អ្នក​ជំនាញ​ចរាចរណ៍​បារម្ភ​ថា ពលរដ្ឋ​ពិបាក​ចាំ​ស្លាក​ឈ្មោះ​ពិសេស ដែល​បិទ​លើ​រថយន្ត ពេល​បង្ក​គ្រោះថ្នាក់

ដោយ មួង ណារ៉េត
2020-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខិត្តប័ណ្ណផ្សព្វផ្សាយពីស្លាកឈ្មោះ​យានយន្ត​ពិសេស។
ខិត្តប័ណ្ណផ្សព្វផ្សាយពីស្លាកឈ្មោះ​យានយន្ត​ពិសេស។
Screenshot

អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍ និង​ពលរដ្ឋ​បារម្ភ​ថា ស្លាក​លេខ​ឡាន​ពិសេស​ថ្មី ដែល​សរសេរ​ឈ្មោះ​ជា​អក្សរ​ឡាតាំង បិទ​នៅ​លើ​រថយន្ត អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ចាំ​ស្លាក​ឈ្មោះ​ទាំងនោះ ពេល​រថយន្ត​បង្ក​គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ ហើយ​ជិះ​រត់គេច។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ យល់ថា ការ​បង្កើត​ឱ្យ​មាន​ស្លាក​ពិសេស​សម្រាប់​រថយន្ត ដែល​អាច​សរសេរ​ជា​ឈ្មោះ​ក៏បាន​នេះ គឺជា​យន្តការ​រកចំណូល​ចូល​រដ្ឋ​ថ្មី​មួយទៀត និង​ជា​ជម្រើស​សម្រាប់​អ្នកមាន​លុយ​។ លោក​ឱ្យ​ដឹង​ថា មួយថ្ងៃ​ដំបូង​នៃ​ការ​ដាក់​លក់​ស្លាក​លេខ​រថយន្ត​ជា​ឈ្មោះ​អក្សរ​ឡាតាំង​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាច​រក​ចំណូល​បាន​ប្រមាណ ៣​រយ​លាន​រៀល ដែល​ស្មើ​ប្រមាណ ៧​ម៉ឺន ៥​ពាន់ ( ៧៥.០០០) ដុល្លារ​អាមេរិក។

តែ​អ្វី​ដែល​លោក និង​ពលរដ្ឋ​បារម្ភ គឺ​ពលរដ្ឋ​ខ្លះ មិន​ចេះ​ភាសា​អង់គ្លេស ឬ​ភាសា​បារាំង នឹង​ពិបាក​ចំណាំ​ឈ្មោះ​ស្លាក​លេខ​ពិសេស ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់​គេច​ខ្លួន​។ លោក​ថា ស្លាក​លេខ ឬ​ឈ្មោះ​ពិសេស​នេះ អាច​ជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនខិលខូច​ខ្លះ។ ប៉ុន្តែ​យ៉ាងណា លោក​ថា មិន​ទាន់​មាន​ការ​ផ្ដល់​យោបល់​បែប​ណា​ទេ ដោយ​រង់​ចាំ​មើល​ការអនុវត្ត​បន្តិច​សិន៖ «ចាំ​មើល​មួយរយៈ ថា​តើ​ការប្រើប្រាស់​ស្លាក​លេខ​ឯកជន​ហ្នឹង វា​មាន​ផល​ប៉ះពាល់​អ្វីខ្លះ ពីព្រោះ​ខ្ញុំ​ជឿជាក់​ថា អ្នក​ដែល​គាត់​មាន​លុយ​មួយ​ចំនួន​ហ្នឹង ក៏​គាត់​មាន​សីលធម៌​ដែរ ហើយ​បើ​ទោះ​គាត់​ចង់​រត់ បើ​ទោះ​យើង​ដាក់​ស្លាក​លេខ​បែប​ណា ក៏​គាត់​គង់តែ​រត់​ដែរ»

ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន បាន​ដាក់​លក់​ស្លាក​លេខ​ឡាន ដែល​អាច​កុម្ម៉ង់ ជា​ឈ្មោះ​អក្សរ​ឡាតាំង​បាន កាលពី​ថ្ងៃ​ទី​៧ មករា​។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពេល​សម្ពោធ​ការ​ដាក់​លក់​ស្លាក​លេខ​រថយន្ត​នេះ​ថា ជា​ការ​បង្ក​ជម្រើស​ឱ្យ​ពលរដ្ឋ​តាម​ចិត្ត​ចង់​។ លោក​អះអាង​ថា ពលរដ្ឋ​មាន​ជម្រើស​២ ក្នុង​ការទិញ​ស្លាក​ឈ្មោះ​ពិសេស​នេះ គឺ​កុម្ម៉ង់​តាម​ឈ្មោះ​របស់​ខ្លួន និង​ការ​ដេញថ្លៃ​យក​ឈ្មោះ​ពិសេស​។ លោក​ពន្យល់​ថា ការ​ដាក់​ឈ្មោះ​លើ​ស្លាក​លេខ​រថយន្ត គឺ​យក​តាម​គំរូ​ប្រទេស​ផ្សេង ដូចជា ហុងកុង ជាដើម។

លោក​អះអាង​ទៀត​ថា ម្ចាស់​រថយន្ត អាច​ប្ដូរ​ពី​ស្លាក​លេខ មក​ស្លាក​ឈ្មោះ​បាន ហើយ​នៅ​ពេល​លក់​រថយន្ត ម្ចាស់​រថយន្ត​អាច​លក់​ទាំង​ស្លាក​ឈ្មោះ ឬ​ដោះ​ស្លាក​ទុក លក់​តែ​រថយន្ត ដោយ​តម្រូវ​ឱ្យ​ទៅ​បញ្ជាក់​នៅ​ក្រសួង ដើម្បី​ប្ដូរ​ស្លាក​ឈ្មោះ​នោះ ទៅ​ដាក់​នៅ​រថយន្ត​ផ្សេង ឬ​ចែក​ឱ្យ​ត​ដល់​កូនចៅ​បាន​។ ទោះ​យ៉ាងណា លោក ស៊ុន ចាន់ថុល ថា ក្រសួង នឹង​ពិនិត្យមើល​ការ​ស្នើ​សុំ​ស្លាក​ឈ្មោះ​ទាំងនោះ ដោយ​មិន​ចេញ​ស្លាក​ឈ្មោះ ដែល​មាន​អត្ថន័យ​អាសអាភាស ឈ្មោះ​ស្ថាប័ន​ជាតិ ឈ្មោះ​ប្រាសាទ ឬ​ឈ្មោះ​ថ្នាក់ដឹកនាំ​ឡើយ៖ «ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ដើម្បី​ផ្ដល់​ជម្រើស​បន្ថែម​ទៀត ជូន​ដល់​បងប្អូន​យើង ដែល​លោក​ថា លោក​ចង់បាន​ណាស់ ឈ្មោះ​កូន ឈ្មោះ​អ្វី​លោក​ចង់​ដាក់ ឱ្យ​កូន​។ អ៊ីចឹង​យើង​ជា​អ្នកបម្រើ​រាស្ត្រ ស្ដាប់​សំណូមពរ​របស់​រាស្ត្រ ហើយ​យក​ទៅ​រៀបចំ​ឱ្យ​មាន​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះឯង​។ ថវិកា​ប្រមូល​បាន​នេះ គឺ​ចូល​ក្នុង​ថវិកាជាតិ អត់​មាន​មក​ទេ គឺថា ភ្លាម​បញ្ជូន​ទៅ​ថវិកា​ជាតិ​របស់​យើង»

នៅ​ក្នុង​សន្និសីទកាសែត​នោះ លោក ស៊ុន ចាន់ថុល មិន​បាន​បញ្ជាក់​ពី​ក្ដី​បារម្ភ​របស់​ពលរដ្ឋ និង​ហានិភ័យ ចំពោះ​ជន​បង្ក​គ្រោះថ្នាក់ ហើយ​បើកបរ​រត់គេច ដោយ​ពលរដ្ឋ​មិន​អាច​ចំណាំ ស្លាក​ឈ្មោះ​នោះ​បាន​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ចំពោះ​កង្វល់​នេះ ពី​ក្រុម​អ្នកនាំពាក្យ​ទាំង​៤​នាក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទេ នៅ​ថ្ងៃ​ទី​០៩ មករា​។ ឯ លោក ស៊ុន ចាន់ថុល ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ម្នាក់ លោក តារា វិច្ឆ័យ មាន​បំណង​ផ្លាស់ប្ដូរ​ស្លាក​លេខ​ឡាន ដែល​កំពុង​ជិះ​សព្វថ្ងៃ​នេះ ដូរ​យក​ស្លាក​ឈ្មោះ​ពិសេស​ឡើយ។ លោក​ថា ស្លាក​ឈ្មោះ​នេះ សម្រាប់​តែ​អ្នកមាន​លុយ មាន​ឡាន​ទំនើប​ទេ​។ តែ​យ៉ាងណា លោក​បារម្ភ​ថា ម្ចាស់​រថយន្ត មាន​ផ្លាក​ពាក់​ស្លាក​ឈ្មោះ​ជា​អក្សរ​ឡាតាំង ខិលខូច​ខ្លះ អាច​បុក​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ពលរដ្ឋ ដែល​មិន​ចេះ​អាន​អក្សរ​ឡាតាំង នឹង​ពិបាក​ក្នុង​ការ​ចងចាំ ឬ​រាយការណ៍ ឱ្យ​សមត្ថកិច្ច៖ «ទើប​ឃើញ​ហ្វេសប៊ុក គេ​ផុស​មួយ​ដែរ អី​គេ​! S.SOLIKA អី​គេ​នោះ​។ ឃើញ​ឡាន​ដូចជា ៥៧០ គេ​ដាក់​ហ្នឹង​ដែរ​។ បើ​សម្រាប់​ខ្ញុំ​វិញ គឺ​ប្រហែលជា​មាន​លទ្ធភាព ឬ​ចង់បាន​ស្លាក​លេខ​ឈ្មោះ​អ្វី​ហ្នឹង​ទេ។ ពលរដ្ឋ នៅ​ស្រុក​ខ្មែរ​យើង​វា ពិបាក​ហ្នឹង ពិបាក​ហើយ ដោយសារ​អ្វី ស្រុក​ខ្មែរ​យើង ទាក់ទង​នឹង​ធនធានមនុស្ស ក្នុង​ការ​ចេះដឹង​ហ្នឹង គាត់​នៅ​មាន​កម្រិត​នៅឡើយ​។ ដល់​ពេល​អ៊ីចឹង ប្រជាពលរដ្ឋ គាត់​នៅ​ពិបាក​ក្នុង​ស្លាក​លេខ​ហ្នឹង»

ស្លាក​ឈ្មោះ​ពិសេស​នេះ ត្រូវ​បាន​បោះពុម្ព​នៅ​ផ្នែក​ខាងលើ ដោយ​ពាក្យ​កម្ពុជា ហើយ​ខាងក្រោម​ពាក្យ​កម្ពុជា​មាន​អក្សរ​ឡាតាំង ឬ​បន្ថែម​លេខ​ឡាតាំង។ ស្លាក​ឈ្មោះ​ពិសេស​នេះ អាច​ដាក់​បាន​អក្សរ និង​លេខ​ឡាតាំង​ចំនួន​៨​ខ្ទង់​។ ស្លាក​លេខ​មាន​ប្រព័ន្ធ​ស្កេន (QR Code) នៅ​ផ្នែក​ខាង​ស្តាំ ដើម្បី​បញ្ជាក់​ព័ត៌មាន​របស់​រថយន្ត និង​ម្ចាស់​រថយន្ត។

ម្ចាស់​រថយន្ត អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ ឬ​ការ​ដាក់​ដេញថ្លៃ​ក្នុង​ស្លាក​លេខ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ចុះបញ្ជី​រថយន្ត តាមរយៈ​គេហទំព័រ (vehicle.mpwt.gov.kh)​។ ស្លាក​ឈ្មោះ​កុម្ម៉ង់​ពិសេស​នេះ មាន​តម្លៃ​រហូត​ដល់​ទៅ ៣,៥ ទ្រីលាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល