ប្រធាន​មន្ទីរ​ទេសចរណ៍​ខ្លះ​នៅ​ខេត្ត​ភាគ​និរតី​ត្អូញត្អែរ​ថា​ភ្ញៀវ​ទេសចរ​ថយ​ចុះ​អំឡុង​ចូល​ឆ្នាំ

ដោយ វោហារ ជាតិ
2015-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រង្វង់​មូល​ខេត្ត​កំពត
រង្វង់​មូល​ខេត្ត​កំពត
Photo: RFA

ក្នុង​រយៈពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​នាំ​គ្នា​ទៅ​លេង​ខេត្ត​បី​ឋិត​នៅ​ភាគ​និរតី​នៃ​ប្រទេស ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​សម្រុក​ទៅ​លេង​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។

លោក វោហារ ជាតិ មាន​សេចក្ដី​រាយការណ៍​ទាក់ទង​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង និង​ថយ​ចុះ​ក្នុង​ខេត្ត​បី គឺ​ខេត្ត​កំពត ខេត្ត​កែប និង​ខេត្ត​តាកែវ ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដូច​ត​ទៅ៖

ប្រធាន​មន្ទីរ​ទេសចរណ៍​នៅ​ខេត្ត​ភាគ​និរតី​ខ្លះ បាន​ត្អូញត្អែរ​ថា ដោយសារ​តែ​ឆ្នាំ​នេះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ទៅ​ចូលរួម​ពិធី​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​នៅ​ខេត្ត​សៀមរាប ភាគ​ពាយព្យ​នៃ​ប្រទេស ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ភាគ​និរតី​ថយ​ចុះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​តាកែវ លោក ឯម សុវណ្ណារ៉ា បញ្ជាក់​ថា ខេត្ត​តាកែវ ដែល​ជា​ខេត្ត​ធ្លាប់​តែ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន​កុះករ​រាល់​ពេល​ពិធី​បុណ្យ​ទាន​ម្ដងៗ បែរ​ជា​ស្ងាត់​ទៅ​វិញ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ៖ «អា​ហ្នឹង​ការ​ថយ​ចុះ​គ្រាន់​តែ​យើង​សិក្សា​មើល​ទៅ​ឃើញ​ថា ភ្ញៀវ​គាត់​មាន​ការ​ចាប់​អារម្មណ៍​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មីៗ។ ឥឡូវ​ភ្ញៀវ​ភាគ​ច្រើន​គាត់​បុក​ទៅ ពិសេស​បំផុត​គឺ​តំបន់​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង ភ្ញៀវ​ទាំង​បង​ប្អូន​បង បង​ប្អូន​ខ្ញុំ និង​បង​ប្អូន​គេ បុក​ទៅ​អង្គរវត្ត​តែ​ម្ដង បុក​ទៅ​សៀមរាប បាទ! តែ​ទោះ​បី​យ៉ាង​ណា យើង​នៅ​ខិតខំ​ប្រឹងប្រែង​អ៊ីចឹង ប្រឹងប្រែង​ស្ដារ​តំបន់​អភិវឌ្ឍន៍​ទាំងអស់​ដើម្បី​ទាក់ទាញ​ភ្ញៀវ»

លោក​បាន​បង្ហាញ​តួលេខ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ ៤​ភាគរយ ក្នុង​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ឆ្នាំ​២០១៤ ចំនួន​ប្រមាណ ១៧​ម៉ឺន​នាក់ បើ​គិត​ជា​ចំនួន​ភ្ញៀវ​ទេសចរ គឺ​ថយ​ចុះ​ជិត ១​ម៉ឺន​នាក់។ ប៉ុន្តែ​ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​បាន​កើន​ឡើង​ជិត ១០០​នាក់ គឺ​ស្មើ ៤០​ភាគរយ ប្រៀបធៀប​ឆ្នាំ​ចាស់ មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ ៣០០​នាក់។

ខេត្ត​តាកែវ មាន​រមណីយដ្ឋាន ៨​កន្លែង ដែល​ភាគ​ច្រើន​ជា​តំបន់​រមណីយដ្ឋាន​ភ្នំ និង​ប្រាសាទ​ប្រវត្តិសាស្ត្រ ដូចជា​សួន​សត្វ​ភ្នំ​តាម៉ៅ ភ្នំ​ជីសូរ ភ្នំ​ដា ទន្លេ​បាទី និង​ជ្រោះ​ផ្អោប ជាដើម។ គេ​សង្កេត​ឃើញ​ថា ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​ខេត្ត​តាកែវ មាន​ភាព​ស្ងាត់​ជ្រងំ។ មាន​តែ​អ្នក​នៅ​ខេត្ត​តាកែវ ទេ បាន​ប្រមូល​ផ្ដុំ​គ្នា​លេង​កម្សាន្ត​នៅ​មាត់​បឹង​ក្នុង​ក្រុង​ច្រើន​កុះករ​នៅ​ពេល​យប់។

មិន​ថា​ខេត្ត​តាកែវ ទេ ខេត្ត​កំពត ក៏​ដូច្នេះ​ដែរ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ីណុល ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​កើន​ឡើង​បន្តិចបន្តួច។ លោក​ថា ភ្ញៀវ​ក្នុង​ស្រុក​កើន​ឡើង​ជាង ២​ភាគរយ ស្មើ​ជាង ២​ពាន់​នាក់​ប៉ុណ្ណោះ៖ «បើ​យើង​ធៀប​ចូល​ឆ្នាំ​ដូច​គ្នា​រយៈពេល​បី​ថ្ងៃ​សម្រាប់​ចូល​ឆ្នាំ​ដូច​គ្នា ឆ្នាំ​នេះ​យើង​កើន​ឡើង​បាន ២,៤៣​ភាគរយ​ភ្ញៀវ​ក្នុង​ស្រុក បាទ! ហើយ​ភ្ញៀវ​អន្តរជាតិ​យើង​កើន​ឡើង​បាន ៧,៧៣​ភាគរយ។ ភ្ញៀវ​ជាតិ​យើង​បាន ៧​ម៉ឺន ៣​ពាន់ ៦៩១​នាក់​ពី​ឆ្នាំ​ទៅ និយាយ​រួម​យើង​បាន ៧​ម៉ឺន ១​ពាន់​នាក់ ឆ្នាំ​នេះ​បាន ៧​ម៉ឺន ៣​ពាន់​ជាង ហើយ​ភ្ញៀវ​បរទេស​ឆ្នាំ​នេះ​យើង​បាន ២​ពាន់ ២៩៨​នាក់។ យើង​កើន​ឡើង ៧,៧៣​ភាគរយ»

ក៏ប៉ុន្តែ​លោក​ថា បើ​គិត​រយៈពេល​មុន និង​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​បី​ថ្ងៃ មាន​អ្នក​ទេសចរ​ក្នុង​ស្រុក​មក​លេង​ខេត្ត​កំពត កើន​ឡើង​ជាង​ឆ្នាំ​មុន​ជិត ១០០​ភាគរយ​ឯណោះ។ ក៏ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​ខ្លាំង​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​បី​ថ្ងៃ ដែល​ទំនង​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ប្ដូរ​ទិសដៅ​ទៅ​លេង​ខេត្ត​សៀមរាប វិញ។

រមណីយដ្ឋាន​នៅ​ខេត្ត​កំពត មាន ១៣​កន្លែង ដូចជា រមណីយដ្ឋាន​ភ្នំ​បូកគោ ទឹក​ធ្លាក់​ជ្រោះ​ទឹកឈូ តំបន់​មាត់​សមុទ្រ​ព្រែក​អំពិល អន្លង់​ព្រីង រូង​ភ្នំ​កំពង់ត្រាច ភ្នំ​ឈ្ងោក ដែល​មាន​ប្រាសាទ​ក្នុង​រូង​ភ្នំ​នេះ និង​ទំនប់​ទឹក ជាដើម។

លោក សយ ស៊ីណុល បន្ត​ថា ភ្ញៀវ​ភាគ​ច្រើន​ចូល​ចិត្ត​ឡើង​លេង​ភ្នំ​បូកគោ និង​ទៅ​លេង​ទឹកឈូ។ តែ​ឆ្នាំ​នេះ ចំនួន​រថយន្ត​ភ្ញៀវ​ទេសចរ​ឡើង​លេង​ភ្នំ​បូកគោ មាន​ក្នុង​មួយ​ថ្ងៃ​តែ ២​ពាន់​គ្រឿង​ទេ ប្រៀបធៀប​ឆ្នាំ​ទៅ​មាន​ក្នុង​មួយ​ថ្ងៃ ៤​ពាន់​គ្រឿង។

ជាទូទៅ ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្ត​កំពត តែង​បង្ហួស​ទៅ​លេង​ឆ្នេរ​កែប ដែល​កាល​ពី​មុន​នេះ កែប ឋិត​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​អាជ្ញាធរ​ខេត្ត​កំពត។ ចំពោះ​ទំនាក់ទំនង​តំបន់​ទេសចរណ៍​នៃ​ខេត្ត​កំពត និង​ខេត្ត​កែប លោក សយ ស៊ីណុល យល់​ថា ខេត្ត​ទាំង​ពីរ​មាន​ភូមិសាស្ត្រ​អំណោយ​ផល​ល្អ​ណាស់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ដោយសារ​ភូមិសាស្ត្រ​ល្អ​ដូច្នេះ​ហើយ ទើប​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​តែ​កើន​ឡើង​បង្គួរ ទោះ​បី​នៅ​ខេត្ត​សៀមរាប មាន​រៀបចំ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​អធិកអធម​យ៉ាង​ណា​ក៏ដោយ។

រីឯ​ខេត្ត​កែប ដែល​នៅ​មិន​ឆ្ងាយ​ពី​ខេត្ត​កំពត ក៏​ដូច្នេះ​ដែរ។ បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក សោម ចិន្ដា ឲ្យ​ដឹង​ថា ខេត្ត​កែប មាន​ភ្ញៀវ​ទេសចរ​ជិត ៨០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤។ ខេត្ត​កែប ឋិត​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ ដែល​បាន​ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​អន្តរជាតិ​ឈ្មោះ​ថា ទីក្រុង​ស្អាត​ជាង​គេ​លើ​សកលលោក។

ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ខេត្ត​ទេសចរណ៍​ផ្សេង​ទៀត និង​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ខេត្ត​កែប ជា​ខេត្ត​ទីក្រុង​ស្អាត​បន្ត​ទៅ​ទៀត លោក សោម ចិន្ដា ចាប់​អារម្មណ៍​ការពារ​បរិស្ថាន ជាពិសេស​ការ​ចោល​សំរាម​ពាសវាលពាសកាល​របស់​ភ្ញៀវ​ទេសចរ​ខ្មែរ​ខ្លួន​ឯង​ដែល​ជា​ម្ចាស់​ស្រុក។ លោក​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ខ្មែរ​ទាំងអស់ ចេះ​ភ្ញាក់​រលឹក​ឡើង ត្រូវ​ចេះ​អនាម័យ និង​ស្រឡាញ់​បរិស្ថាន ដើម្បី​រក្សា​សម្រស់​បរិស្ថាន​ធម្មជាតិ​ខេត្ត​កែប នៅ​ល្អ​ស្អាត​បន្ត​ទៅ​ទៀត៖ «យើង​ពិនិត្យ​ឃើញ​ថា​ភ្ញៀវ​ក្នុង​ស្រុក​របស់​យើង​មួយ​ចំនួន​អ៊ីចឹង គឺ​ថា​មក​លេង​ហ្នឹង កន្លែង​ធុង​សំរាម​គេ​ដាក់​ឲ្យ​សម្រាប់​ចោល​ហ្នឹង គឺ​អត់​ទេ ហូប​ហើយ​បោះ​ចោលៗ អា​ហ្នឹង គឺ​ថា​ស្នើសុំ​ចូលរួម​ទាំងអស់​គ្នា​អ៊ីចឹង ហើយ​យើង​ពេល​បុណ្យ​ទាន​មនុស្ស​ច្រើន​យើង​មាន​បុគ្គលិក​ឯណា ដើម្បី​គ្រប់គ្រាន់​ដើម្បី​បម្រើ​សេវា​រើស​ខ្ចប់​ឲ្យ​នោះ។ អ៊ីចឹង​ទាល់​តែ​ភ្ញៀវ​របស់​យើង​ហ្នឹង​មាន​ឆន្ទៈ​ឈរ​លើ​ឆន្ទៈ​រួម​សម្រាប់​ប្រទេស​ជាតិ...»

ខេត្ត​កែប ដែល​នៅ​ជិត​ខេត្ត​កំពត នឹង​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​កុះករ ដោយសារ​ខេត្ត​កំពត នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​ប្រចាំ​ឆ្នាំ​នៅ​ខែ​ធ្នូ ចុង​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល