គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវ​ព្យួរ​ការងារ​ស្នើ​ក្រសួង​ស៊ើប​អង្កេត​និង​ផ្ដល់​យុត្តិធម៌

ដោយ ដែន អយុធ្យា
2015-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សឿន ធី មន្ត្រី​ការិយាល័យ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម ដែល​ក្រសួង​អប់រំ សម្រេច​កាត់​ប្រាក់​បៀវត្សរ៍ និង​ព្យួរ​ការងារ​ពេញ​មួយ​ឆ្នាំ​ចោទ​អសកម្ម​ការងារ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥។
លោក សឿន ធី មន្ត្រី​ការិយាល័យ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម ដែល​ក្រសួង​អប់រំ សម្រេច​កាត់​ប្រាក់​បៀវត្សរ៍ និង​ព្យួរ​ការងារ​ពេញ​មួយ​ឆ្នាំ​ចោទ​អសកម្ម​ការងារ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​ផ្ដិត​ស្នាម​មេដៃ​ស្នើ​ឲ្យ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​លុប​ចោល​សេចក្តី​សម្រេច​របស់​ក្រសួង​អប់រំ ដែល​ប្រកាស​កាត់​ប្រាក់​ខែ និង​ព្យួរ​ការងារ​គ្រូបង្រៀន​ម្នាក់​ពេញ ១​ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​អប់រំ​ក្រុង​ព្រះសីហនុ។

គ្រូបង្រៀន​ដែល​ត្រូវ​ក្រសួង​អប់រំ កាត់​ប្រាក់​ខែ​ពេញ ១​ឆ្នាំ បាន​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា​មាន​ភាព​អយុត្តិធម៌​មក​លើ​ខ្លួន ហើយ​ក្រសួង​មិន​បាន​បញ្ជូន​មន្ត្រី​អធិការកិច្ច​ចុះ​ស៊ើប​អង្កេត​ទេ មុន​នឹង​ចេញ​សេចក្តី​សម្រេច​នេះ។

មន្ត្រី​ការិយាល័យ​ក្រុង​ខេត្ត​ព្រះសីហនុ ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម​ម្នាក់ ឈ្មោះ សឿន ធី បាន​តវ៉ា​ពី​ភាព​អយុត្តិធម៌​មក​លើ​ខ្លួន បន្ទាប់​ពី លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចេញ​សេចក្តី​សម្រេច​កាត់​ប្រាក់​បៀវត្សរ៍ និង​ព្យួរ​ទុក​ការងារ​ឲ្យ​នៅ​ទំនេរ​ពេញ ១​ឆ្នាំ ដោយ​ចោទ​ថា អសកម្ម​ការងារ។

បញ្ហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើ​ដល់ លោក ហង់ ជួនណារ៉ុន ឲ្យ​ពិចារណា​ករណី​នេះ​ឡើង​វិញ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្រសួង​មិន​ទាន់​ឆ្លើយ​តប​បែប​ណា​ទេ៖ «លោកគ្រូ សឿន ធី ត្រូវ​បាន​មន្ត្រី​ថ្នាក់​លើ​ដាក់​គំនាប និង​គាប​សង្កត់​ផ្នែក​សេដ្ឋកិច្ច និង​ការងារ​គ្រប់​បែប​យ៉ាង នៅ​គ្រា​រូប​លោក​កំពុង​បំពេញ​ការងារ​ជា​ប្រចាំ​ថ្ងៃ។ ដោយ​ឡែក​គ្រូបង្រៀន​មួយ​ចំនួន​ទៀត​ដែល​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ខាង​ក្រៅ នៅ​បន្ត​បើក​ប្រាក់​បៀវត្សរ៍​ជា​ប្រចាំ​ខែ និង​គ្មាន​ការ​ដាក់​ពិន័យ​អ្វី​នោះ​ទេ។ ចំណុច​ទាំងអស់​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ត្រូវ​ពិនិត្យ និង​ពិចារណា​ឡើង​វិញ»

បន្ថែម​លើ​នេះ ក្រុម​គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស​នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​រួម​គ្នា​ផ្ដិត​ស្នាម​មេដៃ​មាន​ចំនួន​ជាង ៣០​នាក់ គាំទ្រ លោក សឿន ធី និង​អំពាវនាវ​ដល់ លោក ហង់ ជួនណារ៉ុន ពិចារណា​លុប​សេចក្តី​សម្រេច​របស់​ក្រសួង​អប់រំ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​គ្រូបង្រៀន​រូប​នេះ។

មន្ត្រី​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម​បម្រើ​ការងារ​នៅ​ការិយាល័យ​អប់រំ​ក្រុង​ព្រះសីហនុ លោក សឿន ធី មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ ចោទ​រូប​លោក​ថា​អសកម្ម​ការងារ គឺ​នៅ​គ្រា​រូប​លោក​កំពុង​បំពេញ​ការងារ​ជា​ប្រចាំ​ថ្ងៃ ហើយ​ថា ការ​ដាក់​ពិន័យ​នេះ ក្រសួង​អប់រំ អនុវត្ត​ទៅ​តាម​របាយការណ៍​របស់​ប្រធាន​មន្ទីរ​អប់រំ ឬ​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ព្រះសីហនុ តែ​ប៉ុណ្ណោះ ហើយ​គ្មាន​ការ​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ៖ «ខ្ញុំ​សូម​ស្នើ​ដល់ លោក ហង់ ជួនណារ៉ុន ឲ្យ​ពិចារណា​ចំពោះ​សេចក្តី​សម្រេច​កាត់​ប្រាក់​ខែ និង​ព្យួរ​ការងារ​របស់​ខ្ញុំ​ពេញ ១​ឆ្នាំ​ឡើង​វិញ។ ជាង​នេះ ក៏​ត្រូវ​បញ្ជូន​មន្ត្រី​អធិការកិច្ច​ចុះ​ស៊ើប​អង្កេត​លើ​ករណី​កាត់​ប្រាក់​ខែ​របស់​ខ្ញុំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ជឿ​តែ​ទៅ​លើ​របាយការណ៍​របស់​ប្រធាន​មន្ត្រី​អប់រំ និង​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ព្រះសីហនុ ដែល​មាន​គំនិត​ទុច្ចរិត​មក​លើ​រូប​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​បាទ​មាន​សកម្មភាព​ការងារ​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ យ៉ាង​សកម្ម​កន្លង​មក»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​កាល​ពី​ថ្ងៃ​ទី​២៩ មករា។

បញ្ហា​នេះ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា លោក សឿន ធី ពិត​ជា​មាន​កំហុស​ឆ្គង ឬ​អសកម្ម​ការងារ​ពិត​មែន៖ «បើ លោក សឿន ធី គ្មាន​កំហុស​ឆ្គង គឺ​មិន​មែន​ក្រសួង​ចេញ​សេចក្តី​សម្រេច​ព្យួរ​ការងារ​ឲ្យ​នៅ​ទំនេរ និង​កាត់​ប្រាក់​បៀវត្សរ៍​ពេញ ១​ឆ្នាំ​នោះ​ទេ។ គ្រូបង្រៀន​រូប​នេះ​ពិត​ជា​មាន​កំហុស​ឆ្គង​មិន​អាច​ប្រកែក​បាន​ទេ»

សេចក្តី​សម្រេច​របស់​ក្រសួង​អប់រំ បាន​ប្រកាស​ថា លោក សឿន ធី ត្រូវ​ក្រសួង​ពិន័យ​មិន​បើក​ប្រាក់​ខែ​ជូន​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ព្រោះ​អសកម្ម​ការងារ។ ប៉ុន្តែ​ការ​សម្រេច​នេះ លោក សឿន ធី បាន​ស្នើ​ដល់ លោក​បណ្ឌិត ហង់ ជួនណារ៉ុន ឲ្យ​លើក​យក​ករណី​របស់​លោក​មក​ពិចារណា​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក ព្រោះ​ការ​ដាក់​ពិន័យ​នេះ​នៅ​គ្រា​រូប​លោក​កំពុង​បំពេញ​ការងារ​ជា​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល