គ្រូបង្រៀន​នៅ​ខេត្ត​បាត់ដំបង​​ត្អូញត្អែរ​មិន​បាន​បើក​ប្រាក់​ខែ​ជិត​​មួយ​ឆ្នាំ

ដោយ ហ៊ុំ ចំរើន
2015-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​បាត់ដំបង។
ផែនទី​ខេត្ត​បាត់ដំបង។
Photo: RFA

គ្រូបង្រៀន​ជាប់​​កិច្ចសន្យា​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ជា​ច្រើន​នាក់ ត្អូញត្អែរ​បញ្ហា​មិន​បាន​បើក​ប្រាក់ខែ​បង្រៀន​ជិត​មួយ​ឆ្នាំ​មក​ហើយ។ ការ​មិន​បាន​បើក​ប្រាក់​ខែ​នេះ​​ បាន​ប៉ះពាល់​ជាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​គ្រូបង្រៀន​ ធ្វើ​ឲ្យ​ពួកគាត់​មួយ​ចំនួន​ជំពាក់​បំណុល​​គេ​ ដោយសារ​ខ្ចី​​ប្រាក់​យក​ទៅ​​ប្រើប្រាស់​ដោះស្រាយ​ជីវភាព​គ្រួសារ។

ក្រុម​គ្រូបង្រៀន​នៅ​ស្រុក​បវេល​ អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បើកប្រាក់​ខែ​​ឲ្យ​បាន​ឆាប់​ ដើម្បី​ពួកគាត់​យក​ប្រាក់​នោះ​​ទៅ​ប្រើប្រាស់​ឲ្យ​ទាន់​​ថ្ងៃ​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ខាង​មុន​នេះ។

គ្រូបង្រៀន​ជាប់​កិច្ចសន្យា​សុំ​ឲ្យ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ រស់​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង​​ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថា​ រូប​គាត់​ជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​​នៅ​ស្រុក​បវេល​ ហើយ​​បាន​ទៅ​បង្រៀន​សិស្ស​ដោយ​ពុំ​គិត​ពី​ការ​នឿយ​ហត់ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ រហូត​មក​ទល់​ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ ពុំ​ទាន់​បើក​ប្រាក់​ខែ​បង្រៀន​នៅ​ឡើយ​ទេ៖ «ពួក​ខ្ញុំ​រំពឹង​​តែ​ប្រាក់​ខែ​បង្រៀន​ដើម្បី​​ចាយវាយ​ក្នុង​គ្រួសារ ដល់​ពេល​ប្រាក់​ខែ​បើក​អត់​បាន ខ្ញុំ​ខ្ចី​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជិត​ខាង​យក​ទៅ​ប្រើប្រាស់​មួយ​រយៈ​សិន។ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ខ្ញុំ​ពុំ​មាន​ប្រាក់​សង​គេ ហើយ​​​ម្ចាស់​បំណុល​គេ​មក​ទារ​ប្រាក់​ពី​ខ្ញុំ​ស្ទើរ​រាល់​ថ្ងៃ»

​ស្រដៀង​គ្នា​នេះ​ដែរ គ្រូបង្រៀន​​បឋម​សិក្សា​នៅ​ស្រុក​បវេល ម្នាក់​ទៀត​ថ្លែង​ថា គ្រូបង្រៀន​ជាប់​កិច្ចសន្យា​នៅ​ស្រុក​បវេល ទាំង​អស់​ប្រមាណ ៦០​នាក់ ពុំ​ទាន់​បើក​ប្រាក់​ខែ​បង្រៀន​នៅ​ឡើយ​ទេ។គ្រូបង្រៀន​រូប​នេះ​បន្ត​ថា​ សព្វ​ថ្ងៃ​រូប​គាត់​រវល់​ទៅ​បង្រៀន​សិស្ស​ដោយ​ពុំ​បាន​ចេញ​ទៅ​ធ្វើ​ការងារ​ក្រៅ​ពី​ការ​បង្រៀន​នោះ​ទេ។ ការ​មិន​​បើក​ប្រាក​ខែ​បង្រៀន​ជិត​មួយ​ឆ្នាំ​មក​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ពួកគាត់ គឺ​ពុំ​មាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ៖ «តំបន់​ខ្ញុំ​រស់​នៅ​ពិបាកធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​មិន​រួច​ទេ​ក្នុង​រដូវ​វស្សា។ ពួក​ខ្ញុំ​បាន​ត្រឹម​តែ​សួរ​គ្នា​ទៅ​វិញ​ពី​រឿង​ប្រាក់​ខែ​នេះ​ ពី​ព្រោះ​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មិន​ទាន់​សង​គេ​នៅ​ឡើយ»

​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បវេល​ លោក​ អោក សន្ធឹក​ ទទួល​ស្គាល់​ថា គ្រូបង្រៀន​ជាប់​កិច្ច​សន្យា​ទូទាំង​ខេត្ត​បាត់ដំបង ប្រមាណ​ជាង ៤០០​នាក់​​ ពិត​ជា​ពុំ​ទាន់​ទទួល​បាន​​​ប្រាក់​ខែ​បង្រៀន​ជិត​មួយ​ឆ្នាំ​ប្រាកដ​មែន។ ប៉ុន្តែ​លោក​អះអាង​ថា​ បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ចំនួន​គ្រូបង្រៀន​ច្រើន​លើស​ពី​កញ្ចប់​ថវិកា​ដែល​​ក្រសួង​អប់រំ បាន​កំណត់​ ទើប​ធ្វើ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ ដើម្បី​បើក​ឲ្យ​គ្រូបង្រៀន​ទាន់​ពេល​​ដូច​ឆ្នាំ​មុនៗ៖ «បាទ! កញ្ចប់​ថវិកា​របស់​​ក្រសួង​អប់រំ សម្រាប់​បើក​ឲ្យ​គ្រូបង្រៀន​មាន​ត្រឹម​តែ​ជាង ៣០០​នាក់​ទេ ដល់​យើង​មាន​​គ្រូបង្រៀន​ចំនួន​ច្រើន​ជាង​​ការ​កំណត់​នេះ ទើប​ធ្វើ​ឲ្យ​រាំង​ស្ទះ»

​ទោះ​ជា​យ៉ាង​នេះ​ក្ដី​​​​​​​​​​​​ ប្រធាន​សមាគម​គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ ខេត្ត​បាត់ដំបង​ លោក ម៉ែន សុខធៃ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​ពុំ​មែន​កើត​ឡើង​ដោយសារ​គ្រូបង្រៀន​មាន​ចំនួន​ច្រើន​លើស​ពី​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន បាន​កំណត់​នោះ​ទេ។

លោក​អះអាង​ថា​ កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ មាន​គ្រប់គ្រាន់​សម្រាប់​បើក​ឲ្យ​គ្រូបង្រៀន​ ប៉ុន្តែ​ចំនួន​ថវិកា​មិន​គ្រប់​គ្រាន់​នេះ​​​ ដោយសារ​សាលា​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ លួច​ធ្វើ​របាយការណ៍​បន្ថែម​​ម៉ោង​បង្រៀន​ច្រើន​ ដើម្បី​កេង​ចំណេញ​​ប្រាក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «ម្យ៉ាង​ទៀត​ បញ្ហា​នេះ​ ដោយសារ​ខាង​មន្ត្រី​អប់រំ​ខេត្ត​បាត់ដំបង មើល​តែ​របាយការណ៍​ ហើយ​ធ្វេសប្រហែស​​មិន​បាន​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​តាម​សាលា​រៀន​នីមួយៗ​ ដើម្បី​ឲ្យ​ដឹង​ពី​ចំនួន​គ្រូបង្រៀន​បាន​ត្រឹម​ត្រូវ​នោះ​ទេ»។

យ៉ាង​ណា​ប្រធាន​ការិយាល័យ​អប់រំ ស្រុក​បវេល ឲ្យ​ដឹង​ថា ខាង​ក្រសួង​អប់រំ កំពុង​ដំណើរ​រៀបចំ​ឯកសារ​ដើម្បី​បើក​​ប្រាក់​ខែ​ឲ្យ​​គ្រូបង្រៀន​ជាប់​កិច្ច​សន្យា​ទាំង​នោះ​ហើយ ដោយ​ប្រាក់​ខែ​នឹង​ធ្លាក់​ដល់​ដៃ​គ្រូបង្រៀន​យ៉ាង​យូរ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី បវេល

លោកប្រធានការិយាល័យថាកញ្ចប់ថវិការមិនគ្រប់ ចុះលោកហង់ ជូនណារុន មានប្រសាសថាឆ្នាំនេះលុយសល់ជាង 300លានដូលា ហេតុលោកប្រធានការិយាល័យថាខ្វះលុយ តើបញ្ហានេះមកពីថ្នាក់ក្រោមក្រសួងឬយ៉ាងណា?

Sep 29, 2015 08:51 AM

គេហទំព័រ​ទាំងមូល