គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​​ឆ្នុកទ្រូ​ព្រមាន​ធ្វើ​កូដកម្ម​ប្រឆាំង​ការ​តែងតាំង​នាយក​សាលា​ថ្មី

ដោយ ជិន ជេដ្ឋា
2015-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​ឆ្នុកទ្រូ ក្នុង​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ខែ​​កញ្ញា ឆ្នាំ​២០១២
សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​ឆ្នុកទ្រូ ក្នុង​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ខែ​​កញ្ញា ឆ្នាំ​២០១២
RFA/Mom Sophon

ក្រុម​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ព្រមាន​ធ្វើ​កូដកម្ម​មិន​​បង្រៀន​សិស្ស ប្រសិនបើ​មាន​សេចក្ដី​សម្រេច​ណា​មួយ​ពី​ថ្នាក់​លើ​តែងតាំង​នាយក​សាលា​ថ្មី​ខុស​ពី​ការ​បោះឆ្នោត​ជ្រើសរើស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ ប្រតិកម្ម​នេះ កើត​មាន​​បន្ទាប់​ពី​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក អ្នកស្រី ម៉ី ហួ ចាត់​តាំង​ផ្ទាល់​មាត់​ឲ្យ​លោក យ៉ង់ គឹមសាន្ដ កាន់​ការ​ជា​នាយក​សាលា។

តំណាង​គ្រូ​បង្រៀន​ម្នាក់​ អ្នកគ្រូ អ៊ូ សុផារី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា អ្នកគ្រូ និង​គ្រូ​បង្រៀន​ចំនួន ៧​នាក់​ផ្សេង​ទៀត មិន​ពេញ​ចិត្ត​នឹង​ការ​ចាត់តាំង​នាយក​សាលា​ថ្មី​នេះ​ឡើយ ហើយ​បាន​សរសេរ​បដា​តវ៉ា​នៅ​ក្នុង​បរិវេណ​សាលា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្រប​ពេល​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន គ្មាន​សិស្ស​បង្រៀន។ អ្នកគ្រូ​ថា ការ​តវ៉ា​កន្លង​មក​មិន​ប៉ះពាល់​ដល់​ការ​បង្រៀន​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​នៅ​ថ្ងៃ​ខាង​មុខ​មាន​លិខិត​តែងតាំង​ផ្លូវការ​ឲ្យ​លោក យ៉ង់ គឹមសាន្ដ ឡើង​ធ្វើ​ជា​នាយក​សាលា​នេះ​មែន​នោះ ក្រុម​គ្រូ​បង្រៀន​នឹង​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​រហូត​ដល់​មាន​ដំណោះស្រាយ​តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​នាយក​សាលា​បឋម​សិក្សា​ឆ្នុក​ទ្រូ​ថ្មី​ជំនួស​ឲ្យ​នាយក​ដែល​ចូល​និវត្តន៍។​ លទ្ធផល​​ឆ្នោត​កាល​ណោះ គឺ​អ្នកគ្រូ អ៊ូ សុផារី ទទួល​បាន ១០​សំឡេង លោក​គ្រូ សូត ផារី ទទួល​បាន ៥​សំឡេង និង​លោក យ៉ង់ គឹមសាន្ដ ដែល​ទើប​កាន់​ការ​ជា​នាយក​ថ្មី​នេះ​ទទួល​បាន ១​សំឡេង។

ទាក់ទង​បញ្ហា​នេះ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរិបូរណ៍ អ្នកស្រី ម៉ី ហួ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​អ្នកស្រី​បញ្ជាក់​ថា កំពុង​ជាប់​រវល់ ហើយ​បើ​ចង់​ដឹង​ព័ត៌មាន​ច្បាស់​ត្រូវ​ស្រាវជ្រាវ​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ខ្លួនបានតែ១សន្លឹកសោះ!បានន័យថាមិនសូវចុះសម្រុងនិងអ្នកដទៃហើយ!១សន្លឹកនេះគឺបោះខ្លួនអ៊ែងតែម្តង១ធ្វើដល់គ្រូក៏គួរយល់ថាម៉េចទៅលទ្ធិប្រជាធិបតេយ្យនោះផង!!

Feb 25, 2015 03:15 PM

អ្នក​អាន​អនាមិក

Any protest in Cambodia is not mean anything
It is not a real democracy country.Everything is under one man control and under influence of someone.Any warning protest,protest or anything mean nothing.

Feb 22, 2015 09:35 PM

គេហទំព័រ​ទាំងមូល