គ្រូបង្រៀន​មួយ​ចំនួន​នៅ​កំពង់ធំ​មិន​បាន​បើក​ប្រាក់​ថែម​ម៉ោង​និង​ប្រាក់​ចូល​និវត្តន៍

ដោយ សូត សុខប្រាថ្នា
2015-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ និង​អនុវិទ្យាល័យ​នៅ​ខេត្ត​កំពង់ធំ មិន​បាន​ទទួល​ប្រាក់​ម៉ោង​ជិត ២​ត្រីមាស​មក​ហើយ។ គ្រូបង្រៀន​ទាំង​នោះ ចង់​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ថវិកា​ខ្លះ​គ្រាន់​ទៅ​ធ្វើ​បុណ្យ។ មន្ត្រី​រតនាគារ ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ត្រឹម​ដំណាច់​ខែ​មីនា។

មន្ត្រី​រតនាគារ​ខេត្ត​កំពង់ធំ សន្យា​ថា​នឹង​ផ្តល់​ប្រាក់​បន្ថែម​ម៉ោង​សម្រាប់​ត្រីមាស​ទី​១ របស់​ក្រុម​គ្រូបង្រៀន​ក្នុង​ខេត្ត​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ដើម​សប្ដាហ៍​ក្រោយ។

ប្រធាន​រតនាគារ​ខេត្ត​កំពង់ធំ លោក ពត សាន មាន​ប្រសាសន៍​ថា ប្រាក់​ម៉ោង​សម្រាប់ ៣​ខែ ឬ​ត្រីមាស​ទី​មួយ នឹង​ទទួល​បាន​នៅ​សប្ដាហ៍​ក្រោយ ពីព្រោះ​ខាង​រតនាគារ​បាន​បញ្ជូន​ឯកសារ និង​កាល​វិភាគ​សម្រាប់​បើក​ប្រាក់​ម៉ោង​ទៅ​មន្ទីរ​អប់រំ​រួច​រាល់​ហើយ។ លោក​បញ្ជាក់​ថា ខាង​រតនាគារ​គិតគូរ​លើ​បញ្ហា​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​រាជការ​ណាស់ ពីព្រោះ​ជា​បញ្ហា​អាទិភាព៖ «យើង​ទទួល​បាន​ថ្ងៃ​ជិត ២០​ទៅ​ហើយ ហើយ​យើង​ត្រូវ​ការ​ពេលវេលា​ដើម្បី​រៀបចំ។ ហើយ​យើង​ត្រូវ​បើក​តាម​ប្រព័ន្ធ​ធនាគារ»

ការ​អះអាង​របស់​មន្ត្រី​រតនាគារ​នេះ នៅ​ក្រោយ​ពេល​ដែល​ក្រុម​គ្រូបង្រៀន​ក្នុង​ខេត្ត​កំពង់ធំ ត្អូញត្អែរ​ថា ពុំ​បាន​ទទួល​ប្រាក់​បន្ថែម​ម៉ោង​នោះ​អស់​រយៈពេល ៥​ខែ​មក​ហើយ​សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥។ ពួក​គាត់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​លទ្ធផល​វិជ្ជមាន​ទេ។

នាយក​វិទ្យាល័យ ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ លោក ផៃ នន មាន​ប្រសាសន៍​ថា នៅ​ក្នុង​សាលា​របស់​លោក​មាន​គ្រូ​ជិត ១០​នាក់​ដែល​បង្រៀន​លើស​ម៉ោង ហើយ​បើ​សរុប​ប្រាក់​ម៉ោង​សម្រាប់​ពួក​គាត់​តាំង​ពី​ចូល​កង​មក គឺ​អាច​បាន​ម្នាក់​ប្រហែល ២​លាន​រៀល។ លោក​បាន​សួរ​រឿង​នេះ​ទៅ​ខាង​គណនេយ្យ​ហិរញ្ញវត្ថុ ប៉ុន្តែ​ចម្លើយ​គឺ​មិន​ដឹង​ដូច​គ្នា៖ «ប្រាក់​ម៉ោង​ហ្នឹង​វា​មិន​មែន​ម៉េច​ទេ។ តែ​វា​មិន​ឃើញ​បើក​តាំង​ពី​ចូល​កង​មក​ដល់​នេះ អត់​ឃើញ​បើក​សោះ។ គ្រូៗ​ចេះ​តែ​រអ៊ូ​ដាក់​ខ្ញុំ បាន​ខ្ញុំ​សួរ»

លោក​ស្នើ​ឲ្យ​ខាង​ក្រសួង គប្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ត្រូវ​បើក​ប្រាក់​ម៉ោង​សរុប​ជូន​គ្រូបង្រៀន​ទាំងអស់ ដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​ថវិកា​សម្រាប់​ធ្វើ​បុណ្យ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ។

ស្រដៀង​គ្នា​នេះ គ្រូបង្រៀន​នៅ​វិទ្យាល័យ ទ្រា ឋិត​នៅ​ក្នុង​ស្រុក​បារាយណ៍ លោក ញ៉ែម ផាន់នី មាន​ប្រសាសន៍​ថា ត្បិត​តែ​ប្រាក់​ម៉ោង​ពួក​គាត់​តិចតួច​ក៏​ពិត​មែន ក៏ប៉ុន្តែ​វា​អាច​ជួយ​បំពេញ​សេចក្តី​ខ្វះខាត​របស់​ពួក​គាត់​បាន​មួយ​ផ្នែក​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ៖ «គ្រូ​នៅ​វិទ្យាល័យ ទ្រា ក៏ដូចជា​ទូទាំង​ប្រទេស​ដែរ គាត់​ខិតខំ​ប្រឹង​បង្រៀន​យក​ប្រាក់​ម៉ោង​មួយ​ម៉ោង ២.៦០០​រៀល​សម្រាប់​គ្រូ​កម្រិត​មូលដ្ឋាន និង ៥.២០០​រៀល​សម្រាប់​កម្រិត​បរិញ្ញាបត្រ ដោយ​មិន​បាន​ធ្វើ​ការងារ​អី​ទៀត​ទេ ខំ​ប្រឹង​មក​បង្រៀន​យក​ប្រាក់​ម៉ោង​ហ្នឹង​បាន​យក​ទៅ​ដោះស្រាយ​ជីវភាព»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ លោក ជូ វុនធី មាន​ប្រសាសន៍​ថា ខាង​លោក​បាន​បញ្ជូន​សំណើ​ទៅ​ខាង​រតនាគារ​រួច​ហើយ ប៉ុន្តែ​អាច​រតនាគារ​មិន​មាន​ប្រាក់៖ «អេ! ប្រាក់​ម៉ោង​ទៅ​ដល់​រតនាគារ​ហើយ ប៉ុន្តែ​រតនាគារ​មិន​មាន​លុយ»

យ៉ាង​ណា​លោក​ថា ប្រសិន​បើ​មាន​ប្រាក់​មក​ដល់​ពេល​ណា គេ​ក៏​បើក​ជូន​លោកគ្រូ​អ្នកគ្រូ​មិន​ខាន​ឡើយ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​រតនាគារ​ខេត្ត​កំពង់ធំ លោក ពត សាន មាន​ប្រសាសន៍​ថា មិន​មែន​ខាង​រតនាគារ​ជួប​បញ្ហា​ថវិកា​នោះ​ទេ ប៉ុន្តែ​ដោយសារ​ខាង​មន្ទីរ​អប់រំ ទើប​បញ្ជូន​ឯកសារ​មក​ខាង​រតនាគារ និង​ម្យ៉ាង​ទៀត ប្រព័ន្ធ​បើក​ប្រាក់​ម៉ោង​ថ្មី គឺ​ត្រូវ​បញ្ចូល​ក្នុង​គណនេយ្យ​ធនាគារ​របស់​គ្រូបង្រៀន​ទាំងអស់ ទើប​ខាង​រតនាគារ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ធ្វើ​ការងារ​នេះ។

ក្រៅ​ពី​បញ្ហា​ប្រាក់​ម៉ោង គ្រូបង្រៀន​ក៏​មាន​បញ្ហា​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​អប់រំ​នៅ​ខេត្ត​កំពង់ធំ ដែល​ចូល​និវត្តន៍ ក៏​មិន​ទាន់​ទទួល​បាន​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។ ជាក់ស្ដែង មន្ត្រី​ចូល​និវត្តន៍​នៅ​ការិយាល័យ​អប់រំ​ស្រុក​កំពង់ស្វាយ លោក ឈិន ឆន មាន​ប្រសាសន៍​ថា តាំង​ពី​លោក​ចូល​និវត្តន៍​ប្រមាណ ៨​ខែ​មក គឺ​មិន​ដែល​ទទួល​ប្រាក់​ខែ​ចូល​និវត្តន៍​ទេ។ លោក​ចង់​ឲ្យ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ពន្លឿន​បញ្ហា​នេះ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ ពីព្រោះ​មាន​មន្ត្រី​ចូល​និវត្តន៍​ជាច្រើន​ទៀត​ដែល​កំពុង​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​របស់​ខ្លួន។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដដែលៗ​កើត​មាន​សម្រាប់​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ឡើយ ប៉ុន្តែ​គឺ​អាស្រ័យ​ត្រង់​ថា តើ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ដោះស្រាយ​ឬ​អត់? លោក​យល់​ថា មក​ដល់​ដំណាក់​កាល​នេះ​ហើយ ពុំ​គួរ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ​ចោទ​ឡើង​ទៀត​ទេ៖ «បើ​យើង​ពិនិត្យ​មើល​ទៅ​វា​អត់​មាន​អី​ចំណោទ​ទេ ចំណោទ​ត្រង់​ថា​ចំណាត់​ការ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ ថវិកា​ជាតិ​ត្រូវ​បាន​សភា​អនុម័ត​ឲ្យ​ប្រើប្រាស់​ហើយ។ ដូច្នេះ​មិន​អាច​ប្រកែក​ថា​មិន​មាន​លុយ មិន​សាច់​ប្រាក់​អី​ទេ»

លោក​បន្ថែម​ទៀត​ថា បញ្ហា​ជីវភាព​គ្រូបង្រៀន គឺ​ជា​គន្លឹះ​ដើម្បី​កែលំអ​ការ​អប់រំ​ទាំង​មូល ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​ទាំង​នេះ​មិន​ត្រូវ​បាន​កែលំអ​ទេ គឺ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មួយ​ផ្នែក​ដល់​វិស័យ​អប់រំ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Don't worry when we have money we will pay you.Our government won't let you die,but you die by yourself.

Mar 28, 2015 01:51 PM

អ្នក​អាន​អនាមិក

មកដល់ថ្ងៃនេះ28-03-2015 ប្រាក់ម៉ោងនៅខេតកណ្កាលក៏
មិនទាន់បេីកដែរ

Mar 28, 2015 11:18 AM

គេហទំព័រ​ទាំងមូល