សណ្ឋាគារ The Great Duke យល់​ព្រម​បើក​ប្រាក់​ឈ្នួល​ឲ្យ​បុគ្គលិក ក្រោយ​ ​មាន​ការ​​តវ៉ា​ច្រើន​ម៉ោង

ដោយ ម៉ៅ សុធានី
2019-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ ផ្ដល់​ឱ្យ

ថៅកែ​សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) ​បាន​បើក​ប្រាក់​ឈ្នួល​ ឲ្យ​បុគ្គលិក​សណ្ឋាគារ​វិញ​ហើយ ក្រោយ​មាន​ការ​តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ វិច្ឆិកា។ ក្រុម​កម្មករ​ និយាយ​ថា ពួកគេ​ ផ្ទុះ​ការ​តវ៉ា ជាថ្មី​នេះ ដោយសារ​ ថៅកែ​មិន​ជូន​ដំណឹង​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​តុលា។

កម្មករ​ប្រាប់​ថា ពួកគេទទួលបាន​ប្រាក់​ឈ្នួលតាមការទាមទារហើយ ក្រោយ​មាន​ការ​តវ៉ា និង​ការ​ចុះ​មក​សម្របសម្រួល​ពី​ក្រុម​អធិការ​កិច្ច ច្រើន​ម៉ោង​មក។

កម្មករ​ផ្នែក​កក់​បន្ទប់​ម្នាក់​ នៃ​សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ លោក កង ច័ន្ទសាវ៉ាឌី និយាយ​ថា ក្រុម​កម្មករ​បាន​ទទួល​​ប្រាក់​ឈ្នួល​ សម្រាប់​ខែ​តុលា គ្រប់​ចំនួន​​ហើយ ក្រោយ​ពេល​មាន​ការ​ចរចា​ រវាង​ភាគី​ថៅកែ និង​សហជីព ​រួច​មក។ លោក ថា មូលហេតុ​នៃ​ការ​តវ៉ា ដោយសារ​ ភាគី​ថៅកែ​សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក បើក​ប្រាក់​ឈ្នួល​ឲ្យ​យឺតយ៉ាវ ដោយ​មិន​ជូន​ដំណឹង​ប្រាប់​បុគ្គលិក និង​កម្មករ។ លោក​ ថា ប្រាក់​ឈ្នួល​​បើក​លើក​នេះ ជា​ប្រាក់​ឈ្នួល​សម្រាប់​ពាក់​កណ្ដាល​ខែ​តុលា និង​បញ្ចូល​លុយ​ធ្វើការ​ថ្ងៃ​ភ្ជុំបិណ្ឌ និង​ថែម​ម៉ោង៖ «ផ្ទុះ​ការ​តវ៉ា​ហ្នឹង ដោយសារ​វា ​(បើក​លុយ​យឺត) ញឹក​ញាប់​ពេក។ និយាយ​ទៅ​ សរុប​មក​៤​ដង​ហើយ។ គេ​មិន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ បង្ហាញ​ការ​គោរព​មក​យើង​ជា​និយោជិត​​ណា។ អ្វីៗ​គួរ​តែ​ជូន​ដំណឹង​មុន ប្រាក់​ខែ​ហ្នឹង មិន​មែន​ដល់​ថ្ងៃ​ ស្ងាត់​ឈឹង ដល់​តែ​យើង​ follow up ទេ។ គាត់​ត្រូវ​ជូន​ដំណឹង​​មុន​ ព្រោះ​គាត់​ជា​និយោជក។ ប៉ុន្តែ​អត់​ជូន​ដំណឹង​ម្ដង​ ជា​ពីរ​ដង បី​ដង បួន​ដង ដល់​យើង​ផ្ទុះ​ការ​តវ៉ា​ ដូច​ព្រឹក​មិញ​ហ្នឹង»

បុគ្គលិក​នៃ​សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ជាង​១រយ (១១៥)នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ លើ​ផ្លូវ​ចូល​សណ្ឋាគារ​ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​ថែម​ម៉ោង​ឲ្យ​ពួកគេ។ ក្រោយ​ការ​តវ៉ា​ ច្រើន​ម៉ោង មន្ត្រី​អធិការ​កិច្ច​នៃ​ក្រសួង​ការងារ បាន​ចុះ​ទៅ​សម្រប​សម្រួល​​ដើម្បី​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ។

សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ ជា​អតីត​សណ្ឋាគារ​ អ៊ីនធ័រខន់ធីណិនថល (Intercontinental)។ សណ្ឋាគារ​នេះ បាន​ប្ដូរ​ឈ្មោះ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​ពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ។ ប៉ុន្តែ​​ បុគ្គលិក​សណ្ឋាគារ​នេះ​​ភាគច្រើន ដែល​មាន​អតីត​ភាព​ការងារ​យូរ​ឆ្នាំ ​នៅ​បន្ត​ធ្វើការ​ដដែល។

ប្រធាន​​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​ថា ក្រុម​បុគ្គលិក បាន​តវ៉ា​លើក​បដា នៅ​ក្នុង​បរិវេណ​សណ្ឋាគារ ដោយ​មិន​បាន​ទៅ​ឈរ​នៅ​លើ​ផ្លូវ​មុនីរ៉េត ដូច​កាល​ តវ៉ា​លើក​មុន​ទេ ដោយសារ​ខ្លាច​រង​ការ​ចោទ​ លាប​ពណ៌ ថា រឿង​នយោបាយ។ តែ​យ៉ាង​ណា លោក​ ថា ក្រុម​បុគ្គលិក ក៏​មាន​បំណង​តវ៉ា​មុខ​សណ្ឋាគារ​ដែរ ប្រសិន​បើ​ គ្មាន​ដំណោះស្រាយ​ទេ​នោះ​។​ លោក ទូច កុសល អះអាង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​​បុគ្គលិក​សណ្ឋាគារ​ បាន​តវ៉ា​៤​ដង​ហើយ លើ​ករណី​ បើកប្រាក់​ឈ្នួល​យឺតយ៉ាវ​ ដោយ​​គ្មាន​​ជូន​ដំណឹង​ជាមុន​នេះ៖ «ដោយសារ​ វា​ខ្លាច​ប៉ះពាល់​ដល់​បញ្ហា​នយោបាយ​អ្វី​អ៊ីចឹង​ណា។ ខ្លាច​គេ​គិត​ថា យើង​មាន​បញ្ហា​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី យើង​អត់​ចង់​ឲ្យ​មាន​​បញ្ហា​អ្វី​។ យើង​គិត​ថា កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ ឬ​ក៏​គេ​ថា យើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​​ ជាដើម​អ្វី។ អ៊ីចឹង បាន​​យើង​សម្រេច​ចិត្ត​ធ្វើ​នៅ​ហ្នឹង​។ ប៉ុន្តែ​បើ​អត់​មាន​ដំណោះស្រាយ​កម្មករ​បាន​សំណូមពរ​មក​ខ្ញុំ​ថា គាត់​អាច​នឹង​ធ្វើ​នៅ​ខាង​ក្រៅ បើ​សិន​ថ្ងៃ​នេះ អត់​ដោះស្រាយ​ឲ្យ»

ពាក់ព័ន្ធ​ករណី​ក្រុម​​បុគ្គលិក​​​នាំ​គ្នា​តវ៉ា​នេះ ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ លោក ជា ប៊ុនថន បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ ដោយសារ​ប្រាប់​ថា ជាប់​រវល់​ប្រជុំ។ កម្មករ និង​សហជីព ប្រាប់​ថា ចាប់​តាំង​ពី​ប្ដូរ​ថៅកែ និង​ប្ដូរ​ឈ្មោះ​​សណ្ឋាគារ​មក​ ភ្ញៀវ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​សណ្ឋាគារ​នេះ បាន​​ដំឡើង​ថ្លៃ​បន្ទប់​ និង​ហ៊ុំ​ព័ទ្ធ​របង​ស័ង្កសី​​ នៅ​មុខ​សណ្ឋាគារ ដោយ ​គ្មាន​ការ​ជួសជុល​​អ្វី​ឡើយ ដែល​​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ភ្ញៀវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល