អង្គការសហប្រជាជាតិ​ផ្ដល់​លុយ ១លាន​ដុល្លារ ឲ្យ​រដ្ឋាភិបាល​សម្រាប់​ជួយឧបត្ថម្ភ​ពលករ​ចំណាកស្រុក​ជួប​វិបត្តិ​ជំងឺ​កូ​វីដ១៩

ដោយ វ៉ែន សុមេធ
2020-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
រូប៖ ហ្វសប៊ុក​លោក ស ខេង

អង្គការសហប្រជាជាតិ​ផ្ដល់​លុយ ១លាន​ដុល្លារ ឲ្យ​រដ្ឋាភិបាល​សម្រាប់​ជួយ​ដល់​ពលករ​ចំណាកស្រុក ដែល​បាត់បង់​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស និង​បាន​វិល​ត្រលប់​ចូល​មក​កម្ពុជា​វិញ។ កញ្ចប់​ថវិកា​មួយ​លាន​ដុល្លារ​នេះ​ជា​គម្រោង​ដាច់ដោយឡែក ដែល​ក្រសួងមហាផ្ទៃ នឹង​ប្រើប្រាស់​តែ​សម្រាប់​ជួយ​ដល់​ពលករ​ទីទ័លក្រ នៅ​ភាគ​ពាយ័ព្យ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា លុយ ១លាន​ដុល្លារ​នេះ រដ្ឋាភិបាល​នឹង​បែងចែក​ជួយ​ដល់ ពលករ​ចំណាកស្រុក​ក្នុង​គម្រោង​សាកល្បង​រយៈ​ពេល ៦ខែ ដោយ​ជួយ​ទៅលើ​ពលករ​ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ ហើយ​កំពុង​ប្រឈម​ជីវភាព​ធ្ងន់ធ្ងរ​នៅ​តាម​ស្រុក​ខ្លះ នៃ​ខេត្ត​ចំនួន៣ គឺ​ខេត្ត​បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​បាត់ដំបង។

លោក ស ខេង ថ្លែង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រោយ​កិច្ចប្រជុំ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ស្ដីពី​កម្មវិធី​រួមគ្នា ដើម្បី​គាំទ្រ​ជន​ចំណាកស្រុក​ដែល​វិល​ត្រឡប់​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ១៩ និង​ផល​ប៉ះពាល់ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី១៥ កក្កដា​ថា កន្លង​មក​រដ្ឋាភិបាល ធ្លាប់​បាន​ជួយ​ពលករ​ចំណាកស្រុក​តាមរយៈ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ៖ «ហើយ​ក្រុម​ការងារ គេ​នឹង​ខិតខំ​ធ្វើការ​ធ្វើ​រឿង​នេះ ឲ្យបាន​សមស្រប ហើយ​ខ្ញុំ​សង្ឃឹមថា បើ​សិន​ណា ជា​យើង​អនុវត្ត​កម្មវិធី​នេះ បាន​ល្អ បានន័យ​ថា យើង​ធ្វើ​រយៈ​ពេល ៦ខែ។ បើ ៦ខែ​យើង​ធ្វើ​បាន​ល្អ យើង​ប្រើប្រាស់​ថវិកា​នេះ មាន​ប្រសិទ្ធិ​ភាព យើង​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​អង្គការ​សហប្រជាជាតិ»

ចំណែក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់​សេដ្ឋា លើកឡើង​ថា​រដ្ឋាភិបាល​នឹង​យក​ថវិកា ១លាន​ដុល្លារ ជួយ​ពលករ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​នៅ​តាម​មណ្ឌល​ចត្តាឡឺស័ក​ជួយ​ផ្ដល់​ព័ត៌មាន​ដល់​ពលករ​ទេសន្តរប្រវេសក៍ ពង្រឹង​ការ​ព្យាបាល​ផ្នែក​ចិត្តសាស្ត្រ ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ផ្ដល់​កញ្ចប់​ជំនួយ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​ជា​ពលករ​ទេសន្តរប្រវេសក៍​នៅ​តាម​មូលដ្ឋាន។ របាយការណ៍​របស់ក្រ​សួង​មហាផ្ទៃ បង្ហាញ​ថា រយៈពេល​ជាង ៣ខែ​មកនេះ គឺ​តាំងពី​ប្រទេស​ថៃ​បិទ​ព្រំដែន ជាមួយ​កម្ពុជា​មក មាន​ពលករ​ជាង ១០ម៉ឺន​នាក់ បាន​វិល​ត្រលប់​មក​កម្ពុជា​វិញ ។ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុ​នអេង លើកឡើង​ថា​ មូលហេតុ​ដែល​ពលករ​នាំគ្នា​ត្រឡប់​មកវិញ ដោយសារ​ប្រទេស​ថៃ បាន​ផ្អាក​អាជីវកម្ម​រោងចក្រ​សហគ្រាស​ខ្លះ​បណ្ដាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​មួយ​ចំនួន។ ចំណែក​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធិ ស្វាគមន៍ ការ​ផ្ដល់​លុយ​សម្រាប់​ជួយ​ពលករ​ខ្មែរ ដែល​បាត់បង់​ការងារ​ធ្វើ តែ​លោក​ព្រួយបារម្ភ​ថា បើ​រដ្ឋាភិបាល​ចាត់ចែង​លុយ​នេះ មិន​មាន​តម្លាភាព នោះ​លុយ​មិន​ធ្លាក់​ដល់ដៃ​គ្រួសារ​ពលករ ដែល​ក្រីក្រ​ពិតប្រាកដ​ទេ នឹង​បណ្ដាល​ឲ្យ​មាន​ករណី​ការ​ប្រថុយ​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត៖ «អ្នក​ដែល​គេ​ស្និទ្ធស្នាល​ជាមួយ​មេភូមិ ខ្សែ​បណ្ដោយ​របស់​គេ​គេ​បាន​ទទួល។ ប៉ុន្តែ​ត្រង់ថា វា​មិនមែន​ជា​អ្នកក្រ​ពិត​ប្រាកដ។ តែ​បើ​អ្នក​ហ្នឹង​មិនមែន​ជា​ខ្សែបណ្ដោយ​បក្ខ​ពួក​របស់​គេ​គេ​មិនដែល​ឲ្យ​មិន​ដែល​រវីរវល់​អ្វី​ទេ នៅតែ​អត់​អ៊ីចឹង អត់​ដាច់​បាយ​អ៊ីចឹង​ទៅ អត់​រហូត​អ៊ីចឹង​ទៅ អត់​មិនដែល​បាន​ទទួល​អ្វី​សោះ​តែ​ម្ដង ពួក​គាត់​នៅ តែ​អត់​អ៊ីចឹង»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៣ កក្កដា រដ្ឋាភិបាល បាន​ឧបត្ថម្ភ​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ បាន​ប្រមាណ ៥២ម៉ឺន​គ្រួសារ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៩២.០០០​លាន​រៀល ឬ​ស្មើ ២៣លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល