យុវជន​ស្នើ​បង្កើត​ច្បាប់​ហាម​ឃាត់​បុគ្គលិក​ជាប់​សាច់​ឈាម​គ្នា​ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ

ដោយ អ៊ុំ រង្សី
2015-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខជន​ប្រកួត​ជើង​ឯក​តស៊ូ​មតិ​ដើម្បី​តម្លាភាព​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
បេក្ខជន​ប្រកួត​ជើង​ឯក​តស៊ូ​មតិ​ដើម្បី​តម្លាភាព​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Um Rainsey

សង្គម​ស៊ីវិល និង​យុវជន​លើក​ឡើង​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ កំពុង​ក្លាយ​ជា​ជំងឺ​ឆ្លង​ដ៏​រ៉ាំរ៉ៃ និង​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា។ ទាំង​សង្គម​ស៊ីវិល និង​យុវជន ចាត់​ទុក​ថា បក្ខពួក​និយម គ្រួសារ​និយម​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ បាន​រាំង​ស្ទះ​ដល់​ឱកាស​យុវជន ប៉ះពាល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ឈរ​លើ​គោលការណ៍​សមធម៌ សុចរិត​ភាព និង​ធានា​ឲ្យ​បាន​នូវ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់​រូប​នោះ​ទេ។

សង្គម​ស៊ីវិល និង​យុវជន ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហាមឃាត់​បុគ្គលិក​ដែល​ជាប់​សាច់​ឈាម​គ្នា​ជិតស្និទ្ធ ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ​ដូច​គ្នា បើ​ទោះ​បី​ជា​បេក្ខជន​នោះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក៏ដោយ។

ការ​បង្ហាញ​នេះ នៅ​ក្នុង​វេទិកា​ស្ដីពី «ការ​ប្រកួត​ជើង​ឯក​ជជែក​តស៊ូ​មតិ​ដើម្បី​តម្លាភាព​ឆ្នាំ​២០១៥» នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា នា​រាជធានី​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។

យុវជន​ដែល​បាន​ចូលរួម​វេទិកា​តស៊ូ​មតិ​ដើម្បី​តម្លាភាព កញ្ញា ឡាយ ឈីម៉ី លើក​ឡើង​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដូចជា​ការ​ទាញ​យក​សាច់ញាតិ​មក​បម្រើ​ការ​ដើម្បី​រក្សា​អំណាច រក្សា​ផល​ប្រយោជន៍ និង​ជួយ​បិទ​បាំង​ទង្វើ​របស់​ខ្លួន​ណា​មួយ គឺ​ជា​ភាព​មិន​ប្រក្រតី ជា​អំពើ​អយុត្តិធម៌ និង​មិន​ផ្តល់​ឱកាស​ឲ្យ​មាន​ភាព​ចម្រុះ​បែប​នៅ​ក្នុង​ស្ថាប័ន​ជាតិ។ យុវតី​រូប​នេះ​បន្ត​ថា បញ្ហា​នេះ​រដ្ឋាភិបាល​មិន​អាច​មើល​រំលង​បាន​ឡើយ។ ដូច្នេះ រដ្ឋាភិបាល​គួរ​តែ​បង្កើត​ច្បាប់​ហាមឃាត់​បុគ្គលិក​ជាប់​សាច់​ឈាម​គ្នា ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ៖ «នៅ​ពេល​ដែល​មាន​សាច់ញាតិ​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​តែ​មួយ ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ព័ត៌មាន​អី​ហ្នឹង វា​អត់​មាន​តម្លាភាព សុចរិត​ភាព​នោះ​ទេ»

យុវជន​ម្នាក់​ទៀត​មក​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក ហេង សុវណ្ណ បាន​លើក​ឡើង​ដែរ​ថា ដោយសារ​អំពើ​ពុក​រលួយ គ្រួសារ​និយម​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ បាន​ធ្វើ​ឲ្យ​យុវជន​ជាច្រើន​ដែល​បញ្ចប់​ការ​សិក្សា គ្មាន​ការងារ​ធ្វើ និង​មាន​យុវជន​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​មិន​អាច​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​បាន។ លោក​បន្ត​ថា មាន​យុវជន​កម្ពុជា ជាច្រើន ចង់​បម្រើ​ការងារ​រដ្ឋ តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​មិន​សូវ​មាន​ឱកាស​ច្រើន​ដូចជា​អ្នក​ដែល​ជាប់​សាច់​ឈាម​ជិតស្និទ្ធ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ​ឡើយ។ យុវជន​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហាមឃាត់​បុគ្គលិក​ជាប់​សាច់​ឈាម​គ្នា​ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា៖ «ប្រសិន​ជា​យើង​ហាមឃាត់​បក្ខពួក​និយម ឬ​សាច់ញាតិ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​បាន មាន​ន័យ​ថា យើង​អាច​រក​ចំណុច​រួម​ដែល​ជួយ​ដោះស្រាយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា បាន»

អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤។ កម្ពុជា មាន​ប្រជាជន​ជិត ២០% ឬ​ជិត ៣​លាន​នាក់ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ហើយ​ប្រជាជន​រាប់​លាន​នាក់​ផ្សេង​ទៀត កំពុង​រស់នៅ​កៀក​បន្ទាត់​ក្រីក្រ។

ករណី​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បញ្ជាក់​ថា ដើម្បី​ឲ្យ​ស្ថាប័ន​រដ្ឋ​មាន​គុណភាព និង​តម្លាភាព កម្ពុជា គួរ​តែ​បង្កើត​ច្បាប់​ហាមឃាត់​បុគ្គលិក​ដែល​ជាប់​សាច់​ឈាម​គ្នា​ជិតស្និទ្ធ ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ​ដូច​គ្នា។ លោក​ថា តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ឃើញ​ថា គ្រប់​ស្ថាប័ន​រដ្ឋ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បក្ខពួក​និយម ឬ​គ្រួសារ​និយម។ លោក​បន្ត​ថា ការ​ដែល​យក​សាច់ញាតិ​មក​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ងាយ​នឹង​អាច​បង្ក​ជា​ទំនាស់​ផល​ប្រយោជន៍៖ «យើង​អាច​ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ​បាន ប៉ុន្តែ​យើង​ត្រូវ​ធានា​ថា​មិន​នៅ​ក្នុង​នាយកដ្ឋាន​តែ​មួយ និង​ធានា​មិន​មាន​ការ​ផ្តល់​ព័ត៌មាន ឬ​រាយការណ៍​ណា​មួយ​ដែល​អាច​បង្ក​លក្ខណៈ​ឲ្យ​មាន​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​ជំហរ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​ច្បាប់​ហាមឃាត់​បុគ្គលិក​ដែល​ជាប់​សាច់ឈាម​គ្នា​ជិតស្និទ្ធ ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ​ដូច​គ្នា ទើប​កម្ពុជា អភិវឌ្ឍ​ទៅ​បាន»

ចំណែក​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​កម្ពុជា និង​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក សៅ ឌឺលុច បញ្ជាក់​ថា ច្បាប់​ដែល​យុវជន​ចង់​ឲ្យ​បង្កើត​នេះ គឺ​ដើម្បី​ធានា​គ្រប់គ្រង​តែ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ប៉ុណ្ណោះ ដោយ​គិត​ត្រឹម​អគ្គនាយកដ្ឋាន​ចុះ​ក្រោម។ សាស្ត្រាចារ្យ​ច្បាប់​រូប​នេះ​យល់​ថា បើ​កម្ពុជា បង្កើត​ច្បាប់​នេះ​បាន កម្ពុជា នឹង​ចំណេញ​ច្រើន​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ លើស​ពី​នេះ នឹង​ធ្វើ​ឲ្យ​ការ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​មាន​ភាព​ច្បាស់លាស់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ស្នើ​របស់​យុវជន​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា។

កាល​ពី​ចុង​ឆ្នាំ​២០១៤ កន្លង​ទៅ អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​រដ្ឋសភា លោក សុន ឆ័យ បាន​បញ្ចេញ​ឯកសារ​មួយ​បង្ហាញ​ថា ក្រុម​គ្រួសារ​អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន ជា​អ្នក​ក្ដោបក្ដាប់​សិទ្ធិ​អំណាច​ផ្នែក​ចាត់​តាំង​បុគ្គលិក ផ្នែក​កាន់​លុយ និង​ត្រួត​ពិនិត្យ​ក្នុង​រដ្ឋសភា​ទាំង​មូល នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​ដាក់​សុទ្ធតែ​សាច់ញាតិ​ខ្លួន​ឯង។

របាយការណ៍​ស្ដីពី​ការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ថ្នាក់​ជាតិ​ឆ្នាំ​២០១៤ កត់​សម្គាល់​ថា បញ្ហា​បក្ខពួក​និយម និង​អំពើ​ពុក​រលួយ​មាន​ការ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ជ្រៅ ហើយ​បាន​រីក​រាល​ដាល​ក្នុង​វិស័យ​សាធារណៈ និង​ស្ថាប័ន​សំខាន់ៗ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​នីតិរដ្ឋ ភាព​ស្មោះ​ត្រង់ ធ្វើ​ឲ្យ​បាត់​ថវិកា​ជាតិ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ និង​ពេល​ខ្លះ​បាន​បង្អាក់​កិច្ច​ប្រឹងប្រែង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

question is are they willing and optimism to solve nepotism and corruption or not?

Jun 24, 2015 11:47 PM

គេហទំព័រ​ទាំងមូល