួង​អប់រំ​ថា ពួកគេ​មិន​អស់​ចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន ​ទើប​នាំ​គ្នា​មក​តវ៉ា។

បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ម្នាក់ យុវតី ច្រឹង ច័ន្ទ​ពេញបូណ៌មី និយាយ​ថា ក្រុម​សិស្ស​​មក​តវ៉ា​លទ្ធផល​គណិតវិទ្យា ប្រវត្តិ​វិទ្យា និង​ភាសា​អង់គ្លេស​។ យុវតី​រូប​នេះ​ថា មិន​មែន​តែ​នាង​ទេ​ ដែល​គិត​ថា ក្រសួង​ចេញ​លទ្ធផល​មិន​ត្រឹមត្រូវ គឺ​មិត្ត​ភក្ដិ និង​សិស្ស​​ដទៃ​ទៀត ក៏​គេ​​មក​តវ៉ា​ដែរ ពីព្រោះ​ពួក​គេ​មិន​អស់​ចិត្ត​នឹង​លទ្ធផល​នេះ៖ «ខ្ញុំ​មិន​ពូកែ​ខ្លាំង​ទេ តែ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​បញ្ចេញ​អស់​ពី​សមត្ថភាព ហើយ​ការ​រៀន​របស់​ខ្ញុំ​ទាំង​១២​ឆ្នាំ ខ្ញុំ​អត់​អាច​ឲ្យ​ក្រសួង​(បង្កើត)​កំហុស​បន្តិច​បន្តួច ធ្វើ​ឲ្យ​មិន​ពេញ​ចិត្ត​អ៊ីចឹង​បាន​ទេ។ ក្រសួង​គឺ​ស្នើ​ឲ្យ​សិស្ស​ខំ​ប្រឹង​រៀន អ៊ីចឹង​គាត់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​​ខ្ពស់ លើ​សិស្ស​ទាំង​អស់។ សុំ​ឲ្យ​ក្រសួង​សើរើ​​ឡើង​វិញ ទាំង​អស់​ នូវ​មុខ​វិជ្ជា​ ដែល​ប្រឡង​ទាំង​ប៉ុន្មាន ព្រោះ​អ្វី​មាន​អ្នក​ផ្សេង គឺ​គាត់​មាន​បញ្ហា​លើ​មុខ​វិជ្ជា​ផ្សេងៗ ដូច​ប្រវត្តិ​អ្វី​អ៊ីចឹង​ គឺ​គាត់​ធ្វើ​បាន​ច្រើន ធ្វើ​បាន​ទាំង​អស់​ មើល​អត្រា​កំណែ​គឺ​ត្រូវ​ច្រើន។ ប៉ុន្តែ​ចេញ​មក​វិញ គឺ​គាត់​ឲ្យ​​ធ្លាក់​ ឬ​ឲ្យ​និទ្ទេស E។ ខ្ញុំ​សុំ​តែ​ម្យ៉ាង​ គឺ​សុំ​ឲ្យ (ពិនិត្យ) ឡើងវិញ ទាំង​អស់។ ទាំង​សិស្ស ១១ម៉ឺន​នាក់ ព្រោះ​អ្នក​ខ្លះ គឺ​គេ​ធ្លាក់​ទាំង​អត់​អស់​ចិត្ត»

បេក្ខជន​ប្រឡង​បាក់ឌុប​ម្នាក់​ទៀត រៀន​នៅ​វិទ្យាល័យ​ទួនហ្វា យុវជន ច្រក វេហា មិន​ពេញ​ចិត្ត​ពិន្ទុ​​មុខ​វិជ្ជា​គណិតវិទ្យា និង​ប្រវត្តិវិទ្យា។ លោក​យល់​ថា បញ្ហា​លទ្ធផល​បាក់ឌុប​ឆ្នាំ​នេះ អាច​មិន​មែន​ដោយ​សារ​បច្ចេកទេស​បូក​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដូច​ឆ្នាំ​មុន​ទេ តែ​ប្រហែល​ដោយសារ​កំហុស​អ្នក​កែ​វិញ្ញាសា។ យុវជន​រូប​នេះ ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ សើរើ​អត្រា​កំណែ​​លទ្ធផល​តាម​មុខ​វិជ្ជា​ទាំង​នោះ ឡើង​វិញ៖ «មិន​ពេញ​ចិត្ត​លើ​ការ​កែ​របស់​លោក​គ្រូ​អ្នក​គ្រូ​តែ​ម្ដង បើ​តាម​ខ្ញុំ​គិត។ បើ​តាម​ខ្ញុំ​គិត​ ប្រហែល​ជា​ការ​កែ​មាន​កំហុស​ឆ្គង ដោយ​សារ​តែ​ភាគច្រើន​គឺ​លំហាត់​អ្វី គឺ​យើង​អាច​ធ្វើ​តាម​ផ្លូវ​ផ្សេង​ ដូច​ថា​ របៀប​នៃ​​ការ​ធ្វើ​លំហាត់​មាន​ផ្សេង តែ​គ្រូ​មួយ​ចំនួន​គាត់​ផ្ដោត​លើ​អត្រា​កំណែ ដែល​បាត់​តែ​មួយ​ចំណុច​គាត់​ដក​ពិន្ទុ​ដែរ ធ្វើ​ឲ្យ​បាត់​ពិន្ទុ​របស់​សិស្ស​ច្រើន​។ គឺ​ចង់​ឲ្យ​សើរើ​ទៅ​លើ​ សន្លឹក​កិច្ចការ​របស់​សិស្ស​ទាំង​អស់​ ហើយ​ត្រួត​ពិនិត្យ​មើល​ការ​កែ​របស់​លោក​គ្រូ​អ្នក​គ្រូ ម៉ត់ចត់»

ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​បាក់ឌុប កាល​ពី​ថ្ងៃ​ទី៩ និង​ទី១០ កញ្ញា។ លទ្ធ​ផល​បង្ហាញ​​ថា សិស្ស​ថ្នាក់​ទី១២ ដែល​​ប្រឡង​ជាប់​សញ្ញាប័ត្រ​​មាន​ចំនួន​ជិត ៨ម៉ឺន​នាក់ (៧៩.០៥២) ស្មើ​នឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូល​រួម​ប្រឡង​ជាង ១សែន​នាក់។

បេក្ខជន​ដែល​ប្រឡង​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ជាង ២ពាន់​នាក់ និទ្ទេស C មាន​ជិត ៦ពាន់​នាក់ និទ្ទេស D មាន​ជាង ១ម៉ឺន ៤ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥ម៉ឺន ៦ពាន់​នាក់។ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​និទ្ទេស A ច្រើន​ជាង​គេ ដែល​មាន​ចំនួន ១៤១នាក់ ខណៈ​ខេត្ត​កោះកុង មណ្ឌលគិរី និង​ឧត្តរមានជ័យ​មាន​ម្នាក់​ដូច​គ្នា។ ដោយ​ឡែក​ខេត្ត៤ ទៀត មិន​មាន​សិស្ស​ជាប់​និទ្ទេស A ទេ គឺ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង​ខេត្ត​កែប។

សិស្ស​ស្រី​ម្នាក់​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល​ លើក​ឡើង​ថា ការ​ចេញ​តវ៉ា​របស់​សិស្ស​ពេល​នេះ ដើម្បី​ឲ្យ​ក្រសួង​អប់រំ ​ទទួល​​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ព្រោះ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ជា​អ្នក​ជំរុញ និង​​​សន្យា​ថា សិស្ស​ណា​ខំ​រៀន និង​ប្រឡង​ជាប់។ ប៉ុន្តែ​ពេល​នេះ នាង​បែរ​ជា​ធ្លាក់​មុខ​វិជ្ជា ដែល​បាន​ខិត​ខំ​រៀន​នោះ​ទៅ​វិញ៖ «ស្នើសុំ​ឲ្យ​ក្រសួង​ហ្នឹង សើរើ​ឯកសារ​ឡើងវិញ ចង់​ឲ្យ​កាត់​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់​លាស់ លំដាប់​ពិន្ទុ​បាន​ប៉ុន្មាន​ និង​ចង់​ឲ្យ​ចេញ​លទ្ធផល​ម្ដង​ទៀត ដូច​ឆ្នាំ​មុន»

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា សរសេរ​លើ​បណ្ដាញ​តេឡេក្រាម (Telegram)​ ថា​ ក្រសួង​គ្មាន​គោលការណ៍​បើក​ចំហ​ការ​ត្រួត​ពិនិត្យ​សន្លឹក​កិច្ចការ​ ឬ​ពិន្ទុ​​បេក្ខជន​ដូច​កាល​​ឆ្នាំ​២០១៨​​ឡើយ​​។ ​​ទោះ​យ៉ាង​ណា លោក​ថា ក្រសួង​អប់រំ​ស្វាគមន៍​មតិ​រិះគន់​ស្ថាបនា និង​ឆ្លើយតប​តាម​ភាព​ចាំបាច់ និង​តាម​គោលការណ៍​ដែល​​អាច​ទទួល​យក​បាន។ លោក​អះអាង​ថា គ្រប់​ដំណាក់​កាល​ប្រឡង​បាក់​ឌុប​​ឆ្នាំ​២០១៩ គឺ​មាន​​សុក្រឹតភាព និង​ប្រសិទ្ធភាព ​ទាំង​អត្រា​កំណែ ​​ស្រង់ បូក​ពិន្ទុ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ពិន្ទុ។

ករណី​សិស្ស​តវ៉ា​លទ្ធផល​បាក់​ឌុប​នេះ បាន​កើត​ឡើង​ម្តង​ហើយ​ កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ។ កាលនោះ​​​ ក្រុម​សិស្ស​ពូកែ​គណិតវិទ្យា និង​រូប​វិទ្យា បាន​តវ៉ា​ពី​លទ្ធផល​ដែល​ពួកគេ​ទទួល​បាន​និទ្ទេស​ធ្លាក់ (F)។ ការ​តវ៉ា​ពេល​នោះ​ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ​ពិនិត្យ​មើល​ឡើង​វិញ និង​បាន​ប្រកាស​ថា ជា​កំហុស​​កុំព្យូទ័រ ដោយសារ​មាន​បញ្ហា​បច្ចេកទេស លើ​មុខវិជ្ជា​គណិតវិទ្យា។ រដ្ឋ​មន្ត្រី​បាន​សុំ​ទោស​ និង​បូក​ពិន្ទុ​គណិតវិទ្យា​ឡើងវិញ ទាំងអស់។

ក្រោយ​ពិនិត្យ​​កំណែ​វិញ្ញាសា​ប្រឡង​ឡើងវិញ ក្រសួង​​រក​ឃើញ​​ថា សិស្ស​ប្រឡង​ជាប់​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A បាន​កើន​ឡើង​ពី ២៩០​នាក់ មក​ដល់ ៤០៨​នាក់ ហើយ​និទ្ទេស​ផ្សេង​ទៀត​ ក៏​មាន​ការ​កើន​ឡើង​តាម​នោះ​ដែរ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ក្រសួង​អប់រំ ធ្វេស​ប្រហែល​លើ​កិច្ច​ការងារ​របស់​ខ្លួន ទើប​បណ្ដាល​ឲ្យ​សិស្ស​ចេញ​តវ៉ា​លទ្ធផល​បាក់ឌុប​២​ឆ្នាំ​ជាប់​គ្នា។ អ្នកស្រី ​សង្កេត​ឃើញ​ថា វិញ្ញាសា​ប្រវត្តិវិទ្យា​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​​ចេញ​វិញ្ញាសា​របៀប​កេង​ចំណេញ​នយោបាយ​ថែម​ទៀត​។ អ្នក​ស្រី​ជំរុញ​ឲ្យ​ក្រសួង​អប់រំ ពិនិត្យ​សើរើ​ តាម​ការ​តវ៉ា​របស់​សិស្ស​ឡើងវិញ និង​​ត្រូវ​បញ្ចៀស​បញ្ហា​ច្រំដែល​ នៅ​ឆ្នាំ​ក្រោយ៖ «បើសិនជា​ចង់​ឲ្យ​សិស្សានុសិស្ស​យើង​ទទួល​បាន​ លើក​ទឹក​ចិត្ត ហើយ​ក៏​ដូចជា​អស់​ចិត្ត​ ចំពោះ​គាត់​លុះ​ត្រា​តែ​ក្រសួង​ហ្នឹង​ហ៊ាន​ប្រឈម​ក្នុង​ការ​បើក​មើល​មុខ​វិជ្ជា​ ដែល​​សិស្សានុសិស្ស​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​ហ្នឹង ត្រូវ​តែ​បើក​មើល​ឲ្យ​គាត់​ឃើញ កុំ​ឲ្យ​គាត់​មាន​មន្ទិល»

ឆ្នាំ២០១៩ ជា​ឆ្នាំ​ទី៦ នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។ កាល​ពី​ឆ្នាំ២០១៤ ជា​ឆ្នាំ​ដំបូង​នៃ​កំណែ​ទម្រង់​អត្រា​អ្នក​ប្រឡង​ជាប់​មាន ២៦​ភាគរយ ​ថយ​ចុះ​ប្រហែល ៨០​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ២០១៣ មុន​ការ​ធ្វើ​កំណែ​ទម្រង់។ កាល​ណោះ លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​ប្រកាស​អ្នក​ធ្លាក់​បាក់ឌុប​ប្រឡង​ម្ដង​ទៀត។

ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​មក អត្រា​អ្នក​ប្រឡង​ជាប់​បាក់ឌុប​កើន​ឡើង​ ជា​បន្ត​បន្ទាប់ គឺ​នៅ​ឆ្នាំ២០១៦ អត្រា​សិស្ស​ប្រឡង​ជាប់​មាន ៦២​ភាគរយ។ ឆ្នាំ២០១៧ អត្រា​សិស្ស​ប្រឡង​ជាប់​ជាង ៦៣ភាគ​រយ។ ​នៅ​ឆ្នាំ​២០១៨ អត្រា​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​ជាង ៦៦ភាគ​រយ ខណៈ​បាក់ឌុប​ឆ្នាំ២០១៩ មាន​អ្នក​ជាប់​ជាង ៦៨​ភាគ​រយ។ ទោះ​យ៉ាង​ណា ក្រសួង​អប់រំ បាន​កាត់​បន្ថយ​មុខ​វិជ្ជា​ប្រឡង​ពី ១០​មុខ​វិជ្ជា មក​នៅ​៧មុខ​វិជ្ជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល