កម្ពុជា​គ្រោង​បណ្ដេញ​ជនជាតិ​វៀតណាម​និង​ចិន​ជិត​១០០​នាក់​ទៅ​ស្រុក​វិញ

ដោយ អ៊ុក សាវបូរី
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​រាជធានី​ភ្នំពេញ
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​រាជធានី​ភ្នំពេញ
Photo: RFA

ប៉ូលិស​ក្រសួងមហាផ្ទៃ គ្រោង​បណ្ដេញ​ជនបរទេស​វៀតណាម និង​ចិន ជិត​១០០​នាក់ ដែល​គ្មាន​ឯកសារ​បញ្ជាក់​សញ្ជាតិ និង​គ្មាន​ប័ណ្ណ​ការងារ​ចេញពី​កម្ពុជា។

គម្រោង​បណ្ដេញ​ជនជាតិ​វៀតណាម និង​ចិន ពី​ប្រទេស​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​ក្រោយពី​មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ ចុះ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ កាលពី​ថ្ងៃ​២៣ ខែ​មិថុនា រក​ឃើញ​ជនជាតិ​ចិន និង ជនជាតិ​វៀតណាម​២១៥​នាក់ លួច​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់ ៣​កន្លែង នៅ​កោះ​ពេជ្រ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បន្ត​សាកសួរ និង​រង់ចាំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ របស់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ដែល​បន្លំ​ចូល​មក​ធ្វើការ​ងារ​នៅ​កម្ពុជា។

អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក ម៉ម ស្រ៊ីមវណ្ណា ថ្លែង​ថា ជន​បរទេស​ដែល​លួច ចូល​មក​ធ្វើការ​ខុសច្បាប់ ក្នុង​ការដ្ឋាន​សំណង់​៣​កន្លែង ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់​បាន​២១៥​នាក់ កាលពី​ថ្ងៃ​២៣​មិថុនា គឺ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​៨៤​នាក់ និង​ជនជាតិ​វៀតណាម​១៣១​នាក់។ លោក​ថា​ជនជាតិ​វៀតណាម ១៣១​នាក់ មាន​លិខិតបញ្ជាក់​សញ្ជាតិ តែ​៣៧​នាក់​ទេ។ នៅសល់​៩៤​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ក្រោម​៩​នាក់ កាន់​កាត​វៀតណាម តែ​បញ្ជាក់​សញ្ជាតិ​កម្ពុជា នៅ​សល់​៨៥​នាក់ គ្មាន​ឯកសារ​បញ្ជាក់​ទាំងអស់។ ចំណែក​ជនជាតិ​ចិន មាន​៨៤​នាក់ ក្នុង​នោះ​កាន់វីសា​អ៊ី ( Visa-E) ជា​ពាណិជ្ជករ ចំនួន​៧៣​នាក់។ ជនជាតិ​ចិន​ទាំង​៧៣​នាក់​នោះ និង​វៀតណាម​៣៧​នាក់ ត្រូវ​បង់​ប្រាក់​ពិន័យ ម្នាក់ៗ​៥០​ម៉ឺន​រៀល។ ចំណែក​ជនជាតិ​ចិន ១១​នាក់​ទៀត កំពុង​រង់ចាំ​ឯកសារ និង​ការ​បញ្ជាក់​ពី​ស្ថានទូត​ចិន។

លោក ម៉ម ស៊្រីមវណ្ណា៖ «ថ្វីត្បិតតែ​គាត់​និយាយ​ភាសា​វៀតណាម ប៉ុន្តែ​គាត់​ជា​ខ្មែរ។ ពួក​ខ្មែរ​កម្ពុជា​ក្រោម​គាត់​និយាយ​វៀតណាម ច្បាស់​ជាង​និយាយ​ខ្មែរ។ កាត​អត្តសញ្ញាណប័ណ្ណ​របស់​គាត់ គឺ​វៀតណាម​មែន ប៉ុន្តែ​គេ​ដាក់​ថា​ខ្មែរ ក៏​យើង​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​អស់​ហើយ»

លោក ម៉ម ស្រ៊ីមវណ្ណា ថា​ប្រសិនបើ​ជនជាតិ​ចិន​១១​នាក់​និង​វៀតណាម​៨៥​នាក់ ពួកគេ​គ្មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ពី​ស្ថានទូត​របស់​ពួកគេ​ទេ នោះ​រដ្ឋាភិបាល​កម្ពុជា នឹង​បណ្ដេញ​ចេញ​ក្នុង​ពេល​ឆាប់ៗ៖ «កំពុង​តែ​ឲ្យ​គេ​ធ្វើ​ការ យក​មក​ផ្ដល់​ឲ្យ​យើង បើសិនជា​អត់​មាន​ឯកសារ​ក៏​បណ្ដេញ​ដូច​តែ​គ្នា​ហ្នឹង»

ទាក់ទង​ករណី​នេះ មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ(Licadho) លោក អំ សំអាត ថ្លែង​ថា ជា​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​មន្ត្រី​ជំនាញ ទើប​ជនបរទេស កាន់​តែ​ច្រើន​អាច​លួច ចូល​ធ្វើការ​បែប​នោះ ម្ដង​ហើយ​ម្ដង​ទៀត។ លោក​សូម​ឲ្យ​ដាក់ទោស​ក្រុមហ៊ុន ដែល​ឃុបឃិត​លួចលាក់​កម្មករ​បរទេស​ខុសច្បាប់ ឲ្យ​ធ្វើការ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន៖ «នៅ ​ប្រទេស​កម្ពុជា​យើង ប្រជាពលរដ្ឋ​កំពុង​តែ​ខ្វះ​ការងារ​ធ្វើ ហើយ​មាន​អ្នក​ខ្លះ​កំពុង​តែ​ធ្វើ​ចំណាក (ស្រុក) ហើយ​ដល់​យើង​ឲ្យ​ជន​បរទេស​មិន​ស្រប​ច្បាប់ មិន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការងារ មក​ដណ្ដើម​ទីផ្សារ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាត់បង់​នូវ​ការងារ​ធ្វើ​នោះ»

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ មិន​មាន វិធានការ​ពិន័យ ឬ​ដាក់ទោស​ក្រុមហ៊ុន​ដែល​បាន​ឃុបឃិត​លួចលាក់​កម្មករ​បរទេស ឲ្យ​បាន​ធ្វើការ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​នោះ​ទេ។

បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា ជនបរទេស និង​ក្រុមហ៊ុន​ដែល​ឃុបឃិត​លួចលាក់​កម្មករ​ខុសច្បាប់ ឲ្យ​បម្រើ​ការ​នោះ​ក្នុង​ការដ្ឋាន​សំណង់​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ តាម​ច្បាប់​ការងារ និង​បង់​ប្រាក់​ពិន័យ​ជា​ប្រាក់​លើ​តម្លៃ​ពន្ធ​ប្រាក់ខែ ដែល​ក្រសួង​៣ នឹង​អនុ​វត្តមាន​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ក្រសួង​ការងារ៖ «នេះ​ហើយ​ការ​លាក់បាំង គឺ​ជា​កំហុស ហើយ​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​ច្បាប់​ដែល​មាន​ចែង​ស្រាប់»

ទោះជា​យ៉ាងណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក ម៉ម ស្រ៊ីមវណ្ណា ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១​ឆ្នាំ​នៃ​ការ​រឹត​បណ្ដឹង​ច្បាប់​អន្តោប្រវេសន៍ គឺ​រដ្ឋាភិបាល​កម្ពុជា បាន​បណ្ដេញ ជនបរទេស ជាង​២​ពាន់​នាក់​ហើយ។ រាល់​ការ​បណ្ដេញ​ពី​ប្រទេស​កម្ពុជា គឺ​ធ្វើ​ដោយ​សន្តិវិធី។

លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៥ ជន​បរទេស​៤១​សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ពី​កម្ពុជា ចាប់ពី​ខែ​មករា មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ជាង​មួយ​ពាន់​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​៩០ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

100 PERSONS THIS TIME LAST TIME VIETNAM 90 PERCENT OF 1200 IS 1080 PLUS 100 MORE WILL BE 1180,HOW ABOUT MORE THAN A MILLION PEOPLE OF VIETNAM IN CAMBODIA?

Jun 25, 2015 01:20 AM

អ្នក​អាន​អនាមិក

១០០x១០០=១០០០០ អត់គ្រាន់ បណ្ដេញ។ ១០០x១០០០=១០០០០០ បិទសំណុំរឿង ចប់។

Jun 24, 2015 09:38 AM

គេហទំព័រ​ទាំងមូល