មន្ត្រី​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ថា​ចំណូល​ពន្ធ​៦​ខែ​ដើម​ឆ្នាំ​២០១៥​កើន​ឡើង​ជាង​៧០​ម៉ឺន​ដុល្លារ

ដោយ ដែន អយុធ្យា
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី សិទ្ធិ​និង​កាតព្វកិច្ច របស់​អ្នក​ជាប់​ពន្ធ និង​អាករ​លើ​តម្លៃ​បន្ថែម នៅ​សណ្ឋាគារ​ខ្សាច់មាស នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី សិទ្ធិ​និង​កាតព្វកិច្ច របស់​អ្នក​ជាប់​ពន្ធ និង​អាករ​លើ​តម្លៃ​បន្ថែម នៅ​សណ្ឋាគារ​ខ្សាច់មាស នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ឆមាស​ទី​១ ឆ្នាំ​២០១៥ បាន​ប្រមូល​ពន្ធ​ពី​ផ្នែក​ពាក់ព័ន្ធ ឬ​ប្រជាពលរដ្ឋ កើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយសារ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​ស្ថាប័ន​នេះ​ធ្វើ​ការងារ​មាន​វិជ្ជាជីវៈ។

មន្ត្រី​ពន្ធដារ បាន​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​រក​ស៊ី​ផ្សេងៗ ត្រូវ​ភ្ញាក់​រលឹក និង​បង់​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ពេលវេលា និង​តម្លៃ​ដែល​ច្បាប់​បាន​កំណត់ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។

ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ លោក នុត វុត្ថា បង្ហាញ​របាយការណ៍​ថា ៦​ខែ​ដើម​ឆ្នាំ​២០១៥ នេះ ស្ថាប័ន​ខ្លួន​ប្រមូល​ពន្ធ​ពី​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​ជាង ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​កើន​លើស​ឆ្នាំ​២០១៤ ជាង ៧០​ម៉ឺន​ដុល្លារ។ ឆ្នាំ​២០១៤ ប្រមូល​ពន្ធ​បាន​ជាង ២​លាន​ដុល្លារ​ទេ បើ​គិត​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​ដូច​គ្នា។

លោក​អះអាង​ថា ការ​ប្រមូល​ចំណូល​ពន្ធ​រដ្ឋ​បាន​កើន​ខ្ពស់​នេះ ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ បាន​ភ្ញាក់​រលឹក​ចូលរួម​បង់​ពន្ធ​បាន​តាម​ពេលវេលា​ដែល​ច្បាប់​ពន្ធដារ​បាន​កំណត់ និង​គួបផ្សំ​មន្ត្រី​ពន្ធដារ​ខេត្ត​ព្រះសីហនុ មាន​វិជ្ជាជីវៈ និង​គោរព​ក្រម​សីលធម៌​ត្រឹមត្រូវ៖ «៦​ខែ​ឆ្នាំ​២០១៥ នេះ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ គឺ​ប្រមូល​ពន្ធ​គិត​ជា​លុយ​ដុល្លារ​បាន​ជាង ៣​លាន​ដុល្លារ។ ហើយ​បើ​ប្រៀបធៀប​ពេលវេលា​ដូច​គ្នា​ឆ្នាំ​២០១៤ គឺ​កើន​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក»

លោក នុត វុត្ថា ថ្លែង​ដូច្នេះ នៅ​ក្នុង​សិក្ខាសាលា​ស្តី​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ និង​អាករ​លើ​តម្លៃ​បន្ថែម នា​សណ្ឋាគារ​ខ្សាច់មាស ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​មាន​តំណាង​ក្រុមហ៊ុន ពាណិជ្ជករ ឬ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ចូលរួម។

ទន្ទឹម​គ្នា​នេះ លោក នុត វុត្ថា បាន​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ ដោយ​ត្រូវ​សហការ​ជាមួយ​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​តាម​ពេលវេលា និង​ស្រប​តាម​ឯកសារ​ច្បាប់​ពន្ធដារ​បាន​កំណត់ បើ​មិន​ដូច្នេះ​ទេ នឹង​រង​នូវ​ការ​ផាក​ពិន័យ​ផ្សេងៗ ដោយសារ​កំហុស​ឆ្គង​របស់​ខ្លួន។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក គូ ម៉ាហ្គាយ (Ku Magai) តំណាង​អង្គការ​ចៃកា ជប៉ុន (JICA) និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព និង​ព័ត៌មានវិទ្យា​សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា ឲ្យ​ដឹង​ថា រាល់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា មាន​ដូចជា សាលា​រៀន ផ្លូវ​ថ្នល់ ការ​បើក​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ និង​វិស័យ​ផ្សេង​ទៀត គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ចំណូល​ពន្ធដារ។ អ្នក​ជំនាញ​រូប​នេះ បាន​ស្នើ​ដល់​តំណាង​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ បើ​មាន​ចម្ងល់​ទៅ​លើ​កាតព្វកិច្ច​នៃ​ការ​បង់​ពន្ធ​របស់​ខ្លួន អាច​ចូល​ទៅ​បើក​មើល​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះ​ច្បាប់​ផ្សេងៗ​មាន​បង្ហោះ ឬ​ដាក់​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ស្ថាប័ន​នេះ។

បន្ថែម​លើ​នេះ លោក អឿ សំរិទ្ធ អនុប្រធាន​នាយកដ្ឋាន​សេវា​អ្នក​ជាប់​ពន្ធ និង​បំណុល​ពន្ធ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ស្តី​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ និង​អាករ​លើ​តម្លៃ​បន្ថែម​នេះ​ដែរ បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់ បើ​មាន​ចម្ងល់ ឬ​មាន​ពាក្យ​បណ្ដឹង​អ្វី​មួយ​ទាក់ទង​កាតព្វកិច្ច​បង់​ពន្ធ ឬ​មាន​ការ​គាប​សង្កត់​អ្វី​មួយ​ពី​មន្ត្រី​ពន្ធដារ ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ទាន់ ឬ​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​អាន​កាតព្វកិច្ច​នៃ​ការ​បង់​ពន្ធ​ទៅ​តាម​តម្លៃ​នីមួយៗ​ដែល​រដ្ឋ​បាន​កំណត់៖ «ឯកសារ​ពាក់ព័ន្ធ​លើ​អាករ​លើ​តម្លៃ​បន្ថែម និង​ឯកសារ​ច្បាប់ ឬ​សេចក្តី​ជូន​ដំណឹង​ផ្សេងៗ​ទាក់ទង​ពន្ធដារ គឺ​យើង​មាន​ដាក់​ជូន ឬ​បង្ហោះ​នៅ​ក្នុង​វេបសាយ (website) របស់​នាយកដ្ឋាន​ពន្ធដារ​ទាំងអស់ គឺ​តាមរយៈ​អាសយដ្ឋាន www.tax.gov.kh»

យ៉ាង​ណា​ក៏ដោយ តំណាង​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ជួប​ផល​វិបាក​ច្រើន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ។ ផល​វិបាក​ទាំង​នោះ កើត​ឡើង​ដោយសារ​តែ​ស្ថាប័ន​ពន្ធដារ មិន​បាន​បង្ហាញ​ឯកសារ​កំណត់​តម្លៃ​បង់​ពន្ធ​ទៅ​តាម​ទំហំ​នៃ​ការ​ធ្វើ​អាជីវកម្ម​នៃ​ការ​បង់​ពន្ធ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​មន្ត្រី​ពន្ធដារ​សាខា​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ការ​យក​តម្លៃ​ពន្ធដារ​ទៅ​លើ​តម្លៃ​សេវា​ផ្សេងៗ គឺ​បាន​កំណត់​ដោយ​ច្បាប់ និង​មាន​ឯកសារ​ផ្តល់​ជូន​ទៅ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​គ្រប់​ចំនួន។

ត្រង់​ចំណុច​នេះ លោក អឿ សំរិទ្ធ សង្កត់​ធ្ងន់​ថា បើ​ប្រជាពលរដ្ឋ ឬ​តំណាង​ក្រុមហ៊ុន​នីមួយៗ​មាន​កង្វល់ ឬ​ចម្ងល់​អ្វី​មួយ​ទាក់ទង​ទៅ​នឹង​ការ​បង់​ពន្ធ អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្ថាប័ន​នេះ ដើម្បី​រក​ដំណោះស្រាយ​ជា​បន្ត​ទៀត។

បញ្ហា​ចំណូល​ពន្ធ​កើន​ខ្ពស់​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ធ្លាប់​ឲ្យ​ដឹង​ថា ចំណូល​ពន្ធដារ ឬ​ពន្ធ​គយ​ដែល​ប្រមូល​បាន​កើន​ខ្ពស់​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​កំណែ​ទម្រង់​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៥ និង​ម្យ៉ាង​ទៀត អាច​ដោយសារ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ បាន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បង់​ពន្ធ​ទៅ​លើ​ប្រជាពលរដ្ឋ ឬ​តំណាង​ក្រុមហ៊ុន​នានា ដែល​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​រដ្ឋ​ស្រប​តាម​ច្បាប់​កំណត់ ជាពិសេស​ទំនង​ជា​ថ្នាក់​ដឹក​នាំ​មន្ត្រី​ស្ថាប័ន​នេះ បាន​លុប​បំបាត់​អំពើ​ពុក​រលួយ ដែល​ធ្លាប់​កើត​មាន​ក្នុង​វិស័យ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល