សិស្ស​វិទ្យាល័យ​ជា​កូន​អ្នក​ធំ​សង្ស័យ​ថា​ជក់​គ្រឿង​ញៀន​ក្នុង​សាលា​តែ​គ្រូ​មិន​ហ៊ាន​ឃាត់

ដោយ វោហារ ជាតិ
2015-01-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម  រូប​ថត​ថ្ងៃ​ទី ២២ មករា ២០១៥។
វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម រូប​ថត​ថ្ងៃ​ទី ២២ មករា ២០១៥។
RFA/Vohar Cheat

មាន​សេចក្ដីរាយការណ៍​ថា សិស្ស​វិទ្យាល័យ ហ៊ុន សែន និង សុខ អាន ខេត្ត​តាកែវ ជក់​គ្រឿង​ញៀន​ក្នុង​សាលា​រៀន តែ​លោក​គ្រូ​អ្នក​គ្រូ​មិន​ហ៊ាន​ហាមឃាត់ ព្រោះ​ខ្លាច​អំណាច​ឪពុក​ម្ដាយ​ដែល​មាន​បុណ្យស័ក្ដិ និង​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។ ក៏ប៉ុន្តែ​មន្ត្រី​ប៉ូលិស បដិសេធ​សេចក្ដីរាយការណ៍​នោះ​ថា​មិន​ពិត​ទេ។

ពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​ត្រាំកក់ មាន​ក្ដី​បារម្ភ​ចំពោះ​យុវជន នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​ស្រុក​នេះ កំពុង​តែ​ឈ្លក់​វង្វេង​នឹង​ថ្នាំ​ញៀន នៅ​ក្នុង​បរិវេណ​សាលារៀន ដូចជា​នៅ​វិទ្យាល័យ​ «សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម » «វិទ្យាល័យ សុខ អាន ១​ឧសភា» ជាដើម។

សាក្សី​ផ្ទាល់​ភ្នែក​ម្នាក់​នៅ​ស្រុក​ត្រាំកក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​អះអាង​ថា គាត់​តែង​តែ​ឃើញ​សិស្ស​មួយ​ចំនួន ជក់​គ្រឿងញៀន​ទាំង​ថ្ងៃ នៅ​ខាង​ក្រោយ​បរិវេណ​វិទ្យាល័យ ហ៊ុន សែន អង្គតាសោម និង​វិទ្យាល័យ​មួយ​ចំនួន​ទៀត ពេល​ម៉ោង​រៀន ដោយ​មិន​មាន​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​ឡើយ៖ «ធ្លាប់​ឃើញ​ផ្ទាល់​គឺ​ជក់​ក្នុង​ម៉ោង​រៀន​តែ​ម្ដង គឺ​ម៉ោង​រៀន​តែម្ដង​ហើយ​ពេល​គ្រូ​និយាយ​អប់រំ​គឺ​សិស្ស​អត់​ស្ដាប់​ទេ។ ខ្ញុំ​ធ្លាប់​ឃើញ​ការ​ប្រើប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​តំបន់​សាលារៀន​ក្នុង​វិទ្យាល័យ​មួយ​ចំនួន គឺ​ឃើញ​ប្រើ​ច្រើន ពិសេស​កូន​អ្នក​មាន​ធនធាន​ទេ​ម្ដង ហើយ​មួយ​ទៀត បើ​សិន​ជា​មិន​មាន​អ្នក​នាំ​គ្រឿងញៀន ចូល​មក​ខេត្ត​តាកែវ​ទេ ខ្ញុំ​គិត​ថា​អត់​មាន​អ្នក​ប្រើ​ទេ ប៉ុន្តែ​ជឿ​ថា​មាន​អ្នក​មាន​បណ្ដាស័ក្ដិ​ប្រាកដជា​ធ្វើ​រឿង​នេះ»

មិន​មែន​មាន​តែ​សាក្សី​ម្នាក់​នេះ អះអាង​អំពី​ព័ត៌មាន​ស្ដី​ពី សិស្ស​សាលា​ជក់​គ្រឿង​ញៀន​នោះ​ទេ។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត ក៏​និយាយ​ខ្សឹបខ្សៀវ​ដូច្នេះ​ដែរ។

ចំណែក មន្ត្រី​សមាគម​គ្រូ​បង្រៀន​ខេត្ត​តាកែវ លោក នី ចាន់តារ៉ា អះអាង​ថា លោក​តែង​ទទួល​ពាក្យ​បណ្ដឹង​ផ្ទាល់​មាត់ ពី​សិស្សានុសិស្ស​វិទ្យាល័យ ទាំង​នោះ​ជារឿយៗ តែ​លោក​មិន​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដោយខ្លួន​ឯង។

ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​វិទ្យាល័យ សុខ អាន ១​ឧសភា លោក អៀង ផល បញ្ជាក់​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​ដូច​គ្នា ហើយ​លោក​បាន​ចាត់​ឲ្យ​លោកគ្រូ អ្នកគ្រូ​តាម​ឃ្លាំ​មើល​ដែរ តែ​មិន​ដែល​ប្រទះ​ដូច​គេ​រាយការណ៍​ប្រាប់​លោក​សោះ។

រីឯ​មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់ ដែល​មាន​ការិយាល័យ​នៅ​ក្បែរ​វិទ្យាល័យ​ទាំង​ពីរ​នេះ ក៏​បាន​ទទួល​ព័ត៌មាន​ដូច​គ្នា​ដែរ។

ចំណែក​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ត្រាំកក់ លោក យូ អាន ឲ្យ​ដឹង​ថា លោក​បាន​ចុះ​ស៊ើប​អង្កេត​នៅ​តាម​វិទ្យាល័យ​ទាំង​នោះ​ដែរ តែ​មិនដែល​ប្រទះ​សិស្ស​ជក់​គ្រឿងញៀន​ដូច​សេចក្ដី​រាយការណ៍​ទាំង​នោះ​សោះ៖ «អត់ទេ​គ្រាន់​តែ​ឮ​តែ​ព័ត៌មាន​ថា​មាន​អញ្ចឹង ដល់ពេល​យើង​ទៅ​វា​អត់​ឃើញ​ ឥឡូវ​ខ្ញុំ​កំពុង​បញ្ចូល​កម្លាំង​នៅ​កៀន​សាលា​ទាំងពីរ​កន្លែង​តើ​មាន​ឬ​អត់។ តែ​ការងារ​នឹង​ជួន​កាល​ក្មេងៗ​ គាត់​រាង​ខឹង​គ្នា​អីចឹង​គាត់​ចេះតែ​រាយការណ៍​មក​យើង ដល់​យើង​ទៅ​វា​អត់​មាន​អី​កើតឡើង ព្រោះ​ថា​សាលា​ទាំង​ពីរ​ទីតាំង​របស់​របស់​អធិការដ្ឋាន​វា​មិន​ដែល​ហ៊ាន​ទេ​ ជួន​កាល​វា​ខឹង​គ្នា​ជួន​កាល​វា​ចេះ​តែ​និយាយ​ទៅ កាលណា​យើង​ដាក់​កម្លាំង​ចុះ​ឃ្លាំ​មើល​ទៅ​វា​អត់​មាន​ការពិត»

យ៉ាងណា​សាក្សី​ផ្ទាល់​ភ្នែក​ម្នាក់​នៅ​តែ​ទទូច ថា គាត់​តែងតែ​ឃើញ​សិស្ស​ជក់​គ្រឿងញៀន នៅ​ខាង​ក្រោយ​បរិវេណ​វិទ្យាល័យ ក្នុង​ម៉ោង​រៀន​នោះ​ហើយ បាន​អំពាវនាវ​ឲ្យ​លោក​គ្រូ​អ្នកគ្រូ រួម​ទាំង​អាជ្ញាធរ​មាន​ភាព​ក្លាហាន ចេញ​មុខ​ទទួល​ខុស​ត្រូវ និង​ទប់ស្កាត់​គ្រឿងញៀន​កុំឲ្យ​បំផ្លាញ​អនាគត​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី។

គ្រឿង​ញៀន​គឺ​ជា​បញ្ហា​ធំ​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត ដែល​កំពុង​ញាំញី​សង្គម​ខ្មែរ។ សព្វថ្ងៃ​ការ​ចែកចាយ​គ្រឿងញៀន បាន​រីករាយ​ដាល​ពី​ទីក្រុង​ដល់​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Money is number one in power.Have money can do anything in Cambodia as I know,you know RFA knows,everybody knows except I don't know who theay are you judge.The children of richest man spent 20 dollars a day on food.A salary of a teacher is 200 dollars or less.So those children don't want to finish school and find job by themself.Live under their parent is better than going to work by themself.Right or wrong think about it what I said to them.

Jan 24, 2015 03:03 PM

គេហទំព័រ​ទាំងមូល