អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2015-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​លើ​កំពូល​ភ្នំ​ដងរែក នា​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​លើ​កំពូល​ភ្នំ​ដងរែក នា​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hang Savyouth

កាល​ពី​ជាង ២​ឆ្នាំ​មុន ស្ថានទូត​នៃ​ប្រទេស​មួយ​ចំនួន​ធ្លាប់​បាន​ប្រកាស​ហាម​ឃាត់ កុំ​ឲ្យ​ជនជាតិ​របស់​គេ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ស្រុក​ជាំក្សាន្ត ដោយសារ​តែ​ព្រួយ​បារម្ភ​ចំពោះ​គ្រោះថ្នាក់ ក្នុង​ពេល​ដែល​ទាហាន​ខ្មែរ-ថៃ ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​រឿង​ជម្លោះ​ព្រំដែន​នៅ​ក្បែរ​នោះ។

បច្ចុប្បន្ន ស្ថានទូត​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ បាន​ដក​បម្រាម​វិញ​ហើយ បន្ទាប់​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) បាន​បកស្រាយ​សាល​ដីកា​ជា​ថ្មី ហើយ​ស្ថានភាព​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ស្ងប់ស្ងាត់ និង​ប្រសើរ​មក។ ពេល​នេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ ទទួល​បន្ទុក​ថែ​រក្សា និង​ការពារ​ប្រាសាទ​បុរាណ​នៅ​លើ​កំពូល​ភ្នំ​ដងរែក កំពុង​ខិតខំ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ទៅ​ទស្សនា​ទីនោះ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​លើ​កំពូល​ភ្នំ​ដងរែក គឺ​មាន​ការ​កើន​ឡើង​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ។

អាជ្ញាធរ​ជាតិ​ព្រះវិហារ ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​ព្រះវិហារ កំពុង​តែ​ប្រឹងប្រែង​កែលំអ​ទៅ​លើ​បណ្ដាញ​ផ្លូវ​គមនាគមន៍ បញ្ហា​សេវាកម្ម​ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ព្រម​ទាំង​សុជីវធម៌​សាធារណៈ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ គឺ​លោក គង់ ពុទ្ធិកា។ លោក​មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល បាន​ផ្សារភ្ជាប់​បណ្ដាញ​គមនាគមន៍​ផ្លូវ​គោក​ពី​ខេត្ត​កំពង់ធំ ពី​ខេត្ត​ស្ទឹងត្រែង និង​ពី​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​រួច​រាល់​អស់​ហើយ។ ចំណែក​ឯ​ផ្លូវ​អាកាស ថ្វីត្បិតតែ​ខេត្ត​ព្រះវិហារ មិន​មាន​យន្តហោះ​ចុះ​ចត​ជា​អចិន្ត្រៃយ៍​ក៏ដោយ ក៏​ភ្ញៀវ​ទេសចរ​ខ្លះ​ដែល​មាន​លុយ​កាក់ អាច​ជួល​ឧទ្ធម្ភាគចក្រ​តូចៗ​ពី​ក្រុមហ៊ុន ជិះ​ទៅ​ចុះ​ចត​ក្បែរ​ជើង​ភ្នំ ហើយ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​បាន​ដែរ។

លោក គង់ ពុទ្ធិកា បញ្ជាក់​ថា បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​ព្រះវិហារ កំពុង​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ ដោយ​រៀបចំ​កែលំអ​សេវាកម្ម​ទេសចរណ៍​មួយ​ចំនួន​នៅ​ភូមិ​ស្រអែម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​កាន់​តែ​ច្រើន​ឡើងៗ៖ «យើង​ក៏​បាន​ពង្រឹង​គុណភាព​សេវាកម្ម ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ហ្នឹង ក៏​យើង​បាន​ពង្រឹង​ជា​រៀង​រាល់​ខែ ដោយ​បាន​ប្រជុំ​ជាមួយ​ក្រុម​អាជីវករ ដើម្បី​ពង្រឹង​សណ្ដាប់ធ្នាប់ ពង្រឹង​វិន័យ និង​អាកប្បកិរិយា»

អាជ្ញាធរ​ជាតិ​ព្រះវិហារ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​នៃ​ឆ្នាំ​២០១៥ គឺ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ ចំនួន​ជិត ៩​ម៉ឺន​នាក់។ ចំណែក​ភ្ញៀវ​ទេសចរ​បរទេស គឺ​ប្រហែល​ជា ១​ម៉ឺន​នាក់។ ចំនួន​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ គឺ​ភ្ញៀវ​ទេសចរ​ជាតិ​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​វិញ មាន​ការ​កើន​ឡើង​តិចតួច​លើស​ពី​ឆ្នាំ​មុន។ ភ្ញៀវ​ជាតិ​ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ មិន​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ទេ។ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​បរទេស​វិញ គឺ​ទិញ​សំបុត្រ​តម្លៃ ១០​ដុល្លារ​ក្នុង​ម្នាក់ៗ ប៉ុន្តែ​បើ​ក្មេង​បរទេស​ក្រោម​អាយុ ១២​ឆ្នាំ ក៏​មិន​យក​លុយ​ដែរ។

គោបុរៈ​ទី​៣ របស់​ប្រាសាទ​ព្រះវិហារ ដែល​មាន​វាល​ស្មៅ​ស្រស់​ស្អាត​នៅ​រដូវ​ដែល​មាន​ដី​សើម។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Hang Savyouth
គោបុរៈ​ទី​៣ របស់​ប្រាសាទ​ព្រះវិហារ ដែល​មាន​វាល​ស្មៅ​ស្រស់​ស្អាត​នៅ​រដូវ​ដែល​មាន​ដី​សើម។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Hang Savyouth

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ លោក គង់ វិបុល ជុំវិញ​រឿង​ទេសចរណ៍​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដោយសារ​តែ​លោក​កំពុង​ជាប់​រវល់​បើក​រថយន្ត​តាម​ដង​ផ្លូវ។

ប្រាសាទ​ព្រះវិហារ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​រស់នៅ​ខេត្ត​ជុំវិញ ដូចជា​ខេត្ត​ស្ទឹងត្រែង ខេត្ត​កំពង់ធំ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ជាដើម ឲ្យ​នាំ​គ្នា​ទៅ​លេង​នៅ​រដូវ​បុណ្យ​ទាន ដូចជា​ខែ​ចូល​ឆ្នាំ និង​ភ្ជុំ​បិណ្ឌ ជាដើម។ ចំណែក​ឯ​ពេល​ដែល​មិន​មាន​បុណ្យ​ទាន​វិញ គឺ​ច្រើន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្កាត់​ពី​ខេត្ត​ឆ្ងាយ នាំ​គ្នា​ទៅ​ទស្សនា។

បុរស​ចំណាស់​អាយុ ៦៨​ឆ្នាំ លោក យ៉ុង យាន់ ខំ​ស្កាត់​មក​តាំង​ពី​ស្រុក​មេសាង ខេត្ត​ព្រៃវែង បាន​នាំ​ប្រពន្ធ និង​កូន​ជាច្រើន​នាក់ ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​ជា​លើក​ដំបូង។ លោក យ៉ុង យាន់ មាន​ប្រសាសន៍​ថា កូនៗ​បាន​ចំណាយ​លុយ​ប្រហែល ២០​ម៉ឺន​រៀល​សម្រាប់​ធ្វើ​ដំណើរ​នាំ​រូប​គាត់​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​នេះ។ លោក យ៉ុង យាន់ មាន​អារម្មណ៍​ខុស​ពី​មុន បន្ទាប់​ពី​រូប​គាត់​បាន​ឈរ​នៅ​ចំពោះ​មុខ​គោបុរៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ៖ «អារម្មណ៍​រំភើប​ដែរ វត្ថុ​បុរាណ​ថ្វីត្បិតតែ​ថ្ម ប៉ុន្តែ​សម័យ​នេះ​បែប​ធ្វើ​មិន​កើត​ទេ? មិន​ដែល​ឃើញ​ទេ​ប្រាសាទ​នេះ ធ្លាប់​តែ​ឮ​ចាស់​និយាយ កាល​ពី​ដើម​មក»

ស្ត្រី​ចំណាស់​ឈ្មោះ ថោ តយ បាន​បន្ទរ​តាម​ប្ដី​របស់​គាត់ គឺ​លោកតា យ៉ុង យាន់។ គាត់​មាន​ប្រសាសន៍​ថា គាត់​មាន​បំណង​មក​លេង​ប្រាសាទ​ព្រះវិហារ​យូរ​ហើយ ពីព្រោះ​មិន​ដែល​ឃើញ​សោះ ឮ​តែ​ចាស់ៗ​និយាយ​ប្រាប់​ប៉ុណ្ណោះ។ លុះ​មក​ឃើញ​ផ្ទាល់​ភ្នែក គឺ​ប្រាសាទ​បុរាណ​មួយ​នេះ​ល្អ​ស្អាត ព្រម​ទាំង​ធ្វើ​ឲ្យ​ចិត្ត​របស់​គាត់​មនោរម្យ​ជាង​អ្វី​ដែល​មនុស្ស​ចាស់​ជំនាន់​មុនៗ ធ្លាប់​និយាយ​ប្រាប់​ទៅ​ទៀត៖ «កន្លែង​នេះ​ត្រជាក់​ស្រួល​ណាស់ រហើយ​សប្បាយ រីក​រាយ​ក្នុង​ចិត្ត​ណាស់ ដែល​បាន​មក​ដល់ ព្រោះ​មិន​ដែល​ស្គាល់​ទេ​ប្រាសាទ​ព្រះវិហារ​នេះ»

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដែល​ឡើង​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​ព្រះវិហារ​នេះ។

យុវជន​ម្នាក់​ជា​ម្ចាស់​តូប​លក់​កាហ្វេ​នៅ​ក្បែរ​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ឡើង​ទស្សនា​ប្រាសាទ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​ដែល​មិន​សូវ​សម្បូរ​ភ្ញៀវ​ឡើង​ទៅ​ទស្សនា​ប្រាសាទ គឺ​ក្នុង​មួយ​ថ្ងៃ​គាត់​រក​លុយ​បាន​ពី​ក្រុម​អ្នក​បើក​ឡាន និង​បើក​ម៉ូតូ​ឌុប​ប្រមាណ ២ ទៅ ៣​ម៉ឺន​រៀល ប៉ុន្តែ​បើ​ពេល​ណា​សម្បូរ​ភ្ញៀវ គាត់​អាច​រក​ប្រាក់​បាន​ពី ៥ ទៅ ៦​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃៗ។ ប្រាក់​ដែល​រក​បាន​នេះ សម្រាប់​ដោះស្រាយ​ការ​ហូប​ចុក និង​ថ្លៃ​កូន​ទៅ​សាលា​រៀន​ប្រចាំ​ថ្ងៃ ជាដើម៖ «ចំណេញ​បាន ១-២​ម៉ឺន ព្រោះ​យើង​មិន​ទៅ​លក់​ដូរ​ធំ​ដុំ​ឯណា តែ​បើ​សិន​ថ្ងៃ​ណា​មាន​បុណ្យ​ទាន និង​មាន​ភ្ញៀវ​ធំ​ដុំ​អី គឺ​លក់​ដាច់​ច្រើន»

ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ឃុំ​ស្រអែម និង​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ គឺ​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​ប្រចាំ​ថ្ងៃ ដោយ​រក​កម្រៃ​ពី​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ។ ការងារ​របស់​ពួក​គេ​ទាំង​នោះ គឺ​បើក​ឡាន​មួយ​បាំង​កន្លះ និង​បើក​ម៉ូតូ ដឹក​អ្នក​ទេសចរ​ពី​ជើង​ភ្នំ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដងរែក ដើម្បី​ទស្សនា​ប្រាសាទ​ព្រះវិហារ និង​ដឹក​ភ្ញៀវ​ទេសចរ​ចុះ​មក​វិញ ក៏ប៉ុន្តែ​កម្រៃ​ដែល​បាន​ពី​សេវា​ដឹក​ជញ្ជូន​នេះ មិន​ទៀងទាត់​ទេ គឺ​អាស្រ័យ​លើ​ថ្ងៃ​ខ្លះ​មាន​ភ្ញៀវ​ច្រើន និង​ថ្ងៃ​ខ្លះ​មាន​ភ្ញៀវ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល