ភ្ញៀវ​ទេសចរ​បរទេស​តាម​ទូក​កើន​ឡើង​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៥​នៅ​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2015-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កប៉ាល់​ទេសចរណ៍​ចត​នៅ​បឹង​ទន្លេសាប ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
កប៉ាល់​ទេសចរណ៍​ចត​នៅ​បឹង​ទន្លេសាប ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Chin Chetha

ទាញ​យក​កម្មវីធី

កំពង់ឆ្នាំង គឺ​ជា​ខេត្ត​មួយ​ជាប់​បឹង​ទន្លេសាប​ក្នុង​ចំណោម​ខេត្ត​ចំនួន​៦ របស់​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​មាន​កប៉ាល់​ទេសចរណ៍​ឆ្លង​កាត់​ជាច្រើន​គ្រឿង​ក្នុង​មួយ​ឆ្នាំៗ ជាពិសេស​នៅ​រដូវ​វស្សា​ទឹក​ទន្លេ​ឡើង។

ប្រធាន​មន្ទីរ​ទេសចរណ៍​អះអាង​ថា ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០១៥ មាន​ភ្ញៀវ​ទេសចរ​បរទេស​តាម​ទូក ទៅ​កម្សាន្ត​ទីតាំង​សំខាន់ៗ​ក្នុង​ខេត្ត​ជាង ៩​ពាន់​នាក់។ តើ​ភ្ញៀវ​បរទេស​ទាំង​នោះ ចាប់​អារម្មណ៍​លើ​អ្វី​ខ្លះ?

ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ពី​រាជធានី​ភ្នំពេញ ទៅ​សៀមរាប​អង្គរ ឬ​ទៅ​មក​រាជធានី​ភ្នំពេញ-ប្រទេស​វៀតណាម បាន​ចំណាយ​ពេល​ខ្លី​ក្នុង​ការ​ចុះ​សម្រាក ឬ​កម្សាន្ត​នៅ​តំបន់​ចំនួន​បី​នៃ​ខេត្ត​កំពង់ឆ្នាំង គឺ​នៅ​ភូមិ​កំពង់ត្រឡាចក្រោម ភូមិ​អណ្ដូងឫស្សី និង​នៅ​ក្រុង​កំពង់ឆ្នាំង។ តំបន់​កម្សាន្ត​ទាំង​បី​មាន​លក្ខណៈ​ពិសេស​ខុសៗ​គ្នា សម្រាប់​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ។

នៅ​ភូមិ​កំពង់ត្រឡាចក្រោម ឋិត​នៅ​ស្រុក​កំពង់ត្រឡាច ភ្ញៀវ​បរទេស​ភាគ​ច្រើន​ចាប់​អារម្មណ៍​លើ​ការ​ជិះ​រទេះ​គោ និង​ទស្សនា​វត្ត​ដែល​មាន​អាយុ​កាល​ចំណាស់​មួយ​ឈ្មោះ ពោធិ៍​រុក្ខារាម។ ចំពោះ​ភ្ញៀវ​ជិះ​រទេះ​គោ ក្នុង​ម្នាក់​ត្រូវ​ចំណាយ​លុយ ១​ដុល្លារ​សម្រាប់​ជិះ​ម្ដង ឬ​ត្រូវ​ចំណាយ​ច្រើន​ជាង​នេះ​ទៅ​តាម​តម្លៃ​ចរចា​ត្រូវរ៉ូវ​គ្នា បើ​ភ្ញៀវ​ចង់​ជិះ​ចម្ងាយ​ឆ្ងាយ។ អ្នក​ភូមិ​មាន​រទេះ​សរុប​ជិត ៨០​គ្រឿង រង់ចាំ​បម្រើ​ភ្ញៀវ។

ចំពោះ​នៅ​តំបន់​ទេសចរណ៍​ភូមិ​អណ្ដូងឫស្សី ឋិត​នៅ​ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ មាន​ភ្ញៀវ​ភាគ​ច្រើន​ចាប់​អារម្មណ៍​លើ​ការ​ទស្សនា​សកម្មភាព​សូន​ក្អម​ឆ្នាំង ឬ​ផលិត​កុលាលភាជន៍ និង​សកម្មភាព​ឡើង​ត្នោត។ ក្រុម​អ្នក​សូន​ក្អម​ឆ្នាំង និង​កសិករ​ឡើង​ត្នោត ទទួល​បាន​ប្រាក់​កម្រៃ​តាម​រយៈ​ការ​បង្ហាញ​សកម្មភាព​ផលិត​របស់​ខ្លួន​ជូន​ភ្ញៀវ​ទស្សនា ហើយ​មាន​ភ្ញៀវ​ខ្លះ​ចាប់​អារម្មណ៍​ទិញ​វត្ថុ​អនុស្សាវរីយ៍​ពួក​គាត់​ដែរ។

ចំណែក​នៅ​ក្រុង​កំពង់ឆ្នាំង ភ្ញៀវ​បរទេស​ភាគ​ច្រើន​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក ភ្នំ​នាង​កង្រី និង​សកម្មភាព​លក់​ដូរ​សេរី​របស់​អាជីវករ​ផ្សារ​ក្រោម។ ក្រៅ​ពី​នេះ មាន​ភ្ញៀវ​ខ្លះ​ជួល​រ៉ឺម៉ក​កង់​បី ដើម្បី​ជិះ​កម្សាន្ត​នៅ​ក្នុង និង​តាម​វាល​ស្រែ​ក្បែរ​ក្រុង​កំពង់ឆ្នាំង។ ស្ទើរ​នៅ​ជុំវិញ​ក្រុង សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ និង​ដើម​ត្នោត មាន​ទេសភាព​ស្រស់​ស្អាត ជាពិសេស​ពេល​ព្រឹក និង​ពេល​ល្ងាច ព្រះអាទិត្យ​រៀប​លិច។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី មាន​ប្រសាសន៍​ថា មន្ទីរ​បាន​ជួយ​សម្រួល​អាជ្ញាធរ​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដោយ​ចាត់​ឲ្យ​មន្ត្រី​នគរបាល​ទេសចរ​ម្នាក់ រង់ចាំ​ជួយ​សម្រួល​ដល់​ដំណើរ​ឡើង​គោក​របស់​ភ្ញៀវ​នៅ​កំពង់ផែ​ផ្សារ​ក្រោម។ លោក​ថា ក្រៅ​ពី​នេះ លោក​ក៏​បាន​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ក្នុង​ខេត្ត​ទាំងអស់ ផ្ដល់​សេវាកម្ម​ល្អ​ដល់​ភ្ញៀវ៖ «វត្ថុ​អនុស្សាវរីយ៍​អំពី​ដី ឬ​ម្ហូប​អាហារ​ខ្មែរ ឬ​របស់​បុរាណ​ខ្មែរ​ដែល​គាត់ (ភ្ញៀវ​បរទេស) មក​ទស្សនា ហើយ​គាត់​ចង់​ទិញ ខ្ញុំ​បាន​ណែនាំ​ទៅ​ដល់​សហគមន៍​ដែល​មាន​ផលិតផល​ទាំង​នោះ សូម​កុំ​ឲ្យ​គាត់​លក់​តម្លៃ​ខ្ពស់​ពេក ធ្វើ​យ៉ាង​ណា​រក្សា​តម្លៃ​សមរម្យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ស្ថិតស្ថេរ និង​កើន​ឡើង​ជា​លំដាប់»

យ៉ាង​ណា អ្នក​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ខ្លះ​ត្អូញត្អែរ​ថា កំពង់ឆ្នាំង មិន​មែន​ជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ ឬ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​ភ្ញៀវ​សម្រុក​មក​លេង​ដោយ​ចំណាយ​ពេល​ស្នាក់នៅ​យូរ ឬ​ចាយ​វាយ​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​ក្នុង​ខេត្ត ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​សហគមន៍ ឬ​ប្រជា​កសិករ​ដែល​បាន​ផ្ដល់​សេវាកម្ម​នោះ​ទេ។ បញ្ហា​នេះ ប្រតិបត្តិករ​ស្នើ​ឲ្យ​អាជ្ញាធរ​រក​វិធី​ទាក់ទាញ​ភ្ញៀវ​បន្ថែម​ទៀត។

សិប្បករ​ផលិត​កុលាលភាជន៍ និង​ជា​ជំនួយការ​ភូមិ​អណ្ដូងឫស្សី អ្នកស្រី កែវ ចន្ធា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​គាត់​ប្រមាណ ៩០​ភាគរយ មាន​ប្រភព​ចំណូល​ពី​ការ​ផលិត​វត្ថុ​អនុស្សាវរីយ៍ ឬ​សម្ភារៈ​ប្រើប្រាស់​អំពី​ដី ក្រៅ​ពី​ប្រភព​ចំណូល​ពី​ការ​ធ្វើ​ស្រែ និង​ឡើង​ត្នោត។ អ្នកស្រី​ថា ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ​មាន​ទំហំ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ភូមិ​សម្រុក​នាំ​គ្នា​ផលិត​សម្ភារៈ​បោះ​ដុំ​ឲ្យ​ម៉ូយ​លក់​បន្ត៖ «ចា៎! ប្រជាពលរដ្ឋ​មាន​ចំណូល​តាម​រយៈ​ម៉ូយ​ថា រឿង​ភ្ញៀវ​ទេសចរ​មិន​សូវ​ដែល​ទិញ​ទេ ពី​ឆ្នាំ​មុនៗ​មក មាន​ទិញ​ច្រើន​ណាស់ តែ​ដល់​គាត់​និយាយ​លំបាក​យក​ទៅ​ដាក់​តាម​យន្ត​មាន​គេ​បោះ​ទីណាត់ទីណែង​បែក ដល់​អ៊ីចឹង​គាត់​អត់​សូវ​ទិញ​ដូច​ពី​ដើម​ទេ»

ចំណែក​ម្ចាស់​អាហារដ្ឋាន និង​សណ្ឋាគារ​សុវណ្ណភូមិ អ្នកស្រី មួង មុន្នី ថ្លែង​ថា បច្ចុប្បន្ន​អ្នកស្រី​បាន​ធ្វើ​បន្ទប់​សណ្ឋាគារ​បន្ថែម​ខ្លះ​ទៀត ប៉ុន្តែ​មិន​សង្ឃឹម​ថា មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ស្នាក់នៅ​ច្រើន​នោះ​ទេ។ អ្នកស្រី​ថា កន្លង​ទៅ​សណ្ឋាគារ​របស់​អ្នកស្រី​ទទួល​បាន​ភ្ញៀវ​ភាគ​ច្រើន​ជា​មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​រាជការ ដែល​មាន​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង៖ «មក​ជួល​ស្នាក់នៅ​សម្រាប់​តែ​ខាង​មន្ត្រី អិន.ជី.អូ (NGOs) គាត់​មក​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​របស់​យើង​អ៊ីចឹង​ណា​ពូ»

យ៉ាង​ណា ប្រធាន​មន្ទីរ​ទេសចរណ៍ លោក សេង សាលី សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត​ចំពោះ​ខេត្ត​របស់​ខ្លួន ដែល​ទទួល​បាន​ភ្ញៀវ​បរទេស​តាម​ទូក​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ភាគ​ច្រើន​ជា​ជនជាតិ​បារាំង។ លោក​ថា រយៈពេល ៩​ខែ កាល​ពី​ឆ្នាំ​២០១៤ មាន​ភ្ញៀវ​បរទេស​តាម​ទូក​ចំនួន ៧៨២​នាក់ ប៉ុន្តែ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ បាន​កើន​ដល់​ជាង ៩​ពាន់​នាក់ (៩.១០២​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល