និស្សិត​កូន​ភ្លោះ​ជា​សកម្មជន​អារ៉ែង​ស្នើ​សាកលវិទ្យាល័យ CUS អនុញ្ញាត​ឲ្យ​បន្ត​ការ​សិក្សា

ដោយ សិរីមុនី
2015-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និស្សិត​ក្រីក្រ​ពីរ​នាក់​បង​ប្អូន​ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​វារីអគ្គិសនី​ដនសាហុង លោក ជុំ ហួត (ស្ដាំ) និង​លោក ជុំ ហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥។
និស្សិត​ក្រីក្រ​ពីរ​នាក់​បង​ប្អូន​ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​វារីអគ្គិសនី​ដនសាហុង លោក ជុំ ហួត (ស្ដាំ) និង​លោក ជុំ ហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymuny

និស្សិត​ពីរ​នាក់​បង​ប្អូន​ភ្លោះ​មក​ពី​ខេត្ត​បាត់ដំបង ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង និង​តំបន់​វារីអគ្គិសនី​ដនសាហុង ស្នើ​ដល់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ឈ្មោះ​ប្រឡង​បញ្ចប់​ឆ្នាំ​ទី​២ និង​អាច​មាន​សិទ្ធិ​រៀន​នៅ​សាកលវិទ្យាល័យ​នេះ​បន្ត​ទៀត​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ បន្ទាប់​ពី​សាលា​បាន​បញ្ឈប់​ពួក​គាត់។

ចំណែក​គ្រូ​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បាន​គាំទ្រ​និស្សិត​ដែល​ជា​សកម្មជន​បរិស្ថាន​នេះ ដោយ​គាត់​ថា និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​នេះ មាន​អត្តចរិត​ល្អ និង​ស្រឡាញ់​ការ​សិក្សា។

និស្សិត​ក្រីក្រ​ពីរ​នាក់​បង​ប្អូន​ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​វារីអគ្គិសនី​ដនសាហុង លោក ជុំ ហួត និង​លោក ជុំ ហួរ អះអាង​ថា សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បាន​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​វត្តមាន ជា​ហេតុ​បណ្ដាល​ឲ្យ​ពួក​គាត់​គ្មាន​សិទ្ធិ​ប្រឡង​បញ្ចប់​ឆ្នាំ​ទី​២ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស និង​តម្រូវ​ឲ្យ​លោក​បង់​លុយ​ជាង ២០០​ដុល្លារ ដើម្បី​អាច​មាន​សិទ្ធិ​រៀន​បន្ត។

លោក​បន្ត​ថា នៅ​ពេល​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ទួលទំពូង​ត្រូវ​បិទ​ទ្វារ សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ប្ដូរ​ឲ្យ​លោក​ទៅ​សិក្សា​សាខា​ស្ទឹងមានជ័យ។ លោក​បញ្ជាក់​ថា សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ស្ទឹងមានជ័យ ជា​អ្នក​សម្រេច​បញ្ឈប់​ការ​សិក្សា​របស់​ពួក​គាត់។

លោក​អះអាង​ថា ស្ថិត​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ដោយ​មាន​ក្តី​បារម្ភ​ពី​ការ​សិក្សា​របស់​ខ្លួន អម​នឹង​អាវ​យឺត​ពណ៌​បៃតង​មាន​រូប​សត្វ​ផ្សោត ដែល​មាន​អក្សរ​បញ្ឈប់​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង និស្សិត​កូន​ភ្លោះ​ពីរ​នាក់​បង​ប្អូន​លើក​ឡើង​បន្ត​ថា ពួក​គាត់​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង និង​ជា​សកម្មជន​ការពារ​ទំនប់​វារីអគ្គិសនី​ដនសាហុង សម្រាប់​ប្រជាជន​កម្ពុជា ទាំង​មូល។ ចុះ​ហេតុ​អ្វី​បាន​ជា​សាលា​មិន​លើក​ទឹក​ចិត្ត​ចំពោះ​ពួក​គាត់​ផង?៖ «គាត់​បញ្ជូន​ខ្ញុំ​ទៅ​នាយក​រង​ក្បែរ​តុ​ហ្នឹង។ នាយក​រង​គាត់​អត់​ដោះស្រាយ​ទេ ហើយ​បែរ​ជា​និយាយ​ឆ្លើយ​វិញ។ គាត់​និយាយ​ថា អូន​ឯង​ការពារ​ព្រៃ​ឈើ​ហ្នឹង​បាន​អី​បាន​មក​វិញ? គាត់​និយាយ​ច្រើន​ទៀត​ថា អូន​ឯង​ប្រឡូក​សង្គម​មិន​ដូច​បង​ទេ។ ខ្ញុំ​អត់​ឈ្លោះ​ជាមួយ​នឹង​គាត់​ទេ ហើយ​សុំ​គាត់​ថា បង! ខ្ញុំ​សុំ​មាន​ឈ្មោះ​ប្រឡង​បាន​អត់?»

លោក​និយាយ​ថា លោក​មាន​លុយ​សិក្សា​អាស្រ័យ​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ជន​បរទេស​ម្នាក់​ដែល​រស់នៅ​ប្រទេស​ស្វីស (Switzerland)។ លោក​បន្ត​ថា ការ​សិក្សា​ជា​អ្វី​ដែល​លោក​មិន​អាច​លះបង់​បាន។ មិន​អាច​លះបង់​បាន ព្រោះ​ការ​សិក្សា​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​គាត់​បាន​នា​ពេល​អនាគត។

សាស្ត្រាចារ្យ​មួយ​រូប​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា និស្សិត​កូន​ភ្លោះ​ទាំង​ពីរ​នាក់​បង​ប្អូន​នោះ​ចូល​ចិត្ត​ការ​សិក្សា ជា​និស្សិត​សុភាពរាបសារ ចូល​ចិត្ត​ការ​ចែក​រំលែក និង​ជាពិសេស​តែង​តែ​ធ្វើ​កិច្ចការ​សង្គម​ជាច្រើន។ លោក​និយាយ​ទៀត​ថា សាលា​គួរ​មាន​ការ​អធ្យាស្រ័យ​ចំពោះ​និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន ដែល​បាន​ចូលរួម​ជួយ​ដល់​កិច្ចការ​សង្គម​នេះ៖ «មាន​ព័ត៌មាន​អ្វី​ប្លែកៗ​គាត់​ចែក​រំលែក មាន​អ្វី​ចង់​ចែក​រំលែក គាត់​ចែក​រំលែក​ទៅ​កាន់​និស្សិត​មិត្ត​រួម​ថ្នាក់ និង​គាត់​បាន​ចូលរួម​ការពារ​ព្រៃ​តំបន់​អារ៉ែង​ដែល​ជា​ព្រៃ​ចុង​ក្រោយ»

សកលវិទ្យាធិការ​រង​ទទួល​បន្ទុក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា លោក​បណ្ឌិត មាស បូរ៉ា បញ្ជាក់​ថា និស្សិត​ទាំងអស់​មាន​សិទ្ធិ​ប្រឡង​បាន លុះត្រា​ណា​តែ​មិន​មាន​អវត្តមាន​លើស​ពី​គោលការណ៍​ដែល​សាលា​បាន​កំណត់៖ «មិន​បញ្ហា​អី​ទេ គ្រាន់​តែ​បញ្ហា​វិន័យ​តិចតួច​ហ្នឹង​ណា! គាត់​អវត្តមាន​ច្រើន​ហ្នឹង​ណា»

លោក​អះអាង​ថា សាកលវិទ្យាល័យ​អនុញ្ញាត​ឲ្យ​និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​ចូល​រៀន​ហើយ ប៉ុន្តែ​ត្រូវ​ផាក​ពិន័យ​ជាង ២០០​ដុល្លារ គឺ​ផាក​លើ​មុខវិជ្ជា​ចំនួន​ប្រាំ​មុខ ដែល​និស្សិត​ទាំង​ពីរ​រូប​មិន​បាន​ចូល​រៀន​មួយ​ឆមាស។ លោក​បន្ថែម​ថា បើ​និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​ពិត​ជា​ក្រីក្រ​មែន និស្សិត​ទាំង​ពីរ​នាក់​អាច​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​បាន ហើយ​សាកលវិទ្យាល័យ​នឹង​ពិចារណា​ជុំវិញ​រឿង​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ឲ្យ​ដឹង​ថា ក្រសួង​អប់រំ ជា​អ្នក​ត្រួត​ពិនិត្យ​គុណភាព​ចំពោះ​សាកលវិទ្យាល័យ​នីមួយៗ តាម​រយៈ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។ ប៉ុន្តែ​បើ​និស្សិត​អវត្តមាន​ច្រើន គឺ​អាច​ប្រឈម​នឹង​ការ​បាត់​សិទ្ធិ​ប្រឡង។ លោក​បន្ត​ថា ការ​សិក្សា គឺ​ទាមទារ​គុណភាព និង​ការ​ខិតខំ​ប្រឹងប្រែង។ និស្សិត​ត្រូវ​រៀន​ឲ្យ​បាន​ទៀងទាត់ និង​យក​ចិត្ត​ទុក​ដាក់៖ «ក្នុង​បទបញ្ជា​ក្នុង​គ្រឹះស្ថាន​សិក្សា​នោះ ចឹង​សាលា​អនុវត្ត​តាម​គោលការណ៍​របស់​សាលា»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ និស្សិត​ពីរ​នាក់​បង​ប្អូន​ទទូច​ស្នើ​ដល់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សុំ​ឲ្យ​ពួក​គាត់​មាន​ឈ្មោះ​ប្រឡង និង​មិន​ត្រូវ​បង់​លុយ​ជាង ២០០​ដុល្លារ​នោះ​ទេ។ លោក​បន្ត​ថា លោក​ជា​អ្នក​ការពារ​ប្រយោជន៍​សម្រាប់​សង្គម​កម្ពុជា សាលា និង​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​យោគយល់​ចំពោះ​រូប​លោក។ និស្សិត​កូន​ភ្លោះ​ទាំង​ពីរ​នាក់​នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង មាន​បង​ប្អូន ៧​នាក់ មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​ប្រកប​មុខ​របរ​ជា​អ្នក​សម្អាត។ និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​នេះ មាន​ក្តី​ប្រាថ្នា​ចង់​ស្គាល់​រសជាតិ​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​នឹង​គេ មុន​លាចាក​លោកិយ​ដោយ​មិន​មាន​ចេតនា​អ្វី​ផ្សេង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ខ្ញុំសូមកោទសរសើពួកគាត់ទាំង២ដែល មានចិត្តស្រលាញ់ទាំងការសិក្សា និងសង្គមជាតិ តែពួកគាត់គួរតែបែងចែកពេលវាឲ្យច្បាស់រវាងការសិក្សានិងការងារ...ម្យ៉ាងពួកគាត់គួរតែសាកល្បងដាក់ពាក្យស្នើរសុំអាហារូបករណ៍តាមការណែនាំរបស់លោកសាកលវិទ្យាធិការ ព្រោះខ្ញុំគិតថាសាលាគាត់ប្រហែលជាយោកយល់បាន...(គ្រាន់តែជាមតិខ្លះ...)

Jun 23, 2015 08:35 AM

អ្នក​អាន​អនាមិក

ហេតុអ្វីបានជា​សាលាCUSប្រើវិធានការបែបនេះចំពោះបុគ្គលដែលមានចិត្តស្រឡាញ់បរិស្ថាន ស្រឡាញ់ជាតិ ទៅវិញ​? តើមាននរណាខ្លះគាំទ្រគំនិតរបស់សាលានេះ?​ ខ្ញុំ​គិតថាមនុស្សដែលមានចិត្តស្រឡាញ់ជាតិ ជួយជាតិកម្រ​ណាស់​ ដូច្នេះ​សូមនាយកសាលាមេត្តារិះគិតឲ្យបានច្បាស់ ចំពោះ​មនុស្សដែលមានចិត្តបំរើប្រយោជន៍រួមគួរតែជួយផ្ដល់កំលាំង៧០ទើបល្អ។ ប្រសិន​មនុស្ស​ដែល​បំផ្លាញ​ជាតិ​ទើប​សាលាគាំទ្រ ប៉ុន្តែ​មនុស្ស​ដែល​ជួយជាតិបែរមិនគាំទ្រទៅវិញ។

Jun 23, 2015 03:40 AM

អ្នក​អាន​អនាមិក

ការសិក្សាត្រូវការគុណភាព ការខិតខំប្រឹងប្រែងរៀនសូត្រ ការគោរព វិន័យ.... ។ ជាកាល្អណាស់ និងគួរឱ្យសរសើរ ដែលក្មួយប្រុស ទាំងពីរ ស្រឡាញ់ការងារបរិស្ថាន ហើយឆ្លៀតជួយធ្វើការងារសង្គម ប៉ុន្តែ ក្មួយប្រុសត្រូវចេះលៃពេលវេលា។ ក្មួយប្រុសមិនអាចទៅ ចូលរួមការងារសង្គម ដោយអវត្តមានពីការសិក្សា ហើយមកសុំឱ្យ គេយោគយល់ទូទាត់ជាមួយការចូលរួមការងាររបស់ក្មួយបានទេ។ ក្មួយក៏ចង់ឃើញ យុវវ័យខ្មែរជំនាន់ក្មួយនិងជំនាន់ក្រោយទៀត មានតំរិះវិជ្ជា គោរពវិន័យខ្ពស់ដែរ មែនទេ? ក្មួយគួរសុំការ យោគយល់ពីសាលា (ចំពោះអវត្តមានរបស់ក្មួយ) និងសន្យាជាមួយ សាលា មិនឱ្យមានការខកខាន អវត្តមានក្នុងការរៀនសូត្រ កើតឡើងទៀត ដោយក្មួយត្រូវបែងចែកពេលវេលា ឱ្យច្បាស់លាស់ គឺក្មួយអាចចូលរួមគ្រប់ការងារសង្គមបាន (ជាពិសេសការងារ ការពារបរិស្ថានដែលក្មួយស្រឡាញ់) នៅចន្លោះពេលសិក្សា គឺពុំឱ្យ ជាន់ជាមួយកម្មវិធីសិក្សា។ សូមជូនពរក្មួយសំណាងល្អ។

Jun 22, 2015 11:29 PM

អ្នក​អាន​អនាមិក

ឪពុកម្តាយនៅ៑ផ្ទះសង្ឃឹមថាកូននឹងខិតខំរៀន​ ដើម្បីអនាគតខ្លួនឯង គ្រួសារ ជាតិ។​ តែបែរជាឆ្កួតនឹងការបោកប្រាស់របស់អ្នកនយោបាយទៅវិញ។

Jun 22, 2015 11:06 PM

គេហទំព័រ​ទាំងមូល