គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​ថយ​ចុះ​តិចតួច​បើ​ប្រៀប​នឹង​ឆ្នាំ​មុន

ដោយ អ៊ុំ រង្សី
2015-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។
នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​រង​របួស និង​ស្លាប់​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ទោះបីជា​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ជាង​មុន​ក្ដី ក៏​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មាន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ដដែល។

របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៥ នេះ បាន​ថយ​ចុះ​តែ ៥% ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​ចរាចរណ៍​លើក​ឡើង​ថា ការ​ថយ​ចុះ​នេះ​នៅ​តែ​ជា​ចំនួន​តិចតួច​នៅ​ឡើយ។

របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បាន​បង្ហាញ​ថា ករណី​គ្រោះថ្នាក់​នៅ​ឆ្នាំ​២០១៥ បាន​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​សរុប​ជិត ១​ម៉ឺន (៩.៧៧៥) នាក់ ក្នុង​នោះ​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​ជាង ២​ពាន់ (២.២៦៥) នាក់។

របាយការណ៍​ដដែល​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៥ បាន​កើត​ឡើង​ចំនួន​ជិត ៥​ពាន់ (៤.៥៩៥) លើក បើ​ធៀប​ឆ្នាំ​២០១៤ មាន​ការ​ថយ​ចុះ ២៤៥​លើក ស្មើ ៥% គិត​ជា​មធ្យម​ក្នុង ១​ថ្ងៃ មាន​គ្រោះថ្នាក់ ១២​លើក។

ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា លោក​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​ការ​ថយ​ចុះ​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា ការ​ថយ​ចុះ​នេះ​នៅ​តែ​ជា​ក្ដី​បារម្ភ និង​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​ឡើយ៖ «ការ​ចុះ​ប៉ុណ្ណឹង​វា​គ្រាន់តែ​ជា​លទ្ធផល​មួយ វា​មិន​ទាន់​អាច​បង្ហាញ​អំពី​សញ្ញាណ​វិជ្ជមាន​នៅ​ឡើយ​ទេ វា​គ្រាន់តែ​ជា​ចំណុច​ចាប់​ផ្ដើម ទាល់តែ​យើង​អនុវត្ត​ច្បាប់​រួម​គ្នា​ឲ្យ​បាន​ជាប់​លាប់ ប្រឹងប្រែង​ទាំង​អស់​គ្នា បាន​យើង​អាច​ឈាន​ទៅ​សម្រេច​ផែនការ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០២០ បើ​មិន​ដូច្នេះ​ទេ យើង​នឹង​បរាជ័យ»

​អ្នក​ជំនាញ​ខាង​ចរាចរណ៍​រូប​នេះ​បន្ត​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់ និង​របួស​ជាង ៩០% កើត​ឡើង​មក​ពី​កត្តា​មនុស្ស​បើកបរ​មិន​គោរព​ច្បាប់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។ លោក​បន្ថែម​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា បន្ត​បរាជ័យ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កត្តា​សំខាន់​បំផុត​អាជ្ញាធរ និង​អ្នក​ពាក់​ព័ន្ធ​ត្រូវ​តែ​អប់រំ​ពលរដ្ឋ​ឲ្យ​គោរព​ច្បាប់ និង​រឹត​បន្តឹង​ច្បាប់​ឲ្យ​មាន​តម្លាភាព៖ «ចំណុច​សំខាន់ មាន​ន័យ​ថា គឺ​ទាមទារ​ឲ្យ​មាន​ការ​អប់រំ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ តែ​សមត្ថកិច្ច​មិន​ត្រូវ​ភ្លេច​ពី​នីតិវិធី​ច្បាប់ និង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​នោះ​ឡើយ»

របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ដដែល​រក​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​មធ្យោបាយ​ធ្វើ​ដំណើរ​សរុប​ជាង ៧​ពាន់ (៧.៥៧៥) គ្រឿង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ដូចជា​កត្តា​មនុស្ស ៩៤% ក្នុង​នោះ​បើកបរ​លើស​ល្បឿន​កំណត់ ៤២%  មិន​គោរព​សិទ្ធ​អាទិភាព ១៣% មិន​ប្រកាន់​ស្ដាំ ៨% ប្រជែង ១២% បើកបរ​ស្រវឹង ១១% បត់​មិន​ប្រយ័ត្ន ៧% សុខភាព ១%។ ក្រៅ​ពី​នេះ កត្តា​យានយន្ត ២% កត្តា​ផ្លូវ ១% និង​កត្តា​ផ្សេងៗ ៣%។

ទន្ទឹម​គ្នា​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្ដេជ្ញា​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អង្គភាព​នេះ​នឹង​ជំរុញ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​កិច្ចប្រតិបត្តិការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​នគរបាល ដែល​នឹង​ត្រៀម​អនុវត្ត​រឹត​បន្តឹង​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល