សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បង្ក្រាប​វៀតណាម​លក់​ឆ្នោត

ដោយ ម៉ែន សុធីរ
2015-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្លឹក​ឆ្នោត​របស់​វៀតណាម
សន្លឹក​ឆ្នោត​របស់​វៀតណាម
RFA/Men Sothyr

មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ស្វាយរៀង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្ក្រាប​សកម្មភាព​ជនជាតិ​វៀតណាម លក់​សន្លឹក​ឆ្នោត​ដោយ​ខុស​ច្បាប់ និង​កំពុង​បង្ក​អោយ​មាន​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ជនជាតិ​វៀតណាម មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ បាន​ឆ្លង​ចូល​មក​រស់​នៅ និង​ដើរ​លក់​ឆ្នោត​ទូទាំង​ខេត្ត​ស្វាយរៀង ក្នុង​តម្លៃ​ ១​សន្លឹក ២​ពាន់​រៀល ឬ​ស្មើ ១​ម៉ឺន​ដុង ជា​រៀងរាល់​ថ្ងៃ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ឆ្លង​ចូល​មក​រស់​នៅ និង​ប្រកប​របរ​លក់​ឆ្នោត​នៅ​ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង បាន​ដោយ​សេរី​របស់​ពលរដ្ឋ​វៀតណាម ដោយ​ពុំ​មាន​ការ​បង្ក្រាប ថា​ជា​ការ​បណ្ដែតបណ្ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា ជនជាតិ​វៀតណាម ទាំង​នោះ ពុំ​សូវ​ចេះ​និយាយ​ភាសា​ខ្មែរ និង​ខ្លះ​ទៀត​ស្ទើរ​តែ​មិន​ចេះ​សោះ មក​ប្រកប​របរ​រក​ស៊ី​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ រាប់​ម៉ឺន​នាក់​ជា​រៀងរាល់​ថ្ងៃ ពិសេស​គឺ​មុខ​របរ​លក់​សន្លឹក​ឆ្នោត និង​កន្ទុយលេខ។ លោក​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា បណ្ដោយ​ឱ្យ​ជនជាតិ​វៀតណាម លក់​ដោយ​សេរី មិន​ទប់​ស្កាត់។

​លោក​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ មិន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ នឹង​បង្ក​ជា​គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​លំហូរ​នៃ​ជនអន្តោប្រវេសន៍​ផង៖ «ចេញ​ចូល​រក​ស៊ី​រយៈពេល ១​ថ្ងៃ​ហ្នឹង​ទេ គឺ​គាត់​អត់​មាន​អី​ទាំង​អស់ មាន​ទាំង​ម៉ូតូ​មាន​ស្លាក​លេខ​វៀតណាម។ បើ​តាម​ការ​វិភាគ​មែន​ទែន គឺ​មក​ខុស​ច្បាប់»

លោក នុត បូពិណ្ណារ័ត្ន រិះគន់​ការ​អនុវត្ត​ច្បាប់​សមត្ថកិច្ច​នេះ​ថា មិន​តម្លាភាព ស្រប​ពេល​ដែល​មាន​ស្ត្រី​ជនជាតិ​ខ្មែរ ២​នាក់ កាល​ពី​ដើម​ឆ្នាំ​២០១៥ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​ត្រូវ​ជាប់​ពន្ធនាគារ ៣​ខែ ទាក់ទិន​ការ​លក់​ឆ្នោត​កន្ទុយលេខ ចំណែក​ជនជាតិ​វៀតណាម លោក​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​ឡើយ។

​និស្សិត​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ស្វាយរៀង ខេត្ត​ស្វាយរៀង លោក សូ ឡី។ លោក​បារម្ភ​ថា ការ​ព្រងើយ​កន្តើយ​មិន​បង្ក្រាប​បទល្មើស​ដែល​បង្ក​ដោយ​ជនជាតិ​វៀតណាម គឺ​ហាក់បីដូចជា​ប្រទេស​មាន​ច្បាប់​តែ​មិន​អនុវត្ត។

លោក​ថា បញ្ហា​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ថា មិន​បាន​បំពេញ​កាតព្វកិច្ច​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ៖ «ខ្ញុំ​អង្គុយ​ប្រហែល​ជា ៥-​៦​នាទី ទៅ ១០​នាក់​ហើយ​ក្នុង​១​ថ្ងៃ​ហ្នឹង ហើយ​ក្នុង​១​ថ្ងៃ​ហ្នឹង​បើ​យើង​អង្គុយ​មើល​អន់​​ណាស់​ក៏ ១០០ ទៅ ២០០​នាក់​ដែរ សម្រាប់​យួន លក់​ឆ្នោត»

​ជនជាតិ​វៀតណាម​ម្នាក់​កំពុង​ជិះ​ម៉ូតូ​លក់​ឆ្នោត​តាម​ផ្ទះ សម្ដែង​ឫកពា​ដូច​ជនជាតិ​ខ្មែរ ហាក់​មិន​ញញើត​សមត្ថកិច្ច និយាយ​ខ្មែរ​មិន​សូវ​ច្បាស់​ថា លោក​លក់​ឆ្នោត ១​សន្លឹក​គាត់​ចំណេញ​ប្រាក់ ១០០​រៀល ដូច្នេះ​គាត់​លក់​ក្នុង ១​ថ្ងៃ​ចាប់​ពី ២០០​សន្លឹក ទៅ ៤០០​សន្លឹក៖ «៧​ម៉ឺន​ដុល្លារ ១.៥០០​លាន​ដុង បើ​ត្រូវ។ បើក (លុយ) ស្រុក​វៀតណាម។ មួយ​ថ្ងៃៗ​វា​ចេញ បី​ខែត្រ»

​អភិបាល​រង​ក្រុង​ស្វាយរៀង លោក ខៀវ សារ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា បញ្ហា​នេះ​ជា​ការ​ទទួលខុស​ត្រូវ​ចំពោះ​មន្ត្រី​ប៉ូលិស​តាម​ព្រំដែន។

អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ឆ្នោត​ជាតិ​របស់​វៀតណាម គឺ​មាន​សុពលភាព​ត្រឹមតែ​ប្រទេស​វៀតណាម ទេ មិន​អាច​លក់​ដល់​កម្ពុជា ឡើយ។ លោក​បន្ត​ថា ការ​បណ្ដោយ​ឲ្យ​ឆ្នោត​នេះ​លក់​ដោយ​សេរី នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​របរ​ការ​រស់​ប្រជាពលរដ្ឋ។

លោក​ថា ឥទ្ធិពល​របស់​វៀតណាម និង​ភាព​អសកម្ម​ដែល​បណ្ដាល​ឲ្យ​សមត្ថកិច្ច​មិន​ហាន​អនុវត្ត​ច្បាប់ ដោយសារ​តែ​ឥទ្ធិពល​ប្រទេស​វៀតណាម៖ «ទី​១ ឧទាហរណ៍​ថា នៅ​ពេល​ដែល​អនុវត្ត​ច្បាប់​ឃើញ​ថា មាន​ការ​គំរាម ព្រមាន​ដក​តំណែង​ដល់​មន្ត្រី​ប៉ូលិស​ជាដើម​អ៊ីចឹង ទាំង​អស់​នេះ​ហើយ​ដែល​វា​រួមផ្សំ វា​កើត​ឡើង​ពី​ឥទ្ធិពល​ដ៏​ធ្ងន់ធ្ងរ»

ទោះ​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា សកម្មភាព​លក់​ឆ្នោត​ខុស​ច្បាប់​នេះ​កើត​មាន​ដោយសារ​តែ​មាន​ការ​អនុញ្ញាត​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជា​អ្នក​កាង រួម​ទាំង​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ស្វាយរៀង ផង។ ប្រសិនបើ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់​ចេញ​មុខ​បង្ក្រាប​ជនជាតិ​វៀតណាម លក់​ឆ្នោត​នេះ នឹង​អាច​ប្រឈម​ដក​ពី​តំណែង។

សន្លឹកឆ្នោត​របស់​ប្រទេស​វៀតណាម  សរសេរ​ជា​ភាសា​វៀតណាម (XỔ SỐ KIẾN THIẾT Long An) ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា សន្លឹក​ឆ្នោត​ខេត្ត​ឡុងអាង ជា​ខេត្ត​ជាប់​ខេត្ត​ស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ក្ទបមានមេវា អានុកវាការពារសកម្មភាពវាមួយមុខនេះ ដែលអាចឃើញជាក់ស្ដែង ក្នុងចំណោមមធ្យោបាយមិនដឹងប៉ុន្មានបែបទៀត ក្នុងល្បិចកលក្ទបពង្វក់បំពុលបំផ្លាញខ្មែរឲ្យវិនាសតាមគោលដៅ “ដំណើរឆ្ពោះទៅលិច” រំលោភប្លន់ទឹកដីខ្មែរបន្តទៀតទាល់ខ្មែររលាយ។ ស្ដាប់ទៅ នេះជាគំនិតរវើរវាយ ឡេឡឺ អគតិ ជ្រុលនិយមសុទ្ធ ...ត្ហ្រឹមម៉ាលក់ឆ្នោត មិនអាចឲ្យខ្មែរពូជអ្នកចម្បាំងអ្លាយទេ ត្ហ្រឹមម៉ាបាញ់ថ្នាំបំផ្លាញដំណាំស៊្មែ ធើបាបប្រជាជនស៊្មែ ត្ហ្រឹមម៉ាតែអុងស៊្មែម្ដែលឃើញផង ត្ហ្រឹមម៉ា ក៥ ត្ហ្រឹមម៉ាកាប់ព្ហ្រៃដឹកចេញអត់ការណ៍ ត្ហ្រឹមម៉ានៅពេញទ្លេសាប ត្ហ្រឹមម៉ាប៉្កប់ទ័ពពេញស្ហ្រុកខ្មែរ ត្ហ្រឹមម៉ានៅ៩៩ឆ្នាំ ត្ហ្រឹមម៉ាចែកសគុណព្ហ្រៃនគរ ត្ហ្រឹមម៉ាគ្ហ្រប់គ្ហ្រងកម្ពុជាក្រោម ត្ហ្រឹមម៉ាដោះដូរកោះត្រល់... ខ្មែរមានអាណាចក្រខ្មែរហ្អោះ! ខ្មែរជិះសឹតតា៎៥៧០ហ៊្អ្រស មានលើសហ្នឹងទៀតហ្អុះ កុំជោសម័យណេះហ្អើយ! ...ផឹក! ចាក់ អ៊ុតមើវ៉ី! ចាក់អាគករ្ហាងស្ទឹលនុះវ៉ី ដឹងតា៎ឈ្នះហ្ម័ង់!

May 30, 2015 04:21 AM

អ្នក​អាន​អនាមិក

ក្រុងភ្នំពេញក៏រឹតតែសំបូរណ៌ជនជាតិយួនដើរលក់សន្លឹកឆ្នោតយួនដែរ

May 25, 2015 06:29 AM

អ្នក​អាន​អនាមិក

cambodian love to dream about money.

May 24, 2015 10:30 PM

អ្នក​អាន​អនាមិក

លោកអ្នកចេះអើយលោកអ្នកចេះ លោកឯងប្រាប់អ្នកណា ថាអោយអ្នកណា ពួកគាត់មិនមែនពួួកគាត់មិនចង់ទេ គាត់ដឹងថា​អា​ស្រា អាស្រី អាល្បែងនេះ វានាំឲ្យវិនាស មិនមែនពួកគាត់មិន​ដឹង​ទេ គាត់ទៅវត្តស្តាប់បរាភវសូត្ររាល់ឆ្នាំហ្នឹង តែគាត់មិនហ៊ាន កុំ​សូម្បី​​តែគិត ជាមួយអ្នកណា ជាតិណាអាជ្ញាធរខ្មែរមិនខ្លាចទេ តែបើ​ជាមួយពួកយួនទៅមិនរួចទេលោក សូម្បីតែសម្តេចហ៊ុនសែនក៏ខ្លាចពួកវាដែរបាទ។

May 24, 2015 10:09 AM

គេហទំព័រ​ទាំងមូល