លោក ព្រាប កុល ទាមទារ​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​ឆេះ​ផ្ទះ​របស់​លោក​នៅ​បុរី ប៉េង ហួត

ដោយ ហេង រស្មី
2020-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ពិនិត្យ​មើល​ការ​ខូចខាត ក្រោយ​ពី​មាន​ភ្លើង​ឆេះ​នៅ​ផ្ទះ​របស់​លោក កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០២។
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ពិនិត្យ​មើល​ការ​ខូចខាត ក្រោយ​ពី​មាន​ភ្លើង​ឆេះ​នៅ​ផ្ទះ​របស់​លោក កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០២។
រូប៖ ហ្វេសប៊ុក Preap Kol

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ទាម​ទារ​អោយ​របប​ក្រុង​ភ្នំពេញ​បើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​លោក ដើម្បី​ស្វែង​រក​អោយ​ឃើញ​នូវ​មូល​ហេតុ​ពិត​ដែល​នាំ​អោយ​កើត​អគ្គីភ័យ​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ ការ​ដែល​លោក​សុំ​ឲ្យ​ស៊ើប​អង្កេត​នេះ ដោយ​សារ​មាន​ចំណុច​សង្ស័យ​មួយ​ចំនួន​គឺ រយៈ​ពេល​បី​ថ្ងៃ​​មុន​ពេល​អគ្គីភ័យ​កើត​ឡើង កាមេរ៉ា​សុវត្ថិភាព​របស់​លោក​លែង​ដំណើរការ ហើយ​ក្រោយ​មក​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​តែ​ចេញ​ពី​ក្នុង​ផ្ទះ​របស់​លោក​តែ​ម្តង កាល​ពី​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​កាល ​ពី​ថ្ងៃ​ទី៩​ កុម្ភៈ៖ «រយៈ​ពេល​បី ឬ​បួន​ថ្ងៃ​មុន​ពេល​ឧបទ្ទវហេតុ​នេះ​កើត​ឡើង​មាន​បញ្ហា​កាមេរ៉ា​ សុវត្ថិភាព​ហ្នឹង​គឺ​ហាក់​ដូច​ជា​មាន​បញ្ហា​អ្វី​មួយ​ធ្វើ​អោយ​កាមេរ៉ា​ហ្នឹង​មិន​បញ្ជូន​រូបភាព​ទេ​ធ្វើ​ឲ្យ​វា​ទៅ​ជា​ផ្ទាំង​ខ្មៅ​ងងឹត។ដូច្នេះ​ធ្វើ​ឲ្យ​មាន​អ្វី​មើល​មិន​ឃើញ​ដើម្បី​យក​មក​ប្រើ ឬក៏​ពិនិត្យ​ចាក់​សារ​ឡើង​វិញ​ដើម្បី​មើល​ពី​មូល​ហេតុ ឬក៏​មើល​ពី​រូប​ភាព​ដែល​កើត​មាន​ឡើង​នៅ​ពេល​ហ្នឹង​ទេ។ អ៊ីចឹង​វា​ជា​រឿង​អកុសល​មួយ ដែល​អ៊ីចឹង​យើង​ក៏​មិន​ដឹង​ថា មូលហេតុ​អ្វី​បាន​ជា​កាមេរ៉ា​ហ្នឹង​វា​ខូច​រយៈ​ពេល​បី​បួន​ថ្ងៃ​មុន​ឧបទ្ទវហេតុ​ហ្នឹង»

ផ្ទះ​លោក ព្រាប កុល ស្ថិត​នៅ​ក្នុង​បុរី ប៉េង ហួត ក្នុង​ខណ្ឌ​ច្បារអំពៅ បណ្ដាល​អោយ​​ឆេះ​ខូច​ខាត​ស្ទើរតែ​ទាំង​ស្រុង។

លោក ព្រាប កុល ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​បុរី​ និង​អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក​បាន​ប្រាប់​ថា មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នេះ​​គឺ​ដោយ​សារ​តែ​គឺ​ដោយ​សារ​តែ​ឆ្លង​​ចរន្ត​អគ្គិសនី​ចេញ​ពី​បន្ទប់​​ខាង​ក្រោម​ផ្ទះ​របស់​លោក។

ទោះ​យ៉ាង​ណា មិន​ជឿ​ទៅ​លើ​ការ​អះអាង​នេះ​ទេ។​លោក​ថា បុរី ប៉េង ហួត នេះ​មិន​ដែល​មាន​ប្រវត្តិ​ភ្លើង​ឆេះ​ផ្ទះ​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី​ទេ។ ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​ស្រាវជ្រាវ​រក​មូល​ហេតុ​ពិត​ប្រាកដ​ដើម្បី​អោយ​ក្រុម​គ្រួសារ​លោក​បាន​ស្ងប់ចិត្ត។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក ឆាយ គឹមឃឿន ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។

ហេតុ​ការណ៍​ឆេះ​ផ្ទះ​មន្ត្រី​សង្គម​ស៊ីវិល​លោក ព្រាប កុល នេះ ​បាន​កើត​មាន​ឡើង​ជា​លើក​ទីពីរ​ហើយ ​ក្រោយ​ពី​ផ្ទះ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ល្បី​ឈ្មោះ​ម្នាក់​លោក​ បណ្ឌិត​មាស នី ក៏​ត្រូវ​អគ្គីភ័យ​បាន​ឆាប​ឆេះ​អស់​កាល​ពី​ខែ​មិថុនា​ឆ្នាំ២០១៩ នៅ​ក្នុង​ខេត្ត​បាត់ដំបង ដោយ​គ្មាន​របាយការណ៍​ស៊ើប​អង្កេត​ណាមួយ​ដែល​បង្ហាញ​ពី​មូលហេតុ​ពិត​ប្រាកដ​ជា​សាធារណៈ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល