ពលរដ្ឋ​ពីរ​ក្រុម​នៅ​ស្រុក​ប្រាសាទ​បាគង​ដណ្ដើម​គ្នា​លក់​សំបុត្រ​ទូក​ជិះ​កម្សាន្ត​បឹង​ទន្លេសាប

ដោយ ហង្ស សាវយុត
2015-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមាជិក​សហគមន៍​នេសាទ​កំពង់ភ្លុក និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ទាមទារ​បង្កើត​សមាគម​ទូក​ថ្មី ប្រឈម​មុខ​ដាក់​គ្នា​នៅ​លើ​កំណាត់​ដង​ផ្លូវ​ឆ្ពោះ​ទៅ​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​សមាជិក​សហគមន៍​នេសាទ​កំពង់ភ្លុក និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ទាមទារ​បង្កើត​សមាគម​ទូក​ថ្មី ប្រឈម​មុខ​ដាក់​គ្នា​នៅ​លើ​កំណាត់​ដង​ផ្លូវ​ឆ្ពោះ​ទៅ​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

ជិត ១​ខែ​ហើយ​ដែល​ប្រជាពលរដ្ឋ​ជា​អ្នក​បើក​កាណូត និង​អុំ​ទូក​នៅ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង កើត​មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​មនុស្ស ១​ក្រុម​ទៀត​ដែល​ទើប​តែ​មក​បង្កើត​សមាគម​ទូក​ថ្មី ហើយ​ដាក់​ប៉ុស្តិ៍​ដណ្ដើម​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ជិះ​ទូក​កម្សាន្ត​នៅ​ក្នុង​បឹង​ទន្លេសាប។

ទំនាស់​នេះ កំពុង​បង្ក​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​ប្រកប​របរ​បើក​កាណូត និង​អុំ​ទូក​ដឹក​ភ្ញៀវ​ទស្សនា​បឹង​ទន្លេសាប​ជាច្រើន​ឆ្នាំ​មក​ហើយ បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ ព្រម​ទាំង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹកញាប់​ជាមួយ​នឹង​មនុស្ស ១​ក្រុម​ដែល​កំពុង​តែ​ចង់​ដណ្ដើម​មុខ​របរ​ទីនោះ។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា គេ​នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​អ្នក​បើក​កាណូត និង​អ្នក​អុំ​ទូក​ដឹក​ភ្ញៀវ​ទេសចរ ដើរ​កម្សាន្ត​នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​កំពង់ភ្លុក ឲ្យ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ខាង​មុខ។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​អ្នក​បើក​កាណូត និង​អ្នក​អុំ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នេះ គឺ​ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទាំង​ស្រុង​រវាង​ប្រជាពលរដ្ឋ​ពីរ​ក្រុម ដែល​កំពុង​តែ​ដណ្ដើម​គ្នា​លក់​សំបុត្រ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​សមាជិក​សហគមន៍​នេសាទ នៃ​ឃុំ​កំពង់ភ្លុក ជាច្រើន​ទៀត​ដែល​ប្រកប​របរ​ដឹក​ភ្ញៀវ​ទស្សនា​បឹង​ទន្លេសាប​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​លោក សួន ច័ន្ទសេរី។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មិថុនា ថា រយៈពេល​ជាង ១​ខែ​មក​ហើយ គឺ​រូប​លោក​ក៏ដូចជា​អ្នក​ប្រកប​របរ​អុំ​ទូក​ដទៃ​ទៀត​មិន​សប្បាយ​ចិត្ត​ទេ ដោយសារ​តែ​មាន​អ្នក​ខ្លះ​នៅ​ភូមិ​កំពង់ភ្លុក និង​មនុស្ស​មក​ពី​តំបន់​ផ្សេង​ខ្លះ បាន​នាំ​គ្នា​មក​បង្កើត​ជា​សមាគម​ទូក​ថ្មី ហើយ​ដណ្ដើម​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ដែល​ទៅ​ទស្សនា​បឹង​ទន្លេសាប។ ក្រុម​មនុស្ស​ដែល​មក​បង្កើត​សមាគម​ទូក​ថ្មី​នេះ ក្រៅ​តែ​ពី​ដណ្ដើម​យក​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ ក៏​បង្កើត​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ពីរ​ក្រុម នៅ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ ជាប់​គ្នា​នោះ​ដែរ។ លោក សួន ច័ន្ទសេរី ចោទ​ប្រកាន់​ថា បញ្ហា​ទាំង​នេះ គឺ​បង្ក​ឡើង​ដោយ​មនុស្ស​របស់​ក្រុមហ៊ុន ស៊ូ​ជីង ដែល​ជា​ក្រុមហ៊ុន​មួយ​រក​ស៊ី​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ ជិះ​កាណូត​កម្សាន្ត​ក្នុង​បឹង​ទន្លេសាប នៅ​តំបន់​ចុងឃ្នៀស ក្រុង​សៀមរាប ដែរ៖ «ក្រុម​មនុស្ស​របស់ ស៊ូ​ជីង ដើរ​តែ​បង្ក​បញ្ហា​ឲ្យ​ប្រជាជន និង​ប្រជាជន នៅ​ឃុំ​កំពង់ភ្លុក ហ្នឹង​ឈ្លោះ​គ្នា​តែ​រហូត។ ធ្វើ​អ៊ីចឹង​ប្រហែល​ជា​មាន​បំណង​កុំ​ឲ្យ​ភ្ញៀវ​មក​លេង​នៅ​តំបន់​កំពង់ភ្លុក»

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ពីរ​ក្រុម​នៅ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ បាន​កើត​ឡើង​តាំង​តែ​ពី​អំឡុង​ពាក់​កណ្ដាល​ខែ​ឧសភា កន្លង​ទៅ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​លុប​ចោល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ស៊ូ​ជីង និង​ក្រុមហ៊ុន​កូរ៉េ មួយ​ទៀត​ឈ្មោះ ស៊ីផេក (SEAPAC) មិន​ឲ្យ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក។ ចាប់​តាំង​ពី​ពេល​នោះ​មក គឺ​អាជ្ញាធរ​បាន​ជួយ​រៀបចំ​ឲ្យ​សហគមន៍​នេសាទ​មួយ ចងក្រង​សមាជិក​អ្នក​បើក​កាណូត និង​អ្នក​អុំ​ទូក ហើយ​ទទួល​ខុស​ត្រូវ​លើ​ការ​លក់​សំបុត្រ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ។ ក៏ប៉ុន្តែ​មិន​បាន​ប៉ុន្មាន ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ ដែរ ដឹក​នាំ​ដោយ​ក្រុម​មនុស្ស​មក​ពី​តំបន់​ផ្សេង បាន​ចាប់​ផ្ដើម​ជំទាស់​នឹង​គ្នា​ឯង ហើយ​ក៏​ព្យាយាម​បង្កើត​ជា​សមាគម​ទូក​ថ្មី​មួយ​ទៀត​ដណ្ដើម​លក់​សំបុត្រ។

តំណាង​ពលរដ្ឋ​ដែល​ទាមទារ​បង្កើត​សមាគម​ទូក​ថ្មី គឺ​លោក គឹម សុថានី មាន​ប្រសាសន៍​ថា លោក​មាន​សមាគម​ទូក​មួយ​រួច​មក​ហើយ​នៅ​តំបន់​ចុងឃ្នៀស ហើយ​លោក​ចង់​ទៅ​បង្កើត​សាខា​សមាគម​ទូក​នេះ​ថ្មី​ទៀត​នៅ​តំបន់​កំពង់ភ្លុក។ លោក គឹម សុថានី អះអាង​ថា មូលហេតុ​ដែល​លោក​ទៅ​បង្កើត​សមាគម​ទូក​នៅ​តំបន់​កំពង់ភ្លុក នោះ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​គ្មាន​លទ្ធភាព​បាន​ទទួល​ចំណូល​ពី​ទេសចរ​ស្មើ​ភាព​គ្នា​ជាមួយ​នឹង​មនុស្ស​ក្រុម​ទៀត ដែល​កំពុង​តែ​ដណ្ដើម​ឱកាស​ច្រើន។ លោក គឹម សុថានី ចោទ​ប្រកាន់​សហគមន៍​នេសាទ​ដែល​កំពុង​តែ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ភ្ញៀវ​ទេសចរ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នោះ​ថា កំពុង​តែ​និយម​បក្ខពួក និង​មិន​មាន​តម្លាភាព​ក្នុង​ការ​កេងកិប​លើ​ប្រជាពលរដ្ឋ៖ «ការ​អុំ​ទូក គឺ​យក​ពី​ភ្ញៀវ ៥​ដុល្លារ ប៉ុន្តែ​អ្នក​ម្ចាស់​ទូក គឺ​គាត់​បាន​តែ ៦.០០០​រៀល ដក​ណេះ​ដក​ណោះ​ហើយ ៦​ពាន់ គឺ​មិន​បាន​ដាក់​វេន​ឲ្យ​ត្រឹមត្រូវ​ទេ គឺ​ឲ្យ​តែ​បក្ខពួក​ដឹក​ភ្ញៀវ»

លោក គឹម សុថានី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ក្រុមហ៊ុន ស៊ូ​ជីង គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ទាមទារ​បង្កើត​សមាគម​ទូក​ថ្មី​នោះ គឺ​ជា​រឿង​មិន​ពិត។

ទោះ​យ៉ាង​ណា មេ​ឃុំ​កំពង់ភ្លុក លោក នឹង នី អះអាង​ថា ជិត​មួយ​ខែ​មក​ហើយ គឺ​ប្រជាពលរដ្ឋ​ពីរ​ក្រុម​ដែល​មួយ​ក្រុម​ជា​សមាជិក​នៃ​សហគមន៍​នេសាទ និង​មួយ​ក្រុម​ទៀត​គាំទ្រ​ដោយ​ក្រុមហ៊ុន ស៊ូ​ជីង តែង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​ដណ្ដើម​គ្នា​លក់​សំបុត្រ​ទូក​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​ក្នុង​បឹង​ទន្លេសាប។ លោក​មេ​ឃុំ​កំពង់ភ្លុក បាន​សម្ដែង​ការ​គាំទ្រ​ទៅ​លើ​សហគមន៍​នេសាទ ដែល​មាន​សមាជិក​ជា​អ្នក​បើក​កាណូត និង​អុំ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​រហូត​ដល់​ទៅ​ជាង ៧០០​គ្រួសារ ប៉ុន្តែ​លោក​មិន​គាំទ្រ​ចំពោះ​អ្នក​ដែល​ចង់​បង្កើត​សមាគម​ទូក​ថ្មី ហើយ​មាន​សមាជិក​តែ​ជាង ២០០​គ្រួសារ ថែម​ទាំង​មាន​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​នោះ​ឡើយ៖ «ប្រជាពលរដ្ឋ​សង្ឃឹម​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ដែល​មាន​អាជ្ញាធរ​ខេត្ត ស្រុក និង​រដ្ឋាភិបាល​ដែល​បាន​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​របរ​រក​ស៊ី​ដោយ​មាន​ច្បាប់ មិន​មែន​ក្រុម​ម្ខាង​ដែល​មាន​ក្រុមហ៊ុន ស៊ូ​ជីង នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ»

ទាំង​អាជ្ញាធរ​ខេត្ត​សៀមរាប និង​ស្រុក​ប្រាសាទបាគង សុទ្ធតែ​បង្ហាញ​ឆន្ទៈ​មោះមុត​ថា នឹង​ប្រឹងប្រែង​ដោះស្រាយ​ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ពីរ​ក្រុម ដែល​កំពុង​តែ​ដណ្ដើម​គ្នា​លក់​សំបុត្រ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក នេះ។

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សហគមន៍​កំពង់ភ្លុក នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ខាង​មុខ។

ចំណែក​អភិបាល​ស្រុក​ប្រាសាទបាគង លោក ភូ សំអាត ឲ្យ​ដឹង​ថា ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កំពង់ភ្លុក ដើម្បី​បញ្ចប់​ទំនាស់​នោះ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ អាច​ចូល​មក​ឈរ​ឈ្មោះ​បាន ប៉ុន្តែ​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នោះ គឺ​មាន​លក្ខខណ្ឌ​មួយ​ចំនួន៖ «អ្នក​ជា​សមាជិក​សមាគម លុះត្រា​យើង​មាន​កាណូត ហើយ​បើ​គាត់​ជា​ប្រជាពលរដ្ឋ​ដែរ តែ​គាត់​អត់​មាន​កាណូត​មាន​អី​ផង យើង​អត់​ទុក​លទ្ធភាព​ជូន​គាត់​ទេ»

អភិបាល​ស្រុក​ប្រាសាទបាគង ព្រមាន​ថា ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កំពង់ភ្លុក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ខាង​មុខ ហើយ​មាន​ក្រុម​មនុស្ស​មក​ពី​តំបន់​ផ្សេង​នៅ​តែ​លើក​គ្នា​មក​អុកឡុក​ទៀត គឺ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ទប់ស្កាត់​សកម្មភាព​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

មាលា

ពី ព្រះវិហារ

សហគមន៏កាណូតថ្មីនេះ ពិតណាស់ក្រុមហុនសូជីងជួលមក​លេងល្ខោន ដើម្បីបានចំណេញ​ ហើយពួកនេះចូលលុកលុយ​សហគមន៏​អ្នកស្រុកតាំងពីឆ្នាំទៅម្លេះ ហើយទើបតែចាប់ផ្តើមថ្មីៗ​នេះម្តងទៀត ព្រោះជិតដល់រដូវវស្សា ដែលមានទេសចរណ៏ទាំងខ្មែរ​និងបរទេសនិយមទៅកំសាន្តណាស់។ តាមពិតវាជាផ្នែកមួយ​នៃគម្រោង​​របស់សាលាខេត្ត ហេតុអ្វីមិនពង្រឹងសហគមន៏ដែលមាន
ស្រាប់ បែរជាដេញថ្លៃឲ្យក្រុមហុនបរទេសទៅវិញ? សូម្បីតែភ្ញៀវបរទេសចង់ជិះទូករបស់សហគមន៏ក៏មិនអាច មិនដឹងជាការអផិវឌ្ឍន៏ទៅីសណាទេ? សូមពិចារណា តាមដានផង លោកម្ចាស់ជំនួយ

Jun 26, 2015 06:05 AM

គេហទំព័រ​ទាំងមូល