គ្រូបង្រៀន​នៅ​វិទ្យាល័យ​សុខ​អាន​ក្តី​ទន្ទឹម​ស្នើ​ក្រសួង​អប់រំ​ពន្លឿន​នីតិវិធី​ដក​តំណែង​នាយក

ដោយ អ៊ុក សាវបូរី
2015-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ក្នុង​ឃុំ​ជើងគួន ស្រុក​សំរោង ខេត្ត​តាកែវ។
វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ក្នុង​ឃុំ​ជើងគួន ស្រុក​សំរោង ខេត្ត​តាកែវ។
Photo Provided

លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម កំពុង​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​អប់រំ ជាង ២​ខែ​មក​ហើយ​លើ​បណ្ដឹង​សុំ​ដក​នាយក​សាលា។ បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ឲ្យ​ដឹង​ថា លោក​បាន​ឲ្យ​អាជ្ញាធរ​ខេត្ត​តាកែវ ដោះស្រាយ​បន្ត ចំណែក​ក្រសួង​អប់រំ កំពុង​សិក្សា​លើ​របាយការណ៍​ជុំវិញ​រឿង​នេះ​បន្ថែម។

គ្រូៗ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ក្នុង​ឃុំ​ជើងគួន ស្រុក​សំរោង ខេត្ត​តាកែវ សុំ​ឲ្យ​ក្រសួង​អប់រំ ពន្លឿន​ការ​អនុវត្ត​ច្បាប់​ជុំវិញ​រឿង​សុំ​ដក​នាយក​សាលា​ពី​តំណែង។ ការ​ស្នើសុំ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​អធិការកិច្ច​ក្រសួង​អប់រំ ជួប​ចរចា​ជាមួយ​គ្រូៗ អាជ្ញាធរ​ខេត្ត និង​នាយក​សាលា កាល​ពី​ខែ​ឧសភា ហើយ​សន្យា​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

តំណាង​គ្រូៗ​តវ៉ា លោក មាស ម៉ុង ឲ្យ​ដឹង​ថា មន្ត្រី​អធិការកិច្ច​ក្រសួង​អប់រំ បាន​សម្រប​សម្រួល​ឲ្យ​ពួក​គាត់​ធ្វើ​ជា​នាយក​រង ២​នាក់ ដើម្បី​បញ្ចប់​រឿង។ ប៉ុន្តែ​ពួក​គាត់​គិត​ថា ការ​ស្នើ​ឲ្យ​ពួក​គាត់​ឡើង​ឋានៈ​នាយក​រង ហាក់​ដូចជា​រុញ​ឲ្យ​ពួក​គាត់​ចូលរួម​ទៅ​ក្នុង​កញ្ចប់​ពុក​រលួយ ព្រោះ​ពួក​គាត់​ទាមទារ​ដក​នាយក ដោយសារ​នាយក​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ។ លោក​ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ ពិចារណា​ឡើង​វិញ៖ «ដល់​ថ្ងៃ​កំណត់ ២​ខែ​នេះ​ហើយ អត់​ទាន់​ឃើញ​សេចក្តី​សម្រេច​ណា​មួយ​ឲ្យ​មក​ពួក​ខ្ញុំ​អស់​ចិត្ត​សោះ ហើយ​ឥឡូវ​ហ្នឹង ពួក​ខ្ញុំ​ធ្វើ​ការ​ទាំង​មើល​មុខ​គ្នា​មិន​ចំ​ទេ ហើយ​មាន​តែ​ការ​គុំកួន»

បន្ថែម​លើ​នោះ លោកគ្រូ ចាប សុផាត ថ្លែង​ថា អភិបាល​ខេត្ត​តាកែវ បាន​សន្យា​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។ ពួក​គាត់​រង់ចាំ​មក​ដល់​ថ្ងៃ​នេះ មិន​មាន​ចំណាត់​ការ​ពី​អាជ្ញាធរ​ខេត្ត និង​ក្រសួង​អប់រំ នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ពួក​គាត់​ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ ក៏​ដូច​អភិបាល​ខេត្ត ពន្លឿន​ការ​ដោះស្រាយ​វិវាទ​រវាង​គ្រូ និង​នាយក​សាលា សុខ អាន ក្តី​ទន្ទឹម៖ «សំណូមពរ​ថា ឲ្យ​ក្រសួង​ហ្នឹង​ចាត់​វិធានការ​ជា​បន្ទាន់ ព្រោះ​អី​សតិ​អារម្មណ៍​របស់​លោកគ្រូ​អ្នកគ្រូ ដូចជា​មាន​បញ្ហា បើ​សិន​ជា​បន្ត​នៅ​ឆ្នាំ​ក្រោយ​ទៀត ក៏​នៅ​តែ​មាន​បញ្ហា​ដដែល»

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ ថ្លែង​ថា លោក​បាន​បញ្ជូន​ឲ្យ​មន្ទីរ​អប់រំ​ខេត្ត ដោះស្រាយ​បញ្ហា​កើត​ឡើង​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម នោះ​ហើយ ប៉ុន្តែ លោក ស៊ីវ សុខន ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​តាកែវ បំភ្លឺ​ថា របាយការណ៍​ទាំងអស់​បាន​ផ្តល់​ទៅ​ក្រសួង​អប់រំ អស់​ហើយ។

ក្នុង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន ថ្លែង​ថា កំពុង​សិក្សា​របាយការណ៍​បន្ថែម​ពី​ជម្លោះ​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម នោះ៖ «ក្នុង​ករណី​អធិករណ៍​នេះ យើង​បាន​រៀបចំ​ត្រួត​ពិនិត្យ​ហើយ ហើយ​ក្រសួង​ក៏​បាន​ចាត់​ចែង​ក្រុម​ការងារ​មាន​ក្រុម​អធិការកិច្ច ហើយ​យើង​បាន​ធ្វើ​ការ​ជាមួយ​មន្ទីរ ហើយ​បញ្ជូន​ព័ត៌មាន​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​ត្រួត​ពិនិត្យ​បន្ត»

ថ្លែង​ការពារ​ខ្លួន​ក្រោយ​រង​នូវ​ការ​ចោទ​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​វិទ្យាល័យ លោក ឡុង អិត នាយក​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ឲ្យ​ដឹង​ថា រូប​គាត់ និង​នាយក​រង ២​នាក់​ទៀត បាន​ទៅ​បំភ្លឺ​នៅ​មន្ទីរ​អប់រំ​ខេត្ត​តាកែវ និង​អាជ្ញាធរ​ខេត្ត​តាកែវ រឿង​ចំណាយ​លុយ​ទ្រទ្រង់​នោះ​ចប់​សព្វគ្រប់​អស់​ហើយ។ លោក​បញ្ជាក់​ទៀត​ថា លោក​អនុវត្ត​តាម​ការ​ណែនាំ​ពី​ក្រសួង​អប់រំ ត្រឹមត្រូវ។

ទោះ​យ៉ាង​ណា គ្រូៗ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ដែល​បាន​ប្ដឹង​សុំ​ដក​នាយក​សាលា​ពី​តំណែង​នេះ ដោយសារ​ពួក​គាត់​រក​ឃើញ​លុយ​ជំនួយ​ទ្រទ្រង់​សាលា ភីប៊ី (PB) និង​លុយ​ជំនួយ​សិស្ស​ក្រីក្រ (SIG) ច្រើន​លាន​រៀល ត្រូវ​បាន​នាយក​ចាយ​មិន​ត្រឹមត្រូវ ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក​ដល់​បច្ចុប្បន្ន។ បញ្ហា​នេះ ទើប​ពួក​គាត់​ប្ដឹង​រឿង​នោះ​ទៅ​អាជ្ញាធរ​ខេត្ត​តាកែវ ក្រសួង​អប់រំ ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋសភា ជាដើម សុំ​ដក​តំណែង​នាយក​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម នេះ និង​សុំ​ឲ្យ​ស៊ើប​អង្កេត​ដោយ​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល