កម្មករ​និយាយ​ថា តម្លៃ​ឡាន​ឈ្នួល​នៅ​តែ​ឡើង​ថ្លៃ ទោះ​ជា​សាលាក្រុង​បញ្ចេញ​រថយន្ត​សាធារណៈ​ដឹក​ជញ្ជូន​មិន​គិត​ថ្លៃ​រហូត​ដល់​​ថ្ងៃ​ទី៣០ កញ្ញា

ដោយ ថន ថារ៉ូ
2019-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ធ្វើ​ដំណើរ​កំពុង​ប្រជ្រៀត​គ្នា​ឡើង​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​ឥត​បង់​ថ្លៃ​ពី​ភ្នំពេញ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ជា​សាធារណៈ។
អ្នក​ធ្វើ​ដំណើរ​កំពុង​ប្រជ្រៀត​គ្នា​ឡើង​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​ឥត​បង់​ថ្លៃ​ពី​ភ្នំពេញ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ជា​សាធារណៈ។
រូប​ពី៖ ហ្វេសប៊ុក​រដ្ឋបាល​សាលា​រាជធានី​ភ្នពេញ ថ្ងៃ​ទី៣១ ខែ​កញ្ញា ឆ្នាំ២០១៩

កម្មករ​និយាយ​ថា​ តម្លៃ​ឡាន​ឈ្នួល ទៅ​តាម​ខេត្ត​​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​​នេះ ​នៅ​តែ​ឡើង​ថ្លៃ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ច្រើន​គ្រឿង​ ឲ្យ​ដឹក​ជញ្ជូន​ពលរដ្ឋ​​ឥត​គិត​ថ្លៃ​ក៏​ដោយ។ អ្នក​ឃ្លាំមើល​សង្គម ជំរុញ​អាជ្ញាធរ​ឱ្យ​បន្ថែម​រថយន្ត​ក្រុង​ថែម​ទៀត និង​បញ្ចុះ​តម្លៃ​សាំង។

កម្មករ​​រោងចក្រ​នៅ​ម្ដុំ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ម្នាក់ លោក ឡឹក សុភ័គ្រ ប្រាប់​ថា តម្លៃ​ឡាន​ឈ្នួល​នៅ​តែ​ឡើង​ថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ឡាន​ក្រុង​ច្រើន​គ្រឿង​ឲ្យ​ដឹក​ជញ្ជូន​ពលរដ្ឋ​ ដោយ​មិន​គិត​ថ្លៃ​ក៏​ដោយ។

កម្មករ​រូប​​នេះ​ប្រាប់​ថា កម្មករ​ភាគ​តិច​ណាស់ បាន​ទទួល​សេវា​រថយន្ត​សាធារណៈ​ឥត​គិត​ថ្លៃ គឺ​ដោយ សារ​​រថយន្ត​​ក្រុង​ទាំង​នោះ​មាន​តិច ឯ​កម្មករ​មាន​ច្រើន គឺ​ប្រជ្រៀត​ទៅ​ទទួល​យក​សេវា​មិន​ឈ្នះ​គេ។ លោក​ថា កម្មករ​នៅ​ជាយ​ក្រុង​ដូច​ពួក​លោក​ទៀត​សោត មិន​អាច​ធ្វើ​ដំណើរ​ចូល​ក្រុង​មក​ទទួល​យក​សេវា​រថយន្ត​ក្រុង​បាន​ឡើយ ម្ល៉ោះ​ហើយ​ពួក​គេ​បាន​ជ្រើស​យក​ការ​ជិះ​ឡាន​ឈ្នួល​ប្រជ្រៀត​គ្នា​ ទៅ​លេង​ស្រុក​កំណើត​ដដែល៖ «និយាយ​ទៅ​វា​ភាគ​តិច​ណាស់​បង។ គាត់​ជិះ​តួរីស។ គាត់​ជិះ​តូរីស គឺ​តម្លៃ​ដែល​មិន​មែន​ជា​តាម​ភូមិ​ គឺ​ឡើង​ច្រើន​ណាស់​បង ឡើង​ដូច​ថា ៥ពាន់ ឡើង​ទី ៧​ពាន់។ ហ្នឹង​សម្រាប់​តួលេខ​ ដែល​ខ្ញុំ​បាន​សួរ​ពួក​គាត់​ (កម្មករ) នៅ​ម្ដុំ​បែក​ចាន​ហ្នឹង​ទេ។ ខ្ញុំ​សួរ​ថា ទៅ​ផ្ទះ​ហ្នឹង​អស់​ប៉ុន្មាន​អ៊ីចឹង​ទៅ​ណា»

យ៉ាង​ណា​ក្ដី លោក ឡឹក សុភ័គ្រ​ ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​បើក​ប្រាក់​ឈ្នួល​ ​ពាក់កណ្ដាល​ និង​ឲ្យ​ប្រាក់បំណាច់ទៅ​កម្មករ​ ដើម្បី​ទៅ​លេង​បុណ្យ​ភ្ជុំ។ រោងចក្រ​ខ្លះ អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​តាំង​ពី​ថ្ងៃ​ទី​២៣ កញ្ញា និង​តម្រូវ​ឲ្យ​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃ​ទី១ តុលា។

រដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​ ១២០​គ្រឿង​ ឲ្យ​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​​តាម​បណ្ដា​ខេត្ត​ឥត​គិត​ថ្លៃ ចំនួន​ ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ កញ្ញា។ រដ្ឋ​បាល​រាជធានី​ភ្នំពេញ ប្រកាស​ថា នៅ​ព្រឹក​ដំបូង​ មាន​​ពលរដ្ឋ​​ជាង ​៤​ពាន់​ (.២៧០) នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ។

បណ្ដាញ​​សង្គម​ហ្វេសប៊ុក (facebook)​ របស់​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​ដាក់​រថយន្ត​ដឹក​អ្នក​ដំណើរ ដោយ​ឥត​គិត​ថ្លៃ​ទៅ​តាម​បណ្ដា​ខេត្ត​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

រថយន្ត​ក្រុង​ ដឹក​ជញ្ជូន​ដោយ​មិន​គិត​ថ្លៃ ចេញ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​តាម​បណ្ដា​ខេត្ត​នានា​ មាន​ ៥ជើង​​ក្នុង​ ១ថ្ងៃ ​គឺ​ចេញ​ដំណើរ​​ពី​ជើង​ទី​១ ជើង​ទី​៥ ចាប់​ពី​ម៉ោង​ ៥​ព្រឹក​ ដល់​ម៉ោង​ ២​រសៀល។ ចំណែក​ទីតាំង​ចំណត​សម្រាប់​គោលដៅ​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា​ មាន​ ៥ទីតាំង គឺ​ម្ដុំ​ផ្លូវ ​៦០​ម៉ែត្រ សម្រាប់​ពលរដ្ឋ​ ត្រូវ​ទៅ​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង​ និង​តាកែវ តាមផ្លូវ​ជាតិ​លេខ១ ​និង​ផ្លូវជាតិ​លេខ២។

នៅ​ស្ថានីយ​ចំណត​រថយន្ត​ផ្លូវ​ ២០០៤ ​​សម្រាប់​ពលរដ្ឋ​ ត្រូវ​ទៅ​ខេត្ត​កែប កំពត​ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ជាតិ​លេខ៣ ​និង​ផ្លូវជាតិ​លេខ៤។ ចំណត​ទីតាំង​ សួនច្បារ​ឃ្លាំង​សាំង​ឫស្សីកែវ ​សម្រាប់​ពលរដ្ឋ​ ​ត្រូវ​ទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់​ បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​ គឺ​តាម​ផ្លូវ​ជាតិ​លេខ​ ៥​។ ចំណែក​ទីតាំង រង្វង់​មូល​ទេព​មច្ឆា​ខាងកើត​ស្ពានដែក​ឫស្សីកែវ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​​គឺ សម្រាប់​ពលរដ្ឋ ទៅ​ខេត្ត​កំពង់ធំ ​ខេត្ត​សៀមរាប ​និង​ខេត្ត​កំពង់ចាម។ ចំណែក​ចំណត​ទីតាំង​​មុខ​អយស្ម័យយាន​កម្ពុជា (ស្ថានីយ​រថភ្លើង) គឺ​សម្រាប់​ពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។

ក្រៅពី​រថយន្ត​ក្រុង​សាធារណៈ របប​ក្រុង​ភ្នំពេញ ក៏​​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជិះ​​រថភ្លើង​ពី​ភ្នំពេញ​ ទៅ​ខេត្ត​​ព្រះសីហនុ​ និង​ពី​ភ្នំពេញ​ទៅ​​ដល់​​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ ដោយ​ឥតគិតថ្លៃ​​ដែរ ចាប់ពី​ថ្ងៃ​​ទី២៦ ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា។ រថភ្លើង​ឥតគិតថ្លៃ គឺ​រត់ ២ជើង ក្នុង ១ថ្ងៃ។ ជើង​ទី១ ចេញ​ដំណើរ​នៅ​​ម៉ោង​ ៧កន្លះ​ព្រឹក និង​​ជើង​ទី២ ​ចេញ​ដំណើរ​នៅ​ម៉ោង​ខ្ទង់៦ ទៅ ៧យប់​។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ទេ ដោយសារ​មិន​លើក​ទូរស័ព្ទ។ តែ​លោក​ធ្លាប់​ប្រាប់​កាល​ពី​ពេល​កន្លង​មក​ថា មូលហេតុ​ចម្បង​២ ដែល​អាជ្ញាធរ​បញ្ចេញ​រថយន្ត​សាធារណៈ ឥត​គិត​ថ្លៃ គឺ​ការ​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​រថយន្ត​ឈ្នួល និង​ដើម្បី​សុវត្ថិភាព​ចរាចរណ៍។

ប្រធាន​សមាគម​ឯករាជ្យ​កម្ពុជា​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សង្កេត​ឃើញ​ថា ការ​ដាក់​រថយន្ត​សាធារណៈ​ឥត​គិត​ថ្លៃ ប៉ុន្មាន​ឆ្នាំ​មក​នេះ មិន​​អាច​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ឡាន​ឈ្នួល​បាន​ទេ។ លោក​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន នៅ​តែ​បន្ត​ឡើង​ថ្លៃ​ឈ្នួល ១​ទ្វេ​ជា​ ២ ឬ​ទ្វេ​ជា ​៣។ លោក វន់ ពៅ ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ បន្ថែម​​រថយន្ត​ក្រុង​ថែម​ទៀត បង្កើត​ក្រុម​អធិការកិច្ច​ត្រួត​ពិនិត្យ​មើល​សៀវភៅ​បន្ទុក​របស់​ក្រុមហ៊ុន​ឯកជន​ដឹក​ជញ្ជូន​ទាំង​អស់​ ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋ បញ្ចុះ​ថ្លៃ​សាំង ថ្លៃ​ហ្គាស កាត់​បន្ថយ​កុងត្រូល​ជជុះ​តាម​ផ្លូវ ហើយ​កុំ​ដំឡើង​ថ្លៃ​​ចំណត​ជាដើម៖ «កាត់​បន្ថយ​មួយ​ទៀត គឺ​កុងត្រូល​ជជុះ។ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ជិះ​ពី​ភ្នំពេញ​មក​ កំពង់ចាម​ ខ្ញុំ​ឃើញ​ប៉ូលិស​ដាក់​​លុយ យក​ឡាន​ច្រើន​កន្លែង​មែន​ទែន នៅ​ស្រុក​មុខ​កំពូល​មួយ​កន្លែង ចេញ​ពី​ក្រុង​មក​មួយ​​កន្លែង ហើយ​អា​អ្នក​យក​លុយ​បេន​ទ្វេ​ជា​១ ជា​២ ជា​អ្វី​ ទាល់​តែ​កាត់​បន្ថយ​​ភាព​អនាធិបតេយ្យ ដែល​យក​លុយ​ក្នុង​ឱកាស​​ ឆ្លៀត​ពេល​បុណ្យ​ភ្ជុំ​ បុណ្យ​អ្វី​ហ្នឹង ទាល់​តែ​កាត់​ទាំង​អស់​ថែម​ទៀត អា​ហ្នឹង​ គឺជា​ចំណុច​ប្រសើរ​មួយ»

កាល​ពី​​ភ្ជុំបិណ្ឌ ឆ្នាំ២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​ អះអាង​ថា រយៈ​ពេល ៦ថ្ងៃ នៃ​ការ​ផ្ដល់​សេវា​រថយន្ត​ក្រុង​សាធារណៈ​ឥត​គិត​ថ្លៃ មាន​ពលរដ្ឋ​ជាង ២ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ៕