អាជីវករ​ស្រុក​កែវសីមា​រិះគន់​មន្ត្រី​ពន្ធដារ​ថា​ប្រមូល​ពន្ធ​ត​ថ្លៃ​ដូច​ផ្សារ​ត្រី

ដោយ អ៊ុក សាវបូរី
2015-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ការ​ធ្វើ​អាជីវកម្ម​ជួញដូរ មិន​ថា​ខ្នាត​តូច ឬ​ខ្នាត​ធំ​ទេ អាជីវករ​ត្រូវ​មាន​កាតព្វកិច្ច​បង់​ពន្ធ។ នៅ​តំបន់​ដាច់​ស្រយាល​ដែល​ផ្លូវ​គមនាគមន៍​មិន​ល្អ ការ​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​ក៏​មិន​បាន​ទៀងទាត់ ព្រោះ​មន្ត្រី​នាយកដ្ឋាន​ពន្ធដារ​ពិបាក​ចុះ​ប្រមូល ប៉ុន្តែ​មាន​ការ​ប្រឹងប្រែង​របស់​មន្ត្រី​ពន្ធដារ​ពីរ​រូប​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ចុះ​ទៅ​ប្រមូល​ពន្ធ​នៅ​តំបន់​ដាច់​ស្រយាល រង​ការ​ចោទ​ថា កំណត់​តម្លៃ​ពន្ធ​នៅ​នឹង​មាត់ និង​តថ្លៃ​ពន្ធ​ដូច​តថ្លៃ​ទំនិញ​ទៅ​វិញ។

តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​អ្វី?

ក្រុម​អាជីវករ​ភូមិ​ពូទង់ ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី រិះគន់​ថា មន្ត្រី​ប្រមូល​ពន្ធ​បាន​ឡើង​ចុះ​តម្លៃ​ពន្ធ​ជាមួយ​អាជីវករ ដូច​ទៅ​ទិញ​ត្រី​នៅ​ផ្សារ។

ក្រុម​អាជីវករ​ថ្លែង​យ៉ាង​ដូច្នេះ ក្រោយ​ពី​មន្ត្រី​ពន្ធដារ ២​រូប​ចុះ​ទៅ​ប្រមូល​ពន្ធ​នៅ​ក្នុង​ភូមិ​ពូទង់ កាល​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​ឧសភា បាន​ឡើង​ថ្លៃ និង​បញ្ចុះ​តម្លៃ​ពន្ធ​ស្រេច​ចិត្ត ហើយ​ប្រគល់​ចុង​សន្លឹក​បាន​ទទួល​លុយ​ដោយ​ពុំ​មាន​បោះ​ត្រា​ក្រហម។

ស្ត្រី​វ័យ​ចាស់​ឈ្មោះ ឆូយ អះអាង​ថា គាត់​លក់​នំ​កញ្ចប់​សម្រាប់​លក់​ឲ្យ​ក្មេងៗ ដាក់​កញ្ច្រែង​នៅ​ផ្ទះ។ មន្ត្រី​ប្រមូល​ពន្ធ ២​រូប​មក​ពី​ខេត្ត​មណ្ឌលគិរី បាន​កំណត់​ឲ្យ​គាត់​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​ចំនួន ៦​ម៉ឺន​រៀល។ គាត់​បាន​សុំ​បង់​ឲ្យ​តែ ១​ម៉ឺន​រៀល ព្រោះ​គាត់​លក់​ក្នុង​ផ្ទះ គ្មាន​លើក​ស្លាក​លក់​គ្រឿងទេស​ដូច​គេ​ទេ ប៉ុន្តែ​មន្ត្រី​ពន្ធដារ​មិន​ព្រម ហើយ​ត​ថ្លៃ​តម្លៃ​ពន្ធ​ជាមួយ​គាត់​ដូច​ទៅ​ផ្សារ​ទិញ​ត្រី៖ «រួច​គាត់​ថា​ឥឡូវ ៤​ម៉ឺន ខ្ញុំ​ថា ៤​ម៉ឺន​ខ្ញុំ​ទៅ​អត់​រួច​ទេ ខ្ញុំ​លក់​តាំង​ពី​ព្រឹក​មក​មិន​ទាន់​បាន ៥​ពាន់​ផង។ រួច​គាត់​ថា​អ៊ីចឹង ២​ម៉ឺន ៧​ពាន់ ខ្ញុំ​ថា​ក៏​អត់​មាន​លុយ​ដែរ។ ឥឡូវ​អ៊ីចេះ​ទៅ ខ្ញុំ​មាន ១​ម៉ឺន ខ្ញុំ ១​ម៉ឺន​ទៅ បើ​មិន​នេះ ខ្ញុំ​ជំពាក់​សិន រួច​ទៅ​គាត់​ថា ២​ម៉ឺន ៥ ក៏​មិន​ព្រម ធ្វើ​ម៉េច​ទៅ​អ៊ីចឹង? ខ្ញុំ​ថា​ឥឡូវ​យក​ទៅ ២​ម៉ឺន​បណ្តោយ​ទៅ។ គាត់​ថា​ពន្ធ ១​ឆ្នាំ​តែ​ប៉ុណ្ណឹង​មិន​ព្រម​ឲ្យ​ទៀត ខ្ញុំ​ថា​លោក​អើយ​លក់​មិន​ដាច់​ទេ»

អាជីវករ​មួយ​រូប​ទៀត​ឲ្យ​ដឹង​ថា គាត់​លក់​គ្រឿង​បន្លាស់​គោយន្ត។ មន្ត្រី​ប្រមូល​ពន្ធ​មក​សាកសួរ​ពី​ការ​លក់​បាន​ចំណូល​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ? រួច​មក​មន្ត្រី​នោះ បាន​កំណត់​យក​ពន្ធ​ពី​គាត់ ៦២​ម៉ឺន​រៀល​ក្នុង ១​ឆ្នាំ។ គាត់​មិន​ព្រម​បង់ ព្រោះ​ថ្លៃ​ពេក គាត់​លក់​មិន​សូវ​ដាច់ ទើប​សុំ​បញ្ចុះ​តម្លៃ។ មន្ត្រី​នោះ​ក៏​ព្រម​បញ្ចុះ​តម្លៃ​ពន្ធ​ឲ្យ​មក​នៅ​ត្រឹម ៣០​ម៉ឺន​រៀល។ ស្ត្រី​ដដែល​អះអាង​ថា គាត់​សុំ​បញ្ចុះ​ដល់​តម្លៃ​ដែល​គាត់​អាច​បង់​ពន្ធ​បាន ហើយ​មាន​ការ​ព្រមព្រៀង​ពី​មន្ត្រី​ពន្ធដារ​ដែរ ប៉ុន្តែ​ក្រដាស​បញ្ជាក់​គាត់​បាន​បង់​ពន្ធ​នោះ គឺ​គ្មាន​ត្រា​ត្រឹមត្រូវ​ទេ ទើប​គាត់​សង្ស័យ​ពី​លុយ​គាត់​បង់​ពន្ធ ក្រែង​មិន​ចូល​នាយកដ្ឋាន​ពន្ធដារ ទើប​មន្ត្រី​មក​ប្រមូល​ពន្ធ​បញ្ចុះ​តម្លៃ​ស្រេច​ចិត្ត និង​ប្រើ​ក្រដាស​បញ្ជាក់​ទទួល​ការ​បង់​ពន្ធ​មិន​មែន​ច្បាប់​ដើម សុទ្ធតែ​ច្បាប់​ថត​ចម្លង៖ «១២​ម៉ឺន មិន​ព្រម​យក ខ្ញុំ​ឲ្យ ៥​ម៉ឺន។ ៥​ម៉ឺន​ហ្នឹង​គាត់​យក»

បំភ្លឺ​ចំពោះ​ការ​រិះគន់​របស់​អាជីវករ​ទៅ​លើ​មន្ត្រី ២​រូប ដែល​ទៅ​ប្រមូល​ពន្ធ​នៅ​ស្រុក​កែវសីមា នោះ លោក អ៊ឹង ឡេង ប្រធាន​ពន្ធដារ​ខេត្ត​មណ្ឌលគិរី អះអាង​ថា ការ​ប្រមូល​ពន្ធ​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​នោះ​ជា​ការ​ម៉ៅការ​ប្រមូល​នៅ​ឡើយ ទើប​អាជីវករ និង​មន្ត្រី​ពន្ធដារ​អាច​ចរចា​សុំ​បញ្ចុះ​តម្លៃ​បាន។ លោក​ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធដារ​មិន​អាច​ស្ពាយ​ត្រា​ក្រហម​យក​តាម​បាន​ដែរ ព្រោះ​មាន​ការ​ណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​នាយកដ្ឋាន​ពន្ធដារ រួច​ហើយ ពី​ការ​កំណត់​ទារ​ឲ្យ​បង់​ពន្ធ និង​ការ​ប្រើប្រាស់​វិក្កយបត្រ៖ «ការ​ម៉ៅការ​នេះ​របៀប​ត​ថ្លៃ​គ្នា តែ​បើ​ដល់​មាន​ប្រកាស ឬ​ប៉ាតង់​គេ​អត់​ត​ថ្លៃ​ទេ។ នេះ​យើង​ដាក់​ប្រកាស​ខ្លួន​ឯង អា​ហ្នឹង​ជា​នីតិបុគ្គល យើង​ចូល​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​ទៅ​តាម​ច្បាប់ មើល​អ្វី​ដែល​អ្នក​ឯង​ខុស​ច្បាប់ ពេល​ត្រួត​ទៅ​ឃើញ ត្រូវ​មាន​បង់​ការប្រាក់​ពិន័យ​អី។ អា​នេះ​ជា​ម៉ៅការ​ការ​ពិភាក្សា​គ្នា គឺ​ផ្អែក​ទៅ​លើ​ផល​របរ»

អាជីវករ​នៅ​ស្រុក​កែវសីមា សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​នៅ​ក្នុង​តំបន់​នោះ មិន​ទាន់​យក​ពន្ធ​តាម​ប្រកាសនីយប័ត្រតក្កកម្ម ឬ​ហៅថា​ប៉ាតង់​នោះ​ទេ។ ការ​ប្រមូល​ពន្ធ គឺ​ប្រមូល​តាម​ផ្ទះ​នៅ​ឡើយ។ អ្នក​រក​ស៊ី​លក់​ដូរ​នៅ​ក្នុង​ឃុំ​ចុងផ្លាស់ លក់​បង្វិល​ទៅ​វិញ​ទៅ​មក​តែ​ក្នុង​ម្តុំ​នោះ។ លោក​ថា បើ​ការ​ប្រមូល​ពន្ធ​ថ្លៃ​ពេក ក៏​អាជីវករ​មិន​អាច​បង់​ឲ្យ​បាន​ដែរ ព្រោះ​ការ​ជញ្ជូន​គ្រឿងទេស ឬ​គ្រឿង​សំណង់​ទៅ​លក់​នៅ​ទីនោះ វា​លំបាក​ខ្លាំង ព្រោះ​ស្រុក​កែវសីមា ជា​តំបន់​ភ្នំ គ្មាន​ផ្លូវ​ល្អ​ចូល​ទេ។ លោក​ស្នើសុំ​ឲ្យ​មន្ត្រី​ពន្ធដារ ដាក់​ត្រា​ក្រហម​ទៅ​តាម​ខ្លួន​នៅ​ពេល​ចុះ​ប្រមូល​ពន្ធ និង​បញ្ជាក់​ពី​ការ​កំណត់​តម្លៃ​ពន្ធ​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ​ឲ្យ​អាជីវករ ឬ​ពលរដ្ឋ​លក់​ដូរ​ដឹង​ច្បាស់​ពី​តម្លៃ​ជាក់លាក់៖ «ប៉ុន្តែ​មក​យក​លុយ​ឆ្កុយៗ​តែ​ម្តង។ មក​យក​លុយ​ដែល​គ្មាន​សំបុត្រ​បញ្ជាក់​អី​មួយ​សោះ»

ប្រធាន​ពន្ធដារ​ខេត្ត​មណ្ឌលគិរី លោក អ៊ឹង ឡេង ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​នោះ​មិន​ទាន់​បាន​ប្រមូល​ពន្ធ​បាន​គ្រប់​តំបន់​ឲ្យ​ទៀងទាត់​ទេ មក​ពី​កត្តា​ផ្លូវ និង​អាកាសធាតុ បាន​រំខាន​ការងារ​របស់​មន្ត្រី​ចុះ​ប្រមូល​ពន្ធ និង​ផ្សព្វផ្សាយ​ពី​ការ​កំណត់​ពន្ធ និង​សហគ្រាស​ដែល​ត្រូវ​បង់​ពន្ធ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ហៀង ឧត្តុង្គ​ ជាកូន លោក សីុម ហៀង អតីត ប្រធានសើុបអង្កេ�

ពី ADHOC) ប្រចាំខេត្តកំពង់ចាម (ស្រុកកែវសីមា

ខ្ញំុចង់អោយអ្នកមានអំណាចគ្រប់ជាន់ថ្នាក់ កំុធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយ ភូមិនេះខ្ញុំជាប្រជាពលរដ្ខជំថ្មីទេ

May 28, 2015 12:12 PM

គេហទំព័រ​ទាំងមូល