សមត្ថកិច្ច​ចាប់​អ្នក​ទេសចរ​បរទេស​៣​នាក់​ចោទ​ពី​បទ​ថត​រូប​ស្រាត​នៅ​ប្រាសាទ​បន្ទាយក្ដី

ដោយ ហង្ស សាវយុត
2015-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សមត្ថកិច្ច​ប៉ូលិស និង​អាជ្ញាធរ​អប្សរា កំពុង​តែ​ស្វែងរក​ភស្តុតាង​បន្ថែម ដើម្បី​កសាង​សំណុំ​រឿង​ឈាន​ទៅ​រក​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​បុរស​បរទេស ៣​នាក់ ដែល​ជាប់​ចោទ​ពី​បទ​ថត​រូប​អាក្រាត​នៅ​ក្នុង​ប្រាសាទ​បុរាណ​ខ្មែរ។

ការ​ស្វែងរក​ភស្តុតាង​ដាក់​បន្ទុក​ផ្លូវ​ច្បាប់​នេះ បន្ទាប់​ពី​អង្គភាព​នគរបាល​ទេសចរ និង​ប៉ូលិស​ការពារ​បេតិកភណ្ឌ បាន​ចាប់​ខ្លួន​អ្នក​ទេសចរ ៣​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មករា នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយក្ដី ដោយសារ​តែ​ពួក​គេ​នាំ​គ្នា​ស្រាត​ថត​រូប។

ប្រធាន​អង្គភាព​ប៉ូលិស​ការពារ​បេតិកភណ្ឌ លោក​វរសេនីយ៍ឯក ទៀប ប៊ុនថាន មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​៣០ ខែ​មករា ថា តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង ជន​បរទេស​ទាំង ៣​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ថត​រូប​ស្រាត​នៅ​ប្រាសាទ​បន្ទាយក្ដី នោះ គឺ​ជា​ជនជាតិ​បារាំង៖ «ប្រុស​ទាំង​៣ ឮ​ថា ២​នាក់​ជា​អ្នក​ស្រាត និង​ម្នាក់​ជា​អ្នក​ថត​រូប។ គាត់​ជា​ភ្ញៀវ​ទេសចរ​ដែល​ជិះ​រ៉ឺម៉ក​ម៉ូតូ​ទៅ​ដើរ​កម្សាន្ត​ដោយ​ខ្លួន​ឯង»

អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licado) ខេត្ត​សៀមរាប អ្នកស្រី ឈុយ វ៉ាន់ថា ឲ្យ​ដឹង​ថា តាម​ច្បាប់​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា មាត្រា​២៤៩ ចាត់​ទុក​ការ​ថត​ស្រាត គឺ​ជា​ការ​បង្ហាញ​កេរ្តិ៍​ភេទ​នៅ​ទី​សាធារណៈ។ អំពើ​នោះ អាច​ជាប់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ​ដល់ ៣​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ទៅ​ដល់ ៥​សែន​រៀល។

ការ​ចាប់​ខ្លួន​អ្នក​ទេសចរ​បរទេស ៣​នាក់​ពី​បទ​ថត​ស្រាត​ក្នុង​ប្រាសាទ​បុរាណ​ខ្មែរ គឺ​នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​អប្សរា​កំពុង​ប្រតិកម្ម​ចំពោះ​គេហទំព័រ​ក្រុមហ៊ុន​ចិន ឈ្មោះ វ៉ានីម៉ល (Wanimal) ដែល​បាន​ថត​រូប​ស្រី​អាក្រាត​កាយ​នៅ​តំបន់​អង្គរ ហើយ​អាជ្ញាធរ​កំពុង​រាយ​បណ្ដាក់​កម្លាំង​ចាំ​ឃ្លាំ​មើល​សកម្មភាព​បែប​នោះ​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Why the law enforgement did not looking for Chhouk Bandith,Thong sarath etc...

Jan 31, 2015 12:50 AM

គេហទំព័រ​ទាំងមូល