ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​គាំទ្រ​វិស័យ​ឯកជន​បង្កើត​តំបន់​ទេសចរណ៍​បន្ថែម

ដោយ ដែន អយុធ្យា
2017-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​លើ​ឆ្នេរ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ទិដ្ឋភាព​នៅ​លើ​ឆ្នេរ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​ទូទៅ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ឈាន​ដល់​រួម​សហការ​គ្នា​អភិវឌ្ឍ ឬ​បង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន​ទីតាំង​បន្ថែម​ទៀត សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ស្នើ​ដល់​វិស័យ​ឯកជន ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ឲ្យ​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​មាន​គុណភាព និង​បើក​ធ្វើ​អាជីវកម្ម​ត្រូវ​សុំ​ការ​អនុញ្ញាត​ច្បាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក គ្រឹស្នា គាំទ្រ​ប្រតិបត្តិករ​ទេសចរ​ដែល​បាន​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ថ្មីៗ​ជាច្រើន​ទីតាំង​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត មាន​ដូចជា កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ប្រកប​ដោយ​សោភ័ណភាព​តាម​បែប​ធម្មជាតិ និង​មាន​អនាម័យ​គួរ​ជា​ទី​គយគន់៖ «យើង​ចង់​ឲ្យ​ការ​វិនិយោគ​ហ្នឹង​ប្រកប​ដោយ​គុណភាព និង​ការ​ទទួល​ខុស​ត្រូវ ដូចជា​ការ​រៀបចំ​អភិវឌ្ឍ​នូវ​រមណីយដ្ឋាន​កោះ​ឋានសួគ៌​របស់​ក្រុម​ប្រតិបត្តិករ​ទេសចរ ដែល​បាន​រៀបចំ​ស្ថាបនា​នៅ​តំបន់​ឆ្នេរ​នោះ ដែល​ខ្ញុំ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ ឃើញ​មាន​ការ​រៀបចំ​អភិវឌ្ឍ​បាន​ល្អ។ សំខាន់​នៅ​ថ្ងៃ​អនាគត ស្នើ​ឲ្យ​ប្រតិបត្តិករ​ទេសចរ​អភិវឌ្ឍ​កោះ​ឋានសួគ៌ ស្នើ​ឲ្យ​គាត់​បន្ត​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​ទីតាំង​ដែល​ពួក​គាត់​បាន​វិនិយោគ​ហ្នឹង ដើម្បី​ឲ្យ​មាន​ការ​ទាក់ទាញ​ដល់​ភ្ញៀវ គឺ​ស្នើ​ឲ្យ​គាត់​រៀបចំ​បង្កើត​នូវ​សកម្មភាព​កម្សាន្ត​បន្ថែម​ទៀត ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ស្នាក់នៅ​បាន​យូរ​ថ្ងៃ ជាដើម»

ឆ្នេរ​កោះ​ឋានសួគ៌ ឬ​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង គឺ​ជា​តំបន់​ឆ្នេរ​ប្រកប​ដោយ​សោភ័ណភាព​តាម​បែប​ធម្មជាតិ ទើប​ត្រូវ​បាន​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន រួម​សហការ​គ្នា​បង្កើត​ឡើង​ថ្មី​កាល​ពី​ចុង​ឆ្នាំ​២០១៦។ បច្ចុប្បន្ន ឆ្នេរ​កោះ​ឋានសួគ៌​គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន បាន​ចាប់​អារម្មណ៍ និង​ចូល​ទៅ​កម្សាន្ត​ជា​បន្តបន្ទាប់ និង​មាន​ចំនួន​រាប់​រយ​នាក់​ក្នុង​មួយ​សប្ដាហ៍​នា​ខែ​មករា ដើម​ឆ្នាំ​២០១៧ នេះ។

ប្រធាន​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (GTVC Speed Boat Cambodia) លោក ទៀ វិចិត្រ ដែល​បាន​រួម​សហការ​បង្កើត​ឆ្នេរ​កម្សាន្ត​ថ្មី​មាន​ឈ្មោះ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ស្វាគមន៍​ចំពោះ​សារ​អំពាវនាវ​របស់​ថ្នាក់​ដឹកនាំ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ទទូច​ដល់​វិស័យ​ឯកជន​ចូលរួម​បង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​បាន​ច្រើន​នា​ថ្ងៃ​អនាគត។

លោក​បន្ត​ថា តំបន់​កម្សាន្ត​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ដែល​ទើប​អភិវឌ្ឍ​ថ្មី​នេះ គឺ​មាន​ឆ្នេរ​ខ្សាច់​សក្បុស មាន​ទឹក​សមុទ្រ​ថ្លា​ឆ្លុះ មាន​ផ្កា​ថ្ម​ស្រស់​បំព្រង និង​មាន​ត្រី​សមុទ្រ​ជាច្រើន​ប្រភេទ​នៅ​បាត​សមុទ្រ​សម្រាប់​ជា​ជម្រើស​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​អាច​ចុះ​មុជ​ទឹក និង​ទស្សនា​ជីវចម្រុះ​នៅ​ក្នុង​បាត​សមុទ្រ​យ៉ាង​សប្បាយ​រីករាយ។

លោក ទៀ វិចិត្រ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង អាច​ធ្វើ​ដំណើរ​តាម​កប៉ាល់ ឬ​ទូក​អូប័រ​ដឹក​ភ្ញៀវ​ទេសចរ ហើយ​អាច​ធ្វើ​ដំណើរ​វិល​ល្ងាច​មក​ដី​គោក​វិញ​ក៏​បាន៖ «ភ្ញៀវ​ទេសចរ​ដែល​ចង់​ចុះ​លេង​ទឹក​នៅ​តាម​ឆ្នេរ ឬ​ព្រែក​នានា​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ គឺ​យើង​បាន​រៀបចំ​ជា​ផែ​អណ្ដែត​ទឹក សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ងូត​ទឹក​កម្សាន្ត។ គោលដៅ​របស់​យើង គឺ​ចង់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ បាន​ស្គាល់​ទីតាំង​ទេសចរណ៍​ថ្មី​ដែល​ទើប​បង្កើត​ឡើង មាន​បរិស្ថាន​អនាម័យ​ល្អ និង​មាន​សុវត្ថិភាព ជាពិសេស​ឆ្នេរ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង​នេះ គឺ​មាន​ឆ្នេរ​ទាក់ទាញ​ដ៏​ស្រស់​ស្អាត​បំផុត ក្នុង​នោះ​ម្ហូប​អាហារ​ដែល​បាន​ដាក់​លក់​នៅ​លើ​កោះ​ឋានសួគ៌ បាន​កំណត់​តម្លៃ​លក់​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​ធម្មតា ដូច​គ្នា​តម្លៃ​ម្ហូប​អាហារ​នៅ​លើ​ទីផ្សារ​ដី​គោក​ដែរ គឺ​ធានា​ថា​មិន​មាន​តម្លៃ​ខ្ពស់​នោះ​ទេ។ គោលដៅ​របស់​យើង គឺ​ចង់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​ទៅ​កម្សាន្ត ឬ​បាន​ចូល​ទៅ​ស្គាល់​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ទីកន្លែង​កម្សាន្ត​ថ្មី​ទើប​បង្កើត​ឡើង​នេះ គឺ​ជា​ទីតាំង​ទាក់ទាញ​តាម​បែប​ធម្មជាតិ​ពិតៗ និង​មាន​ឆ្នេរ​មាន​អនាម័យ​ស្រស់​ស្អាត​មែនទែន»

ចំណែក​ម្ចាស់​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​របស់​ក្រុមហ៊ុន អាយលែន ស្ពីដហ្វឺរី ខេមបូឌា (Island Speed Ferry Cambodia) លោកស្រី ស៊ុយ ស្រីមុំ ដែល​បាន​សហការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង។ លោកស្រី​មាន​ប្រសាសន៍​ថា ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​អនាគត ក្រុមហ៊ុន​នេះ​បាន​រួម​សហការ​បង្កើត​តំបន់​កម្សាន្ត​ឆ្នេរ​កោះ​ឋានសួគ៌​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ មាន​ដូចជា បង្កើត​ឲ្យ​មាន​សេវា​ដឹក​ជញ្ជូន សេវា​ស្នាក់នៅ និង​សេវា​ចំណី​អាហារ ជាដើម។

លោកស្រី​ឲ្យ​ដឹង​ថា សេវា​ស្នាក់នៅ​នៅ​លើ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង គឺ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ជ្រើស​យក​ទីកន្លែង​ស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ មាន​ដូចជា បឹង​កាឡូ ឬ​ផ្ទះ​ដាច់​ដោយឡែក​ពី​គ្នា​មួយៗ និង​ការ​បោះ​តង់​សម្រាប់​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។

លោកស្រី ស៊ុយ ស្រីមុំ បញ្ជាក់​ថា ឆ្នេរ​កោះ​ឋានសួគ៌​ដែល​ទើប​អភិវឌ្ឍ​ថ្មី គឺ​មាន​ជម្រើស​កម្សាន្ត​ជាច្រើន​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មាន​ដូចជា ភ្ញៀវ​ទេសចរ​អាច​មុជ​ទឹក​មើល​ផ្កា​ថ្ម និង​ទស្សនា​ត្រី​ក្នុង​បាត​សមុទ្រ ជិះ​ទូក​ស្ទូច​ត្រី​កម្សាន្ត​នៅ​លើ​លំហ​សមុទ្រ ជិះ​ទូក ឬ​អុំ​ទូក​កម្សាន្ត​នៅ​តាម​ឆ្នេរ​មាន​ដុះ​ព្រៃ​កោងកាង ជិះ​ម៉ូតូ​ទឹក ឬ​ទូក​អុំ​នៅ​តាម​ឆ្នេរ និង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា គាំទ្រ​ក្រុម​ប្រតិបត្តិករ​ទេសចរ​ដែល​បាន​រួម​សហការ​គ្នា​បង្កើត ឬ​អភិវឌ្ឍ​ឲ្យ​មាន​តំបន់​ទេសចរណ៍​មាន​ដូចជា កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង និង​តំបន់​កម្សាន្ត​ផ្សេងៗ​ទៀត​សម្រាប់​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក គ្រឹស្នា ក៏​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​ដែល​បើក​ធ្វើ​អាជីវកម្ម​បម្រើ​វិស័យ​ទេសចរណ៍ ត្រូវ​ឲ្យ​មាន​គុណភាព ជាពិសេស​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ស្រប​ច្បាប់។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ឆ្នាំ​២០១៦ កន្លង​ទៅ ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ឡើង​ជាង ២០​ភាគរយ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​ទទួល​បាន​ជាង ១​លាន ២​សែន​នាក់។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ទឹក​ធ្លាក់ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន ៣២​មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល