សមាជិក​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ​អំពាវនាវ​គ្រូ​នៅ​តាកែវ​ពិចារណា​ឈប់​បង់​វិភាគទាន

ដោយ វោហារ ជាតិ
2015-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សមាជិក​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ ហៅ​កាត់​ថា ស.ប.ស.ខ នៅ​ខេត្ត​តាកែវ អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​នៅ​ខេត្ត​តាកែវ ឲ្យ​ពិចារណា​មើល​ថា តើ​លោកគ្រូ​អ្នកគ្រូ​គួរ​បន្ត​បង់​ប្រាក់​វិភាគទាន​ប្រចាំ​ខែ​ចំនួន ៣០០​រៀល ទៅ​ឲ្យ​សមាគម​បន្ត​ទៅ​ទៀត ឬ​យ៉ាង​ណា?

លោក នី ចន្ទតារាវុធ គ្រូបង្រៀន​នៅ​ស្រុក​ត្រាំកក់ និង​ជា​សមាជិក​សមាគម ស.ប.ស.ខ បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មេសា ថា ប្រាក់​ខែ​របស់​លោក រួម​ទាំង​លោកគ្រូ​អ្នកគ្រូ​ដែល​ជា​សមាជិក ស.ប.ស.ខ ក្នុង​ខេត្ត​ចំនួន​ជាង ៦​ពាន់​នាក់​ទៀត ត្រូវ​បាន​សមាគម​កាត់​រៀង​រាល់​ខែ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា ប្រាក់​ដែល​សមាគម​កាត់​យក​រាល់​ខែ​នោះ គឺ​ទុក​សម្រាប់​ចំណាយ​លើ​ផ្ទះ​សំណាក់​គ្រូបង្រៀន នៅ​ពេល​ដែល​លោកគ្រូ​អ្នកគ្រូ​ណា​ត្រូវ​ការ​ស្នាក់នៅ​ផ្ទះ​សំណាក់​គ្រូបង្រៀន ពេល​បំពេញ​ការងារ។ ប៉ុន្តែ​លោក​ថា លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​នៅ​តែ​ចេញ​លុយ​ហោប៉ៅ​ខ្លួន​ឯង​ឲ្យ​ថ្លៃ​ផ្ទះ​សំណាក់​គ្រូបង្រៀន​ពេញ​ថ្លៃ​ដដែល ពេល​ចូល​ផ្ទះ​សំណាក់​គ្រូបង្រៀន៖ «ខ្ញុំ​សុំ​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ដែល​ជា​សមាជិក​បុគ្គលិក​សិក្សា​ខ្មែរ បង់​លុយ​រាល់​ខែ ៣០០​រៀល​រាល់​ខែ ពិចារណា​មើល តើ​គួរ​បង់ ៣០០​រៀល​ជូន​ឲ្យ​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ​ហ្នឹង ឬ​មួយ​យ៉ាង​ណា? ខ្ញុំ​គិត​ថា សម្រាប់​យើង​ម្នាក់ ៣០០​រៀល គឺ​វា​តិច​ណាស់ តែ​បូក​គ្នា​ច្រើន​ទៅ ទៅ ១​ពាន់ ២​ពាន់ បី​បួន​ប្រាំ​ពាន់​នាក់​ទៅ​វា​ច្រើន វា​បាន​រាប់​លាន​ដែរ​ក្នុង​មួយ​ខែៗ...»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សមាគម ស.ប.ស.ខ ខេត្ត​តាកែវ បាន​ទេ​នៅ​ថ្ងៃ​ទី​២១ មេសា ដើម្បី​សួរ​ព័ត៌មាន​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល