ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​សម្រុក​ទៅ​ខេត្ត​សៀមរាប​នៅ​អំឡុង​ចូល​ឆ្នាំ​ចិន

ដោយ ហង្ស សាវយុត
2015-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ខេត្ត​សៀមរាប ដែល​ជា​តំបន់​សម្បូរ​ដោយ​ប្រាសាទ​បុរាណ​របស់​ប្រទេស​កម្ពុជា មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​នាក់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ជាច្រើន​នាក់​ឲ្យ​មក​កម្សាន្ត​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នេះ​ដែរ។

វត្តមាន​របស់​អ្នក​ទេសចរ​បរទេស​ដែល​សម្រុក​មក​ខេត្ត​សៀមរាប នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន នេះ បាន​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ខ្លះៗ ដូចជា​ខ្វះ​កន្លែង​ស្នាក់នៅ និង​ម្ហូប​អាហារ ផ្លែ​ឈើ​ឡើង​ថ្លៃ​ខ្ពស់​ខុស​ពី​ពេល​ធម្មតា ជាដើម។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន សណ្ឋាគារ​ធំៗ​ជាច្រើន​នៅ​ក្នុង​ខេត្ត​នេះ កំពុង​តែ​ខ្វះ​បន្ទប់​ជួល​ទៅ​ឲ្យ​ភ្ញៀវ​ក្នុង​ស្រុក និង​បរទេស​ខ្លះ​ទៀត​ស្នាក់នៅ។

ការ​ខ្វះ​បន្ទប់​ប្រណីត​ជួល​នេះ ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន បាន​សម្រុក​មក​ខ្លាំង​នៅ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ រហូត​ដល់​ពេល​បុណ្យ​ចូល​ឆ្នាំ​រួច​រាល់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​ថា ចាប់​ពី​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ខេត្ត​សៀមរាប ដែល​មាន​សណ្ឋាគារ​ទាំង​តូច​ទាំង​ធំ​ចំនួន​ជាង ១០០ កំពុង​តែ​ខ្វះ​បន្ទប់​ល្អ​ឲ្យ​ភ្ញៀវ​ស្នាក់នៅ។ លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា ការ​ខ្វះ​បន្ទប់​សណ្ឋាគារ​ទទួល​ភ្ញៀវ​នេះ ដោយសារ​ភ្ញៀវ​ទេសចរ​ចិន សម្រុក​មក​ច្រើន។ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ដឹង​អំពី​តួលេខ​អ្នក​ទេសចរ​ចិន ដែល​មក​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចំនួន​ប៉ុន្មាន​នាក់​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៖ «ភ្ញៀវ​ទេសចរ​ចិន ឥឡូវ​ហ្នឹង​គឺ​សណ្ឋាគារ​ធំៗ​ប្រហែល ៦០​សណ្ឋាគារ​ពេញ​អស់​ហើយ។ យើង​នៅ​សល់​តែ​តូចៗ យើង​នៅ​សល់​តែ​សណ្ឋាគារ​តូចៗ​មួយ​ចំនួន និង​ផ្ទះ​សំណាក់។ ភ្ញៀវ​ខ្មែរ​គាត់​មក​លេង​គាត់​អត់​មាន​បន្ទប់​ដេក​ដែរ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បើ​ទោះ​បី​ជា​ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ដែល​ជនជាតិ​ចិន ចាប់​ផ្ដើម​សែន​កុងម៉ា​ក៏ដោយ ក៏​នៅ​មុខ​ប្រាសាទ​អង្គរវត្ត គឺ​នៅ​តែ​មាន​អ្នក​ទេសចរ​ជនជាតិ​ចិន រាប់​រយ​នាក់​នាំ​គ្នា​ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ។ ក្រុម​អ្នក​ទេសចរ​ជនជាតិ​ចិន ទាំង​នោះ បាន​បង្ហាញ​ពី​អារម្មណ៍​ស្និទ្ធស្នាល និង​រីករាយ នៅ​ពេល​ដែល​គេ​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា ជាច្រើន នាំ​គ្នា​ចូល​ឆ្នាំ​ចិន និង​សែន​ព្រេន​កុងម៉ា​ដូច​ពួក​គេ​ដែរ។

បុរស​ជនជាតិ​ចិន ម្នាក់ ដែល​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​នាក់ មាន​ទាំង​កុមារា កុមារី មក​ទស្សនា​អង្គរវត្ត​ផង បាន​មាន​ប្រសាសន៍​ថា គាត់​មាន​អារម្មណ៍​ហាក់​ដូចជា​ស្និទ្ធស្នាល នៅ​ពេល​ដែល​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ គាត់​ជឿ​ថា ថ្វី​ត្បិត​តែ​ជនជាតិ​ខ្មែរ​ខ្លះ​ដែល​មិន​ទាំង​ចេះ​និយាយ និង​ស្ដាប់​ភាសា​ចិន ផង ប៉ុន្តែ​បែរ​ជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​ប្រាកដ​ជា​ពួក​គេ​នៅ​មាន​ជាប់​ពូជ​ពង្ស និង​សែស្រឡាយ​ចិន៖ «ថ្វី​ត្បិត​តែ​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ស្រុក​ខ្មែរ​មិន​សូវ​ធំ​ដុំ​ដូច​នៅ​ប្រទេស​ចិន ដោយ​មាន​ការ​ដុត​ផាវ​ទ្រហឹង​អឺងកង ក៏ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូចជា​ស្និទ្ធស្នាល​ណាស់»

ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាំ​គ្នា​គោរព​តាម​ប្រពៃណី​ចិន នេះ កំពុង​ធ្វើ​ឲ្យ​ទំនិញ​សព្វសារពើ​ត្រូវ​ឡើង​ថ្លៃ​ភ្លាម ទាំង​ផ្កា​ភ្ញី ទាំង​បន្លែ សាច់​មាន់ ទា សាច់​ជ្រូក និង​ផ្លែ​ឈើ ជាដើម។

ស្ត្រី​ឈ្មោះ ស្រី ទូច ដែល​ជា​អ្នក​លក់​ផ្លែ​ឈើ​ម្នាក់​នៅ​មុខ​ផ្សារ​លើ​ធំ​ថ្មី នៃ​ទី​រួម​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​បណ្ដើរ ថ្លឹង​ផ្លែ​ឈើ​លក់​បណ្ដើរ​ថា នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ គឺ​គាត់​លក់​ផ្លែ​ឈើ​ដាច់​ណាស់។ ស្ត្រី​ដដែល​បញ្ជាក់​ថា អ្នក​ដែល​ទិញ​ផ្លែ​ឈើ​ទាំង​នោះ​មិន​មែន​សុទ្ធតែ​ជនជាតិ​វៀតណាម និង​ចិន ទេ គឺ​ជនជាតិ​ខ្មែរ​ក៏​សម្រុក​មក​ទិញ​យក​ទៅ​សែន​ដែរ៖ «ដាច់​សព្វ​មុខ ផ្លែ​មៀន ប៉ម ក្រូច។ ផ្លែ​មៀន ដាច់​ច្រើន គេ​ទិញ​យក​ទៅ​សែន ខ្មែរ​យើង ហើយ​វា​ចំ​ថ្ងៃ​សីល​ផង ខ្មែរ​ផង ចិន​ផង ទិញ​បាន​វា​ដាច់​ខ្លាំង»

អ្នក​វិភាគ​បញ្ហា​សង្គម កំពុង​យល់​ថា កំណើន​ជនជាតិ​ចិន ដែល​មក​កម្សាន្ត​នៅ​កម្ពុជា គឺ​ជា​កម្លាំង​នៃ​ការ​សាប​ព្រោះ​ប្រពៃណី​ចិន កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ពី​លើ​ការ​សាប​ព្រោះ​របស់​ជនជាតិ​ចិន ដែល​មាន​រស់នៅ​ក្នុង​កម្ពុជា ជា​ប្រវត្តិសាស្ត្រ​ច្រើន​ជំនាន់​មក​ហើយ​នោះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ គឺ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា លោក​បាន​មើល​ឃើញ​ថា ប្រពៃណី​ចិន កំពុង​ជះ​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​សង្គម​ខ្មែរ ដោយសារ​បញ្ហា ៥​ចំណុច គឺ​ទី​១ ប្រវត្តិសាស្ត្រ​យូរ​លង់​មក​ហើយ​មាន​ជនជាតិ​ចិន រស់នៅ​ស្រុក​ខ្មែរ។ ទី​២ សក្ដានុពល​នៃ​ការ​រស់នៅ គឺ​ចិន ជា​អ្នក​ពូកែ​រក​ស៊ី​ជាង​ខ្មែរ។ ទី​៣ ទាក់ទង​ការ​វិយោគ​ធំៗ។ ទី​៤ ទាក់ទង​នឹង​ចំនួន​ប្រជាជន និង​ទី​៥ ទាក់ទង​ទៅ​នឹង​សម្ភារៈ​និយម ជាដើម។ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា បច្ចុប្បន្ន​ប្រពៃណី​ចិន កំពុង​គ្រប​ដណ្ដប់​លើ​សង្គម​ខ្មែរ​ឲ្យ​ផ្លាស់ប្ដូរ​ប្រពៃណី​ជា​បន្តបន្ទាប់ ដូចជា​ខ្មែរ​ធ្លាប់​ហូប​បាយ ឬ​ក៏​អ្វី​ផ្សេងៗ​ដោយ​ដៃ​ផ្ទាល់ ទៅ​ជា​ការ​ប្រើ​ចង្កឹះ។ ខ្មែរ​ធ្លាប់​តែ​ហូប​នំ​បញ្ចុក បែរ​ជា​ដូរ​ទៅ​ហូប​គុយទាវ ឬ​ក៏​ខ្មែរ​ធ្លាប់​ហូប​នំ​អន្សម បែរ​ជា​ដូរ​ទៅ​ហូប​នំ​ប៉ាវ ជាដើម៖ «ដោយសារ​អី សម្ភារៈ​និយម ដោយសារ​តែ​ជនជាតិ​ចិន គាត់​ពូកែ​រក​ស៊ី គាត់​មាន​បាន​អ៊ីចឹង​ទៅ។ ចំណុច​មួយ​ទៀត ទាក់ទង​ទៅ​នឹង​វិនិយោគ​ដ៏​ធំ​មួយ​សម្រាប់​ការ​រីក​ចម្រើន ហើយ​ចិន បាន​ដាក់​វិនិយោគ​ទុន​ច្រើន»

អ្នក​វិភាគ​បញ្ហា​សង្គម លោក សុខ ទូច យល់​ថា ថ្វី​ត្បិត​តែ​សម័យ​នេះ គឺ​ជា​សម័យ​សកលភាវូបនីយកម្ម ហើយ​ច្បាប់​បាន​ចែង​ទូលំទូលាយ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សេរីភាព​ក្នុង​ការ​ជឿ​លើ​សាសនា និង​ប្រពៃណី​ដែល​ខ្លួន​ចូល​ចិត្ត​ក៏ដោយ ក៏​បញ្ហា​ទាំង​នេះ គឺ​ជា​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​អត្តសញ្ញាណ​ខ្មែរ​បន្តិច​ម្ដងៗ​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី សៀមរាប

ចុះពេលបុណ្យណូអែលឬបុណ្យចួលឆ្នាំសកលម៉េចក៏មិនរិះគន់ផង? កុំចិត្តចង្អៀតពេក។ ស្អប់ចិនគិតអាក្រក់តែពីចិន មើលប្រវត្តិសាស្រ្តមិនដែលឃើញចិនកាត់ដីខ្មែរអោយបរទេសណាទេ មានតែពួកអឺរ៉ុបអាចមន៍គោឯងហ្នឹងមកបំផ្លាញខ្មែរ។ កុំនិយាយអាក្រក់តែពីគេពេក មើលការប្រព្រឹត្តរបស់ខ្លួនឯងផង។ អរគុណ

Feb 20, 2015 04:15 AM

គេហទំព័រ​ទាំងមូល