ពលរដ្ឋ​ខេត្ត​ស្វាយរៀង​តវ៉ា​រឿង​កុងទ័រ​អគ្គិសនី​ឡើង​ខ្ពស់​ជា​ថ្មី​ទៀត

ដោយ ម៉ែន សុធីរ
2015-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រង្វង់​មូល​ខេត្ត​ស្វាយរៀង
រង្វង់​មូល​ខេត្ត​ស្វាយរៀង
RFA/Men Sothyr

ពលរដ្ឋ​ជាង ២០០​នាក់ នៅ​ឃុំ​ក្រោលគោ ខេត្ត​ស្វាយរៀង តវ៉ា​ជា​ថ្មី​ទៀត​នៅ​សាលាឃុំ​ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​អគ្គិសនី អន្តរាគមន៍​ទៅ​ម្ចាស់​អគ្គិសនី​ឯកជន​នៅ​ទី​នោះ​សើរើ​ឡើង​វិញ​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​កុងទ័រ​អគ្គិសនី។ ការ​តវ៉ា​កើត​ឡើង​ជា​ថ្មី​នេះ បន្ទាប់​ពី​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ពី​បញ្ហា​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ធម្មតា ចំណែក​ពលរដ្ឋ​ម្ចាស់​អ្នក​ប្រើប្រាស់​មិន​មាន​លទ្ធភាព​សង​ថ្លៃ​សេវា​អគ្គិសនី​នៅ​ខែ​ឧសភា នេះ។

ចំណែក​ម្ចាស់​អគ្គិសនី​ឯកជន​នៅតែ​ប្រកាន់​ជំហរ​ថា នឹង​ផ្ដាច់​ចរន្តអគ្គិសនី​បណ្ដោះអាសន្ន បើ​ពលរដ្ឋ​ណា​មិន​ទូទាត់​ទាត់​ថ្លៃ​សេវា​ប្រើប្រាស់​អគ្គិសនី​បាន​គ្រប់​ចំនួន​នោះ​ទេ។

​ការ​ចូល​រួម​ដោះស្រាយ​បញ្ហា​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា មាន​ការ​ចូលរួម​ពី​ម្ចាស់​អគ្គិសនី​ឯកជន អាជ្ញាធរ​អគ្គិសនី និង​អភិបាលស្រុក​ស្វាយជ្រំ។

មេ​ឃុំ​ក្រោលគោ លោក ម៉ែន លុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា នេះ អាជ្ញាធរ​អគ្គិសនី​បាន​ដោះ​កុងទ័រ​អគ្គិសនី​ពលរដ្ឋ ៦​គ្រួសារ​ដើម្បី​ត្រួត​ពិនិត្យ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា នេះ។ លើស​ពី​នេះ​លោក​ស្នើ​ឲ្យ​ម្ចាស់​អគ្គិសនី​ឯកជន និង​ប្រជាពលរដ្ឋ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី៖ «មិន​ដឹង​ធ្វើ​ម៉េច​ដែរ ខ្ញុំ​មិន​ដឹង​ដោះស្រាយ​របៀប​ម៉េច​ដែរ​ដល់​អ៊ីចឹង ព្រោះ​អា​ហ្នឹង​ការ​ព្រមព្រៀង»

​ក្រុម​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​ម្ចាស់​អគ្គិសនី​បន្ធូរបន្ថយ​តម្លៃ​អគ្គិសនី​ខ្លះ​ដើម្បី​ឱ្យ​ពួកគាត់​មានលទ្ធភាព​បង់​ប្រាក់​ឲ្យ​ខាង​ក្រុមហ៊ុន។ ទាក់ទង​បញ្ហា​នេះ ពលរដ្ឋ​អះអាង​ថា កន្លងមក​ពួកគាត់​ធ្លាប់​ប្រើ​ថាមពល​អគ្គិសនី​ជា​តាម​ធម្មតា​អស់​ប្រមាណ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​បច្ចុប្បន្ន​កើន​ដល់​ទៅ​ជាង ២០​ម៉ឺន​រៀល ក្នុង​ខែ​ឧសភា នេះ ដែល​ជា​តម្លៃ​ហួស​ពី​សមត្ថភាព​របស់​ពួកគាត់ ដែល​មាន​មុខ​របរ​ធ្វើ​ស្រែ។

តំណាង​ពលរដ្ឋ​ម្នាក់ រស់​នៅ​ឃុំ​ក្រោលគោ គឺ​លោក ជា ឆាយ។ លោក​ថ្លែង​ថា ពលរដ្ឋ​ពុំ​មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​អគ្គិសនី​ទេ​បន្ទាប់​ពី​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់៖ «ខែ​មុន​បង់​អស់​តែ ៥​ម៉ឺន​ទេ ហើយ​ខែ​ហ្នឹង​អស់ ២០​ម៉ឺន ម្យ៉ាង​ភ្លើង​គាត់​ប្រើ​ដូច​នៅ​ដដែល​គ្មាន​បន្ថែម​អី អ៊ីចឹង​ទេ»

​បុរស​ដដែល​បន្ត​ថា ពលរដ្ឋ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ហា​មួយ​ចំនួន រួម​មាន អគ្គិសនី​ច្រើន​ដាច់​ញឹកញាប់ ភាព​មិន​ប្រក្រតី​នៃ​កុងទ័រ​អគ្គិសនី​ដើរ​លឿន បញ្ហា​តម្លៃ​ថ្លៃ ការ​ផាក​ពិន័យ​ចំពោះ​ការ​បង់​ប្រាក់​យឺតយ៉ាវ និង​ពាក្យ​សំដី​មិន​សមរម្យ​ពី​បុគ្គលិក​អគ្គិសនី​ក្រោលគោ។ ក្រុម​ពលរដ្ឋ​រក​ឃើញ​ថា អគ្គិសនី​ដាច់​ញឹកញាប់ ងាយ​ឲ្យ​កុងទ័រ​អគ្គិសនី​កើន​ឡើង​ខ្លាំង ជាក់ស្ដែង​អគ្គិសនី​សព្វថ្ងៃ​ច្រើន​ដាច់​ញឹកញាប់។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ម្ចាស់​អគ្គិសនី​ឯកជន​ឃុំ​ក្រោលគោ លោក ស៊ន ស៊ីផាត ប្រកាន់​ជំហរ​មិន​ចុះ​តម្លៃ​អគ្គិសនី​តាម​ការ​ស្នើ​សុំ​​របស់​ពលរដ្ឋ​ឡើយ ព្រោះ​នេះ​ជា​តម្លៃ​ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

លោក​ថា កុងទ័រ​អគ្គិសនី​ដើរ​លឿន ឬ​យឺត​ឋិត​នៅ​លើ​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ៖ «អាជ្ញាធរ​កំណត់​លក់​តម្លៃ​ប៉ុន្មាន? គឺ​ខ្ញុំ​លក់​តាម​ផ្លូវ​ច្បាប់ ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា គាត់​ជា​អ្នក​ការងារ​ផ្លូវ​ច្បាប់​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នក​អាជីវករ​ទាំង​អស់»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា។

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​អង្កេត​ឃើញ​ថា បញ្ហា​កុងទ័រ​អគ្គិសនី​កើត​មាន​ឡើយ​ស្ទើរ​ទូទាំង​ប្រទេស​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ពី​រដ្ឋាភិបាល។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ដោះ​កុងទ័រ​អគ្គិសនី​ដើម្បី​ត្រួត​ពិនិត្យ មិន​មែន​ជា​វិធីសាស្ត្រ​រក​ឃើញ​ការ​ពិត​ឡើយ។ យ៉ាង​ណា​ដើម្បី​រក​ឱ្យ​ឃើញ​បញ្ហា​នេះ ទាល់តែ​ត្រូវ​មាន​អ្នក​ជំនាញ​ផ្នែក​អគ្គិសនី​ប្រើ​ឧបករណ៍​តាម​ដាន​ចរន្តអគ្គិសនី​ដោយ​ឯករាជ្យ មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​អគ្គិសនី​គួរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​សេវា​ឯកជន​ណា ដែល​មាន​ចេតនា​កេង​ចំណេញ​ប្រាក់​ពី​ពលរដ្ឋ​តាម​រយៈ​កុងទ័រ​អគ្គិសនី​នេះ។ លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​អនុវត្ត​តាម​ច្បាប់​ចំពោះ​បុគ្គល​មាន​ចេតនា​កេង​ចំណេញ​ដោយ​បន្លំ។

លោក​ថា បើ​នៅ​តែ​បណ្ដោយ​ឱ្យ​បញ្ហា​នេះ​កើត​មាន នឹង​បង្ក​ជា​គុណ​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ​ជា​ដើម៖ «បើ​ឃើញ​អស់​ច្រើន​ត្រូវ​មាន​ការ​សង្ស័យ មិនមែន​បាន​ន័យ​ថា អគ្គិសនី​កម្ពុជា បាន​លុយ​ច្រើន អ្នក​ម៉ៅការ​បន្ត​នាំ​គ្នា​សប្បាយចិត្ត ឬ​ក៏​អគ្គិសនី​ខ្លួន​ឯង​ប្រមូល​លុយ​បាន​សប្បាយ​ចិត្ត»

ពលរដ្ឋ​អះអាង​ថា អគ្គិសនី​ក្រោលគោ ជា​អគ្គិសនី​ឯកជន​ដែល​វិនិយោគ​បន្ត​ពី​អគ្គិសនី​ខែត្រ​ព្រៃវែង តាំង​ពី​ឆ្នាំ​២០០៧ ក្នុង​តម្លៃ ១.៧០០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង​រហូត​មក​ដល់​ឆ្នាំ​២០១០ ដល់​បច្ចុប្បន្ន តម្លៃ​ធ្លាក់​មក​ដល់​មក​ត្រឹម ១.០៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង។ ចំណែក​ពលរដ្ឋ​រស់​នៅ​ភូមិ​ឆ្ងាយ​តម្លៃ​អគ្គិសនី​ខ្ពស់​ជាង​នេះ។ យ៉ាងណា​តម្លៃ​នេះ​រង​ការ​រិះគន់​ថា ការ​វិនិយោគ​តម្លៃ​ខ្ពស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កំណត់​តម្លៃ​អគ្គិសនី ដូច​អគ្គិសនី​របស់​រដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ និង​ទី​រួម​ខេត្ត​ស្វាយរៀង ១​គីឡូវ៉ាត់ម៉ោង ៦៥០​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល