មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​បន្ថែម​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ជាតិ ចំណាន
2020-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ៤គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស ៨នាក់ រង​របួស​ធ្ងន់ និង​ស្រាល នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០២០។
គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ៤គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស ៨នាក់ រង​របួស​ធ្ងន់ និង​ស្រាល នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០២០។
រូប៖ នគរបាល​ជាតិ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​០១ ខែ​តុលា ថា ក្នុង​រយៈ​៩​ខែ ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើត​ឡើង​សរុប​ចំនួន ២៤៣០​លើក គឺ​ថយ​ចុះ​៧២៩​លើក ស្មើនឹង​ជាង ២៣​ភាគរយ បើ​ប្រៀបធៀប​នៅ​នឹង​ពេលវេលា​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​មាន​ការ​ថយ​ចុះ​ជាង ១៧​ភាគរយ​ដែរ​។ ទោះ​បី​យ៉ាងណា មន្ត្រី​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​យល់​ថា ការ​ថយ​ចុះ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​នេះ មិនមែន​ដោយសារតែ ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ទាំងស្រុង​នោះ​ទេ​។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា​ឥរិយាបថ​របស់​អ្នកបើកបរ នៅ​មិនទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​។ លោក​បន្ត​ទៀត​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​មាន​ភាព​មិន​ត្រឹមត្រូវ កង្វះខាត​នៃ​ការអប់រំ​ពី​ច្បាប់​ចរាចរណ៍ ផ្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ផ្លូវ នៅ​មាន​ចន្លោះប្រហោង ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន និង​អំពើពុករលួយ​។ លោក ស៊ឹង សែនករុណា យល់ថា​រាជរដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ទៅលើ​កត្ដា​ទាំងអស់​នេះ ដើម្បី​ចំនួន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយ​ចុះ​។

លោក​ស្នើ​ក៏​បង្កើន​នូវ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរ​នេះ ឲ្យ​កាន់​តែ​មាន​ភាព​ទូលំទូលាយ ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​។ ទី​ពីរ​គឺ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ត្រឹមត្រូវ កុំ​ឲ្យ​មាន​អំពើពុករលួយ ដោយ​យោគយល់​អធ្យាស្រ័យ​ទៅលើ​មន្ត្រី​ដូចគ្នា ជា​បក្សពួក​ដូចគ្នា ឬក៏​ទទួល​បាន​សំណូក ឬក៏​លាភសក្ការៈ​ណាមួយ ធ្វើ​ឲ្យ​ជនល្មើស​ច្បាប់​ចរាចរ​រួចខ្លួន ពី​សំណាញ់​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល