អាជ្ញា​ធរ​ដាក់​ទិសដៅ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពាក់​កណ្ដាល​នៅ​ឆ្នាំ​២០២០

ដោយ ឡេង ម៉ាលី
2017-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​អ្នក​ធ្វើការ​ខាង​សុវត្ថិភាព​ចរាចរណ៍ និង​អាជ្ញាធរ​ដាក់​ទិសដៅ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន ៥០% នៅ​ឆ្នាំ​២០២០។ ទិស​ដៅ​នេះ គឺ​យោង​តាម​តួលេខ​គ្រោះថ្នាក់​ថយ​ចុះ​​លើស​ផែនការ​នៅ​ឆ្នាំ​២០១៦។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចាត់​ទុក​ថា ការ​ថយ​ចុះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជាង ១០% នៅ​ក្នុង​ឆ្នាំ​២០១៦ ជា​បទ​ពិសោធន៍​ជោគជ័យ​នៅ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ក្នុង​មួយ​ឆ្នាំ៖ «ខ្ញុំ​គិត​ថា ជោគជ័យ​ធំ ពីព្រោះ​ថា យើង​កាត់​បន្ថយ​បាន​ជិត ៣០០​នាក់ មនុស្ស​ស្លាប់ គឺ ២៧០​ជាង ហើយ​បើ​គិត​ជា​ភាគរយ ១៥​ភាគរយ​នេះ ដូច​ដែល​យើង​បាន​ដឹង​ទាំង​អស់​គ្នា​ថា ខាង​អង្គការ​សហប្រជាជាតិ បាន​កំណត់ ៩% មួយ​ឆ្នាំ​ទេ សម្រាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០។ ប៉ុន្តែ​យើង​បាន​ជាង ១០% បាន​ន័យ​ថា ១៤ ជិត ១៥%»

លោក ស ខេង មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​កាត់​បន្ថយ​ពាក់​កណ្ដាល​នៅ​ឆ្នាំ​២០២០ នោះ គឺ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ដាក់​ទិសដៅ​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​តិច​ឲ្យ​បាន ៩% នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ​ថា ក្នុង​ចំណោម​យានយន្ត​ដែល​បាន​ត្រួតពិនិត្យ​ជិត ១០​លាន​គ្រឿង មាន​យានយន្ត​ជិត ១,៥​លាន (១.៤៨១.៣៧៨) គ្រឿង​ល្មើសច្បាប់​ក្នុង​ឆ្នាំ​២០១៦។ ក្នុង​នោះ​ភាគ​ច្រើន (៦២%) ជា​ម៉ូតូ។ គេ​រក​ឃើញ​ថា មាន​យានយន្ត​ជាង ៣៥​ម៉ឺន (៣៥៩.៨៨១) គ្រឿង​ល្មើស​ល្បឿន ហើយ​អ្នក​បើកបរ​ល្មើស​ជាតិ​ស្រវឹង​ជិត ២៨​ម៉ឺន (២៧៨.២១៨) នាក់ ត្រូវ​បាន​ផាក​ពិន័យ ហើយ​អ្នក​បើកបរ ៦០៥​នាក់ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តុលាការ។ ទន្ទឹម​គ្នា​នេះ មាន​អ្នក​បើកបរ​រថយន្ត​ដឹក​អ្នក​ដំណើរ និង​ទំនិញ​ចំនួន ៦៦៥​នាក់ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​អ្នក​បើកបរ​ចំនួន ១២៩​នាក់ ស្មើ ២០% មាន​សារធាតុ​ញៀន។

ក្រៅ​ពី​នេះ ក៏​មាន​យានយន្ត​ដឹក​ដី និង​ដឹក​អីវ៉ាន់​សំពីងសំពោង ១៥១​គ្រឿង ក៏​ត្រូវ​បាន​ផាក​ពិន័យ​ដែរ។

របាយការណ៍​ដដែល​បង្ហាញ​ថា តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៦ បាន​ថយ​ចុះ ៤៤៣​ករណី (ស្មើ ១១%) អ្នក​របួស​បាន​ថយ​ចុះ ៥៤២​នាក់ (ស្មើ ៨%) ហើយ​អ្នក​ស្លាប់​ថយ​ចុះ ២៧១​នាក់ (ស្មើ ១៤%)។ អ្នក​ស្លាប់​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ (ស្មើ ៧៤%) ហើយ​ជាង​ពាក់​កណ្ដាល (ស្មើ ៥៧%) មិន​បាន​ពាក់មួក​សុវត្ថិភាព។

ទោះ​បី​ជា​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ក្ដី ក៏​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សង្កេត​ឃើញ​ថា នៅ​មាន​បញ្ហា​ជា​ហានិភ័យ និង​មហន្តរាយ​ដល់​អាយុ​ជីវិត​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ធ្វើ​មាន​ជា​អាទិ​ការ​បើក​បរ​ធ្វេសប្រហែស​ខ្ជីខ្ជា មិន​អើពើ​ចំពោះ​ការ​អនុវត្ត​ច្បាប់ អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ការ​បើក​លើស​ចំណុះ និង​ការ​បត់ ឬ​ជែង​មិន​ត្រឹមត្រូវ​ជា​ដើម។

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ជា​ពិសេស​ទាក់ទង​នឹង​សុវត្ថិភាព​យានយន្ត ការ​អនុវត្ត​ច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ខូច មាន​ជង្ហុក​ជា​បញ្ហា​ចម្បង​មួយ ដែល​ពលរដ្ឋ និង​មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល។

ឆ្លើយតប​បញ្ហា​នេះ រដ្ឋមន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ខាង​លោក​កំពុង​បញ្ជូន​ក្រុម​ម៉ូតូ​កង់​បី ចុះ​គូស​ជង្ហុក​សម្បុក​មាន់ ដើម្បី​ជួសជុល​ខ្លះ​ហើយ៖ «តាំង​ពី​ថ្ងៃ​ទី​៣១ មក មន្ទីរ​សាធារណការ​នៅ​ខេត្ត​មួយ​ចំនួន បាន​ធ្វើ​កិច្ចការ​នេះ។ ម្សិលមិញ​យើង​បាន​ធ្វើការ​ច្រើន គូស​គំនូស​ទាំង​អស់​នៅ​តាម​ផ្លូវ​ជាតិ​របស់​យើង ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ដឹង​ថា យើង​បាន​ឃើញ ហើយ​សំបុក​មាន់​នៅ​ថ្ងៃ​នេះ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ជួសជុល​នៅ​ឡើយ ឲ្យ​បងប្អូន​លោក​បាន​ដឹង ដែល​ថា យើង​មិន​បាន​មើល យើង​មើល​ឃើញ​ហើយ។ អ៊ីចឹង​នឹង​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត។ រាជធានី​ភ្នំពេញ យើង​បាន​ផ្ដល់​ជូន ១២​គ្រឿង គឺ​មួយ​ខណ្ឌ ១​គ្រឿងៗ។ អ៊ីចឹង​ខ្ញុំ​សុំ​សំណូមពរ​ដល់​អភិបាល​រាជធានី​ភ្នំពេញ ខណ្ឌ មេត្តា​យក​សម្ភារៈ​នោះ យក​ទៅ​ប្រើប្រាស់ ហើយ​ចាប់​ផ្ដើម​គូស​គំនូស»

ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចេញ​ចូល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ពលរដ្ឋ​ត្អូញត្អែរ​អំពី​ការ​កក​ស្ទះ​ខ្លាំង​ជា​រៀងរាល់​ថ្ងៃ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក ស៊ុន ចាន់ថុល ថ្លែង​ថា ការងារ​អាទិភាព​ឆ្នាំ​២០១៧ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចេញ​ចូល​រាជធានី​ភ្នំពេញ លោក​បាន​ដាក់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​រយៈ​ខ្សែ​រថភ្លើង​ទៅ​វាល​យន្តហោះ​ភ្នំពេញ និង​សេវា​ដឹក​ជញ្ជូន​តាម​ទន្លេ​ពី​ភ្នំពេញ ទៅ​កៀនស្វាយ ទៅ​ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង ខេត្ត​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល