គ្រូបង្រៀន​ទាមទារ​ប្រាក់ខែ ២​លាន​រៀល និង​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត

ដោយ
2019-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

ក្រុម​គ្រូបង្រៀន ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ខែ ២​លាន​រៀល និង​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ គ្រូបង្រៀន អះអាង​ថា ការ​ផ្ដល់​ប្រាក់ខែ​សមរម្យ​ធ្វើ​ឲ្យ​គុណភាព​អប់រំ​កាន់តែ​ល្អ​ប្រសើរ។

ក្រុម​គ្រូបង្រៀន​ប្រមាណ ៥០​នាក់ មក​ពី​តាម​បណ្ដា​រាជធានី ខេត្ត បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​គ្រូ បង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​បង្ហាញ​ពី​ទុក្ខកង្វល់ និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​។ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ច្រើន​លើសលប់​ជាង​ចំនួន​គ្រូបង្រៀន ដើម្បី​តាម​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​បំផុត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា គ្រូបង្រៀន​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ​ថា ''​លើកកម្ពស់​សិទ្ធិ​គ្រូបង្រៀន​'' ប៉ុន្តែ​អ្នកស្រី សោកស្ដាយ ដែល​រដ្ឋាភិបាល​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​គ្រូបង្រៀន តាម​ការ​ពង្រាយ​កង​កម្លាំង​ហួសហេតុ​។ អ្នកស្រី​បន្ត​ថា សាលាក្រុង​ភ្នំពេញ បាន​ហាម​មិន​ឲ្យ​គ្រួ​បង្រៀន​ដង្ហែ​ញ​តិ្ត​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ។

អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​គ្រូបង្រៀន​ទាមទារ​រដ្ឋាភិបាល ឲ្យ​ដំឡើង ប្រាក់ខែ ២​លាន​រៀល និង​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់ កូន ៤​ម៉ឺន​វៀល ប្រពន្ធ ៥​ម៉ឺន​រៀល សម្រាប់​ទ្រទ្រង់​សុខភាព ៦​ម៉ឺន​រៀល និង​ជួយ​ឧបត្ថម្ភ​ប្រាក់​ពេល បុណ្យចូលឆ្នាំ និង​ភ្ជុំបិណ្ឌ ២០​ម៉ឺន​រៀល​ផង​ដែរ។ ក្រៅពី​ការ​ទារ​ដំឡើង​ប្រាក់ខែ គ្រូបង្រៀន​ក៏​ទាមទារ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​អំពើពុករលួយ​ក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត និង​ស្នើសុំ​ឲ្យ​លើកកម្ពស់​សិទ្ធិ​គ្រូបង្រៀន បញ្ឈប់​ការរើសអើង​ការ​បង្កើត​សហជីព ព្រមទាំង​ឲ្យ​ក្រសួង​អប់រំ ផ្ដល់​ក្របខ័ណ្ឌ​អប់រំ​ជូន​គ្រូបង្រៀន ១៣​នាក់ ដែល​ក្រសួង​បាន​លុបឈ្មោះ កាល​ពី​ដើម​ឆ្នាំ​២០១៨ ក្រោម​ហេតុផល​នយោបាយ៖ «សព្វថ្ងៃ ទោះបី​មានការ​ដំឡើង​ប្រាក់ខែ​ជូន​លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ​តាម​លំដាប់ថ្នាក់​ក្តី ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​ទំនិញ​សព្វសារពើ គឺ​មាន​តម្លៃ​ហួស ឡើង​ទ្វេដង​នៃ​ការដែល​ដំឡើង​ប្រាក់​បៀវត្សរ៍។ ជីវភាព​របស់​លោក​គ្រូ​យើង​អន់ថយ​ហើយ​ធ្វើ​ឲ្យ​គាត់​អត់​មាន​ពេលវេលា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ណា​ដែល​បង្រៀន​សិស្សានុសិស្ស​ដែល​ទទួល​បាន លទ្ធផល​ល្អ​នោះ​ទេ។ ពួកគួរ​តែ​យកចិត្តទុកដាក់​លើ​ពួកគាត់ ដើម្បី​ឲ្យ​វិស័យ​អប់រំ​មានគុណ​ភាព»

អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ ជា​អ្នក​ចេញមុខ​ទទួល​ញត្តិ​ផ្ទាល់​ពី​ក្រុម​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​សន្យា​បញ្ជូន​ញត្តិ នោះ​ទៅ​ក្រសួង​អប់រំ​និង​ស្ថាប័ន​ពាក់ ព័ន្ធ។

គ្រូបង្រៀន​នៅ​សាលា​គរុកោសល្យ​ខេត្ត​សៀមរាប លោក ហ៊ី សម្បត្តិ ប្រាប់​អាស៊ីសេរី​ថា ប្រាក់ខែ​គ្រូបង្រៀន​នៅ​កម្ពុជា នៅ​ទាប​ខ្លាំង​ជាង​ប្រទេសជិតខាង និង​មិនអាច​ចាយ​គ្រប់គ្រាន់​នោះ​ទេ ព្រោះ តម្លៃ​ទំនិញ​ទីផ្សារ​ចេះតែ​កើន​ឡើង​ខ្ពស់។ លោក​យល់ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ដោះ ស្រាយ​តាម​សំណូមពរ​គ្រូបង្រៀន ដើម្បី​លើកកម្ពស់​ជីវភាព​គ្រូបង្រៀន​ឲ្យ​រស់នៅ​សមរម្យ​ថ្លៃថ្នូរ និង ធ្វើ​ឲ្យ​វិស័យ​អប់រំ​កាន់​តែ​មាន​គុណភាព៖ «កាលណា​ប្រាក់ខែ​ចាយ​អត់​គ្រប់ គឺ​គ្រូបង្រៀន​ម្នាក់ៗ​ត្រូវ​មាន​រប​ផ្សេងៗ​ទៀតហើយ​។​កាលណា​មាន​រប​ផ្សេងទៀត ធ្វើ​ឲ្យ​គុណភាព​បង្រៀន​អត់​ល្អ​ទេ»

សមាគម​គ្រូបង្រៀន​ឲ្យ​ដឹង​ថា គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស ចាប់ពី​គ្រូ​កម្រិត​បឋម រហូតដល់​គ្រូ​វិទ្យាល័យ សរុប​ជាង​ដប់​ម៉ឺន​នាក់។ ជា​មធ្យម​គ្រូបង្រៀន​កម្រិត​បឋម ទទួល​បាន​ប្រាក់ខែ​គោល​ជាង ៦០​ម៉ឺន​រៀល​ក្នុង ១​ខែ​។ គ្រូ​កម្រិត​អនុវិទ្យាល័យ ទទួល​បាន​ប្រាក់ខែ​គោល​ជាង ៧០​ម៉ឺន​រៀល និង​គ្រូ​វិទ្យាល័យ ទទួល​បាន​ជាង ៨០​ម៉ឺន​រៀល។ ប្រាក់ខែ​នេះ​មិន​ទាន់​រាប់បញ្ចូល​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ នោះ​ទេ។

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ជាង ២៦​ឆ្នាំ​មកនេះ ស្ថានភាព​គ្រូបង្រៀន និង​វិស័យ​អប់រំ​កម្ពុជា នៅ​មិនទាន់​ឆ្លើយ តប​ទៅ​នឹង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា​( ILO) និង​អង្គការ​យូណេស្កូ (UNESCO) នៅ​ឡើយ​។ លោក​ថា ប្រាក់ខែ​គ្រូ​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​តម្លៃ​ទំនិញ​លើ​ទីផ្សារ ជីវភាព​គ្រូ​មិនទាន់​ល្អ​ប្រសើរ ហើយ​សិទ្ធិ​គ្រូបង្រៀន​កាន់តែ​រួម​តូច និង​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ មិនទាន់​ត្រូវ បាន​លុបបំបាត់​។ ក្នុង​ទិវា​គ្រូបង្រៀន​នេះ លោក រ៉ុង ឈុន បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​យកចិត្ត ទុកដាក់​លើ​ជីវភាព​គ្រូបង្រៀន​បន្ថែម​ទៀត​។​ទន្ទឹមគ្នានេះ លោក​ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះ ស្រាយ​វិបត្តិ​នយោបាយ​ដើម្បី​រក្សា​ប្រពន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប​ផង​ដែរ៖ «ឥឡូវនេះ​ជិត​ដល់​ឱសានវាទ​ដែល​សហភាព​អឺរ៉ុប​ដក​EBA​ពី​កម្ពុជា​ហើយ ដូច្នេះ​យើង​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​ទាំង​ខាង​កាន់អំណាច ទាំង​ប្រឆាំង ចូល​តុ​អង្គុយ​ជជែក​គ្នា​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​អឺរ៉ុប​ដក​EBA ។ ការ​ដក​EBA​នេះ​មិនមែន​ប៉ះពាល់​តែ​កម្មករ​នោះ​ទេ គ្រូបង្រៀន​មន្ត្រីរាជការ​ក៏​ប៉ះពាល់​ព្រោះ​មាន​កូនចៅ​របស់​ពួកគេ ក៏​ធ្វើការ​ជា​កម្មករ ដែរ​។ ម្យ៉ាងវិញទៀត​នៅ​ពេល​ដែក​គេ​ដក​EBA នេះ ពេល​ដែល​ប្រមូល​ពន្ធ​ក្តី ក៏​ធ្លាក់​ចុះ​ហើយ​សេដ្ឋកិច្ច​ធ្លាក់​ចុះ នៅ​ពេល​ធ្លាក់​ចុះ​ដូច្នេះ យើង​មើល​​​​​​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា នឹងខ្វះ​លទ្ធភាព​បើកប្រាក់​ខែ​គ្រូបង្រៀន​ហើយ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះយ៉ាង​ណា​ក្តី ក្រសួង​អប់រំ ក៏បាន​រៀបចំ​អបអរសាទរ ទិវា​គ្រូបង្រៀន​ដែរ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​ប្រធានបទ​ថា «​គុណភាព​គ្រូ​ជា​មូលដ្ឋានគ្រឹះ នៃ​យុគសម័យ​ឌីជីថល​»​។ ការ​ប្រារព្ធ​នេះ មានបំណង​ធំ គឺជា​ការ​ដឹង​គុណ​ដល់​គ្រូបង្រៀន ដែល​បាន​បូជា​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី ក្នុងការ​បង្ហាត់បង្រៀន​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​ក្រសួង​អប់រំ មិនបាន​លើកឡើង​ពី​ការដំឡើង​ប្រាក់ ខែ​ជូន​គ្រូបង្រៀន​នោះ​ទេ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋាភិបាល បាន​បង្កើន​ថវិកា​សម្រាប់​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល​ច្រើនជាង​ក្រសួង​ដទៃ ដូច្នេះ​ប្រាក់ខែ​គ្រូ បង្រៀន ក៏​ត្រូវ​បាន​ដំឡើង​តាម​ជំ​ហ៊ាន​ជា​បន្តបន្ទាប់​ដែរ​។ រីឯ​បញ្ហា​ប្រពន្ធ​អនុគ្រោះ​ព័ន្ធ​EBA វិញ លោក ផៃ ស៊ីផាន ចោទ​លោក រ៉ុង ឈុន ថា គ្រាន់តែ​សម្ដែង​ធ្វើជា​ស្តាយ​ប៉ុណ្ណោះ ព្រោះ​លោក រ៉ុង ឈុន ក៏​ធ្លាប់​រួមចំណែក​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ដែរ​។ ចំពោះ​ការ​ពង្រាយ​កងកម្លាំង​ឃ្លាំមើល​គ្រូបង្រៀន​វិញ មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​រូប​នេះ​អះអាង​ថា ដោយសារ​ខ្លាច​ក្រុម​គ្រូបង្រៀន​ទាំងនោះ ចូលរួម​ធ្វើ​រដ្ឋប្រហារ​ជាមួយ​គណបក្សប្រឆាំង៖ «យើង​ចង់​មើល​ឃើញ​ថា ការដែល​គាត់​ធ្វើការ​ប្រមូល​ផ្តុំ​នេះ​វា​មាន​ភាព​សុចរិត​ក្នុង​ការងារ​អ្វី​ដែល​គាត់​ធ្វើ​អត់​។ យើង​ឃើញ​ហើយ រ៉ុង ឈុន ដែល​ជា​មេ ដឹកនាំ​នោះ រួម​ប្រជុំ​ជាមួយ​នឹង​ក្រុម​ដែល​មាន​និន្នាការ​ធ្វើ​រដ្ឋប្រហារ​លើ​កម្ពុ​ជា ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​បង្ហាញ​អំពី​ការទទួលខុសត្រូវ​ចំពោះ​សណ្តាប់ធ្នាប់​សាធារណៈ»

ជា​រៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ទិវា​គ្រូបង្រៀន​ពិភពលោក​ថ្ងៃ​ទី​៥ ខែ​តុលា ក្រុម​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង តែងតែ​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ជូន​ពួកគាត់ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ពង្រឹង​គុណភាព​បង្រៀន​។ បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន​នេះ ក៏​ត្រូវ​បាន​គណបក្ស​នយោបាយ​ផ្សេងៗ យក​ធ្វើជា​ប្រធានបទ​រិះគន់​របប លោក ហ៊ុន សែន ជា​ញឹកញាប់​ដែរ​។​

ជាទូទៅ​ឲ្យ​តែ​ជិត​ដល់ពេល​បោះឆ្នោត​ម្តងៗ របប​លោក ហ៊ុន សែន តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​ចំពោះ​ក្រុម​អ្នកមាន​សំឡេងឆ្នោត​ខ្លាំង ដូចជា ក្រុម​កម្មករ​រោងចក្រ គ្រូបង្រៀន និង​សិស្ស​និស្សិត​ជាដើម​។ ប៉ុន្តែ​ក្រោយពេល​បោះឆ្នោត​រួច​ហើយ​នោះ របប​លោក ហ៊ុន សែន តែងតែ​ប្រ​ងើយ​កន្តើយ​ចំពោះ​ម្ចាស់​ឆ្នោត​។ កន្លងមក​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ធ្លាប់ បាញ់សម្លាប់ និង​វាយ​បង្ក្រាប​កម្មករ នៅ​ពេល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល រីឯ​គ្រូបង្រៀន​វិញ ត្រូវ​បាន​រារាំង និង​បង្ក្រាប​ពេល​ដើរ​ដាក់​ញត្តិ​ទាមទារ​ប្រាក់ខែ ហើយ​គ្រូបង្រៀន​ណា​ដែល​មាន​និន្នាការ​ទៅរក​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​របស់​ក្រសួង​អប់រំ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល